រឿងខ្លី មន្តស្នេហ៍សំរាម

%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%9f%e1%9f%92%e1%9e%93%e1%9f%81%e1%9e%a0%e1%9f%8d%e1%9e%9f%e1%9f%86%e1%9e%9a%e1%9e%b6%e1%9e%98-copyរឿង មន្តស្នេហ៍សំរាម (ដោយ៖ លាក់ ម៉ាឡែន)

ក្រោមអាកាសធាតុនារដូវប្រាំង ក្នុងខែមេសា ហាក់លួងលោមឱ្យដួងចិន្តា មានអារម្មណ៍ថា ស្រស់ស្រាយ រសាយនូវទុក្ខកង្វល់ទាំងប៉ុន្មាន។ ខ្ញុំពត់ប្រាណ មិនទាន់បានមើលទេសភាពនៅជុំវិញខ្លួនទេ  គឺពេលនេះកំពុងសម្លឹងឆ្ពោះ ស្រណោះផ្ទៃមេឃ នាពេលព្រឹករលឹម។ ខ្ញុំដកដង្ហើមធំ ហើយញញឹមទៅរកផែនមេឃ ហាក់មានអាម្មណ៍ឆ្អែត ក៏ក្រលេកមកមើលទិដ្ឋភាពជុំវិញខ្លួនម្តង…………ពុទ្ធោ!

ថ្ងៃនេះ ជាថ្ងៃទីពីរ នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ខ្ញុំឆ្លៀតងើបពីព្រលឹមដើម្បីហាត់ប្រាណ និងបានដើរកម្សាន្តនៅលើទឹកដីអង្គរ ដែលពោរពេញទៅដោយវប្បធម៌មូយនេះ។ មែនហើយ! ខេត្តសៀមរាបជាតំបន់ទេសចរណ៍មួយដ៏សម្បូរបែប តើនរណាមិនចង់ស្គាល់ មិនចង់ឃើញនោះ? ជាក់ស្តែង គួបផ្សំនឹងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានរុញច្រានដួងកាយ និងដួងចិត្តរបស់ខ្ញុំ ឱ្យមកជួបជុំបងប្អូនខ្មែរនៅលើទឹកដីនេះ។ ពិតមែនហើយ មន្រ្តីរាជការនិង បុគ្គលិកឯកជន សុទ្ធសឹងតែបានសម្រាកពីការងារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ទើបថ្ងៃនេះ ពុំមានកម្មករមកសម្អាតនៅទីនេះ។ ឱ! ដងស្ទឹងសៀមរាប ដែលពេញព្រៀបទៅដោយមន្តស្នេហ៍ ឥឡូវអ្នកបែរជាពោរពេញទៅដោយសំរាម ម្តេចអ្នកមិនហាមមនុស្សអស់ទាំងនោះ កុំឱ្យធ្វើបាបអ្នក ឬមួយអ្នកអាចទ្រាំទទួលយកការឈឺចាប់នេះតែម្នាក់ឯង? ខ្ញុំសោកសង្រេងជំនួសអ្នកណាស់ តែខ្ញុំយល់ច្បាស់ពីអារម្មណ៍អ្នក តើអ្នកណាជាអ្នកចោលសំរាមទាំងអស់នេះលើអ្នក? តើអ្នកណា ធ្វើឱ្យអ្នកបាត់បង់សម្រស់ដ៏ស្រស់ត្រកាលនេះ? តើអ្នកណា ជាអ្នកទទួលខុសត្រូវចំពោះទង្វើនេះ? គឺខ្ញុំមែនទេ? ត្រូវ! ខ្ញុំក៏រស់នៅលើទឹកដីដ៏ស្រស់ស្អាតមួយនេះដែរ ខ្ញុំត្រូវតែទទួលខុសត្រូវក្នុងនាមជាពលរដ្ឋម្នាក់របស់ប្រទេស។ ណ្ហើយ! កុំគិតច្រើន ចម្រើនតែជម្លោះជាមួយខ្លួនឯង។ ខ្ញុំងាកស្តាំឆ្វេង ក៏ប្រទះឃើញថង់ធំមួយ មិនបង្អង់យូរ ខ្ញុំក៏សម្រេចចិត្តកាន់ថង់នោះ ដើរប្រមូលសំរាមនៅតាមដងស្ទឹង តែម្តងទៅ។

ក្នុងឯកសណ្ឋានកីឡា បំណងដើរហាត់ប្រាណនៅពេលព្រឹកព្រលឹម តែខ្ញុំបែរជាដើររើសសំរាមទៅវិញ។ ខ្ញុំឥតទោម្នេញទេ តែក៏ចេះតែគិតក្នុងចិត្ត ហេតុអ្វីបានជាពលរដ្ឋយើងមិនយល់ដឹងពីបញ្ហានេះ? ហ៊ឺ!………………..ដកដង្ហើមធំ ហើយងើបឡើងឈរឱ្យត្រង់បន្តិច ព្រោះដូចជារាងចុកចង្កេះដែរ ស្រាប់តែប្រទះភ្នែកនឹងយុវតីម្នាក់អាយុប្រហែល១៨ឆ្នាំ សម្បុរស្រអែម ថែមទាំងកាន់ថង់ធំនៅនឹងដៃដូចខ្ញុំដែរ មិនតែប៉ុណ្ណោះ គឺស្ថិតក្នុងសម្លៀកបំពាក់កីឡាដូចខ្ញុំទៀត។ ខ្ញុំញញឹមតិចៗ នាងក៏ញញឹមតិចៗតបខ្ញុំដែរ ខ្ញុំក៏សួរទៅកាន់នាងមុន៖

‑នាងជាកម្មករសម្អាតនៅទីនេះមែនទេ?

នាងញញឹមតិចៗ ហើយតប៖

‑ចាស! អត់ទេ ខ្ញុំឃើញទីនេះ ពេញដោយសំរាម ទើបជួយសម្អាតទៅ ចុះពូ?

‑អ៊ីចឹង ពួកយើងដូចគ្នាហើយ នាងមកពីខេត្តណាដែរ?

‑ខ្ញុំជាអ្នកខេត្តសៀមរាបនេះឯង ចុះពូ?

‑ខ្ញុំមកពីភ្នំពេញ គឺមកលេងអង្គរសង្រ្កាននឹងគេ ព្រឹកនេះ គិតថាងើបហាត់ប្រាណ ស្រាប់តែមកឃើញបែបនេះ ក៏…………

‑បើប្រជាជនយើងទាំងអស់ដូចជាពូ គឺប្រសើរណាស់ អ៊ីចេះទៅ ពូរើសម្ខាង ខ្ញុំរើសម្ខាងនឹងបានឆាប់រួច

‑អ៊ីចឹងក៏បាន

‑អរគុណពូខ្លាំងណាស់

យុវតីម្នាក់នេះ មើលទៅរហ័សរហួនណាស់ តែហេតុអ្វីក៏នាងត្រូវអរគុណខ្ញុំ បើពួកយើងជាជាតិសាសន៍តែមួយ គឺត្រូវតែជួយគ្នាអ៊ីចឹងហើយ ហើយបើពលរដ្ឋទាំងអស់ដូចជានាង គឺប្រសើរដូចគ្នា។ ឈប់គិតហើយ! ប្រឹងសម្អាតសិន ដើម្បីបានទៅជួបក្មេងតូចនេះ នៅម្ខាងស្ទឹង។ …………មិនខុសពីការគិតទេ មិនដល់មួយម៉ោង ពួកយើងពិតជាបានធ្វើឱ្យដងស្ទឹង បាត់អស់សំរាម ហើយពួកយើងក៏បានទៅដល់គោលដៅ នឹងបានជួបគ្នាជាថ្មី។ ខ្ញុំសួរទៅកាន់ក្មេងស្រីដ៏រួសរាយ៖

‑ហត់ទេ?

‑មិនហត់ទេ ដូចជាការហាត់ប្រាណដែរហ្នឹង ដើរពីម្ខាងដល់ម្ខាង ចុះពូ?

‑ដូចគ្នា!……………………ត្រូវហើយ ផ្ទះនាងនៅម្តុំនេះមែនទេ?

‑ចាស! ចុះពូស្នាក់នៅឯណាដែរ?

ខ្ញុំចង្អុលទៅសណ្ឋាគារដែលនៅទល់មុខស្ទឹង នាងបន្ត៖

‑អ៊ឹចឹងតើ ទើបពូឃើញទិដ្ឋភាពនេះ អរគុណពូខ្លាំងណាស់

‑ហេតុអីក៏អរគុណខ្ញុំ

‑ព្រោះពូបានជួយធ្វើឱ្យទីនេះស្អាត

‑អ៊ីចឹង ខ្ញុំត្រូវអរគុណនាងដែរហើយ

ពួកយើងសើចទាំងពីរនាក់ព្រមគ្នា ស្រាប់តែឮសំឡេងមួយបន្លឺឡើង៖

‑អរគុណពួកក្មួយខ្លាំងណាស់

ពួកយើងងាកព្រមគ្នាទៅរកម្ចាស់សំឡេង ដែលស្ថិតក្នុងឯកសណ្ឋានជាកម្មករសម្អាត ហើយញញឹមយ៉ាងរាក់ទាក់មករកពួកយើង។ ស្រ្តីចំណាស់បន្ត៖

‑បើប្រជាពលរដ្ឋយើង សុទ្ធតែមានសន្តានចិត្តដូចជាពួកក្មួយ គឺប្រសើរណាស់ អរគុណណាស់ សម្រាប់ថ្ងៃនេះ អ៊ំឆាប់បានសម្រាកទៅជួបជុំបងប្អូនហើយ

‑ចុះ ថ្ងៃនេះ អ៊ំមិនបានសម្រាកទេអ្ហេ? (យុវតីបន្លឺ)

‑ក្រុមហ៊ុនគេ ឱ្យសម្រាកដែរ តែអ៊ំដូចជាមិនស្ងប់ ទើបមកមើល កុំបានពួកក្មួយអ៊ំត្រូវហត់ទៀតហើយ រីករាយឆ្នាំថ្មីណាក្មួយ

‑ចាស បាទ អរគុណអ៊ំស្រី

អ៊ំស្រីស្រដីហើយ គាត់ក៏ចាកចេញទៅ។ តើនរណាខ្លះ ដែលមានបេះដូងដូចជាអ៊ំម្នាក់នេះ? គាត់ពិតជាយល់ច្បាស់ ពីជនរួមជាតិរបស់គាត់? ជូនពរអ៊ំស្រី សុខភាពល្អ ដើម្បីបន្តមនសិការមួយនេះ សម្រាប់ប្រទេសជាតិយើង។ កំពុងតែគិត សំឡេងស្រីតូចក៏បន្លឺឡើង៖

‑ពូគិតអីអ្ហេ?

‑អូ! គិតដល់បេះដូងដ៏ល្អ របស់អ៊ំស្រីហ្នឹងណា

‑អ៊ីចឹង ពូគិតទៀតចុះ ខ្ញុំទៅមុនហើយ

‑អេ! ម៉េចក៏ឆាប់ទៅម្ល៉េះ?

‑ជូនពរពូសំណាងល្អ

រវល់តែគិតច្រើនពេក មិនទាន់បានសួរឈ្មោះក្មេងតូចហ្នឹងផង។ ខ្ញុំបម្រុងដើរចេញ ត្រឡប់ទៅសណ្ឋាគារហើយ ស្រាប់តែ៖

‑ពូ!

‑នាងមិនទាន់ទៅទេអ្ហេ?

‑ខ្ញុំរើសបានតុក្កតាស្វានេះ ខ្ញុំជូនព យកទៅផ្ញើកូន សំណាងល្អណាពូ

រវល់តែភ្លឹក នឹងពាក្យយកទៅផ្ញើកូន ក្មេងតូចនេះរត់ចេញទៅបាត់។ រកប្រពន្ធមិនទាន់បានផង មានកូនមកពីណា? ហៅខ្ញុំថាពូ ហើយយល់ថាខ្ញុំមានកូនតូចទៀត នាងតូចនេះ ម៉េចក៏ភ្នែកស្អុយម្ល៉េះ? ខ្ញុំសង្ហារប៉ុណ្ណឹងដែរ នៅមើលមិនដឹងជាមនុស្សនៅលីវទៀត។ យ៉ាប់មែន!………………………………

ដើរលេងអង្គរសង្រ្កាន ពិតជាសប្បាយមែន អ្វីដែលមិនធ្លាប់ឃើញក៏បានឃើញ  ពិសេសវប្បធម៌ប្រពៃណី ត្រូវបានអភិរក្ស លើសពីនេះទៅទៀត គឺស្នាមញញឹមរបស់រប្រជាជនខ្មែរ ប្រកបដោយមន្តស្នេហ៍ និងការយោគយល់ តែកង្វល់មួយ ដែលមិនអាចជួយចិត្តខ្ញុំ ឱ្យភ្លឺស្រស់បាននោះ គឺសំរាម។ យប់ថ្ងៃទីពីរ នៃពិធីចូលឆ្នាំ បេះដូងខ្ញុំបែរជាចងចាំ ម្ចាស់តុក្កតាស្វាតូចនេះទៅវិញ។ ខ្ញុំឈរសម្លឹងរូបស្វា ស្រមៃឃើញស្នាមញញឹម និងទឹកចិត្តដ៏ស្រស់ស្អាតរបស់ស្រីតូច ម្តេចគ្រប់គ្នាមិនដូចនាង? តើពេលនេះ នាងកំពុងធ្វើអ្វី? ប្រហែលមិនមែនកំពុងរើសសំរាមទេមើលទៅ? ឱ! លោកសាស្រ្តាចារ្យអើយ ម្តេចឡើយក៏វិលវល់យ៉ាងនេះ? ឈប់គិតហើយ! ខ្ញុំក៏និទ្រាលក់ទៅ។

ស្អែកឡើង ខ្ញុំក៏ទៅចូលរួមកន្លែងប្រាព្ធពិធីអង្គរសង្រ្កានបន្តទៀត។ ខ្ញុំនៅតែមើលឃើញសំរាម ដែលបងប្អូនរបស់យើងចោល ពិសេសគឺនៅមុខប្រាសាទ និងទីធ្លាកសិណទឹក។ ការពិតខ្ញុំមានអារម្មណ៍ក្រៀមក្រំណាស់ ការដើរលេងនេះ ប្រហែលជាខ្ញុំមិនសប្បាយណាស់ណាទេ ព្រោះខ្ញុំកំពុងនៅក្នុងសំរាមទាំងអស់នេះ។ កំពុងតែគិតដោយគ្មានវិធីដោះស្រាយ ខ្ញុំហាក់ឮសំឡេងល្វើយៗ មិនឆ្ងាយពីខ្ញុំប៉ុន្មាន៖

‑សូមមីងកុំទម្លាក់សំរាមនៅទីនេះអី មីងដើរបន្តិចទៀតនឹងបានឃើញធុងសំរាមហើយ

‑ប៉ុន្តែធុងសំរាមសុទ្ធតែពេញអស់ហើយហ្នឹង

‑អ៊ីចឹងមីងវេចខ្ចប់ឱ្យល្អ ហើយដាក់នៅកៀនធុងទៅ ឬយកល្អ មីងយកទៅផ្ទះវិញក៏បាន (ខ្ញុំនិយាយ)

មីងសម្លឹងខ្ញុំ បន្ទាប់មកសម្លឹងទៅស្រីតូច ខ្ញុំក៏បន្ត៖

‑ពួកយើង ក៏ជាអ្នកទេសចរដែរ តែមីងសម្លឹងមើលជុំវិញមើល ទីនេះ ជាទឹកដីរបស់យើងទាំងអស់គ្នា បើទីនេះសុទ្ធតែសំរាម………..

‑បានហើយ! មីងយល់ហើយ អរគុណពួកក្មួយហើយ

មីងដ៏ឆាប់យល់ម្នាក់នេះ ក៏កាន់សំរាមនៅនឹងដៃ ហើយចាកចេញពីពួកយើងទៅ។ ពួកយើងសម្លឹងមើលគាត់ពីក្រោយ ស្រាប់តែគាត់បន្លឺឡើងទៅកាន់យុវជនម្នាក់ទៀត៖

‑នែ៎! ម៉េចក្មួយចោលសំរាមទីនេះអ៊ឹចឹង?

‑គ្មានកន្លែងចោលហ្នឹងណាមីង

‑ធុងសំរាមមាន ហើយបើពេញ ខ្ចប់យកទៅផ្ទះវិញទៅ តែបើខ្ជិល កុំញ៉ាំ ដើរតែលេងទៅបានហើយ បើមិនជួយសង្គមកុំបំផ្លាញសង្គម

‑បាទ! ខ្ញុំយល់ហើយ សូមទោសមីង

ខ្ញុំញញឹម ទន្ទឹមនឹងស្រីតូចញញឹមដូចគ្នា។ មើលទៅនាង ទើបតែចំណាំខ្ញុំបានទេមើលទៅ ទើបភ្ញាក់យ៉ាងនេះ៖

‑គឺពូទេអ្ហេ?

នាងចំណាំខ្ញុំមិនបាន តែខ្ញុំស្គាល់នាង តាំងពីឮសំឡេងនាងដំបូងម្ល៉េះ

‑ពិតជាមាននិស្ស័យមែន

‑និស្ស័យ!……………នាងជឿលើនិស្ស័យដែរអ្ហេ?

‑ចាស! ………..ពូដើរលេងតែម្នាក់ឯងទេអ្ហេ?

‑ត្រូវហើយ! ប៉ាម៉ាក់ប្អូនប្រុសប្អូនស្រី គាត់ទៅកំពង់សោមអស់ហើយ

‑ម៉េចពូមិនទៅជាមួយអ៊ីចឹង?

‑ខ្ញុំចង់មកទីនេះម្តង ដើម្បីមករក……………..

‑រកអី?

‑អូ! មករកមើលកន្លែងស្នាក់នៅ ព្រោះខ្ញុំត្រូវឡើងចុះទីនេះ

‑ពូធ្វើការអី?

‑ខ្ញុំធ្វើការនៅសកលវិទ្យាល័យ

‑អ៊ីចឹង ចាំខ្ញុំជួយរកកន្លែងឱ្យ

‑អរគុណណាស់អ៊ីចឹង………….ចុះនាងឈ្មោះអី?

‑ខ្ញុំឈ្មោះនិស្ស័យ

‑និស្ស័យ!………………….

‑ចាស!

‑ខ្ញុំឈ្មោះសាត្រា………តើនាងមកដើរលេងឬក៏មកធ្វើការ?

‑ខ្ញុំមកដើរលេងតើ នោះ! ក្រុមគ្រួសារខ្ញុំ

ខ្ញុំក្រលេកមើលតាមដៃនាង ទើបបន្លឺ៖

‑ច្រើនម្ល៉េះ?

‑ប៉ាម៉ាក់ បងស្រីពីរនាក់ បងប្រុសពីរនាក់ បងថ្លៃពីរនាក់ និងក្មួយពីរនាក់ មិនច្រើនផងហ្នឹង

‑ពួកនាងនៅជុំគ្នាអ្ហេ?

‑អត់ទេ! បងប្រុសបងស្រីដែលមានគ្រួសារហើយ ពួកគាត់បែកផ្ទះហើយ ម្នាក់នៅកំពង់ចាម ម្នាក់នៅកំពង់ធំ សព្វថ្ងៃខ្ញុំ បងប្រុសម្នាក់ និងបងស្រីម្នាក់ រស់នៅជាមួយប៉ាម៉ាក់

‑អូ!

‑និស្ស័យ! តោះទៅបាយ័ន……………..លោកគ្រូ!

‑និរតី!………..

‑លោកគ្រូស្គាល់ប្អូនខ្ញុំដែរអ្ហេ?

‑គាត់ជាគ្រូបងអ្ហេ? (និស្ស័យសួរ)

‑ត្រូវហើយ!

‑ជម្រាបសួរលោកគ្រូ

‑ស្គាល់គ្នាពីរថ្ងៃហើយ ទើបតែជម្រាបសួរខ្ញុំ

‑មកពីខ្ញុំមិនស្គាល់ថាលោកគ្រូជានរណាហ្នឹង

‑តើថ្ងៃនេះ ខ្ញុំសុំដើរលេងជុំគ្នាជាមួយគ្រួសារពួកនាងផងបានទេ?

ខ្ញុំកាន់តែហ៊ានហើយតើនេះ សុខចិត្តឱ្យប៉ាម៉ាក់ទៅដើរលេងដោយគ្មានវត្តមានកូនប្រុសច្បង រីឯខ្លួនឯងបែរជាមកសុំគ្រួសារសិស្សដើរលេងជាមួយទៅវិញ។ និយាយតាមត្រង់ចុះ មិនមែនខ្ញុំមានបំណងគេចវេសពីគ្រួសារខ្លួនឯងទេ តែចៃដន្យខ្ញុំត្រូវមកចូលរួមកម្មវិធីសិក្ខាសាលាមុនមួយថ្ងៃ ទើបសុំប៉ាម៉ាក់មកចូលឆ្នាំនៅទីនេះទៅ ណាមួយចង់ដើររកប្រពន្ធដោយខ្លួនឯងផង កុំឱ្យម៉ាក់ចេះតែរំលឹកពេក។

ខ្ញុំចូលទៅជម្រាបសួរប៉ាម៉ាក់ និងបងប្អូនរបស់និស្ស័យ។ ពួកយើងក៏បានដើរលេងជុំគ្នាមែន។ ខ្ញុំមិនដែលឃើញគ្រួសារណា មានចិត្តស្រឡាញ់បរិស្ថាន និងការពារប្រទេសជាតិខ្លួនយ៉ាងនេះទេ។ គ្រប់កាកសំណល់ដែលពួកគាត់ញ៉ាំរួច តែងតែច្រកយ៉ាងស្អាត ហើយវេចខ្ចប់កាន់ត្រឡប់ទៅផ្ទះវិញ សូម្បីតែអាតូចពីរនាក់នោះ ក៏យួរសំរាមនៅនឹងដៃដែរ។ ពិតជាគ្រួសារដ៏គួរឱ្យរាប់អានមែន។ ចំណែកនិស្ស័យមាត់នាងមិនដែលទំនេរទេ  ជាមួយបងប្អូនរបស់នាង ឱ្យតែឃើញអ្នកណាប្រុងចោលសំរាមផ្តេសផ្តាស គឺហាមហើយ។ និរតីជានិស្សិតឆ្នាំទីបួន ផ្នែកគ្រប់គ្រង ហើយក៏ជាសិស្សរបស់ខ្ញុំដែរ។ បើកុំតែបានជួបនាង ខ្ញុំក៏ប្រហែលជាគ្មានឱកាស ដើរជុំគ្រួសារដែលមានបេះដូងដ៏ស្រស់ស្អាតនេះដែរ។

យប់មួយនៅសៀមរាប ធ្វើឱ្យខ្ញុំពេញព្រៀបដោយស្នាមញញឹម និងការចងចាំមួយដ៏ល្អ ពិសេសគឺស្រីតូចនិស្ស័យ។ ខ្ញុំមិនដែលភ្លេចស្នាមញញឹមរបស់នាងទេ។

មួយប៉ប្រិចភ្នែកសោះ ពេលវេលាកន្លងហួសអស់ពីរឆ្នាំ។ ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងដើរនៅតាមមាត់ទន្លេ នារាជធានីភ្នំពេញ។ ល្ងាចហើយ មនុស្សម្នាក៏សម្រាកពីការងារ ហើយក៏មកលេងនៅមាត់ទន្លេដូចគ្នា។ ខ្ញុំហាក់នឹកដល់ពេលវេលានៅសៀមរាបទៀតហើយ ខ្ញុំដឹងត្រឹមថា និស្ស័យប្រឡងជាប់បាក់ឌុបហើយ ហើយពេលនេះ នាងក៏ជានិស្សិតឆ្នាំទីពីរ ផ្នែកអក្សរសាស្រ្ត នៅភ្នំពេញនេះដែរ។ ការពិតខ្ញុំនឹកនាង តែគ្មានហេតុផលអ្វី ដែលខ្ញុំត្រូវទៅរកនាងឡើយ។ តើនាងយ៉ាងណាហើយ? ខ្ញុំបានត្រឹមសួរសុខទុក្ខនាងតាមរយៈនិរតី នៅពេលដែលខ្ញុំឡើងទៅបង្រៀនថ្ងៃសៅរ៍អាទិត្យប៉ុណ្ណោះ។ ហ៊ឺ!………….

តើអាការនៃកំណើតស្នេហា វាធ្វើទុក្ខយ៉ាងដូចម្តេច? តើខ្ញុំកំពុងតែមានស្នេហាមែន ឬក៏មិនមែន? អាយុសាមសិបពីរឆ្នាំហើយ តែម្តេចឡើយនៅតែយល់ថាខ្លួនឯងក្មេងខ្ចីម្ល៉េះចំពោះស្នេហា។ កំពុងតែបង្ហើរអារម្មណ៍រ៉ូមែនទិក តាមខ្យល់នាមាត់ទន្លេ ស្រាប់តែឃើញនារីម្នាក់កំពុងដើររើសសំរាម។ ខ្ញុំអរព្រួច ឥតបង្អង់ ក៏បន្លឺឡើងយ៉ាងទាន់ហន់៖

‑និស្ស័យ!

នាងមិនងាកព្រោះតែនាងមិនឮទេដឹង? ខ្ញុំក៏ស្ទុះវឹងទៅប៉ះស្មានាង បំណងឱ្យនាងងាក តែមិនមែនទេ នាងមិនមែនជានិស្ស័យឡើយ៖

‑សូម………ទោស………..

‑អម្បាញ់ម៉ិញ លោកហៅនិស្ស័យអ្ហេ?

‑ឬនាងស្គាល់និស្ស័យដែរ?

‑កែវ និស្ស័យមែនទេ?

‑បាទ! ត្រូវហើយ

‑លោកត្រូវជាអ្វីនឹងនាង?

‑ខ្ញុំ…………..ត្រូវជា………………

‑និស្ស័យ លោកម្នាក់នេះ រកឯង

‑លោកគ្រូ!……………….ជម្រាបសួរលោកគ្រូ

‑បាទ! ជម្រាបសួរ

‑លោកគ្រូ………………..ឯងមានរឿងអីនិយាយជាមួយគាត់និយាយសិនចុះ ពួកយើងទៅចាំឯងនៅកន្លែងមុន ខ្ញុំជម្រាបលាលោកគ្រូទៅមុនហើយ

‑បាទ!

នៅពេលដែលឃើញស្នាមញញឹមក្មេងតូចនេះ និយាយតាមត្រង់ចុះ ខ្ញុំស្ទើរតែស្ទុះទៅឱបនាងម្តងៗទៅហើយ ខ្ញុំពិតជានឹកនាងខ្លាំងណាស់។ រវល់តែញញឹម និងរំភើប ធ្វើឱ្យខ្ញុំភ្លេចនិយាយស្តី។ យុវតីក៏បន្លឺ៖

‑លោកគ្រូសុខសប្បាយទេ?

‑មិនសូវសុខទេ

‑ហេតុអីទៅ?

‑បេះដូងមិនសូវស្រួល

‑លោកគ្រូមានជំងឺបេះដូងអ្ហេ?

‑ត្រូវហើយ! មួយរយៈនេះចេះតែមិនសូវស្រួល

‑ចុះអញ្ជើញទៅពេទ្យហើយនៅ?

‑ទៅហើយ! ពេទ្យឱ្យសម្រាកឱ្យបានច្រើន កុំគិតច្រើនពេក ចុះនាងវិញយ៉ាងម៉េចហើយ ការសិក្សានោះ? ហើយនេះនាង នាំគ្នាមករើសសំរាមនៅទីនេះមែនទេ?

‑ការសិក្សាមិនជាបញ្ហាអ្វីទេ តែអ្វីដែលខ្ញុំគិតគឺសំរាម

មើលទៅនាង គិតសំរាមជាងនឹកគិតដល់ខ្ញុំទៅទៀត។ គិតទៅ កើតជាសំរាមក៏ល្អម្យ៉ាងដែរ បានស្រីតូចដ៏មានមន្តស្នេហ៍នេះនៅក្បែររហូត។

‑ខ្ញុំចង់កើតជាសំរាមណាស់

‑លោកគ្រូនិយាយអី?

‑ឱ! គ្មានទេ…………..ត្រូវហើយ! ពីមុនឃើញនាងដើរសម្អាតតែម្នាក់ឯងទេ តែពេលនេះ ឃើញមិត្តភក្តិនាងចូលរួមដែរ តើនាងបង្ខំពួកគេឱ្យចូលរួមមែនទេ?

‑លោកគ្រូប្រសប់និយាយណាស់ ខ្ញុំឯណាទៅបង្ខំពួកគេបាននោះ? ការពិត ខ្ញុំមិនដែលមានគំនិតបោះបង់បរិស្ថានឡើយ ខ្ញុំចង់ឃើញទឹកដីរបស់ខ្ញុំស្អាត តែខ្ញុំម្នាក់ឯង ម៉េចនឹងអាចធ្វើបាននោះ នៅពេលដែលខ្ញុំ លើកឡើងពីសំរាម មិត្តភក្តិរបស់ខ្ញុំ ក៏ពេញចិត្តក្នុងការចូលរួមជាមួយខ្ញុំ ខ្ញុំមិនឯកាទេ ពួកគេនិងខ្ញុំគឺមានឆន្ទៈដូចគ្នា រៀងរាល់ចុងសប្តាហ៍ពួកយើងនាំគ្នាមកកម្សាន្តទីនេះ ហើយក៏ធ្វើការងារទាំងអស់នេះជាមួយគ្នា

‑បើអ្នកចោលមិនព្រមឈប់ តើពួកនាងមានពេលសម្រាកទេ ចុះបើពួកនាងរៀនចប់ តើទីនេះបានអ្នកណាជួយសម្អាត?

‑ពួកយើងគ្រាន់តែចង់រំលែកការងារដល់បងៗកម្មករ ហើយពួកយើងនឹងធ្វើរហូតដល់រៀនចប់  ហើយនៅពេលដែលពួកយើងរៀនចប់ ប្រាកដជាមានអ្នកស្នងពីយើង

‑ហេតុអីក៏នាងដឹង?

‑អ្វីដែលយើងធ្វើ គឺជាគំរូ លោកគ្រូមិនប្លែកទេ ពីសម្លៀកបំពាក់របស់ពួកយើង

‑ត្រូវហើយ! មិត្តរបស់នាង ស្លៀកពាក់ជានិស្សិត តែនាង…………..

‑លោកគ្រូសម្លឹងអី??

ត្រូវហើយ! ខ្ញុំរវល់តែត្រេកអរនឹងបានជួបនាង ភ្លេចគិតថា សម្លៀកបំពាក់ស្រីតូចម្នាក់នេះ ដូចសិចស៊ីពេកទេដឹងអ្ហ៊ៃ? អាវវាលក្លៀក សំពត់ខ្លី ស្បែកជើងកែងចោទ ហើយថែមទាំងផាត់មុខទៀត ហួសហេតុពេកទេដឹងស្រីតូច។

‑នាងធ្វើខ្លួនអ៊ីចឹង មករើសសំរាមអ្ហេ?

‑មិនសមទេមែនទេ? តែត្រង់ហ្នឹងហើយ ដែលទាមទារការចាប់អារម្មណ៍នោះ ពួកយើងមានគ្នាប្រាំនាក់ ស្រីបីប្រុសពីរ ណារ៉ាធ្វើជានិស្សិត សុខណាធ្វើដូចជាអ្នកធ្វើការក្រុមហ៊ុន តារាធ្វើអ្នកក្ររហេមរហាម វាសនាធ្វើដូចអនិកជន ឯចំណែកខ្ញុំ ធ្វើជាយុវវ័យដែលស៊ីវិល័យ តែពួកយើង នាំគ្នាមកដើររើសសំរាម គឺមានបំណងតែមួយគត់ ចង់ឱ្យពួកគាត់យល់ដឹងថា គ្រប់គ្នា ត្រូវតែចូលរួមសម្អាត មិនមែនជាភារកិច្ចទាំងស្រុងរបស់កម្មករទេ

‑គំនិតជ្រៅ តែនាងហេតុអីក៏ជ្រើសរើសធ្វើជាយុវវ័យស្លៀកពាក់សិចស៊ីបែបនេះ?

‑ម្តងម្នាក់តើលោកគ្រូ

‑ចុះបើខ្ញុំចង់ចូលរួមដែរ?

‑លោកគ្រូចង់ចូលរួមដែរ

‑ក្រែងនាងទាមទារការចាប់អារម្មណ៍ ឥឡូវខ្ញុំចាប់អារម្មណ៍ហើយតើ តើឱ្យខ្ញុំដើរតួជាអ្វីដែរ?

‑ធ្វើជាលោកគ្រូអ៊ីចឹងហើយ

ព្រោះតែសំរាម ធ្វើឱ្យពួកយើងជួបគ្នា ហើយក៏ព្រោះតែសំរាម ធ្វើឱ្យយើងបានធ្វើការរួមគ្នា។ ខ្ញុំមិនអល់អែកទេ ព្រោះការងារទាំងនេះ គឺខ្ញុំចូលចិត្ត ណាមួយបាននៅក្បែរស្រីច្រម៉ក់នេះទៀត។ ជារៀងរាល់ល្ងាចថ្ងៃសៅរ៍ និងអាទិត្យ ពួកយើងតែងតែជួបជុំគ្នានៅមាត់ទន្លេ។ ពីមួយថ្ងៃទៅមួយថ្ងៃ មិនមែនគ្មានប្រសិទ្ធភាពទេ ប្រជាជនយើង ហាក់ដូចជាយល់ដឹងហើយ ដូចជាមួយគ្រួសារនេះអ៊ីចឹង៖

‑ញ៉ាំរួចកូនកុំទម្លាក់ផ្តេសផ្តាសណាកូន នោះ! កូនឃើញទេធុងសំរាម

‑បាទម៉ាក់!…………ម៉ាក់! ពួកគាត់ជាអ្នករើសសំរាមមែនទេ?

‑មិនមែនទេ! ពួកគាត់សុទ្ធតែជានិស្សិត ដោយសារពួកគាត់ជាមនុស្សល្អ ស្រឡាញ់ បរិស្ថាន ទើបពួកគាត់ឆ្លៀតពេលមកជួយសង្គមណាកូន ដូច្នេះ កូនក៏ដូចគ្នា ត្រូវមានភារកិច្ចថែរក្សាប្រទេសយើងកុំឱ្យមានសំរាម ព្រោះសំរាមមិនត្រឹមតែធ្វើឱ្យសុខភាពមានបញ្ហាទេ សូម្បីតែសោភ័ណភាពប្រទេសយើង ក៏បាត់បង់ដែរ កូនយល់ទេ?

‑បាទម៉ាក់! បើពួកគាត់ជាមនុស្សល្អ ខ្ញុំចង់ថតរូបជាមួយពួកគាត់បានទេម៉ាក់

‑បានកូន!…………………តែកូនទៅសុំពួកគាត់ទៅ

‑បងៗ! ខ្ញុំសុំថតរូបជាមួយបានទេ?

‑ចាសបាន!

បន្ទាប់ពីថតរូបជុំក្មេងតូចហើយ ពួកយើងក៏បែកគ្នាទៅតាមទីតាំងរៀងខ្លួន តែចំណែកខ្ញុំ នៅក្បែរស្រីតូចរហូតហ្នឹង៖

‑លោកគ្រូ! លោកគ្រូអញ្ជើញទៅកន្លែងផ្សេងម្តងទៅ

‑មិនទៅទេ អផ្សុកណាស់ បានពីរនាក់នាង គ្រាន់ធ្វើផង និយាយគ្នាផង…..ត្រូវហើយ! ថ្ងៃនេះ ដូចជាមិនសូវមានសំរាម?

‑មានសំរាមមកពីណាក្មួយ ពួកគេលែងហ៊ានចោលផ្តេសផ្តាសហើយ? រួមទាំងអ៊ំដែរហ្នឹង (បុរសចំណាស់ម្នាក់បន្លឺ)

‑ម៉េចអ៊ីចឹងអ៊ំ?

‑ពួកគេយល់ហើយ ម្យ៉ាងខ្មាសពួកក្មួយណាស់ ចាប់ពីថ្ងៃនេះទៅ តំបន់នេះ ក្មួយកុំបារម្ភ ចាប់អ៊ំជួយ បើសិនជាមាននរណាចោលផ្តេសផ្តាសនោះ

‑អរគុណអ៊ំខ្លាំងណាស់

‑អ៊ំសង្ឃឹមថា ពលរដ្ឋយើង នឹងក្លាយជាមនុស្សស្រឡាញ់សំរាមទាំងអស់គ្នា ដូចជាពួកក្មួយអ៊ីចឹង

‑ស្រឡាញ់សំរាម!

‑យ៉ាងម៉េច! អ៊ំប្រើពាក្យខុសឬ?

‑អ៊ំមានប្រសាសន៍ ហាក់ដូចជាសំរាមមានមន្តស្នេហ៍អ៊ីចឹង

‑បើកុំតែសំរាមមានមន្តស្នេហ៍ ក៏ពួកក្មួយមិនឈរនៅទីនេះដែរមែនទេ?

អ៊ំប្រុសម្នាក់នេះ ចង់និយាយពីអ្វី ខ្ញុំហាក់ដូចមិនសូវយល់សោះ តែអ៊ំបែរជាសើចយ៉ាងស្រស់ហើយតបមកពួកយើងបន្តទៀត៖

‑អ៊ំនិយាយលេងទេ មក! ចូលមកញ៉ាំអីសិនមក ថ្ងៃនេះ អ៊ំមិនយកលុយពីពួកក្មួយទេ

‑ហេតុអីអ៊ំ? (ខ្ញុំសួរ)

‑ជប់លៀងពួកក្មួយម្តង ជប់លៀងមនសិការ ដែលស្រឡាញ់ប្រទេសជាតិ

‑មិនសមទេដឹងអ៊ំ (និស្ស័យតប)

‑គ្មានអីមិនសមទេ ចូលអង្គុយមក………ញ៉ាំបបរឬគុយទាវ

‑បបរអ៊ំ!

ពួកយើងឆ្លើយព្រមគ្នា។ កំពុងតែរៀបអង្គុយមិនទាន់បានញ៉ាំផង ស្រាប់តែទូរស័ព្ទរបស់និស្ស័យរោទិឡើង។ នាងប្តូរទឹកមុខហើយន្លឺឡើង៖

‑ពួកគេមានរឿងហើយ ឆាប់ទៅ!………ពូ ពួកខ្ញុំប្រញាប់ ចាំលើកក្រោយណាពូ

ពួកយើងមិនបង្អង់ ក៏ចាកចេញទៅ។ ខ្ញុំមិនដឹងថាមានរឿងអីទេ ខ្ញុំរត់តាមនិស្ស័យពីក្រោយរហូតទៅដល់កន្លែងកើតហេតុ។ មិត្តភក្តិរបស់និស្ស័យ កំពុងត្រូវក្មេងស្ទាវមួយក្រុម រករឿង ហើយរៀបនឹងប្រតាយប្រតប់គ្នាទៅហើយ។ ខ្ញុំស្គាល់ច្បាស់ ក្មេងស្ទាវមួយក្រុមនោះ គឺជានិស្សិតឆ្នាំទីមួយរបស់ខ្ញុំតើ។ អីយ៉ាស់! ពួកនេះ លេងមែនទែនហើយ។ ស្រីច្រម៉ក់នេះក៏មិនញញើតទៀត រត់ទៅបុកអ្នកកំលោះ ដែលបម្រុងលើកដៃដាល់តារា ដែលជាមិត្តរបស់ខ្លួន។ ពួកគេរញ៉េរញ៉ៃណាស់ មិនដឹងថានរណាជានរណាទេ តែខ្ញុំគ្រាន់តែទទួលដឹងថា មិនអាចឱ្យដួងចិន្តារបស់ខ្ញុំរងរបួសឡើយ។ ខ្ញុំរត់ទៅទាញនាងចេញ ពីកំលោះដែលនាងកំពុងតែរត់ទៅបុកដោល ឱ្យចេញឆ្ងាយពីតារា ហើយក៏បន្លឺឡើងទៅយុវជននោះ៖

‑បានហើយ!

‑លោកគ្រូ! (យុវជនម្នាក់ក្នុងចំណោមបីនាក់ នៃគ្នារបស់គេបន្លឺ)

‑តើមានរឿងអី?

‑បានហើយគ្នាយើង!……..

សកម្មភាពត្រូវបានបញ្ឈប់ តែខ្ញុំមិនបានព្រលែងដៃពីនិស្ស័យឡើយ។ ការពិតនាង ក៏ភ័យដែរ តែទឹកចិត្តនៃការបារម្ភចំពោះមិត្តភក្តិធ្វើឱ្យក្លាហាន ដោយមិនគិតពីខ្លួនឯង។ ដៃនាងត្រជាក់ដូចជាទឹកកកអ៊ីចឹង។ នាងឈរស្ងៀមទ្រឹង ដោយមិនតបត ខ្ញុំបន្លឺ៖

‑មានរឿងអី និយាយទៅ

‑ពួកហ្នឹងវាឌឺដងដាក់ខ្ញុំណាលោកគ្រូ (ក្មេងស្ទាវតប)

‑មិនមែនទេលោកគ្រូ ខ្ញុំឃើញពួកគាត់ញ៉ាំអំពៅទម្លាក់កាកពេញទីនេះ ក៏មកប្រាប់គាត់ តែគាត់មិនស្តាប់ ហើយថែមទាំងប្រមាថពួកយើង រករឿងវាយពួកយើងទៀត(តារាតប)

‑ពួកគេជាអ្នកសម្អាត មានសិទ្ធិអីមកថាឱ្យពួកខ្ញុំលោកគ្រូ

‑បានហើយ! លោកគ្រូយល់ ពួកយើងសុទ្ធតែជានិស្សិតណា

‑និស្សិត! (ក្មេងស្ទាវទាំងបីឧទានព្រមគ្នា)

‑គេឈ្មោះតារា ហើយបួននាក់នេះជាមិត្តរបស់គេ ពួកគេជានិស្សិតឆ្នាំទីពីរផ្នែកអក្សរសាស្រ្តខ្មែរ មិនមែនជាអ្នកសម្អាតទេ ហើយទោះបីជាពួកគេជាអ្នកសម្អាត ក៏ឯងនៅតែជាអ្នកខុស ឯងក្រលេកមើលជុំវិញខ្លួនទៅមើល ស្អាតទេ? ឯងក្រលេកមើលមកពួកគេទៅមើល ដូចមនុស្សឆ្កួតទេ? ហើយឯងក្រលេកមើលមកខ្លួនឯងមើល សង្ហារ អស្ចារ្យទេ? តើពួកគេកំពុងតែធ្វើអីឯងដឹងទេ? ហើយឯងកំពុងតែធ្វើអី ឯងដឹងទេ? ពួកឯងសុទ្ធតែជាបញ្ញវ័ន្ត មិនចាំបាច់លោកគ្រូណែនាំពន្យល់ដូចជាកូនក្មេងទេ ប៉ុន្តែលោកគ្រូចង់ឱ្យពួកឯងដឹងថា និស្សិតអក្សរសាស្រ្តខ្មែរមួយក្រុមតូចនេះ មកធ្វើកិច្ចការនេះ គឺដើម្បីសង្គម ពួកឯងយល់ទេ? ពេលដែលពួកឯង ជិះមកលេងនៅទីនេះ តើមានបានយកចិត្តទុកដាក់ ពីបរិស្ថានជុំវិញទីនេះទេ?

‑ត្រូវហើយ! ទីនេះដូចជាស្អាតជាងពីមុន

‑ចុះបើឯងដឹង ម៉េចក៏ញ៉ាំចោលផ្តេសផ្តាសអ៊ីចឹង?

‑ឱ្យខ្ញុំសូមទោសលោកគ្រូ…………សូមទោស! បងៗ

ខ្ញុំញញឹម ហើយគិតក្នុងចិត្តថា ទោះបីពួកគេច្រងេងច្រងាង តែកាយវិការសូមទោសរបស់ពួកគេ នៅតែបង្ហាញពីភាពទន់ភ្លន់របស់ខ្មែរយើង។ ពួកគេចេះទទួលស្គាល់កំហុស នាំគ្នាប្រមូលកាកអំពៅរបស់ខ្លួនយកទៅដាក់ធុងសំរាម ហើយបម្រុងចាកចេញទៅ។ តើបើសិនជាទាញពួកគេឱ្យមកចូលរួមជាមួយពួកយើង យ៉ាងណាដែរ?

‑ឈប់សិន!

‑បាទលោកគ្រូ!

‑ពួកឯងមិនចង់ចូលរួមជាមួយពួកគេទេអ្ហេ?

‑បានដែរអ្ហេ លោកគ្រូ?

ខ្ញុំច្របាច់ដៃនិស្ស័យ បំណងឱ្យនាងភ្ញាក់អារម្មណ៍ឡើង ទើបព្រលែងដៃនាង គ្រប់គ្នាក៏ងាកមកកាន់សំឡេងដែលនាងបន្លឺឡើង៖

‑បាន! ឱ្យតែពួកប្អូនពេញចិត្ត

‑ចុះ បងមិនខឹងនឹងពួកយើងអម្បាញ់ម៉ិញទេអ្ហេ?

‑មិនខឹងទេ មកពីពួកយើងមិនយល់ពីគ្នា តែបើយើងមានឆន្ទៈតែមួយ រឿងអីធ្វើការជាមួយគ្នាមិនបាន

‑ខ្ញុំឈ្មោះ វិឆ័យ

‑ខ្ញុំឈ្មោះ សាន់យ៉ា

‑ខ្ញុំឈ្មោះ បូរ៉ា ហើយខ្ញុំសូមទោសបងផង អម្បាញ់ម៉ិញ ខ្ញុំរៀបនឹងវាយបងទៅហើយ កុំតែបានលោកគ្រូ…………..

‑មិនអីទេ!

‑សូមទោសបងៗទាំងអស់គ្នា……..ពួកខ្ញុំនឹងរៀនពីពួកបង ព្រោះពួកខ្ញុំក៏ចង់ធ្វើជាមនុស្សល្អដែលសង្គមត្រូវការដែរ

ស្នាមញញឹមតែមួយ លេចត្រួយពន្លកថ្មី អ្វីៗគ្រប់យ៉ាងក្លាយជាប្រសើរឡើងវិញ។

ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមស្រឡាញ់សំរាមរបស់និស្ស័យ ចេះតែកើនសមាជិក និងពង្រីកទៅកាន់គ្រប់ទីកន្លែង។ វាគ្មានបានអ្វីតបស្នងសម្រាប់ពួកគេ ប៉ុន្តែការពេញចិត្តនេះ ធ្វើឱ្យពួកគេរីករាយ និងស្កប់ស្កល់នឹងមនសិការខ្លួនឯង។ ទីក្រុងភ្នំពេញ ទីណាដែលថា មិនមានពួកគេនោះ។ ខ្ញុំបានឃើញបងៗមួយចំនួន គាត់ដាក់សំរាមនៅក្នុងហោប៉ៅគាត់ ប្អូនៗតូចៗ សួរនាំពីការប្រើប្រាស់ធុងសំរាម ហើយខ្លះខ្ជិលងើបទៅដាក់ធុង ក៏ច្រកចូលកាបូបរបស់ខ្លួន ពិតជាមានមោទនភាពណាស់។ បើពលរដ្ឋយើងទាំងអស់ស្រឡាញ់សំរាម ចេះវេចខ្ចប់សំរាម ចេះចោលសំរាម ប្រទេសយើងនឹងប្រសើរយ៉ាងណាទេ ហ៊ឺ!………………

គិតតែរឿងសំរាម ចុះរឿងប្រពន្ធ យ៉ាងម៉េចហើយខ្ញុំ? មួយប៉ប្រិចភ្នែកសោះ បួនឆ្នាំកន្លងផុតទៀតហើយ។ និស្ស័យលែងនៅក្នុងរាជធានីភ្នំពេញ នាងរៀនចប់ ប្រឡងជាប់ជាគ្រូបង្រៀន ត្រឡប់ទៅស្រុកកំណើតបាត់ហើយ។ អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ បើនិស្ស័យមិននៅក្នុងរាជធានីភ្នំពេញ ចុះអ្នកណាជាអ្នកគ្រប់គ្រងក្រុមស្រឡាញ់សំរាមរបស់នាង។ ស្រីច្រម៉ក់នេះ មិនបានបោះបង់ការងារនេះឡើយ អ្នកនៅភ្នំពេញគឺធ្វើកិច្ចការនៅភ្នំពេញ ចំណែកនាង ត្រូវមកបំពេញកិច្ចការនេះបន្តនៅខេត្តរបស់នាងម្តង។ ក្មេងល្អិត គំនិតខ្ពស់ណាស់ ក្រុមរបស់នាងសុទ្ធតែជានិស្សិត នៅពេលដែលពួកគេរៀនចប់ ទៅតាមខេត្តរៀងខ្លួន ក៏ពួកគេនៅតែបន្តមនសិការនេះដដែល។ ពួកគេបានប្រើបា្រស់បណ្តាញសង្គមទាក់ទងគ្នា ហើយធ្វើការផ្សព្វផ្សាយយ៉ាងផុសផុល។ ចំណែកទីជនបទ ដែលពុំបានទទួលការអប់រំពីបណ្តាញទាំងនេះ ពួកគេស្ម័គ្រចិត្តចុះបញ្ចាំងជាស្លាយ ដាក់ ឱ្យមើលជាសាធារណៈទៀតផង។ យូរៗទៅ ក៏មានក្រុមហ៊ុនខ្លះ រួមទាំងសប្បុរសជន ជួយដល់ពួកគេក្នុងកិច្ចការនេះ តែនិស្ស័យ មិនទទួលជាទឹកប្រាក់ឡើយ ព្រោះនាងយល់ថា ប្រាក់ អាចផ្លាស់ប្តូរទឹកចិត្តរបស់ពួកនាង ឱ្យលែងមើលឃើញពីភាពបៃតងនៃផែនដីនេះ។ ពួកនាងត្រូវការតែសម្ភារ និងចំណីអាហារខ្លះ នៅពេលចុះបេសកកម្មម្តងៗតែប៉ុណ្ណោះ។

ពេលនេះ ខ្ញុំកំពុងតែដើរចេញពីផ្ទះសំណាក់ ដែលនិស្ស័យរកឱ្យ នៅក្បែរផ្ទះរបស់នាង។ ខ្ញុំដើរបណ្តើរគិតបណ្តើរ ចុះបើពេលនេះ ខ្ញុំកំពុងដើរដឹកដៃ ស្រីច្រម៉ក់និស្ស័យ តើនឹងមានអារម្មណ៍បែបណា? ដៃរបស់ខ្ញុំ បើសិនក្លាយជាសំរាម ដែលនាងចាប់កាន់រាល់ថ្ងៃនោះ តើនឹងប្រសើរយ៉ាងណា? តើមានភាពអស្ចារ្យអ្វី ដែលអាចឱ្យខ្ញុំ ក្លាយជាសំរាមរបស់នាងអស់មួយជីវិតទេ? ខ្ញុំដើរមកដល់ដងស្ទឹងសៀមរាបហើយ អ្វីដែលខ្ញុំឃើញមុនគេ នៅតែជាសំរាមដដែល។ ខ្ញុំដើរតាមថង់ផ្លាស្ទិចមួយ ដែលត្រូវខ្យល់បក់តិចៗ ហើយឈោងបម្រុងនឹងរើសវាឡើង ស្រាប់តែបែរជាចាប់ដៃមនុស្សទៅវិញ។ ខ្ញុំហាក់ភ្ញាក់អារម្មណ៍ឡើង ពិតណាស់ គឺនិស្ស័យ។ នាងញញឹមយ៉ាងស្រស់មករកខ្ញុំ ដែលការពិតទៅខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាយល់សប្តិបន្តិច ការពិតបន្តិច វង្វេងអស់ហើយខ្ញុំ។ ស្រីតូចបន្លឺឡើង៖

‑ដៃខ្ញុំណាលោកគ្រូ មិនមែនសំរាមទេ

ខ្ញុំភ្ញាក់ព្រើត ក៏ព្រលែងដៃនាងយ៉ាងលឿន៖

‑លោកគ្រូស្អប់សំរាមណាស់ទៅអ្ហេ បានជាខ្ញិចដៃខ្ញុំចង់បាក់

‑បើស្អប់ ខ្ញុំនឹងឱ្យវារសាត់អណ្តែតគ្មានទិសដៅ មិនចាំបាច់ដើរតាមវា ហើយរើសវាបម្រុងច្រកហោប៉ៅនោះទេ

‑អ៊ីចឹងបានន័យថា ការរើសសំរាមដាក់ធុងរបស់លោកគ្រូ មកពីលោកគ្រូស្រឡាញ់សំរាមមែនទេ?

‑ត្រូវ! យើងស្រឡាញ់សំរាមស្មើនឹងយើងស្រឡាញ់ខ្លួនឯង បើយើងស្អប់វា វានឹងស្អប់យើងវិញ អ្នកទទួលផលវិបាកគឺពួកយើងហ្នឹងឯង

‑លោកគ្រូសាកស្មានមើល តើពេលណា ទើបដងស្ទឹងនេះ គ្មានសំរាម

‑ពេលដែលមនុស្សយល់ដឹង និងស្រឡាញ់សំរាម

‑តែសំរាមគ្មានមន្តស្នេហ៍យ៉ាងនោះទេ

‑មាន! មានមន្តស្នេហ៍ រហូតដល់ខ្ញុំច្រណែននឹងវាទៀតផង ពេលខ្លះ ខ្ញុំក៏ចង់កើតជាសំរាមដែរ

‑ខ្ញុំដូចជាមិនយល់…………..

‑អ្នកគ្រូអក្សរសាស្រ្ត ហេតុអ្វីក៏មិនយល់?

‑ពិតជាមិនយល់មែន សំរាមគឺជាកាកសំណល់ ដែលគេបោះបង់ចោល គ្មាននរណាម្នាក់ចង់កើតជាវាទេ ហើយជីវិតរបស់មនុស្សម្នាក់ៗបើដូចជាសំរាម គឺរងទុក្ខហើយ លោកគ្រូមានវិបត្តិអីមែនទេ?

‑ពិតមែនហើយ បើខ្ញុំកើតជាសំរាម  សេចក្តីសុខដែលខ្ញុំទទួលបាន ប្រហែលមិនបានមួយវិនាទីផង  គ្មាននរណា ចង់កើតជាវានោះទេ ប៉ុន្តែមួយវិនាទី ប្រហែលជាគ្រប់គ្រាន់សម្រាប់ខ្ញុំ ព្រោះវាស្ថិតនៅលើដៃមនុស្សដែលខ្ញុំស្រឡាញ់

‑លោកគ្រូ!

‑កាន់តែចូលជ្រៅហើយមែនទេ?

‑លោកគ្រូ លួចស្រឡាញ់គេមែនទេ

‑នាងថាទៅមើល បើខ្ញុំលួចស្រឡាញ់គេមែន តើខ្ញុំគួរធ្វើយ៉ាងណា ដើម្បីឱ្យនារីម្នាក់នោះដឹងខ្លួន?

‑ប្រាប់គេទៅ

‑បើនារីម្នាក់នោះ ហាក់គ្មានអារម្មណ៍ជាមួយយើងផង ឱ្យប្រាប់យ៉ាងម៉េច?

‑ខ្ញុំគ្មានជំនាញខាងហ្នឹងទេ តែបើស្រឡាញ់ហើយប្រាប់គេទៅ មកពីលោកគ្រូមិនក្លាហានហ្នឹងឯង ទើបបានជាមិនចេះមានប្រពន្ធនឹងគេនោះ

‑អ៊ីចឹង នាងជួយប្រាប់ផងមើល តើពាក្យអ្វីជាពាក្យដំបូង ដែលខ្ញុំគួរនិយាយទៅកាន់គេ?

‑បងស្រឡាញ់អូន!

‑មិនសោះកក្រោះពេកទេអ្ហេ?

‑ពិតមែនហើយ ប៉ុន្តែវាហ្នឹងឆាប់ចប់ បើគេបដិសេធលោកគ្រូនឹងមានជម្រើសផ្សេងទៀត កុំឱ្យខាតពេលវេលា………….

‑បងស្រឡាញ់អូន!

‑លោកគ្រូមិនបាច់ហាត់សមនិយាយទីនេះទេ ប្រយ័ត្នគេច្រឡំថាជាខ្ញុំទៅ

‑បងស្រឡាញ់អូន!………………..បងស្រឡាញ់អូន

ពេលនេះ ស្រីតូចស្រឡាំងកាំងហើយ នាងសម្លឹងមើលមកខ្ញុំ ហាក់ញញឹមមិនចង់ចេញ ហើយក៏លេបទឹកមាត់ក្អឹក។ ខ្ញុំនៅតែនិយាយពាក្យដដែល៖

‑បងស្រឡាញ់អូន!

‑លោកគ្រូកុំលេងសើចណា

‑អ្នកណាលេងសើច? ក្រែងអូនប្រាប់បង ឱ្យសារភាពអ្ហេ ឥឡូវបងសារភាពហើយតើ

‑ម៉េចក៏ជាខ្ញុំទៅវិញ?

‑បងដើរតាមអូនតត្រុក ម៉េចក៏មិនដឹង អូនស្រឡាញ់សំរាម បងចង់ក្លាយជាសំរាមម៉េចក៏អូនមិនដឹង? អ្នកគ្រូអ្ហា៎! អ្នកគ្រូមិនស្គាល់ពីចិត្តមនុស្សប្រុសសោះឬយ៉ាងណា?

‑អ៊ីចឹង មនុស្សប្រុសអត្មានិយមហើយ

‑អត្មានិយមយ៉ាងម៉េច?

‑បើកុំតែស្រឡាញ់ខ្ញុំ លោកគ្រូក៏មិនចូលរួមសកម្មភាពកន្លងមកជាមួយពួកយើងដែរមែនទេ?

‑បងមិនអាក្រក់ដល់ម្លឹងទេ ការងារដែលអូនធ្វើគឺបងពេញចិត្ត តែនៅពេលដែលបាននៅក្បែរអូន គឺរឹតតែធ្វើឱ្យបងពេញចិត្ត បងមិនបានសម្តែងទេ អូនភ្លេចហើយ ថាពួកយើងស្គាល់គ្នានៅទីណា ហើយពួកយើងកំពុងធ្វើអ្វី? បេះដូងតែមួយ ទើបនិស្ស័យរត់រកគ្នា ឆាប់ឆ្លើយទៅ ក្រែងអូនថា កុំឱ្យបងខាតពេល

‑តែខ្ញុំអត់ដឹងថា ខ្ញុំស្រឡាញ់លោកគ្រូឬក៏អត់ផងហ្នឹង

‑មិនជឿថាអូន មិនដែលមានស្នេហាទេ?

‑ស្នេហាខ្ញុំប្រាកដជាមាន ហើយមានច្រើនទៀតផង

‑តែស្នេហ៍អូននិងបង គឺមិនធ្លាប់មានទេមែនទេ?

‑លោកគ្រូញញឹមអី?

‑រាល់ថ្ងៃនេះ អូនចង់ឃើញមុខបងទេ?

‑ចង់

‑ពេលឃើញបងហើយ មានអារម្មណ៍យ៉ាងម៉េច?

‑សប្បាយចិត្ត…………..មិនដឹងទេ!

‑ឆ្លើយឱ្យត្រង់ បើបងមើលឃើញចិត្តថាអូនមិនស្រឡាញ់បង បងនឹងដកចិត្ត

មើលទៅខ្ញុំនិយាយ ដូចជាខ្លួនឯងនឹងគ្រាន់បើណាស់ ប៉ុន្តែក្នុងខ្លួនរបស់ខ្ញុំ មិនស្រួលទាល់តែសោះ។ ស្រីតូចនេះ ពិតជារវល់ ដោយមិនយកខួរក្បាលគិតពីរឿងស្នេហាទាល់តែសោះ ណ្ហើយ! មានតែលោមនាង ឱ្យនាងឆ្លើយចម្លើយពិត ដើម្បីវិនិច្ឆ័យដោយខ្លួនឯងចុះ។ សង្ឃឹមថា បន្ទាប់ពីសំរាមគឺខ្ញុំទៅចុះ៖

‑ថ្ងៃដែលបងកាន់ដៃអូន មានអារម្មណ៍យ៉ាងម៉េច?

‑កក់ក្តៅ មិនភ័យខ្លាច

‑ចុះបើពេលនេះ បងនឹងចាកចេញពីជីវិតអូន ដោយគ្មានថ្ងៃត្រឡប់ឱ្យអូនឃើញមុខ អូនពេញចិត្តទេ

‑មិនបានទេ!

‑អូនស្រឡាញ់បងហើយ

‑នេះជាស្នេហាអ្ហេ?

ស្រីច្រម៉ក់លើកដៃស្តាំដាក់លើទ្រូងឆ្វេងរបស់ខ្លួន។ ហេតុអ្វី ក៏កាយវិការនេះ គួរឱ្យស្រឡាញ់យ៉ាងនេះ?

‑បិទភ្នែកទៅ…រំលឹកដល់ពេលវេលាដែលយើងជួបគ្នាដំបូងនៅទីនេះ ហើយក៏មាននិស្ស័យរហូតមកដល់ពេលនេះ

បើតាមទំហឹងចិត្តរបស់ខ្ញុំ ខ្ញុំពិតជាចង់ឱបនាងណាស់។ បើសិនពេលនេះ អូនជាប្រពន្ធបង បងនឹងដឹកដៃអូន ដើរជុំវិញស្ទឹងនេះ។ ស្នាមញញឹម ដ៏បរិសុទ្ធ គ្មានសារជាតិពុល ធ្វើឱ្យច្រមុះខ្ញុំ ឈ្មុលទៅដល់ថ្ពាល់នាង។ ស្រីតូចបើកភ្នែកយ៉ាងប្រញាប់ ហើយបន្លឺឡើង៖

‑លោកគ្រូធ្វើអី?

‑ថើប!

‑អាក្រក់មែន!

‑កុំបារម្ភអី ទោះបីជាគេចង់ថត ក៏ថតមិនទាន់ដែរ មិនបាច់ឆ្លើយថា ស្រឡាញ់បងក៏បាន បងដឹងចិត្តអូនហើយ

‑ដឹងចិត្តហើយអ្ហេ?

‑ទៅប្រាប់ប៉ាម៉ាក់ទៅ ស្អែក បងនាំប៉ាម៉ាក់បង ទៅស្តីដណ្តឹងអូន

‑ម៉េចក៏លឿនម្ល៉េះ?

‑ស្គាល់គ្នាយូរហើយ ចាំអង្កាល់ទៀត ហើយអាយុបងក៏ច្រើនហើយដែរ

ដូចដែលគិតអ៊ីចឹង ខ្ញុំមិនបានទុកវេលាចោលទៀតទេ។ ទីបំផុត ខ្ញុំក៏បានប្រពន្ធដែលខ្ញុំជ្រើសរើសដោយខ្លួនឯង និងស្រឡាញ់អស់ពីបេះដូង។ ខ្ញុំឈប់ឡើងចុះទៀតហើយ គឺខ្ញុំរស់នៅជាមួយប្រពន្ធនាទឹកដីខេត្តសៀមរាប ហើយពួកយើង ក៏មិនបានបោះបង់ឆន្ទៈរបស់យើងដែរ។ តែអ្វីដែលគួរ ឱ្យស្តាយ ប្រជាជនយើងហាក់ពុំសូវយកចិត្តទុកដាក់ចំពោះការចោលសំរាមទាល់តែសោះ។

ពួកយើងទាំងពីរ តែងតែងើបពីម៉ោងប្រាំដើរហាត់ប្រាណ ហើយតែងតែមកឈប់ នៅតាមដងស្ទឹងសៀមរាប គឺបំណងតែមួយគត់ គឺរើសសំរាម ដែលអ្នកលក់តាមរទេះ នាពេលយប់បន្សល់ទុកឱ្យ។ ខ្ញុំដឹងថា កម្មករតែងតែសម្អាត តែហេតុអី ក៏មិនវេចខ្ចប់ឱ្យត្រឹមត្រូវ? មិនស្រណោះដល់ពួកគាត់ខ្លះទេឬ? ធ្វើបណ្តើរជជែកគ្នាបណ្តើរ ស្រាប់តែសំឡេងស្រ្តីចំណាស់ម្នាក់បន្លឺឡើង៖

‑ពួកក្មួយទៀតហើយអ្ហេ?

‑បាទ ចាសអ៊ំ

‑ហេតុអ្វីក៏មនុស្សល្អ មានតិចម្ល៉េះ?

‑អ៊ំ! ហេតុអ្វីក៏អាជ្ញាធរមិនមានវិធានការចំពោះអ្នកលក់ទាំងអស់អ៊ីចឹង?

‑អ៊ំក៏មិនដឹងដែរក្មួយអើយ នេះចំកណ្តាលក្រុងផង ហ៊ឺ! យប់ឡើងនិយាយពីអ៊ូអរ សម្បូរមនុស្ស ដងស្ទឹង និងផ្សាររាត្រីនេះ ប្រៀបដូចជាឋានសួគ៌អ៊ីចឹង តែពួកគេមិនដឹងទេ ថាព្រឹកឡើង វាក្លាយទៅជាឋាននរក ប្រហែលជាគេគិតថា មានកម្មករសម្អាតហ្នឹងហើយ ហើយពួកអ៊ំនេះហើយ ជាបិសាចសំរាមនោះ

‑អ៊ំកុំនិយាយអ៊ីចឹង បើអ៊ំជាបិសាចសំរាម ពួកខ្ញុំក៏មិនខុសពីអ៊ំដែរ

‑អ៊ីចឹងពួកយើងសុទ្ធតែជាបិសាច ចំណែកអ្នកចោលសំរាម ប្រហែលសុទ្ធតែជាទេវតាហើយ

ពួកយើងសើចសប្បាយ ជាមួយនឹងគំនរសំរាមដែលនៅពាសពេញ មិនទាន់កើបអស់នៅឡើយ។ អ៊ំក៏បន្ត៖

‑ពួកក្មួយរៀបការហើយមែនទេ?

‑ម៉េចក៏អ៊ំដឹង?

‑មានគេប្រាប់អ៊ំ អរគុណណាស់ ដែលក្មួយចេះនឹកឃើញកម្មករម្នាក់នេះ ហើយមានបំណងហៅអ៊ំទៅចូលរួម អ៊ំពិតជាស្តាយមែន ថ្ងៃដែលក្មួយមករកអ៊ំ អ៊ំសុំច្បាប់ ទៅមើលកូននៅឯស្រុកឯនោះ។ ពេលមកដល់ មិត្តភក្តិអ៊ំគេប្រាប់ អ៊ំគិតមិនឃើញថាពួកក្មួយទេ តែពេលដែលជួប ទើបនឹកឃើញ។ ចុះមួយរយៈមុនក្មួយបាត់ទៅណា?

‑ពួកយើងរវល់ការងារណាអ៊ំ

‑ធ្វើការផង ឆ្លៀតជួយសង្គមទៀត ពិតជារុងរឿងហើយក្មួយ

‑អរគុណអ៊ំ (និស្ស័យតប)

‑ពួកយើងនឹងជួយអ៊ំ នឹងធ្វើការផ្សព្វផ្សាយពីបញ្ហាសំរាមនេះ បន្ថែមទៀត

‑ប្រឹងប្រែងណាក្មួយ គ្មានដើម្បីនរណាទេ តែដើម្បីទឹកដីដ៏អស្ចារ្យនេះ

ពួកយើងញញឹម ហើយក៏លាអ៊ំត្រឡប់មកផ្ទះវិញ។ ជាការពិតណាស់ ពួកយើងមិនដែលមានគំនិត បោះបង់សំរាមទាំងនោះ ឱ្យនៅឯកាឡើយ។ យើងនៅតែបន្តសកម្មភាពរបស់យើងគ្រប់ទីកន្លែង។ ធ្មេចបើកៗ ជិតដល់អង្គរសង្រ្កានទៀតហើយ។ ពួកយើងបានចុះទៅផ្សព្វផ្សាយ នៅតាមទីជនបទ ហើយនឹងមានគម្រោង ដើរលេងក្នុងអង្គរសង្រ្កាន្ត រហូតដល់ចប់ពិធី។ ពួកយើង នឹងស្លៀកពាក់ដូចប្រជាពលរដ្ឋទូទៅ តែនឹងចាំឃ្លាំមើល ហើយនឹងធ្វើការណែនាំ រាល់ការចោលសំរាមដែលមិនបានត្រឹមត្រូវ។ នេះគឺគ្រាន់តែជាសកម្មភាពមួយ ដើម្បីជួយដល់យុវជនស្ម័គ្រសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងនាមជាខ្មែរដូចគ្នា។

ខ្ញុំសង្ឃឹមថា ក្រោយអង្គរសង្រ្កានឆ្នាំនេះ ទីក្រុងសៀមរាបទាំងមូល នៅតែស្រស់ស្អាត ដោយមិនមើលឃើញសំរាមដូចឆ្នាំមុន។

 

ដោយ៖ លាក់ ម៉ាឡែន

សូមអរគុណចំពោះការអានរហូតដល់ចប់!

 

About បេះដូងពិត

បេះដូងពិត

Posted on ខែតុលា 18, 2016, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: