រឿង បេះដូងស្មោះរបស់អូន

បេះដូងស្មោះរបស់អូន១១១

បេះដូងស្មោះរបស់អូន

ប្រាំឆ្នាំមុន ឧត្តមគឺជាយុវជនម្នាក់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ យុវជនជាបុរសសង្ហារមានមន្តស្នេហ៍ ហើយក៏ពូកែទាក់ទងស្រីៗដែរ។ មនុស្សស្រីជាច្រើនតែងតែលង់ស្នេហ៍នឹងយុវជនម្នាក់នេះ ប៉ុន្តែពួកនាងមិនមែនជាជម្រើសរបស់នាយឡើយ។ ក្នុងចំណោមស្រីទាំងអស់ដែលអ្នកកំលោះទាក់ទងនិងមានសម្ព័ន្ធភាពស្នេហាជាមួយ នាយនៅចាំស្រីម្នាក់ ហើយក៏មានវិប្បដិសារីណាស់ដែរចំពោះនាង។

“មរកត” គឺជាយុវតីម្នាក់នោះ។ នាងស្លូតបូត ទន់ភ្លន់ សុភាពរាបសារ តែនាងនៅតែមិនអាចគេចផុតពីការលង់ស្នេហ៍ទៅលើកំលោះឧត្តម។ ពួកគេរៀននៅថ្នាក់ជិតគ្នា តែឧស្សាហ៍ដើរលេងជាមួយគ្នា។ ថ្ងៃមួយឧត្តមលួងលោមយុវតីឱ្យទៅផ្ទះសំណាក់ជាមួយខ្លួន។ ឱ! ក្មេងស្រីដ៏ល្ងង់ខ្លៅ នាងបានស្រឡាញ់ឧត្តមយ៉ាងជ្រាលជ្រៅអស់ពីជម្រៅបេះដូងទៅហើយ ទើបសូម្បីតែភាពបរិសុទ្ធក៏ប្រគល់ឱ្យគេដែរ។ ឧត្តមមិនដែលមានចិត្តស្រឡាញ់ស្រីណាឡើយ តែបន្ទាប់ពីថ្ងៃនោះមក គេក៏ស្រាប់តែមានអារម្មណ៍ថាអាណិតនាង ហើយសញ្ជឹងគិតតែម្នាក់ឯង៖ ”ហេតុអ្វីក៏ស្រីបរិសុទ្ធម្នាក់នេះគេចមិនផុតពីមនុស្សប្រុសដូចជារូបខ្ញុំ?”។ យុវជនមិនហ៊ាននិយាយសុំបែកជាមួយនាងភ្លាមទេ ព្រោះខ្លាចប៉ះពាល់ដល់ការរៀនសូត្ររបស់យុវតី រហូតដល់ប្រឡងបាក់ឌុបចប់ ទើបគេសម្រេចចិត្ត៖

‑ពួកយើងបែកគ្នាទៅ ជាប់ឬធ្លាក់ក៏ដោយ ខ្ញុំមិននៅទីនេះទៀតទេ ខ្ញុំទៅនៅភ្នំពេញហើយ

‑តែពួកយើងនៅតែអាចទាក់ទងគ្នាតាមទូរស័ព្ទបានតើ

‑ខ្ញុំគ្មានស្នេហាស្មោះទេ នាងចាញ់បោកខ្ញុំហើយ

យុវតីលែងនិយាយស្តី តែកែវភ្នែកទាំងគូរបស់នាងពោរពេញដោយតំណក់ទឹកភ្នែក។

ចាប់តាំងពីថ្ងៃនោះមក អ្នកទាំងពីរក៏លែងបានជួបគ្នាទៀត។ ឧត្តមប្រឡងជាប់ហើយ ក៏រៀនបន្តនៅសកលវិទ្យាល័យ តែចាប់ពីថ្ងៃដែលនាយបែកពីយុវតីមក នាយក៏លែងហ៊ានទាក់ទងស្រីៗទៀតដែរ។ ឧត្តមប្លែកហើយ! នាយយល់ថា ខ្លួនឯងក៏មានចិត្តមេត្តាដែរ។ យុវជនមិនចង់ឃើញទឹកភ្នែករបស់មនុស្សស្រីទៀតទេ។ វិប្បដិសារីនេះធ្វើឱ្យនាយបន្លឺតែម្នាក់ឯង៖ “ឱ្យខ្ញុំសូមទោស! បើសិនជាពេលវេលាអាចត្រឡប់ក្រោយ ខ្ញុំនឹងមិនធ្វើបាបនាងឡើយ”។

មរកតក៏ប្រឡងជាប់បាក់ឌុបដែរ ព្រោះតែសម្រេចចិត្តជ្រើសរើសមនុស្សប្រុសដែលនាងស្រឡាញ់ នាងត្រូវបង្ខំចិត្តចាកចោលផ្ទះទាំងកូននៅក្នុងផ្ទៃ ទើបតែបានបីខែ។ អំពើអ្នកណាសាងអ្នកនោះទទួល។ នាងជាអ្នកសាងនូវអតីតកាលមួយនេះ ដូចនេះមានតែនាងម្នាក់គត់ដែលអាចរ៉ាប់រងបាន។ ក្រោយពេលដឹងលទ្ធផលប្រឡង យុវតីចាកចេញពីផ្ទះដោយបន្សល់ទុកសំបុត្រមួយច្បាប់៖”ប៉ាម៉ាក់ បងៗជាទីស្រឡាញ់ កូនបានធ្វើទង្វើមួយដ៏ខុសឆ្គងក្នុងជីវិត កូនសុខចិត្តទទួលការឈឺចាប់នេះ ពួកលោកមិនចាំបាច់តាមរកកូនទេ ព្រលែងកូនឱ្យរស់ដោយខ្លួនឯងចុះ កូនធំហើយ អាចមើលថែខ្លួនឯងបាន តែសូមលោកទាំងពីរអភ័យទោសដល់កូនស្រីអាក្រក់ម្នាក់នេះផង។ ថ្ងៃណាមួយកូននឹងត្រឡប់មកផ្ទះ មកសូមខមាទោសលោកទាំងពីរ។ ពីកូន មរកត”។

មរកតជាកូនស្រីពៅក្នុងចំណោមបងប្អូនបីនាក់។ ឪពុកម្តាយណាមិនស្រឡាញ់កូន តែបើកូនចង់ទៅហើយ ប៉ាម៉ាក់ក៏មិនហាមដែរ អ្នកម្តាយមានតែស្រក់ទឹកភ្នែកជាមួយកូនប្រុសស្រីទាំងពីរ។ លោកសារីបន្លឺឡើង៖”ទៅយំធ្វើស្អី ឱ្យវាទៅចុះ វានៅដឹងថាវាធ្វើខុស បានន័យថា វានៅជាមនុស្សនៅឡើយ”។ ស្តីហើយលោកក៏ដើរចេញទៅ។

មរកតមកដល់ភ្នំពេញហើយ។ នាងបានជួបនឹងចន្ថា ដែលជាមិត្តជិតស្និទ្ធរបស់នាងកាលនៅរៀនតែម្នាក់គត់។ យុវជនម្នាក់នេះក៏ធ្លាប់ស្គាល់ឧត្តមដែរ តែមិនស្និទ្ធស្នាល។ មរកតគ្មានទីពឹងឡើយ នាងពឹងលើចន្ថាទាំងស្រុង ឱ្យជួយរកការងារធ្វើបណ្តោះអាសន្នសិន។ តែនាយនៅតែឆ្ងល់៖

‑ហេតុអ្វីក៏នាងចេញពីផ្ទះតែម្នាក់ឯងអ៊ីចឹង?

មរកតមិនលាក់លៀមទេ នាងពិតជាត្រូវការជំនួយពីចន្ថា ដូចនេះនាងប្រាប់ការពិតទាំងអស់ដល់យុវជន៖

‑ខ្ញុំមានផ្ទៃពោះបីខែហើយ

‑ថាម៉េច!

‑ខ្ញុំលួចចេញពីផ្ទះ ព្រោះខ្លាចប៉ាម៉ាក់ដឹងរឿងនេះ

‑មរកត!

‑ខ្ញុំចង់បង្កើតកូននេះ

‑ឧត្តមជាប៉ារបស់ក្មេងនេះមែនទេ?

‑ត្រូវហើយ!

‑ចុះគេដឹងទេ?

‑គេមិនដឹងទេ

‑ហេតុអីនាងមិនប្រាប់គេ?

‑គេអត់បានស្រឡាញ់ខ្ញុំទេ

‑មរកត!

‑ចន្ថាកុំបារម្ភអី រឿងរ៉ាវទាំងអស់គឺមកពីខ្ញុំស្រឡាញ់គេ ទើបខ្ញុំចង់បង្កើតកូននេះ ថែទាំកូននេះ

‑ស្រឡាញ់គេពេកហើយ

‑ចន្ថាត្រូវតែលាក់រឿងនេះណា៎

‑បាន! …………តែ…..។

‑កុំបារម្ភពីខ្ញុំ ខ្ញុំមិនខូចចិត្ត មិនក្រៀមក្រំទេ ខ្ញុំនឹងធ្វើឱ្យកូននេះមានសេចក្តីសុខទាំងនៅក្នុងពោះនិងរហូតដល់គេកើតចេញមក

ចន្ថាសម្លឹងផ្ទៃមុខដែលញញឹមស្ងួតរបស់មរកត។ ទឹកចិត្តសន្តោសរបស់យុវជនបានធ្វើឱ្យនាយតាមយកអាសានារីម្នាក់នេះរហូតដល់ថ្ងៃនាងសម្រាលកូន។ កូនប្រុសមរកតកើតហើយ តែស្នាមញញឹមដែលសប្បាយជាងគេ គឺចន្ថា។ មួយរយៈនេះនាយរវល់ណាស់ ចេញពីរៀនមិនបានទៅផ្ទះភ្លាមទេ បែរជាមកមើលនិងថែទាំមរកត ដែលស្ថិតក្នុងសរសៃខ្ចីនៅឡើយ។ សកម្មភាពនេះធ្វើឱ្យប៉ាម៉ាក់យុវជនមានការសង្ស័យ ពួកគាត់ក៏តាមកូនពីក្រោយរហូតមកដល់ផ្ទះជួលមរកត។ ឪពុកម្តាយណាមិនស្លុតចិត្ត នៅពេលឃើញកូនប្រុសរបស់ខ្លួនកំពុងអង្គុយបីទារកយ៉ាងសប្បាយរីករាយ។ គ្រាន់តែក្រឡេកឃើញប៉ាម៉ាក់ភ្លាម   យុវជនឧទាន៖

‑ប៉ាម៉ាក់!

‑លោកពូ អ្នកមីង ខ្ញុំជម្រាបសួរ

‑នេះពួកឯង! ……..កូនរបស់កូនឬចន្ថា?

‑អត់ទេម៉ាក់

មរកតនិយាយរឿងរ៉ាវប្រាប់ដល់លោកទាំងពីរចប់ ក៏បន្ត៖

‑សូមលោកពូអ្នកមីងកុំខឹងនឹងចន្ថាអី កន្លងមកគេជាអ្នកជួយខ្ញុំរហូត

‑ចន្ថា ម៉េចមិនបា្រប់ម៉ាក់តាមត្រង់?

‑ខ្ញុំ……………..

‑បានហើយ! មីងមិនថាអីទេ តែមីងចង់សួរក្មួយ ចន្ថាបីតម្រាចេញសិនទៅ

‑បាទ!

‑មីងចង់សួរឯងតាមត្រង់ តើឯងស្រឡាញ់ចន្ថាទេ?

‑ចាសអត់ទេមីង ខ្ញុំអត់បានស្រឡាញ់គេទេ ពេលនេះខ្ញុំគ្រាន់តែចង់ថែទាំកូនឱ្យបានល្អប៉ុណ្ណោះ

‑ចុះចន្ថាមានស្រឡាញ់ក្មួយទេ?

‑មិនស្រឡាញ់ទេ តែបើខ្ញុំនិយាយតាមត្រង់ មីងកុំខឹងនឹងចន្ថាបានទេ?

‑បាន!

‑ចន្ថាមានសង្សារហើយ នាងឈ្មោះសាណា នាងក៏ធ្លាប់មកលេងខ្ញុំនៅទីនេះដែរ ហើយសាណានេះហើយជាអ្នកកំដរខ្ញុំនៅឯពេទ្យ

­‑ចុះសាណាហ្នឹងជាមនុស្សបែបណាដែរក្មួយ?

‑ខ្ញុំយល់ថានាងជាមនុស្សល្អ មិនថាចរិតឫកពារគឺថ្លៃថ្នូរ តែមើលទៅគ្រួសារនាង មិនធូរធារប៉ុន្មានទេ

‑រឿងហ្នឹងមិនជាបញ្ហាទេ សំខាន់ឱ្យតែនាងជាមនុស្សល្អ

‑អ្នកមីងក៏ចិត្តល្អដូចចន្ថាដែរ

‑ចុះក្មួយមិនត្រឡប់ទៅផ្ទះវិញទេអ្ហេះ?

‑ខ្ញុំទៅមីង! តែចង់ឱ្យកូនចេះដើរសិន ខ្ញុំនឹងនាំគេត្រឡប់ទៅផ្ទះជួបអ៊ំប្រុសអ៊ំស្រី និង

យាយតារបស់គេ

‑ល្អ! តើប៉ុន្មានខែនេះ មានលុយឱ្យថ្លៃផ្ទះគេដែរអ្ហេះ?

‑មានមីង! តែប្រហែលជាមិនគ្រប់ទេ ទម្រាំតែចូលធ្វើការ ប្រហែលជាត្រូវខ្ចីកូនមីងទៀតហើយ

‑អ៊ីចេះចុះ! មីងចិញ្ចឹមឯងប្រាំខែ តែប្រាំខែក្រោយ ឯងត្រឡប់ទៅផ្ទះវិញបានទេ?

‑មីង!

‑គ្មានឪពុកម្តាយណាមិនស្រឡាញ់កូនទេ ក្មួយត្រឡប់ទៅផ្ទះវិញទៅ កុំឱ្យប៉ាម៉ាក់បងប្រុសបងស្រីបារម្ភ

‑អរគុណមីងពូ

ពិតជាជួបមនុស្សចិត្តធម៌មែន។ មរកតបានទៅរស់នៅជាមួយឪពុកម្តាយចន្ថា។ មួយរយៈនេះ នាងហាក់មានសេចក្តីសុខណាស់ជាមួយនឹងកូនប្រុសឈ្មោះតម្រារបស់នាង។ ហេតុអ្វីក៏យុវតីនៅតែញញឹមបាន នៅពេលដែលសម្លឹងមើលមុខកូនទាំងកូនប្រុសម្នាក់នេះ ដូចប៉ារបស់គេបេះបិទ។ នាងមិនឈឺចាប់ទេឬ ដែលឪពុកក្មេងនេះបានធ្វើចំពោះនាង? សាណាគូដណ្តឹងរបស់ចន្ថានិយាយ៖

‑តើតម្រាដូចអ្នកណាទៅ?

‑គឺដូចប៉ារបស់គេ

‑សូមទោស!

‑កុំបារម្ភអី! កូនមួយនេះកើតពីសេចក្តីស្នេហារបស់ខ្ញុំ គេគឺជាបេះដូងខ្ញុំ គ្មានអ្នកណាអាចធ្វើឱ្យខ្ញុំឈឺទៀតទេក្រៅពីគេ អរគុណណាសាណា ដែលឯងមើលថែខ្ញុំកន្លងមក ស្អែកនេះខ្ញុំស្រឡប់ទៅផ្ទះហើយ

‑សូមឱ្យឯងមានក្តីសុខណា

‑ពួកឯងរៀបការ កុំភ្លេចតេប្រាប់ខ្ញុំណា

‑ដឹងហើយ!

មរកតទៅដល់ផ្ទះជាមួយនឹងកូនប្រាំខែពនឹងដៃ។ មន្នីនិងណារ៉ាជាបងស្រី បងប្រុសរបស់នាង គ្រាន់តែក្រឡេកឃើញប្អូនមកដល់ ក៏ស្ទុះទៅហៅម្តាយនៅក្នុងផ្ទះ ទុកឱ្យណារ៉ានៅជួបនឹងប្អូន៖

‑ម៉ាក់ៗ មរកតមកវិញហើយ

‑មរកតអ្ហេះ!

‑វានៅចាំម៉ាក់ខាងក្រៅ

គ្រាន់តែឃើញម្តាយដើរចេញមក នាងហុចកូនទៅបងប្រុស រួចក្រាបសំពះដល់បាតជើងម្តាយ៖

‑កូនសូមទោសនូវកំហុសឆ្គងដែលកូនបានសាង នេះជាកូនប្រុសរបស់កូន សូមម៉ាក់អភ័យទោសដល់កូនផង

អ្វីៗ វាហួសអស់ទៅហើយ ម្តាយបានត្រឹមតែស្រក់ទឹកភ្នែក តែចិត្តមេត្តានៅតែមានចំពោះកូន។ គាត់យកហត្ថអង្អែលក្បាលកូន ហើយក៏ឈោងចៅមកព ទើបបន្លឺ៖

‑នេះឬចៅប្រុសរបស់យាយ គួរឱ្យស្រឡាញ់ណាស់ ចាប់ពីថ្ងៃនេះទៅនៅជាមួយយាយណាចៅ

‑ម៉ាក់! ចុះលោកប៉ា?

គ្រាន់តែឮសំនួរនេះ ម្នាក់ៗប្តូរទឹកមុខ មន្នីតប៖

‑ប៉ាស្លាប់ហើយ

‑ថាម៉េច!

‑ប៉ាគាំងបេះដូង

មរកតបានត្រឹមតែស្រក់ទឹកភ្នែក។ ក្រោយមក នាងចង់រកការងារធ្វើ តែបងប្រុសស្រីរបស់នាង ឱ្យនាងទៅរៀនជំនាញមួយឆ្នាំសិន ទើបឱ្យនាងចូលធ្វើជាចុងភៅនៅភោជនីយដ្ឋានមួយក្នុងខេត្តសៀមរាប។ ថ្វីត្បិតតែតម្រាជាកូនដែលគ្មានឪពុក តែក្នុងនាមជាម្តាយ មរកតបានប្រឹងប្រែងចិញ្ចឹមបីបាច់កូនដោយចិត្តមេត្តា ក្នុងនោះក៏មានបងប្រុសបងស្រីនិងម្តាយរបស់នាងផងដែរ។

ប្រាំឆ្នាំកន្លងផុតទៅ

ថ្លែងពីយុវជនឧត្តម។ ថ្ងៃស្អែកនេះ ឧត្តមត្រូវទៅធ្វើការងារជាអ្នកគ្រប់គ្រងនៅក្នុងភោជនីយដ្ឋានមួយនៅខេត្តសៀមរាបតាមបញ្ជារបស់ប៉ាគេ។ នាយមិនសង្ឃឹមថា បានជួបមរកតឡើយ តែបើទេវតាឱ្យនាយបានជួបនឹងនាងពិតមែន គឺរឹតតែប្រសើរ។ កំហុសមួយនេះ ចេះតែធ្វើឱ្យយុវជនគិតថា៖” សូមទោស! សូមអភ័យទោសឱ្យខ្ញុំផង”។

កំពុងតែអង្គុយមើលឯកសារបុគ្គលិក ព្រោះជាថ្ងៃដំបូងនៃការចាប់ផ្តើមការងារ ស្រាប់តែភ្ញាក់ព្រើត យុវជនបន្លឺតិចៗម្នាក់ឯង៖”មិនចៃដន្យដល់ម្ល៉ឹងទេអ្ហេះ នាងធ្វើការក្នុងភោជនីយដ្ឋានខ្ញុំ? ឈ្មោះដូចគ្នាទេដឹង? រៀបការហើយថែមទាំងមានកូនប្រុសម្នាក់ទៀត”។ យុវជនស្ទុះចេញពីបន្ទប់ ហើយដើរទៅកាន់បន្ទប់ចុងភៅ។ ប្រាកដណាស់! គឺមរកត។ នាយចង់ស្ទុះទៅរកនាង តែក៏ឮសំឡេងពួកគេជជែកគ្នា៖

‑ចាប់ពីថ្ងៃនេះទៅ ថៅកែធំឱ្យកូនប្រុសផ្ទាល់មកគ្រប់គ្រងទីនេះហើយ

‑តើគាត់ចិត្តល្អដូចប្រធានយើងចាស់អត់ពូ?

‑មិនទាន់ដឹងទេ ចាំសង្កេតខ្លួនឯងទៅ

‑មរកត! មិននិយាយអ្វីខ្លះទេអ្ហេះ?

‑តើគាត់ឈ្មោះអីបង?

‑ដូចជា……….ពេជ្រ ឧត្តម

មរកតប្រហែលជាស្លុតណាស់ហើយមើលទៅ ទើបសូម្បីកាំបិតនៅនឹងដៃក៏ជ្រុះដែរ៖

‑យ៉ាងម៉េច ត្រូវត្រង់ណាទេ?

‑អត់អីទេពូ

ឧត្តមមិនទាន់បានជួបយុវតីទេ តែមួយរយៈនេះ គឺនាយតាមមើលនាងរហូត។ បន្ទាប់ពីចេញពីធ្វើការ មរកតតែងតែទៅទទួលកូនពីសាលាឯកជនរាល់ល្ងាច។ ស្នាមញញឹមរបស់ម៉ែកូនទាំងពីរនេះ គឺស្ថិតនៅក្រោមខ្សែភ្នែកយុវជន ដែលបានត្រឹមតែឈរសម្លឹងមើល។ មួយសន្ទុះ ស្រាប់តែឃើញយុវជនម្នាក់មកជួបពួកនាង។ ពួកគេហាក់សប្បាយរីករាយណាស់ ឧត្តមគិតក្នុងចិត្តតែម្នាក់ឯង៖ ”បុរសនោះប្រហែលជាប៉ារបស់ក្មេងប្រុសនោះហើយ”។ គិតហើយ យុវជនត្រឡប់មកផ្ទះវិញដោយស្រាកចិត្តបន្តិច ព្រោះគិតថាយុវតីមានក្តីសុខហើយ។

ចាប់តាំងពីថ្ងៃនោះមក នាយក៏មិនចង់ឱ្យយុវតីឃើញដែរ តែសម្រាប់មរកត នាងគិតយ៉ាងណា? យុវតីបន្លឺទៅកាន់បងប្រុស៖

‑បង! ខ្ញុំចង់ប្តូរកន្លែងការងារ

‑យ៉ាងម៉េច! មានរឿងអីអ្ហេះ?

‑គ្មានទេ………………គ្រាន់តែ………….

‑ធ្វើសិនទៅ មួយរយៈនេះពិបាករកការងារណាស់ ឬឈ្លោះជាមួយអ្នកធ្វើការជាមួយ?

‑អត់ទេ!…………មិនអីទេ ខ្ញុំធ្វើសិនក៏បាន តែបើបងស្គាល់កន្លែងណាដែលកំពុងជ្រើសរើសបុគ្គលិក បងប្រាប់ខ្ញុំផង

­‑អ៊ើ! បើបងដឹង បងប្រាប់……..តម្រាគេងលក់ហើយអ្ហេះ?

‑ចាស!

យុវតីចង់គេចហើយ ពិតមែនហើយ! គ្មាននរណាចង់ជួបមនុស្សក្នុងអតីតកាល ដែលធ្វើឱ្យខ្លួនឈឺចាប់ទេ។ តែពេលនេះ ក៏ប្រហែលជាគេចមិនផុតដែរ។ តើភ្ញៀវកំពុងតែមានបញ្ហាអីហ្នឹង?

‑ខ្ញុំចង់ជួបចុងភៅនៅទីនេះ

‑ខ្ញុំជាអ្នកគ្រប់គ្រងនៅទីនេះ តើមានបញ្ហាអីមែនទេបងស្រី?

មរកតនិងរីដា កំពុងឈរសម្លឹងមើលភ្ញៀវ។ នាងបម្រុងចេញដែរ តែរីដាហាមមិនឱ្យចេញ៖”ទុកឱ្យលោកប្រធានដោះស្រាយទៅ”។

‑លោកភ្លក្សម្ហូបនេះមើលទៅ ជាអាហារស្អីហ្នឹង?

យុវជនភ្លក្សហើយ ក៏បន្លឺ៖

‑ខ្ញុំសូមទោសផង! ប្រហែលជាចុងភៅខ្ញុំមានបញ្ហាអីហើយ ខាងយើងដូរថ្មីជូនបង អ៊ីចេះទៅ ថ្ងៃនេះយើងfreeជូនបង

‑ក៏បាន

បន្ទាប់ពីបញ្ចប់បញ្ហាសព្វគ្រប់ហើយ ឧត្តមក៏ហៅចុងភៅទាំងអស់ទៅជួប។ ម្តងនេះ ទាំងពីរនាក់ប្រឈមមុខនឹងគ្នាហើយ តែធ្វើហាក់ដូចជាមិនស្គាល់គ្នា៖

‑តើអ្នកណាជាអ្នកធ្វើអាហារនោះ?

‑គឺខ្ញុំ (មរកតតប)

‑តើនាងមានបញ្ហាអីមែនទេ?

‑ខ្ញុំចម្អិនហើយ ហើយក៏ពិនិត្យហើយដែរ គ្មានបញ្ហាអីទេ តែមិនដឹងហេតុអីបានជាប្រៃទៅកើត

‑ម្តងនេះចាត់ទុកជាការធ្វេសប្រហែសរបស់នាង តែសូមកុំឱ្យមានលើកក្រោយទៀត អំបិលប្រហែលជាមានមនុស្សដាក់ ទាំងអស់គ្នាបើសិនជាមានបញ្ហាអី សូមដោះស្រាយគ្នាដោយសន្តិវិធី សូមកុំធ្វើបែបហ្នឹងបន្តទៀតឱ្យសោះ សូមអញ្ជើញទៅវិញចុះ

ពួកគេចេញទៅអស់ហើយ នៅសល់តែរីដាមិនព្រមចេញ ធ្វើឱ្យយុវជនបន្លឺឡើង៖

‑នាងមិនទៅទេអ្ហេះ?

‑ខ្ញុំចង់ជម្រាបជូនលោកប្រធាន ហេតុអីក៏អាហារប្រៃ?

‑និយាយមក

‑គឺមកពីបងចាន់ឌីលួចយកអំបិលទៅដាក់

‑ម៉េចក៏នាងដឹង?

‑ខ្ញុំបានឃើញដោយផ្ទាល់ភ្នែក ខ្ញុំប្រាប់ទៅបងមរកតរួចហើយ ពួកយើងបម្រុងចេញទៅដូរអាហារឱ្យភ្ញៀវដែរ តែឃើញគាត់ញ៉ាំបាត់ទៅហើយ

‑ចុះហេតុអីមរកតមិននិយាយការពិត?

‑បងមរកត គាត់ជាមនុស្សបែបហ្នឹងឯង គាត់ចេះតែព្យាយាមធ្វើល្អជាមួយបងចាន់ឌីម្តងហើយម្តងទៀត ព្រោះគិតថាបងចាន់ឌីអាចកែខ្លួន តែមិនអាចទេ

‑ហេតុអីក៏នាងជួយមរកត?

‑ខ្ញុំបានមកធ្វើជាកូនកាំបិតនៅទីនេះ ក៏ព្រោះតែបងមរកត ខ្ញុំមិនអាចទ្រាំឱ្យគេធ្វើបាបគាត់តទៅទៀតទេ គាត់ជាស្រីមេម៉ាយត្រូវការលុយចិញ្ចឹមកូន គាត់ខំធ្វើការតែបងចាន់ឌីចិត្តអាក្រក់ណាស់ ចេះតែចង់ធ្វើបាបគាត់

‑មរកតជាស្រីមេម៉ាយ?

‑ចាស!

‑រឿងនេះកើតយូរហើយអ្ហេះ?

‑តាំងពីលោកប្រធានមិនទាន់អញ្ជើញមកម្ល៉េះ

‑មិនអីទេ! ចាំខ្ញុំដោះស្រាយឱ្យ ទៅវិញចុះ

‑អរគុណលោកប្រធាន

ហេតុអ្វីមរកតជាស្រីមេម៉ាយ បើយុវជនបានឃើញឈ្មោះប្តីនាងនៅក្នុងប្រវត្តិរូបធ្វើការងាររបស់នាងហើយនោះ? តែហេតុអីបានជាប្តីរបស់នាងមាននាមត្រកូលដូចជានាងដែរ ឬនាងកុហក? មិនយូរប៉ុន្មានយុវជនក៏ហៅចាន់ឌីមកជួប៖

‑អង្គុយទៅ

‑ចាស!

‑អំបិលក្នុងអាហារនោះគឺនាងជាអ្នកដាក់មែនទេ?

‑ខ្ញុំ…………..

‑មិនមែនជាលើកទីមួយទេដែលនាងធ្វើបែបនេះមែនទេ?

‑ខ្ញុំ………………

‑មែនឬមិនមែន?

‑គឺព្រោះតែ ……………..

‑បានហើយ! ខ្ញុំទុកឱកាសឱ្យនាង ស្អែកនេះយកពាក្យលាឈប់មកឱ្យខ្ញុំ

‑លោកប្រធានឱ្យខ្ញុំសូមទោស

‑ខ្ញុំទើបតែមកធ្វើការទីនេះ មិនស្គាល់ថានរណាជានរណាទេ ប៉ុន្តែជាគោលការណ៍របស់ខ្ញុំ គឺមិនទុកមនុស្សដែលបំផ្លាញក្រុមហ៊ុនខ្ញុំទេ ទៅវិញចុះ

ចាន់ឌីចេញទៅទាំងមុខស្រងូត តែនាងមិនអស់ចិត្តក៏ទៅជួបមរកតនៅកន្លែងចុងភៅ ដែលកំពុងចម្អិនអាហារមិនដឹងរឿងសោះ៖

‑សមចិត្តឯងហើយអ្ហេះ! ទីបំផុតឯងកម្ចាត់យើងបានសម្រេចហើយ

‑តើមានរឿងអី?

‑ឯងកុំធ្វើជាមិនដឹងរឿង ឥឡូវលោកប្រធានឱ្យយើងលាឈប់ហើយ ឯងសប្បាយចិត្តហើយមែនទេ?

‑បងមរកត គាត់មិនដឹងរឿងទេ គឺខ្ញុំជាអ្នកប្រាប់លោកប្រធានពីរឿងដែលបងលួចដាក់អំបិលនោះ

‑ឯង!

‑បងធ្វើអាក្រក់រឿងអីដែលខ្លាច មិនទទួលកំហុសនោះ

‑បានហើយរីដា! (មរកតឃាត់)

‑ឈប់ឈ្លោះគ្នាទៅ! វាល្មមហើយចាន់ឌី អំពើដែលឯងធ្វើកន្លងមក នេះហើយជាលទ្ធផលរបស់ឯងនោះ (ពូសំបន្លឺ)

‑សូម្បីតែពូក៏កាន់ជើងពួកវាដែរ

‑ពូនិយាយការពិត ឯងជាអ្នកខុសណា

‑ខ្ញុំចេញក៏បាន

ចាន់ឌីដើរចេញទាំងមួរហ្មង មរកតក៏ស្ទុះចេញទៅក្រៅ។ ការពិតនាងទៅជួបយុវជនសោះ៖

‑មានការអី?

‑កុំដេញចាន់ឌីបានទេ?

‑ហេតុអី?

‑នាងទើបតែធ្វើខុសម្តងប៉ុណ្ណោះ

‑ចូលចិត្តការពារមនុស្សអាក្រក់ពីអង្កាល់? ខ្ញុំសម្រេចចិត្តរួចហើយ បើព្រោះតែរឿងហ្នឹងទៅធ្វើការខ្លួនឯងវិញទៅ

មរកតដើរចេញទាំងទឹកមុខស្រងូត។ ការពិតយុវជនគ្រាន់តែចង់ការពារនាង នូវអ្វីដែលខ្លួនអាចធ្វើបានប៉ុណ្ណោះ។ ហេតុអ្វីក៏មរកតនឹងថ្កល់យ៉ាងនេះ? ជួបមនុស្សដែលខ្លួនស្រឡាញ់បែរជាគ្មានអារម្មណ៍អ្វីបន្តិចឬ? ល្ងាចហើយ គ្រាន់តែចេញពីធ្វើការភ្លាម នាងក៏ប្រញាប់ប្រញាល់ចេញពីកន្លែងធ្វើការទៅយកកូនដូចសព្វដង តែមុននឹងចេញនាងក៏ទៅសួរពូសំ៖

‑ពូមានរកកន្លែងការងារថ្មីឱ្យខ្ញុំទេ?

‑មិនទាន់បានទេមរកតអើយ ខែនេះពុំសូវសម្បូរភ្ញៀវផង គ្រប់ហាងគេពុំសូវរើសបុគ្គលិកទេ ពូឆ្ងល់ឯង ម៉េចនៅសុខៗចង់ឈប់ពីទីនេះអ៊ីចឹង ឬឯងមិនចូលចិត្តលោកប្រធានថ្មី?

‑គ្មានទេ! ខ្ញុំធុញនឹងទីនេះហ្នឹងណាពូ ចង់ប្តូរបរិយាកាសម្តង

‑អ៊ីចឹងទ្រាំសិនទៅ ចាំពូបានដំណឹងពូប្រាប់

‑អរគុណពូ! ខ្ញុំទៅមុនហើយពូ

‑អ៊ើ!

ឧត្តមបានឮការជជែកគ្នារបស់មរកត ទើបឈរចាំនាងនៅមាត់ផ្លូវជាស្រេច។ មិនមែននឹងថ្កល់ទេ ការពិតសូម្បីតែមុខក៏នាងមិនចង់ជួបប្រុសម្នាក់នេះដែរ តែមិនដឹងធ្វើម៉េច នាងត្រូវការលុយចិញ្ចឹមកូនមិនអាចលាឈប់ភ្លាមៗបានទេ ត្រូវរកកន្លែងថ្មីឱ្យបានសិន។ យុវតីភ្ញាក់ព្រើតពេលដែលឃើញយុវជន៖

‑នាងចង់លាឈប់ពីការងារអ្ហេះ? ព្រោះតែខ្ញុំមែនទេ?

‑ត្រូវហើយ! ខ្ញុំត្រូវទៅហើយ

‑ឈប់សិន!

ឧត្តមចាប់ដៃយុវតីជាប់៖

‑សូមទោស!

‑ខ្ញុំមិនយល់ទេ

‑សូមទោសចំពោះរឿងរ៉ាវកន្លងមក

‑ឈប់និយាយទៅតើបានទេ ពួកយើងមិនដែលស្គាល់គ្នាទេ

‑មរកត

‑លែងដៃខ្ញុំទៅ

ស្រីណាដែលថាមិនយំ? យុវជនបន្ធូរដៃឱ្យយុវតីចាកចេញទៅ តែស្រីពៅលួចយំ ហើយ។ គ្មាននរណាម្នាក់បេះដូងថ្មទេ។ ដំបៅនេះចាក់ជ្រៅពេកហើយ។ នេះហើយគឺរោគនៃស្នេហាគ្រាដំបូង។ អ្នកកំលោះក្លែងក្លាយក៏មិននឿយណាយឬធុញទ្រាន់នូវបំណងប៉ះប៉ូវដល់នាងដែរ។ ដូចនេះយុវជនតែងតែតាមមើលនាងពីក្រោយរហូត។

អ្នកម្តាយម្នាក់នេះតែងតែផ្តល់ស្នាមញញឹមទៅកូនជានិច្ច ទោះបីខ្លួនទើបតែលួចយំមុននេះក៏ដោយ៖

‑ម៉េចម៉ាក់យូរម្ល៉េះថ្ងៃនេះ?

‑ម៉ាក់សូមទោសណា ថ្ងៃនេះការងារច្រើនពេក

‑មិនអីទេ! កូនលើកលែងទោសឱ្យម៉ាក់

‑កូនឆ្លាតរបស់ម៉ាក់

តម្រាឱបម្តាយ តែឆោមឆាយសម្លឹងឃើញឧត្តម ដែលកំពុងឈរមើលមកពួកគេនៅក្បែររបងសាលា ក៏សើចដាក់យ៉ាងរាក់ទាក់។ ស្នាមញញឹមរបស់ក្មេងនេះ ហេតុអីក៏ទាក់ទាញម្ល៉េះ? យុវជនមានអារម្មណ៍ស្និទ្ធស្នាលនឹងតម្រាណាស់ គេនឹកឃើញតែស្នាមញញឹមរបស់ក្មេងម្នាក់នេះ។

បន្ទាប់ពីចេញទៅជួបភ្ញៀវ ឧត្តមក៏ឆៀងចូលទៅលេងតម្រានៅសាលា។ ពេលចេញលេងល្មម តែមិនឃើញតម្រារត់លេងជាមួយក្មេងដទៃឡើយ គេបែរជាអង្គុយលេងតែម្នាក់ឯង៖

‑សួស្តី!

‑បាទសួស្តីលោកពូ

‑មិនទៅលេងជាមួយគេទេអ្ហេះ?

‑ថ្ងៃនេះ ខ្ញុំមិនចង់លេងទេ

‑អូ!……………..តើស្គាល់ពូទេ?

‑ស្គាល់តើ! ខ្ញុំឃើញពូតែងតែឈរនៅក្បែររបងសាលា

‑ពូក៏ធ្វើការជាមួយម៉ាក់ឯងដែរ

‑ពិតមែនអ្ហេះ? ពូជួយមើលម៉ាក់ខ្ញុំផងណា

‑ម៉ាក់ឯងធំហើយ មិនចាំបាច់ពូមើលទេ

‑តែរាល់ថ្ងៃ ម៉ាក់ហត់ណាស់

‑ចុះប៉ារបស់ឯង?

‑ខ្ញុំអត់មានប៉ាទេ តែម៉ាក់ប្រាប់ថាគាត់នឹងធ្វើជាម៉ាក់ផងប៉ាផង

‑ចុះក្មួយស្គាល់ពូណារ៉ាទេ?

‑គាត់ជាអ៊ំរបស់ខ្ញុំ

‑អ៊ំអ្ហេះ?

‑បាទ! ពូអ្ហាក!

‑បាទ!

‑ពូមកលេងខ្ញុំរាល់ថ្ងៃតើបានទេ?

‑ហេតុអី?

‑ខ្ញុំចូលចិត្តពូ

‑បាន! ចាំពូមកលេងឯង

‑យេ!

‑តើឯងឈ្មោះអី?

‑ខ្ញុំឈ្មោះតម្រា ចុះពូ?

‑ស្រដៀងឈ្មោះពូដែរ ឮសូរដមដូចគ្នា តែពូគឺឧត្តម

‑ឈ្មោះពូពីរោះណាស់

‑ឯងពីរោះជាង

ចាប់តាំងពីថ្ងៃនោះមក ឧត្តមតែងតែឆ្លៀតទៅលេងជាមួយតម្រា។ ប្រហែលជា និស្ស័យឪពុកកូនហើយ ទើបធ្វើឱ្យពួកគេទាំងពីរមានអារម្មណ៍ស្និទ្ធស្នាល និងចង់ចែករំលែកក្តីស្រឡាញ់ឱ្យគ្នា។ ថ្ងៃមួយឧត្តមរវល់នឹងការងារ មិនបានទៅលេងតម្រាដូចសព្វដង ធ្វើឱ្យក្មេងតូចហាក់មួហ្មងមិនសប្បាយចិត្តទាល់តែសោះ។ មរកតក៏ស្រដីទៅកាន់កូន៖

‑កូនមិនសប្បាយចិត្តមែនទេ?

‑បាទ!

‑អ្នកណាធ្វើអីកូន?

‑អត់ឃើញលោកពូមកទេ

‑ពូណា?

‑ពូឧត្តម

‑ថាម៉េច! ពូឧត្តមករកកូនមែនទេ?

‑បាទ! គាត់តែងតែមកលេងជាមួយកូន ឬម៉ាក់មិនចូលចិត្តឱ្យកូនលេងជាមួយគាត់?

‑អត់ទេ! បើកូនសប្បាយចិត្តកូនលេងចុះ ថ្ងៃនេះប្រហែលជាគាត់រវល់ហើយ ទើបគាត់មិនបានមក

‑ម៉ាក់ប្រាប់គាត់ផង ថាខ្ញុំនឹកគាត់

‑ចាស!

តើឈាមពិតជារត់រកគ្នាមែនឬ? មរកតមិនដែលឃើញស្នាមញញឹមរបស់កូនប្រុសប្រកបដោយភាពកក់ក្តៅបែបនេះពីមុនមកឡើយ។ នាងក៏មិនចង់ហាមឃាត់ពួកគេទាំង   ពីរដែរ។ រាល់ថ្ងៃនាងទៅធ្វើការដូចធម្មតា តែការទន្ទឹងរង់ចាំការងារថ្មីរបស់នាងនៅតែបន្ត។ នាងចេញពីធ្វើការ ដើរតម្រង់ទៅកន្លែងដាក់ម៉ូតូដូចធម្មតា តែស្រស់ស្រីមានអារម្មណ៍ថា មាននរណាកំពុងតែតាមខ្លួន៖

‑អ្នកណាគេ?

‑សួស្តី!

‑ចាន់ឌី! ម៉េចក៏ឯងមកទីនេះ?

‑យ៉ាងម៉េច! យើងមកមិនបានអ្ហេះ? យើងមិនទាន់អស់ចិត្តពីឯងហ្នឹងណា

‑តើខ្ញុំបានធ្វើអ្វីខុសចំពោះឯង ហេតុអីក៏ឯងចេះតែគុំគួនខ្ញុំអ៊ីចឹង?

‑នៅហ៊ាននិយាយទៀត យើងអត់ការងារធ្វើក៏ព្រោះតែឯងដែរ

‑វាជាកំហុសឯង ហេតុអីមិនកែខ្លួនអ៊ីចឹង? ឯងចង់ធ្វើអី?

ចាន់ឌីមកជាមួយនឹងប្រុសម្នាក់ ឈ្មោះប្រុក នាងបញ្ជាឡើង៖

‑ថ្ងៃនេះយើងនឹងព្រមានឯង ឱ្យឯងមានស្លាកស្នាមហើយចាំទុកក្នុងជីវិតរបស់ឯង ដែលហ៊ានប៉ះពាល់ស្រីដូចជាយើង នៅឈរធ្វើអីទៀត ទៅឆូតមុខវាពីរបីកាំបិតទៅ

‑កុំណា! ជួយផង

‑ពួកឯងឈប់ភ្លាម!

‑ឧត្តម!

មរកតបន្លឺឈ្មោះឧត្តមធ្វើឱ្យចាន់ឌីចាប់ថ្នាក់បាន។ ឧត្តមស្ទុះទៅឈរពាំងពីមុខយុវតី។ កាយវិការនេះរឹតតែធ្វើឱ្យចាន់ឌីហួសចិត្ត សើចឃឹកឡើង៖

‑ការពិតពួកឯងឃុបឃិតគ្នា ពួកឯងមិនមែនជាថៅកែនិងកូនចៅទេមែនទេ?

‑ឯងកុំនិយាយផ្តាស់

‑ហៅឈ្មោះយ៉ាងស្និទ្ធស្នាល ហើយលោកទៀតសោត បើគ្រាន់តែជាបុគ្គលិកតូចតាច ហេតុអីក៏ចាំបាច់ការពារដល់ថ្នាក់យកខ្លួនមកពាំងបែបហ្នឹង

‑នាងយល់ថាម៉េចជារឿងរបស់នាង តែនាងគួរតែដឹងថា ទង្វើដែលនាងកំពុងធ្វើនេះគឺខុស នាងខុសតាំងពីដើមមកម្ល៉េះ កុំបណ្តោយខ្លួនឱ្យរឹតតែខុសទៀតអី

‑យើងមិនសុខចិត្តទេ យ៉ាងណាក៏យើងមិនសុខចិត្តដែរ ឯងនៅចាំអីទៀត នាយប្រុក សម្លាប់វាទាំងពីរទៅ

នាយប្រុកស្តាប់បញ្ជារបស់ចាន់ឌី ស្ទុះចូលលើកកាំបិតចាក់យុវជន តែឧត្តមចាប់ដៃជាប់។ ពួកគេប្រទាញប្រទង់គ្នា ស្រាប់តែគ្នារបស់ចាន់ឌីក៏មកដល់ម្នាក់ទៀត។ គេតម្រង់ទៅរកមរកតហើយ។ យុវជនវាយនាយប្រុកសន្លប់ទៅម្ខាង ក៏ទៅទាញនាយបានរុញទៅម្ខាងទៀត៖

‑នាងឆាប់រត់ទៅមុនទៅ

‑ប្រយ័ត្ន!

យុវតីរត់ទៅចាប់ឈើដែលចាន់ឌីបម្រុងវាយទៅលើយុវជន ដែលកំពុងប្រទាញប្រទង់ជាមួយនាយបាន៖

‑បានហើយចាន់ឌី ខ្ញុំអង្វរឯង

‑ឯងចង់ខ្លាំងជាមួយយើងផងអ្ហេះ

ប៉័ង!…………….ឧត្តម

ចាន់ឌីគ្រវាសមរកតដួលទៅម្ខាង នាងបម្រុងសំពងទៅលើយុវតី តែបែរជាត្រូវឧត្តម ដែលរត់ទៅរងជំនួស។ ពូសុខអ្នកយាមត្រឡប់មកវិញហើយ៖

‑អ្នកណាធ្វើអី?

‑ពូសុខ ជួយផង…….ខ្ញុំមរកតណា

ពូសុខនិយាយអាយកូមបណ្តើរ ទាញយកពូថៅដែលនៅក្បែរនោះស្ទុះចូលទៅ     បណ្តើរ។ ទីបំផុតនាយប្រុកនិងចាន់ឌីត្រូវបានចាប់បញ្ជូនទៅប៉ូលីស ឯនាយបានរត់រួចខ្លួន។

ពេលនេះ យុវជនសម្រាកនៅក្នុងមន្ទីរពេទ្យរុំរបួសក្បាល មរកតចេញពីបន្ទប់បង់លុយហើយ ក៏ចូលទៅរកយុវជន៖

‑លោកយ៉ាងម៉េចហើយ?

‑មិនអីទេ

‑អរគុណណាស់

‑មិនអីទេ! ក្រែងនាងត្រូវទៅយកតម្រាអ្ហេះ?

‑ពិតមែនហើយ! តែចុះលោក?

‑ខ្ញុំមិនអីទេ ឆាប់ទៅយកតម្រាទៅ

‑អ៊ីចឹងខ្ញុំទៅហើយ

មរកតប្រញាប់ប្រញាល់ទៅយកកូន តែមិនឃើញតម្រាឈរចាំនៅកន្លែងដែលធ្លាប់ចាំឡើយ។ យុវតីដើររកកូនរហូតទៅដល់សួនច្បារខាងក្នុង ឃើញគេអង្គុយយ៉ាងស្រងូតស្រងាត់៖

‑តម្រា!………ម៉េចក៏កូនមកអង្គុយទីនេះ?

‑ម៉ាក់! ពីរបីថ្ងៃហើយ ពូឧត្តមមិនលេងកូនសោះ កូននឹកគាត់

‑ប្រហែលជាគាត់រវល់នឹងការងារណាកូន

‑ម៉ាក់នាំកូនទៅលេងគាត់បានទេ?

‑ទៅលេងគាត់អ្ហេះ?

‑បាទ!

យុវតីមានអារម្មណ៍មិនស្រណុកសោះ តែព្រោះតែស្រណោះកូន នាងក៏សុខចិត្តនាំតម្រាទៅជូនឧត្តមនៅមន្ទីរពេទ្យ។ គ្រាន់តែទៅដល់មាត់ទ្វារបន្ទប់ តម្រាស្ទុះវឹងចូលទៅ៖

‑លោកពូ!

‑ម៉េចក៏ឯងមកដល់ទីនេះ?

‑គឺម៉ាក់នាំខ្ញុំមក

ប៉ាម៉ាក់និងកូនបានជួបគ្នាហើយ ម្តេចឡើយគ្រប់យ៉ាងនៅតែជាអាថ៌កំបាំង។ មើលទៅក្មេងតូចនេះហាក់មានសេចក្តីសុខណាស់អ៊ីចឹង គេនិយាយមិនឈប់ទេ៖

‑ម៉េចក៏ពូរបួសក្បាល

‑អូ! គឺពូវ៉ៃជាមួយចោរណា៎

‑ពូឈឺទេ?

‑ឈឺតែឥឡូវបាត់ហើយ

‑ពូមិនសមវ៉ៃចាញ់ចោរសោះ

‑ត្រូវហើយ! មកពីចោរនោះ វាសាហាវពេកហ្នឹងណា

ពួកគេជជែកគ្នារហូតទាល់តែមេឃងងឹត ទើបតម្រាព្រមចាកចេញទៅផ្ទះជាមួយម្តាយ។ ចៃដន្យម្ល៉េះ ចន្ថានិងសាណាដែលកំពុងមានផ្ទៃពោះបណ្តើរគ្នាចេញពីបន្ទប់មក ឃើញច្បាស់ថាជាមរកត តែនាងចេញផុតទៅហើយ៖

‑គួរឱ្យស្តាយណាស់អូន នាងទៅបាត់ទៅហើយ

‑នាងមកសួរសុខទុក្ខមិត្តភក្តិទេដឹងបង

‑បន្ទប់នោះបើកតើ យើងទៅមើលបន្តិចមើល ក្រែងស្គាល់

ឧត្តមរៀបបម្រុងចេញពីបន្ទប់ល្មម ចន្ថាបន្លឺឡើង៖

‑ឧត្តម!

‑លោកស្គាល់ខ្ញុំអ្ហេះ?

‑ខ្ញុំជាមិត្តមរកតកាលនៅរៀនវិទ្យាល័យ លោកនិងមរកតជួបគ្នាហើយអ្ហេះ?

‑ឧត្តម ប៉ារបស់តម្រាមែនទេបង?

‑អូនកុំនិយាយ

‑នាងថាម៉េច?

‑គ្មានអីទេ! ពួកយើងត្រឡប់ទៅវិញ

‑ឈប់សិន! អ្នកទាំងពីរប្រាប់ខ្ញុំមក តើតម្រាជាកូនរបស់ខ្ញុំមែនទេ?

‑ខ្ញុំមិនដឹងទេ………….តោះ! អូន

‑ខ្ញុំសូមអង្វរ សូមប្រាប់ការពិតមកខ្ញុំមក

‑ឈប់សិនទៅបង ពួកយើងមិនគួរលាក់រឿងហ្នឹងទៀតទេ យើងទៅរកកន្លែងអង្គុយនិយាយគ្នាសិនទៅ

‑ត្រូវហើយ! តម្រាជាកូនរបស់លោក

‑ប្រសើរណាស់

‑ខ្ញុំឆ្ងល់ណាស់មនុស្សស្រីល្អដូចជាមរកត ហេតុអីក៏លោកសុខចិត្តបោះបង់នាងចោល លោកដឹងទេ ថានាងរស់នៅលំបាកយ៉ាងណាបន្ទាប់ពីលោកចាកចោលនាងនោះ

ចន្ថានិយាយរឿងរ៉ាវទាំងអស់ប្រាប់យុវជន។ ហេតុអីក៏ស្រីម្នាក់នេះ ស្រឡាញ់ខ្លួនដល់ថ្នាក់ហ្នឹង? ឧត្តមបានត្រឹមតែឈឺចិត្តនឹងខ្លួនឯង ចន្ថាបន្ត៖

‑ខ្ញុំសួរលោកតាមត្រង់ចុះ តើលោកធ្លាប់ស្រឡាញ់មរកតទេ?

‑ខ្ញុំមិនដឹងទេ! តែខ្ញុំដឹងថា ចាប់ពីខ្ញុំបែកពីនាង ខ្ញុំបានក្លាយជាមនុស្សផ្សេង ខ្ញុំលែងហ៊ានជិតស្រីណាទៀត រាល់ថ្ងៃនេះខ្ញុំមានវិប្បដិសារីខ្លាំងណាស់ ទេវតាប្រហែលជា

ចង់ឱ្យខ្ញុំប៉ះប៉ូវឱ្យនាង ទើបឱ្យខ្ញុំបានជួបនាងនិងតម្រា

‑ខ្ញុំជឿថាមរកតនៅតែស្រឡាញ់លោក(សាណាបន្លឺ)

‑មិនដូច្នោះទេ នាងជួបខ្ញុំធ្វើហាក់ដូចជាមនុស្សមិនស្គាល់គ្នា

‑លោកឱ្យនាងធ្វើយ៉ាងម៉េច បើលោកធ្លាប់បោះបង់នាងចោលម្តងហើយ នាងអាចទ្រាំជួបមុខលោកនោះ គឺសំណាងណាស់ទៅហើយ លោកអានឈ្មោះតម្រាឱ្យបានមួយរយដងទៅ នឹងដឹងថានាងស្រឡាញ់លោកប៉ុនណាហើយ តោះបង!

ស្ទើរតែមិនគួរឱ្យជឿទេមែនទេ ថាស្រីម្នាក់ស្មោះនឹងស្នេហាយ៉ាងនេះនោះ? សូម្បីតែកូនក៏ដាក់ឈ្មោះរំឭកដល់ឪពុកគេដែរ។ ពិតជាស្រឡាញ់គេជ្រាលជ្រៅពេកហើយមរកត។ គ្រាន់តែចុះពីលើម៉ូតូភ្លាម បងប្រុសបងស្រីរួមទាំងម៉ាក់រង់ចាំជាស្រេច៖

‑ជម្រាបសួរយាយ អ៊ំ

‑ល្អណាស់ចៅ

‑អាយុវែងណាក្មួយ

‑បងណារ៉ានាំតម្រាទៅបន្ទប់មុនសិនទៅ (មន្នីបន្លឺ)

‑តោះ! ទៅបន្ទប់ជាមួយអ៊ំ

‑តើមានរឿងអីមែនទេបង?

‑តារា គេឱ្យម្តាយគេមកសួរឯង តើឯងគិតយ៉ាងម៉េច?

‑ខ្ញុំធ្លាប់ប្រាប់គេហើយ ថាខ្ញុំមិនបានស្រឡាញ់គេទេ

‑ម៉ាក់ឃើញតារាតាមស្រឡាញ់ឯងពីរឆ្នាំហើយ តម្រាក៏ធំគ្រាន់ដែរ បើល្មមគិតគូរក៏គិតទៅ

‑តែខ្ញុំមិនចង់រៀបការទេម៉ាក់

‑សាកគិតមើលឱ្យច្បាស់ទៅ ម៉ាក់ទៅបន្ទប់ហើយ

‑ឯងនៅស្រឡាញ់ប៉ាតម្រាមែនទេ?

‑អត់ទេបង

‑ឬមួយឯងបានជួបនឹងគេហើយ? ឯងកុំប្រាប់ថា ឯងចាញ់បោកគេម្តងទៀតណា

‑បងកុំបារម្ភអីពីរឿងនេះ តែរឿងសំខាន់ខ្ញុំអត់ស្រឡាញ់តារាទេ ខ្ញុំដឹងកន្លងមក គេស្រឡាញ់តម្រា មើលថែតម្រានិងយកចិត្តទុកដាក់ចំពោះខ្ញុំ តែបើមិនបានស្រឡាញ់ផង ខ្ញុំអាចរស់នៅជាមួយគេបានយ៉ាងម៉េច?

‑ហ៊ឺ!……..តាមចិត្តឯងទៅអ៊ីចឹង

ម្នាក់ៗរសាប់រសល់គេងមិនលក់ ម្នាក់នឹកស្រណោះរឿងដែលកន្លងហួស ម្នាក់នឹករបួសដែលធ្លាប់ឈឺចាប់ ហើយស្រាប់តែមកបន្ថែមរឿងដ៏គួរឱ្យឈឺក្បាលទៀត។ ស្រស់ស្រីសម្លឹងមើលមុខកូនដែលកំពុងលង់លក់យ៉ាងស្កប់ស្កល់ មិនគួរនិមលមិនឱ្យគេស្គាល់ប៉ារបស់ខ្លួនសោះ។ ព្រលឹមឡើងស្រាប់តែឃើញតារាមកដល់៖

‑លោកទៅណាហ្នឹង?

‑ខ្ញុំចង់ជូននាងទៅធ្វើការ

‑តារា!……..កុំធ្វើឱ្យខ្ញុំមានការទើសទាល់អីតើបានទេ?

‑កុំឱ្យខ្ញុំបាក់មុខអី ឥឡូវខ្ញុំជូននាងទៅសិន ចាំល្ងាចនាងចេញពីធ្វើការ ខ្ញុំទៅយកនាង ហើយយើងនិយាយគ្នា

‑ក៏បាន

តារាក៏ជាមនុស្សល្អម្នាក់ដែរ ប៉ុន្តែយុវជននេះហាក់ស្រឡាញ់មរកតជ្រាលជ្រៅទៅហើយ។ ឡានឈប់ង៉ក់ ពីមុខភោជនីយដ្ឋាន ដំណើរចេញពីឡានរបស់មរកតគឺស្ថិតក្នុងក្រសែភ្នែកយុវជន។ តារានេះហើយ ដែលឧត្តមឃើញនៅសាលារៀនតម្រានៅថ្ងៃមុន។ ដូចជាប្រចណ្ឌហើយ នាយដើរចូលបន្ទប់ធ្វើការរបស់ខ្លួនទាំងមួហ្មង។ មួយសន្ទុះក៏ដើរទៅកន្លែងចុងភៅ៖

‑លោកប្រធានអញ្ជើញរកអី? (ពូសំសួរ)

‑បាទ! ចង់កុម្ម៉ង់អាហារខ្លះ

មរកតធ្វើធម្មតាហាក់ដូចជាមិនបានឃើញយុវជន តែនាយក៏បន្លឺឡើងទៀត៖

‑ថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួនទេ មរកត ធ្វើស៊ុបរួចយកទៅឱ្យខ្ញុំផង

‑បងមរកត! លោកប្រធាននិយាយជាមួយបង (រីដាកេះ)

‑ចាស!

‑ធ្វើស៊ុបហើយ យកទៅឱ្យខ្ញុំផង

‑ចាស!

មរកតចម្អិនស៊ុបរួចរាល់ហើយ ក៏បន្លឺទៅកាន់រីដា៖

‑ឯងយកទៅជូនលោកប្រធានទៅ

‑មិនហ៊ានទេ! គាត់ជាអ្នកឱ្យបងយកទៅតើ

‑ឯងយកទៅមួយភ្លែតទៅ

‑ពូ! ខ្ញុំគួរយកទៅទេ

‑មិនគួរទេ

‑ពូ! (មរកតបន្លឺ)

‑ឆាប់យកទៅជូនលោកប្រធានទៅមរកត កុំឱ្យគាត់ចាំយូរ

មរកតលើកស៊ុបទៅឱ្យយុវជន នាងដាក់លើតុហើយបម្រុងដើរចេញ ស្រាប់តែយុវជនបន្លឺឡើង៖

‑ព្រឹកម៉ិញអ្នកណាជូនមក?

‑លោកប្រធានចាំបាច់ត្រូវដឹងដែរអ្ហេះ?

‑ចាំបាច់! យ៉ាងណាក៏យើងធ្លាប់ជាសង្សារនឹងគ្នាដែរ

‑លោក!

‑ខ្ញុំយ៉ាងម៉េច! ឬនាងមិនចងចាំទេ?

‑ទោះចងចាំឬចាំក៏រឿងវាចប់ហើយដែរ

‑នាងប្រាកដហើយឬថាចប់នោះ? នាងហ៊ាននិយាយទេថានាងឈប់ស្រឡាញ់ខ្ញុំ?

‑ខ្ញុំទៅវិញហើយ

យុវតីដើរចេញទាំងប្រញាប់ តែកំលោះកូនមួយបែរជាឈរញញឹមទាំងមានក្តីសុខ។ ល្ងាចឡើងមរកតឈរចាំផ្លូវតារា តែបែរជាយុវជនទាញឡើងឡានហើយបើកចេញទៅ។ គួរឱ្យស្តាយតារាមកដល់ផុតមួយជំហានទៅហើយ។

‑លោកចង់នាំខ្ញុំទៅណា?

‑ទៅយកកូន

‑ទៅយកកូន!

‑កូននាងហ្នឹងណា៎………នាងឆ្ងល់ទេ ថាហេតុអីក៏តម្រាចូលចិត្តខ្ញុំខ្លាំងម្ល៉េះ?

‑មិនដឹងទេ! លោកឈប់ឡានទៅ

‑តេប្រាប់អ្នកកំលោះនោះទៅ ថានាងមានឡានជិះហើយ

‑លោក!

‑តេទៅ! នាងចង់ឱ្យគេចាំនាងអ្ហេះ?

‑អាឡូ!……….តារាមិនបាច់មកយកខ្ញុំទេ

‑ហេតុអី?

‑ខ្ញុំមានការរវល់បន្តិច

‑ចុះតម្រា?

‑មិនអីទេ ខ្ញុំទៅយកគេ

‑បានហើយ!

តារាហាក់អស់សង្ឃឹមខ្លាំងណាស់។ នាយដឹងច្បាស់ថាមរកតមិនជ្រើសយកខ្លួនឡើយ តែចង់ឱ្យនាយដកថយដូចជាពិបាកណាស់។ អ្នកកំលោះបើកឡានទៅឈប់នៅក្បែរសាលារៀន។ នាយបានត្រឹមតែឈរសម្លឹងមើលពួកគេទាំងបីពីចម្ងាយ។ យុវជនបានឃើញយ៉ាងច្បាស់ពីស្នាមញញឹមរបស់ម្តាយកូននេះ៖

‑ម៉ាក់! ពួកយើងទៅដើរលេងទៅ

‑អត់ទេកូន

‑មិនអីទេ! ថ្ងៃនេះពូនាំឯងនិងម៉ាក់ដើរលេងម្តង

‑បាទ! តោះម៉ាក់

តម្រាដឹកដៃម៉ាក់ និងប៉ាដែលខ្លួនមិនដឹងទៅកាន់ឡាន។ ភាពកក់ក្តៅដែលតម្រាបាត់បង់មិនបានទទួលពីឪពុក ឥឡូវហាក់ត្រូវបានបំពេញ។ គេដើរលេងរហូតទាល់តែគេងលង់លក់ទៅហើយ។ យុវជនពកូនបណ្តើរ ជជែកជាមួយយុវតីបណ្តើរ៖

‑នាងនៅខឹងនឹងខ្ញុំទៀតអ្ហេះ?

‑មិនខឹងទេ គ្រាន់តែពេលខ្លះមានអារម្មណ៍ឈឺចាប់នឹងខ្លួនឯង ហេតុអ្វីក៏ត្រូវចាញ់បោកមនុស្សប្រុសទៅកើត

‑សូមទោស!

‑លោកអត់ខុសទេ គឺខ្ញុំខ្លួនឯងជាអ្នកខុស

‑នាងដឹងទេថា ហេតុអីខ្ញុំមិនទាន់រៀបការទេ?

‑លោកប្រហែលជាចង់នៅសប្បាយនិងបោកស្រីៗបន្តទៀតហ្នឹងណា

‑មិនមែនទេ គឺខ្ញុំនឹកដល់នាង ចាប់តាំងពីថ្ងៃដែលខ្ញុំបែកចេញពីនាងមក ខ្ញុំក៏លែងទាក់ទងស្រីៗទៀតដែរ

‑លោកចង់បោកខ្ញុំម្តងទៀតមែនទេ?

‑មរកត!

‑ខ្ញុំគ្មានអារម្មណ៍អីចំពោះលោកទៀតទេ

‑អ៊ីចឹងហេតុអីក៏នាងមិនទាន់រៀបការទៀត?

‑មនុស្សដែលខ្ញុំគិតពីសេចក្តីសុខគ្រប់បែបយ៉ាងគឺតម្រា ដរាបណាគេមិនទាន់ពេញ វ័យ និងមិនដឹង………….

‑មិនដឹងអី?

‑គ្មានទេ

‑អរគុណហើយដែលលោកនាំពួកយើងដើរលេង

ឡានឈប់ង៉ក់ពីមុខផ្ទះយុវតី៖

­‑ឱ្យគេមកខ្ញុំមក

‑កុំអី! លោកទៅវិញទៅ

‑ខ្ញុំគួរតែទៅជម្រាបសួរចំពោះក្រុមគ្រួសារនាង

‑មិនចាំបាច់ទេ ពេលនេះលោកជាប្រធានខ្ញុំ ម៉េចនឹងអាច…………

‑អ៊ីចឹងក៏បាន

‑រាត្រីសួស្តី

មិនថាតែតម្រាទេ ដែលមានអារម្មណ៍កក់ក្តៅនោះ សូម្បីតែម្តាយក្មេងនេះក៏មានអារម្មណ៍រីករាយក្នុងចិត្តដែរ។ នាងញញឹមសម្លឹងមើលមុខកូនដែលកំពុងគេងលង់លក់ហាក់មានសេចក្តីសុខណាស់អ៊ីចឹង។ ស្នេហាដែលកប់ជ្រៅក្នុងដួងចិត្តស្ទើរតែងងឹតស្លុបទៅហើយ ម្តេចឡើយក៏ស្រាប់តែមានពន្លឺសារជាថ្មី?។ ហេតុអ្វីក៏រូបឧត្តម នៅតែសំងំក្នុងបេះដូងស្រស់ស្រីមិនព្រមចាកចេញទៅណាទាល់តែសោះ? ឱ! មនុស្សស្រី ហេតុអ្វីក៏អាចរក្សាស្នេហានេះបាន? បេះដូងស្មោះរបស់កល្យាណ ពិតជាធ្វើឱ្យប្រាណនិងដួងចិត្តមានក្តីសុខមែនអ្ហេះ?៖ “កូនប្រុស! តើម៉ាក់គួរតែប្រាប់កូនទេ ថាគេគឺជាប៉ាបង្កើតរបស់កូន?”។ សំឡេងគោះទ្វារបន្លឺឡើង៖

‑គឺបងទេអ្ហេះ?

‑បងចង់និយាយជាមួយឯង ចេញមកក្រៅមក (ណារ៉ាតប)

‑បងមានការអី?

‑មនុស្សប្រុសដែលជូនឯងមកល្ងាចមិញ គឺជាថៅកែហាងរបស់ឯងមែនទេ?

‑ចាស! មែនហើយ

‑ព្រោះតែគេមែនទេ ដែលធ្វើឱ្យឯងបដិសេធតារា…..ក្រែងឯងចង់ប្តូរកន្លែងធ្វើការអ្ហេះ ម៉េចក៏ទៅទាក់ទងគេ? តើគេស្រឡាញ់ឯងមែនទេ?

‑ខ្ញុំមិនដឹងនិយាយថាម៉េចទេបង

‑តើឯងមានរឿងអីលាក់បាំងនឹងបងមែនទេ?

‑គេហ្នឹងហើយ ជាប៉ាតម្រា

‑អ្ហះ!

‑កាលពីដំបូងដែលខ្ញុំទើបដឹងថាគេមកធ្វើការក្នុងហាង ខ្ញុំក៏ចង់លាឈប់ដែរ ទើបឱ្យបងជួយរកការងារថ្មីឱ្យ តែមិនដឹងហេតុអីគេបានជួបនឹងតម្រា តម្រាចូលចិត្តគេណាស់ ចេះតែរំអុកខ្ញុំចង់ឱ្យគេទៅលេង ខ្ញុំគិតថា វាជានិស្ស័យឪពុកកូនគេទើបមិនរារាំង

­‑ចុះពេលនេះ គេដឹងថាតម្រាជាកូនគេទេ?

‑ខ្ញុំមិនបានប្រាប់គេទេ

‑ហ៊ឺ! ចុះឯងគិតដោះស្រាយយ៉ាងម៉េច?

‑ខ្ញុំ………….

‑ឯងនៅស្រឡាញ់គេមែនទេ?

‑ខ្ញុំ…………

‑ឈឺក្បាលណាស់ ឯងដោះស្រាយយ៉ាងណាស្រេចតែឯងចុះ

ណារ៉ានិយាយហាក់ដូចជាមិនរវីរវល់នឹងប្អូនស្រី តែដឹងអី ស្អែកឡើងមិនទាន់ គេទៅដល់ Officeយុវជនទៅហើយ៖

‑ជម្រាបសួរបង……..អញ្ជើញអង្គុយសិនទៅ

‑លោកដឹងថាខ្ញុំមកជួបលោករឿងអីទេ?

‑មិនដឹងទេ

‑គឺរឿងមរកត ខ្ញុំដឹងថាប្អូនស្រីខ្ញុំចាញ់បោកលោកម្តងរួចមកហើយ សូមលោកមេត្តានាងផង កុំបោកប្រាស់នាងជាលើកទីពីរបានទេ?

‑ចុះបើខ្ញុំប្រាប់បងថា ខ្ញុំស្រឡាញ់នាង និងចង់រៀបការជាមួយនាង

‑ទាំងនាងមានកូនមូយហើយហ្នឹង?

‑រឿងនេះមិនមែនជាបញ្ហាទេ សំខាន់គឺខ្ញុំស្រឡាញ់នាង រឿងកើតឡើងកាលពីប្រាំពីរឆ្នាំមុន ជាកំហុសរបស់ខ្ញុំ ជាភាពក្មេងខ្ចីរបស់ខ្ញុំ ឥឡូវខ្ញុំយល់ហើយ ថាស្រឡាញ់មនុស្សម្នាក់មានអារម្មណ៍បែបណា។ ខ្ញុំចង់ប៉ះប៉ូវឱ្យនាងនូវគ្រប់យ៉ាងដែលខ្ញុំបានធ្វើបាបនាង សូមបងអនុគ្រោះឱ្យខ្ញុំបានទាក់ទងនាងម្តងទៀតបានទេ?

‑អ៊ីចឹងលោកទៅជាមួយខ្ញុំ

យុវជនទាំងពីរចាកចេញទៅជាមួយគ្នា។ មីងដាកំពុងតែរៀបចំចម្អិនម្ហូប ស្រាប់តែឮសំឡេងបន្លឺឡើង៖

‑ជម្រាបសួរអ្នកមីង!

‑ចាសៗ…………អ្នកណាគេកូន?…តោះនាំគ្នាទៅអង្គុយសិនទៅ

‑លោកប្រាប់ម៉ាក់ទៅថាលោកជានរណា?

‑ខ្ញុំនេះហើយជាប៉ាតម្រា អ្នកមីង!

‑ថាម៉េច!

‑ក្រែងលោកថាមិនបានដឹងអ្ហេះ?

‑បើខ្ញុំមិនបា្រប់បងអ៊ីចឹង បងនឹងគិតថា ព្រោះតែកូនទើបខ្ញុំព្រមរៀបការជាមួយមរកត

‑តើរឿងវាយ៉ាងម៉េច?

ឧត្តមនិយាយរឿងរ៉ាវប្រាប់មីងដា។ ស្តាប់ហើយមីងដកដង្ហើមធំ៖

‑ហ៊ឺ! រឿងនេះអាស្រ័យលើពួកឯងទៅ សំខាន់ឯងទៅសួរមរកត ថាយល់ព្រមរៀបការជាមួយឯងទេ?

‑បាទ! អរគុណអ្នកមីង ខ្ញុំនឹងព្យាយាមធ្វើឱ្យនាងព្រមទទួលខ្ញុំ

ឧត្តមមានឱកាសហើយ តើចិត្តត្រាណត្រើយវិញយ៉ាងណាដែរ? មើលចុះតារាមកទទួលយុវតីទៅធ្វើការទៀតហើយ។ ណារ៉ាស្រដីទៅកាន់ប្អូន៖

‑ឯងដោះស្រាយជាមួយតារាឱ្យដាច់ស្រេចទៅ កុំឱ្យគេនៅមានសង្ឃឹមលើឯងទៀត

‑ចាសបង

មរកតឡើងជិះឡានទៅជាមួយតារា ដល់ពាក់កណ្តាលផ្លូវយុវតីបន្លឺ៖

‑ពួកយើងនិយាយគ្នាសិនទៅ

‑មានរឿងអីអ្ហេះ?

‑ពីថ្ងៃមុនខ្ញុំមិនបានធ្វើការអីទេ គឺខ្ញុំទៅជាមួយប៉ាតម្រា

ឡានឈប់ង៉ក់។ តារាហាក់ដូចជាភ្ញាក់ផ្អើលខ្លាំងណាស់ក៏បន្លឺ៖

‑នាងកុហកខ្ញុំ

‑គេគឺជាប៉ាបង្កើតរបស់តម្រា ហើយក៏ជាម្ចាស់ហាងដែលខ្ញុំធ្វើការនោះដែរ

‑នាងចង់អភ័យទោសគ្រប់យ៉ាងឱ្យគេអ្ហេះ?

‑ខ្ញុំមិនដែលខឹងនឹងគេទេ គ្រប់យ៉ាងវាគឺជាកំហុសរបស់ខ្ញុំ មកពីខ្ញុំស្រឡាញ់គេពេក

‑នាងចង់ឱ្យគេបោកនាងម្តងទៀតអ្ហេះ?

‑គេបោកខ្ញុំមិនបានទៀតទេ ប៉ុន្តែទោះបីជាគ្មានគេ ក៏ខ្ញុំនិងលោកមិនអាចដែរ ខ្ញុំមិនដឹងថា ហេតុអ្វីក៏ខ្ញុំស្រឡាញ់គេយ៉ាងនេះ លោកប្រហែលជាមិនជឿខ្ញុំ តែខ្ញុំមិនដែលភ្លេចប្រុសម្នាក់នេះឡើយ ហេតុអីក៏ខ្ញុំដាក់ឈ្មោះកូនថាតម្រាទេ? តម្រាជាអតីតកាលដ៏មានក្តីសុខរបស់ខ្ញុំ ទោះបីជាវាមានរយៈពេលខ្លីក៏ដោយ ខ្ញុំនៅតែនឹកនាប៉ារបស់គេ

ឧត្តម តម្រា លោកស្តាប់សូរឈ្មោះនេះទៅ ថាខ្ញុំធ្លាប់ភ្លេចមនុស្សប្រុសម្នាក់នេះទេ? អរគុណដែលលោកធ្វើល្អដាក់ខ្ញុំកន្លងមក តែខ្ញុំនៅតែមិនអាចជ្រើសយកលោកបាន

‑តើឧត្តមនឹងត្រឡប់មករកនាងទេ?

‑គេចាក់ជ្រៅក្នុងបេះដូងខ្ញុំទៅហើយ មានឬគ្មានគេ ខ្ញុំក៏លែងតក់ស្លុតទៀតដែរ

‑ជូនពរឱ្យនាងមានក្តីសុខចំពោះស្នេហាមួយនេះ ថ្ងៃនេះ ជាថ្ងៃចុងក្រោយហើយ ដែលខ្ញុំជូននាងទៅធ្វើការ

‑អរគុណ

មកដល់មុខហាង យុវតីចុះពីលើឡានទាំងញញឹមញញែមដូចគ្មានទុក្ខកង្វល់អ្វីសោះ ខុសពីអ្នកកំលោះក្លែងក្លាយ ដូចជាក្តៅក្រហាយលែងឃ្លានបាយឃ្លានទឹកស្ពឹកមុខអស់   ហើយ។ ដើរមិនទាន់ដល់បន្ទប់ធ្វើការផង យុវតីត្រូវយុវជនទាញដៃចូលក្នុងបន្ទប់ធ្វើការរបស់ខ្លួន៖

‑លោកធ្វើអីហ្នឹង មិនចេះខ្មាសគេទេអ្ហេះ?

‑នាងទេដែលត្រូវខ្មាស ម៉េចក៏ឱ្យមនុស្សប្រុសជូនមកធ្វើការទៀតហើយ

‑មានទាក់ទងនឹងលោកដែរអ្ហេះ?

‑នាងជាប្រពន្ធខ្ញុំណា៎

‑ប្រពន្ធ! លោករៀបការជាមួយខ្ញុំពីអង្កាល់?

‑មរកត!

‑ខ្ញុំសុំទៅធ្វើការរបស់ខ្ញុំហើយ

‑ល្ងាចនេះទៅយកកូនជាមួយខ្ញុំ

‑មានគេមកយកខ្ញុំហើយ

‑តេប្រាប់គេទៅ

‑រឿងអីដែលខ្ញុំត្រូវស្តាប់លោក

យុវតីស្រដីហើយដើរចេញទាំងញញឹម។ នេះហើយធ្លាប់ធ្វើឱ្យគេឈឺចិត្ត ឥឡូវគេតបស្នងខ្លះហើយឱ្យយល់ពីអារម្មណ៍ឈឺចាប់ខ្លះ។ មរកតហាក់សប្បាយចិត្តប្លែក ឱ្យតែនឹកឃើញកាយវិការប្រចណ្ឌរបស់យុវជន នាងតែងតែញញឹមម្នាក់ឯង រីដាបន្លឺ៖

‑បងយ៉ាងម៉េចហ្នឹង ពេញមួយថ្ងៃហើយញញឹមរហូត

‑គ្រាន់តែញញឹមមិនបានទេអ្ហេះ?

‑មិនដែលឃើញបងបែបនេះពីមុនមកទេ

‑បើឯងច្រណែន ញញឹមដែរទៅរីដា

‑ដឹងស្អីទេពូនេះ

‑មរកត! ចង់ប្តូរកន្លែងធ្វើការទៀតទេ

‑ឈប់ហើយពូ ខ្ញុំចង់ធ្វើនៅទីនេះមួយរយៈទៀតសិន

ការពិតល្ងាចនេះ គ្មាននរណាមកយកយុវតីឡើយ តែប្រុសត្រាណត្រើយមិនឱ្យហួសពេលទេ។ គ្រាន់តែមរកតដើរចេញមកដល់មាត់ផ្លូវ ឡានក៏មកដល់ភ្លាម៖

‑ឡើងឡានទៅ

‑ហៅនរណាឡើងឡាន?

‑បើមិនឡើងបងបីអូនឥឡូវនេះ

អីយ៉ាស់! ប្តូរភាសានិយាយហើយតើ។ ស្តាប់ទៅដូចជាស្និទ្ធស្នាលជាងមុន៖

‑អូនឡើងឬមិនឡើង

‑ឡើងក៏ឡើង

‑អូនឈប់ខឹងនឹងបងទៅតើបានទេ? បងសូមទោសអូនគ្រប់យ៉ាង

‑បើសិនជាលោកមិនបានជួបខ្ញុំ តើលោកសុំឱ្យខ្ញុំអភ័យទោសឱ្យលោកទេ?

‑បងមិនដែលភ្លេចពីកំហុសមួយនេះឡើយ សូម្បីតែទេវតាក៏ទុកឱកាសឱ្យបងដែរ ឬអូនមិនទុកឱកាសដល់បង?

‑លោកដឹងមែនទេ ថាតម្រាជាកូនរបស់លោក

‑បងដឹងយូរហើយ គឺបងបានជួបនឹងចន្ថា

‑ចុះបើគ្មានតម្រា?

‑អូនពិតជាមិនយល់ចិត្តបងមែនអ្ហេះ?

‑មិនយល់ទេ ព្រោះកាលដែលខ្ញុំស្រឡាញ់លោកខ្លាំងបំផុតនោះ គឺលោកទៅចោលខ្ញុំ តែនៅពេលដែលខ្ញុំរឹងមាំអាចរស់នៅបានដោយគ្មានលោក លោកបែរជាត្រឡប់មករកខ្ញុំ ឱ្យខ្ញុំអភ័យទោសឱ្យ តើការអភ័យទោសនេះមានន័យថាម៉េច?

‑ព្រមរៀបការជាមួយបងទៅ

‑អ្នកណាក៏ដឹងថា ស្រីដែលលោកប្រុងរៀបការជាមួយនេះ គឺជាស្រីមេម៉ាយយូរមកហើយ

‑មិនខ្វល់ពីអ្នកណាទាំងអស់ សំខាន់គឺពួកយើងទាំងបីនាក់អាចរស់នៅជុំគ្នា

‑លោកប្រាកដហើយអ្ហេះ?

‑បើមិនប្រាកដម្ល៉េះសមពេលនេះ បងរត់ចោលអូនដូចជាពេលមុនអ៊ីចឹង
­‑នៅហ៊ានរំឭកទៀត

‑អូនសម្លាញ់អ្ហា៎

‑បើទៅដល់សាលា តម្រាព្រមហៅលោកថាប៉ា ខ្ញុំនឹងរៀបការជាមួយលោកភ្លាម

‑ភ្លាមៗតម្រាម៉េចនឹងអាច……………

‑ខ្ញុំមិនដឹងទេ

ឧត្តមហាក់ដូចជាអស់សង្ឃឹមខ្លាំងណាស់។ ពេលទៅដល់សាលា គេបើកទ្វារចេញពីឡានទាំងដំណើរមួយៗតាមពីក្រោយយុវតី ស្រាប់តែឃើញតម្រារត់មកលឿនស្លេវហួស ម្តាយទៅឱបជើងយុវជន៖ “លោកប៉ា!”។ ទាំងពីរនាក់បើកភ្នែកធំៗ ឧត្តមត្រេកអរណាស់ ស្ទុះលើកកូនពឡើងរួចបន្លឺ៖

‑កូនហៅប៉ាថាម៉េច?

‑លោកប៉ា

‑ជយោ! អូនចាញ់បងហើយ

‑អ្នកណាបង្រៀនកូន (យុវតីសួរ)

‑គឺលោកពូ

ទាំងបីនាក់សម្លឹងទៅតារា ដែលឈរនៅចម្ងាយមិនឆ្ងាយប៉ុន្មាន។ តារាញញឹមហើយក៏ចាកចេញទៅ។ នៅលើលោកនេះ តើពិតជាមានស្នេហាស្មោះមែនឬ? សេចក្តីស្នេហាពិតប្រាកដគួរតែជួបរឿងជូរចត់ដូចមរកតឬ? មរកតមិនមែនជាស្រ្តីខ្មែរគំរូស្រាប់អ្នកធ្វើតាម   ឡើយ។ នាងបានប្រព្រឹត្តនូវទង្វើប្រាសចាកប្រពៃណី ញាំញីទឹកចិត្តក្រុមគ្រួសារ តែនាងមានសេ្នហាស្មោះត្រង់មួយ ដ៏គួរឱ្យស្ងប់ស្ងែង។ ចប់!!!

 

ដោយ៖ លាក់ ម៉ាឡែន

មិនចង់បានអ្វី តែបើបានអានហើយ សូមជួយផ្តល់មតិផង សូមអរគុណ!

About បេះដូងពិត

បេះដូងពិត

Posted on ខែ​មេសា 20, 2016, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: