រឿងខ្លី៖ បេះដូងសំរាម

បេះដូងសំរាម

នៅក្រោមពន្លឺព្រះអាទិត្យដ៏តិចហោច ហាក់កម្លោចដួងចិត្តមនុស្សឱ្យធ្លាយធ្លុះទម្លុះទៅកាន់អតីតកាល ដែលក្រាលទៅដោយភាពសោកសៅ។ សំណៅនៃស្នាមដាន ធ្វើឱ្យស្រស់ស្រីកល្យាណ មិនស្កប់ស្កល់ ចេះតែស្តីបន្ទោសចំពោះខ្លួនឯងឥតឈប់ឈរ។ មើលចុះ! នាងឈរសម្លឹងអតីតកាលទៀតហើយ៖

‑អរគុណណាស់សុបិន! ខ្ញុំនឹងសងឯងនៅពេលក្រោយ

‑នេះប្រាក់បីរយដុល្លារដែលឯងត្រូវការ

‑ឯងចង់ឬមិនចង់សងក៏បានត្រឹមលុយប៉ុណ្ណឹងនោះ តែឯងពិតជាលាឈប់ពីការងារមែនអ្ហេ?

គ្រាន់តែចប់សំណួរ ទឹកភ្នែកស្រក់ច្រោក យុវតីស្រដីទាំងខ្សឹកខ្សួល៖

‑ខ្ញុំអត់ចង់ទេ តែខ្ញុំត្រូវតែឈប់ សាលាព្រមបើកលុយ៥ខែដំបូងឱ្យខ្ញុំហើយ ស្អែកនេះ ខ្ញុំទៅភ្នំពេញ ដើម្បីយកលុយទៅបង់ថ្លៃវះកាត់របស់ពុក អរគុណឯងខ្លាំងណាស់ ដែលព្រមឱ្យគ្នាខ្ចីលុយបង្រ្គប់នេះ

‑ឈប់យំទៅ! ទៅដល់ទីណា ក៏មិនអាចផ្តាច់មនសិការ ជាគ្រូល្អរបស់ឯងបានដែរ ខ្ញុំជឿជាក់លើឯង….

‑អរគុណណា សុបិន! …ខ្ញុំទៅហើយណា

‑អ៊ឺ! សំណាងល្អ ស៊ូៗ!

គ្រាន់តែមាណវីចេញផុត សុបិនជញ្ជឹងគិតទាំងមុខស្ងួត៖

‑តស៊ូឡើងពុទ្ធិកា! ពេលវេលានឹងធ្វើឱ្យឯងរឹងមាំ និងបន្តមនសិការជាគ្រូល្អម្នាក់ ដែលប្រទេសនេះត្រូវការ

ប្រាំឆ្នាំកន្លងផុតទៅ

          នៅក្នុងសាលាឯកជនមួយ ដែលមានឈ្មោះល្បីក្នុងការអប់រំសិស្សបានល្អនាទឹកដីខេត្តសៀមរាប គេឃើញបុរសវ័យកណ្តាលម្នាក់ កំពុងឈរជជែកជាមួយនឹងយុវតីដោយសម្តី និងកាយវិការ ព្រមជាមួយទឹកមុខប្រកបដោយភាពម៉ឺងម៉ាត់និងទឹកចិត្តមេត្តា៖

          ‑សម្រេចចិត្តច្បាស់ហើយ មែនទេពុទ្ធិកា ដែលព្រមលាឈប់ពីទីនេះ?

‑ការពិតខ្ញុំពិតជាអាល័យទីនេះណាស់ ហើយក៏រឹតតែអរគុណលោកនាយក ដែលព្រមជួយខ្ញុំកន្លងមក តែ………..

‑ខ្ញុំយល់ហើយ! វាមិនមែនជាបញ្ហាលុយ ប៉ុន្តែទឹកចិត្ត ជាអ្នកធ្វើឱ្យនាងចាកចេញ នាងចាំណា នាងជាមនុស្សម្នាក់ដែលខ្ញុំមិនធ្លាប់ជួបក្នុងជីវិត ជាមនុស្សដែលពោរពេញដោយមនសិការ និងស្រឡាញ់ជាតិខ្លួនយ៉ាងពិតប្រាកដ។ តទៅ ពួកយើងនឹងមិនក្លាយជាសត្រូវនឹងគ្នាទេ មែនទេ?

‑មិនអាចទេ!

‑ខ្ញុំនិយាយលេងទេ! ជូនពរសំណាងល្អណា។

‑ជម្រាបលាលោ​កនាយក

ពុទ្ធិកាទៅណា? តើមាននរណាដឹងទេ? យុវតីម្នាក់នេះ កាន់តែមានបទពិសោធន៍លើការងាររបស់ខ្លួនហើយ។ នាងមិនបានទៅណាឆ្ងាយពីអាជីពជាគ្រូបង្រៀនរបស់នាងទេ គ្រាន់តែពេលនេះ នាងត្រូវផ្លាស់ប្តូរទីកន្លែងធ្វើការ មកធ្វើការជានាយិកាគ្រប់គ្រងផ្នែកភាសាខ្មែរបឋមសិក្សានៅសាលាឯកជនថ្មី ដែលមានឈ្មោះថា អមតៈ ហើយបើតាមដឹងនោះ សាលានេះគឺជារបស់បងប្រុសសុបិន ដែលជាមិត្តជិតស្និទ្ធរបស់នាង។ ប្រាកដជាយល់ ថាហេតុអ្វី បានជា​     ពុទ្ធិកា ព្រមមកជួយសុបិន?។

កាលដើមឡើយ ពុទ្ធិកាជាកូនច្បងក្នុងគ្រួសារមួយ ដែលមានជីវភាពលំបាកតោកយ៉ាកណាស់ ហើយរហូតមកដល់សព្វថ្ងៃ នាងក៏មិនមែនក្លាយជាអ្នកមានអ្វីដែរ តែពេលនេះ គ្រាន់តែ គ្រួសារមិនរកព្រឹកខ្វះល្ងាចដូចពីមុនទៀតទេ។ នាងមកជួលផ្ទះនៅធ្វើការនាក្រុងសៀមរាបជាមួយប្អូនស្រីម្នាក់ ចំណែកពុកម៉ែ និងប្អូនប្រុសស្រីម្នាក់ទៀត គឺនៅឯស្រុកជុំគ្នា។ មួយសប្តាហ៍ម្តង យុវតីតែងតែទៅលេងផ្ទះជួបជុំគ្រួសារ។ ស្រីម្នាក់នេះ មានបេះដូងមួយរឹងមាំខ្លាំងណាស់ ទោះពេលខ្លះ នាងស្ទើររលំហើយក៏ដោយ។

មួយរយៈហើយ ដែលនាងធ្វើការនៅអមតៈ។ ថ្ងៃនេះ

 នាងត្រូវជួបភ្ញៀវពិសេស ក៏ប្រញាប់ប្រញាល់ មករៀបចំឯកសារហាក់ពីព្រលឹមបន្តិច ក៏បានជួបនឹងលោកគ្រូវាសនា ដែលជានាយកគ្រប់គ្រងផ្នែកភាសាបរទេសនៅមាត់ទ្វារល្មម។ លោកគ្រូវាសនាបន្លឺឡើង៖

‑មកពីព្រលឹមម្ល៉េះអ្នកគ្រូ

‑អូ! ខ្ញុំមករៀបឯកសារបន្តិច

‑មើលទៅមិនចាំបាច់រៀបទេ ព្រោះប្រហែលជា…………

‑យ៉ាងម៉េចលោកគ្រូ?

‑អូ! គ្មានអីទេ អ្នកគ្រូប្រញាប់ទៅរៀបទៅ

‑អ៊ីចឹង ខ្ញុំទៅហើយ

ពុទ្ធិការៀបចំរួចរាល់ជាស្រេច នូវការបង្ហាញទៅកាន់អ្នកវិនិយោគទុន ដែលត្រៀមនឹងបណ្តាក់ទុនជាមួយអមត

ៈ តែបន្ទាប់ពីស្តាប់ទូរស័ព្ទហើយ ជំនឿចិត្តហាក់ដូចជាបាត់អស់រលីង យុវតីមានស្មារតីមិននឹងនរ អារម្មណ៍ភិតភ័យ ហឫទ័យញ័រចប់ប្រប់ ស្ទុះបម្រុងបើកទ្វារចេញ ស្រាប់តែវ៉ាក់អឺនឹងយុវជន”សន្តោស” ជាអគ្គនាយកសាលា ដែលកំពុងបើកទ្វារចូល។ ឃើញទឹកមុខស្លេកភិតភ័យ និងអាការយុវតី អ្នកកំលោះបន្លឺឡើង៖

          ‑មានរឿងអី?

          ‑ផ្ទះ…….ម៉ែ ភ្លើងឆេះហើយ ខ្ញុំ!…ខ្ញុំចង់ទៅផ្ទះ

          ‑នាងមិនអាចទៅពេលនេះទេ

          ‑ប៉ុន្តែម៉ែ និងប្អូនៗខ្ញុំ

          ‑សម្រួលអារម្មណ៍ណាពុទ្ធិកា

          យុវជនក្រសោបដៃយុវតីទាំងគូ ហើយរុញនាងតិចៗឱ្យអង្គុយលើកៅអី។ សកម្មភាពនេះ ត្រូវបានលោកគ្រូវាសនាមើលឃើញ រហូតដល់យុវជនដើរមកបិទទ្វារគ្រឹប អ្នកកំលោះបន្ត៖

‑កុំខ្លាច! ខ្ញុំនឹងចាត់ចែងរឿងនេះឱ្យ តែពេលនេះ លោកស្ទេវិន និងហ្វីលីពកំពុងរង់ចាំនាង នាងមិនអាចបោះបង់ឱកាសនេះទេ ហើយខ្ញុំក៏មិនអាចបាត់បង់ឱកាសនេះដែរ ពួកយើងទើបតែចាប់ផ្តើមទេ

‑តែ………..

‑ជូតទឹកភ្នែក ទីនេះអាចអត់ខ្ញុំ តែមិនអាចគ្មាននាងទេ តាំងស្មារតីឡើង ទុកឱ្យខ្ញុំជាអ្នកទៅមើលគ្រួសារនាង

‑លោកអគ្គនាយក!

‑ខ្ញុំអាចអាត្មានិយមបន្តិច​ តែគ្រប់យ៉ាង ខ្ញុំពិតជាទុកចិត្តលើនាង ខ្ញុំទៅហើយ ពេលការងាររួចរាល់ចាំតេរកខ្ញុំណា……..

          យុវជនចាកចេញទៅ ស្រស់ស្រីពៅនៅធ្មឹងតែម្នាក់ឯង។ ចាកចេញមិនបានដប់នាទីផង សំឡេងសាររបស់យុវតីបន្លឺឡើង៖​”ពួកយើងមិនអាចដួលទេ”។ នៅទីបំផុត មាណវីស្រស់ស្រីយកដៃជូតទឹកភ្នែក ជ្រែកសេចក្តីទុក្ខមួយ​ រយៈ ទៅជួបលោកស្ទេវិន និងហ្វីលីពដោយជំហរម្ចាស់ការ។

          បន្ទាប់ពីធ្វើបទបង្ហាញពីគោលការណ៍ និងជំហរការងាររបស់អមត

ៈ លោកទាំងពីរគួរតែមានចម្ងល់ទាក់ទងនឹងការងារ តែផ្ទុយទៅវិញ លោកស្ទេវិនបែរជាសួរទៅកាន់យុវតី៖

          ‑ហេតុអ្វីមិនឃើញលោកសន្តោស?

          យុវតីធ្លាក់ទឹកមុខ នាងសម្លឹងទៅលោកគ្រូវាសនា ដែលចូលរួមដែរ តែលោកគ្រូធ្វើហាក់មិនដឹង ពោលគឺគាត់ចង់ប្រាប់ថា គាត់មិនអាចឆ្លើយតបនឹងសំណួររបស់លោកស្ទេវិនបានឡើយ។ យុវតីតប៖

‑សូមទោស! ព្រោះតែមិនចង់ឱ្យខ្ញុំខកខានក្នុងការជួបលោក ទើបលោកអគ្គនាយកសុខចិត្តទៅដោះស្រាយបញ្ហា ដែលកើតឡើងចំពោះគ្រួសារខ្ញុំ

ទឹកមុខក្រៀមក្រំ ផុសចេញពីចិត្តរបស់យុវតី ធ្វើឱ្យអ្នកជំនួញពីរនាក់ហាក់បង្កប់នូវស្នាមញញឹមទៅ

វិញ។ លោកឈោងយកឯកសារ ហើយប្រាប់ថា៖

‑ល្ងាចជួបគ្នានៅហាងកាហ្វេ

‑តើហាងកាហ្វេណា?

‑ប្រាប់លោកសន្តោសទៅ គេដឹងហើយ ពួកយើងទៅសិនហើយ

គ្រាន់តែលោកទាំងពីរចេញផុត ពុទ្ធិកាអន្ទះអន្ទែងទាញទូរស័ព្ទបម្រុងតេ ស្រាប់តែលោកគ្រូវាសនាបន្លឺឡើង៖

‑គ្រួសារមានរឿងហើយ ក៏មិនបោះបង់ការងារដែរ ខ្ញុំសូមសរសើរអ្នកគ្រូណាស់ តែក៏អាណិតដល់គ្រួសារអ្នកគ្រូដែរ ហ៊ឺ!

និយាយចប់ លោកគ្រូវាសនាចាកចេញទៅ តែស្រីពៅទន់ជង្គង់ អង្គុយចុះលើសាឡុងក្នុងអារម្មណ៍រកធ្វើអ្វីមិនត្រូវ ហត្ថទាំងពីរពាលពៅញ័រទទ្រើត ទឹកភ្នែកស្រក់ច្រោកៗ ស្រាប់តែ៖

‑អាកា!

‑សុបិន!…….តើគ្រួសារខ្ញុំយ៉ាងម៉េចហើយ តើឯងមានដឹងទេ?

ពុទ្ធិកាក្រសោបដៃសុបិនយំផង ស្រដីផង។ ឃើញមិត្តភក្តិបែបនេះ សុបិនប្រញាប់ឆ្លើយភ្លាម៖

‑អស់អីហើយណាអាកា! អ្នកភូមិជួយពន្លត់ភ្លើងទាន់ លោកពូអ្នកមីង ប្អូនប្រុសស្រីរបស់ឯង ក៏គ្មានអ្នកណាមានរបួសដែរ

‑អរគុណទេវតា!

‑តោះ! ខ្ញុំនាំឯងទៅ ពេលនេះបងសន្តោសប្រហែលជាកំពុងនាំពូមីងទៅដាក់ពាក្យបណ្តឹងហើយមើលទៅ

គ្រាន់តែឡានឈប់ង៉ក់នៅមុខផ្ទះ យុវតីស្ទុះបើកទ្វារចេញយ៉ាងរហ័ស។ ផ្ទះឈើដ៏តូចល្មម ត្រូវបានឆេះ មួយជ្រុងតូច ហើយក៏កំពុងត្រូវបានជួសជុលយ៉ាងរហ័សផងដែរ។ ពូមីងបន្លឺឡើង៖

‑អស់អីហើយកូន! ចប់ការងារហើយមែនទេ?

យុវតីរត់ទៅឱបម្តាយ ទាំងខ្សឹកខ្សួលអួលដើមក៖

‑សូមទោសម៉ែ!

‑ក្មួយសន្តោសសូមទោសម៉ែរួចហើយ មិនអីទេណាកូន!

សន្តោសយល់ថា ខ្លួនក៏អាត្មានិយមដែរ មានតែពាក្យសូមទោសប៉ុណ្ណោះទៅកាន់យុវតី។ មាណវី

កំពុងរៀបចំបោសសម្អាតនៅក្នុងផ្ទះម្នាក់ឯង យុវជនក៏ឧទានឡើង៖

‑សូមទោសណា!

‑លោកអគ្គនាយក!

‑សូមទោស! ខ្ញុំដឹងថា ធ្វើបែបនេះ គឺអាត្មានិយមពេកហើយ

‑អស់អីហើយ! លោកអគ្គនាយកចាត់ចែងបានល្អណាស់សម្រាប់គ្រួសារខ្ញុំ បើមិនអ៊ីចឹងទេ យប់នេះ ពុកនិងម៉ែមិនដឹងជាត្រូវទៅសម្រាន្តនៅឯណាទេ? ត្រូវហើយ! លោកស្ទើវិនឱ្យលោកទៅជួបនៅហាងកាហ្វេយប់នេះ

‑ពិតមែនអ្ហេ!

‑តែពួកគាត់សម្រេចយ៉ាងម៉េច ពួកគាត់មិនបានប្រាប់ខ្ញុំនៅឡើយទេ

‑មិនអីទេ! ថ្ងៃស្អែកនាងសម្រាកមួយថ្ងៃក៏បាន ឥឡូវខ្ញុំទៅវិញហើយ កុំឱ្យខកណាត់

­‑ចាស! អរគុណលោកអគ្គនាយក

យុវជនហាក់ដូចជាមានសង្ឃឹមថា នឹងទទួលបានការសហការពីលោកស្ទេវិនណាស់អ៊ីចឹង៕ គ្រាន់តែស្រដីហើយក៏ចាកចេញទៅ។

ជាការពិតណាស់ អ្វីៗដូចដែលបានគិត។ អមតៈ កាន់តែមានជំហរហើយ។ កិច្ចប្រជុំពិភាក្សាមួយត្រូវបានបង្កើតឡើង ដើម្បីស្វែងរកគន្លឹះក្នុងការអភិវឌ្ឍន៍សាលាឯកជនមួយនេះ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើង។ លោកអគ្គនាយកបន្លឺ៖

‑សូមគោរពលោកគ្រូអ្នកគ្រូ! យើងដឹងហើយថា សាលារៀនយើងទើបតែដំណើរការនៅមិនទាន់ស្រួលបួលនៅឡើយ ថ្ងៃនេះ ការបើកអង្គប្រជុំ គឺក្រោមរបៀបវារៈតែមួយគត់ គឺប្រមូលគំនិត ដើម្បីធ្វើយ៉ាងណាឱ្យសាលារបស់យើង ទទួលបានការគាំទ្រពីសំណាក់អាណាព្យាបាលសិស្សថែមទៀត ហើយទន្ទឹមនឹងកៀកបុណ្យគ្រឹស្តស្ម័គ្រ និងចូលឆ្នាំសកលផងដែរនោះ តើលោកគ្រូអ្នកគ្រូ មានគំនិតអ្វីដែរ?

លោកគ្រូវាសនាលើកដៃ យុវជនឧទាន៖

‑បាទ! សូមអញ្ជើញលោកគ្រូវាសនា

‑សូមគោរពលោកអគ្គនាយក និងលោកគ្រូអ្នកគ្រូ បើតាមគំនិតខ្ញុំ ខ្ញុំគិតថា យើងគួរតែរៀបចំឱ្យមានកម្មវិធីដូចជា មានតាណូអែល លេងល្បែងកម្សាន្តផ្សេងៗ ហើយគួរតែឱ្យសិស្សបានឈប់សម្រាកនៅផ្ទះ តើលោកគ្រូអ្នកគ្រូយល់យ៉ាងណាដែរ?

លោកគ្រូអ្នកគ្រូញញឹមស្មើ តែមិនមានអ្នកណាឆ្លើយតប យុវជនរៀបនឹងសម្លឹងទៅពុទ្ធិកា តែយុវតីងើបមុនទៅហើយ៖

តែតាមគំនិតខ្ញុំ គឺមិនចាំបាច់ធ្វើដល់ថ្នាក់នោះទេ គ្រាន់តែឈប់សម្រាកថ្ងៃចូលឆ្នាំសកលមួយថ្ងៃនោះ គឺគ្រប់គ្រាន់ហើយ

ហេតុអីអ្នកគ្រូមានប្រសាសន៍អ៊ីចឹង?

លោកគ្រូគិតទៅមើលថា យើងចាំបាច់ទេ?

ប្រាកដជាចាំបាច់ អ្នកណាក៏គេធ្វើអ៊ីចឹងដែរ

គេធ្វើអ៊ីចឹង​ តែយើងមិនធ្វើអ៊ីចឹងទេ

អ៊ីចឹង យើងប្រាកដជាចាញ់គេហើយ

ចាញ់ត្រង់មិនបានប្រារព្ធរាល់កម្មវិធីជាតិសាសន៍គេមែនទេ? ខ្ញុំគិតថា ជនបរទេសដែលកំពុងរស់នៅលើទឹកដីយើង គឺយល់ជាង………គឺពួកគេយល់ណាស់ តើយើងចាំបាច់ទេ ដែលប្រារព្ធពិធីទាំងនោះជំនួសជាតិសាន៍គេ ដែលផ្ទុយស្រឡះពីជាតិសាសន៍ខ្លួនឯង

បើបែបហ្នឹងសិស្សប្រាកដជាមិនយល់អ្វីទាំងអស់

ប្រាកដជាយល់ យើងមិនចាំបាច់បង្ហាញកម្មវិធីអធិកអធ័ម ប៉ុន្តែយើងរៀនដោយស្ងៀមស្ងាត់ យើងអាចបង្រៀនសិស្សឱ្យយល់ពីវប្បធម៌គេដោយមិនចាំបាច់សឺឡឺប្រេតនោះទេ

តែខ្ញុំនៅតែគិតថា វាមិនទាន់សម័យ ចិត្តចង្អៀតពេកហើយ សូម្បីតែសាលាមួយតូច គ្មានភាពល្បាញល្បីផង គេនៅតែប្រើវិធីហ្នឹងដើម្បីទាក់ទាញសិស្ស

ទាក់ទាញសិស្សរហូតបាត់បង់មនសិការជាតិខ្លួន

អ្នកគ្រូ!

លោកគ្រូដឹងទេ សាលារដ្ឋបង្រៀនសិស្សឱ្យចែកឱ្យដាច់រវាងវប្បធម៌គេនិងជាតិខ្លួន ប៉ុន្តែសិស្សនៅតែមិនយល់ រហូតពេលខ្លះគឺពួកគាត់សុំច្បាប់ពីសាលារដ្ឋទៅចូលរួមកម្មវិធីសប្បាយរីករាយនៅសាលាឯកជន ដែលកម្មវិធីនោះ មិនមែនជារបស់ជាតិសាន៍ខ្លួនផងនោះ។ ពួកគាត់នៅក្មេង ព្រោះតែភាពសប្បាយរីករាយ ពួកគាត់ស្ទើរតែភ្លេចទៅហើយ ថាខ្លួនកំពុងនៅទីណា? យើងជាសាលាមួយដែរ ទោះយើងជាសាលាឯកជន យើងគួរតែចូលរួមបណ្តុះគំនិតដល់ក្មេងៗទាំងនោះ

ជាតិសាសន៍និយមពេកហើយ

មិននិយមជ្រុលពេកទេ គ្រាន់តែយល់ពីតម្លៃជាតិសាសន៍

អ្នកគ្រូចង់ថាខ្ញុំ……………

បើសាលានេះ រលំព្រោះតែគំនិតជាតិសាសន៍និយមរបស់ខ្ញុំ​ ខ្ញុំយល់ថា………………

អ្នកគ្រូនឹងដើរចេញ ដូចដែលអ្នកគ្រូធ្លាប់ធ្វើមែនទេ បើជាតិនិយមដល់ម្ល៉ឹង ប្រហែលជាអ្នកគ្រូមិនមកដល់ទីនេះទេដឹង!

លោកគ្រូ…………….

ពុទ្ធិកាហាក់ផ្លាស់ប្តូរអារម្មណ៍លឿនពេកហើយ នាងហាក់និយាយអ្វីមិនចេញ ទើបយុវជនបន្លឺឡើង៖

បានហើយ! អរគុណសម្រាប់ការបញ្ចេញមតិ ខ្ញុំយល់ពីគំនិតរបស់អ្នកទាំងពីរ ចុះលោកគ្រូអ្នកគ្រូផ្សេងទៀតយល់យ៉ាងណាដែរ?

ខ្ញុំយល់ស្របគំនិតអ្នកគ្រូពុទ្ធិកា

បន្ទាប់ពីសំឡេងឧទានព្រមគ្នា អង្គប្រជុំទាំងមូលក៏ប្រែទៅជាស្ងប់ស្ងាត់ តែលោកគ្រូវាសនា ហាក់មិនពេញចិត្តនឹងសំឡេងយល់ស្របទាំងអស់នោះឡើយ។ យុវជនបន្លឺ៖

ខ្ញុំនឹងយកគំនិតទាំងនេះទៅពិចារណាសិន ឥឡូវនេះ ខ្ញុំសូមប្រកាសបិទអង្គប្រជុំ

ស្រដីហើយ យុវជនចាកចេញដោយស្នាមញញឹម។ ចំណែកពុទ្ធិកា នាងដើរចេញទាំងកម្លាំង​ល្ហិតល្ហៃ។ ឱ! យុវតីដ៏រឹងមាំ នាងក៏ចេះទន់ជ្រាយដែរ។ បន្ទាប់ពីចេញពីធ្វើការ ពុទ្ធិកាដើរតាមដងស្ទឹង ស្រាប់តែទុចង៉ក់ សម្លឹងទៅសំរាមដែលហោះហើរតាមខ្យល់បក់ ហើយក៏ធ្លាក់ចូលធុងដោយខ្លួន។ យុវតីយកដៃខ្ទប់មាត់ដោយដងខ្លួនញ័រទទ្រើត លាយនឹងដំណក់ទឹកភ្នែកដែលស្រក់ចុះឥតខ្លាចរអាអ្នកណា នាងមិនដឹងថា តើនាងត្រូវការអ្វីឱ្យប្រាកដឡើយ? ជូតទឹកភ្នែកហើយ ត្រាណត្រើយបម្រុងដើរទៅមុខទៀត ស្រាប់តែ៖

‑លោកអគ្គនាយក!

‑មានរឿងអី!

‑គ្មានទេ!

‑ចៃដន្យពេកហើយ ដែលខ្ញុំបានឃើញនាងក្នុងសភាពបែបនេះ តើខ្ញុំអាចយល់អ្វីខ្លះពីនាងបានទេ?

‑ខ្ញុំគឺតែងតែបែបនេះឯង ខ្ញុំត្រឡប់ទៅផ្ទះវិញហើយ

ស្រដីហើយ យុវតីប្រញាប់ប្រញាល់ចេញទៅ។ ចំណែកប្រុសពៅនៅតែមន្ទិលមិនអស់ចិត្តនឹងអ្វីដែលខ្លួនបានឃើញ ព្រោះវាហាក់ផ្ទុយស្រឡះ ពីកាលដែលខ្លួនគិតកន្លងមក ថាយុវតីជាស្រីម្នាក់ដែលរឹងមាំ គ្មានសេចក្តីទុក្ខ គ្មានវិបត្តិផ្លូវចិត្ត តែការពិត នាយនៅតែហាក់មិនជឿលើភ្នែកខ្លួនឯង។ សុបិនមកដល់ផ្ទះមិនទាន់ស្រួលបួលផង អ្នកកំលោះក៏ឧទាន៖

‑ល្ងាចម៉ិញនេះ បងឃើញពុទ្ធិកាយំខ្លាំងណាស់

‑តើអ្នកណាធ្វើស្អីនាងបង?

‑បងមិនដឹងទេ! បងគ្រាន់តែដឹងថា នាងមានអារម្មណ៍មិនស្រួលតាំងពីនៅក្នុងអង្គប្រជុំម្ល៉េះ

‑តើលោកគ្រូវាសនានិយាយស្អីដៀមដាមឱ្យនាងទៀតហើយមែនទេ? ខ្ញុំធ្លាប់ប្រាប់បងហើយ លោកគ្រូវាសនានោះ មិនមែនជាមនុស្សល្អប៉ុន្មានទេ

‑តើលោកគ្រូវាសនាបានដឹងអ្វីខ្លះពីពុទ្ធិកា?

‑ខ្ញុំចង់តេទៅពុទ្ធិកាសិន

‑មិនឱ្យតេទេ ឯងត្រូវនិយាយជាមួយបងសិន

អាការចង់ដឹងរបស់យុវជន សុបិនហាក់ស្រឡាំងកាំងមួយស្របក់ ទើបអង្គុយ ហើយបន្ត៖

­‑ខ្ញុំធ្លាប់ប្រាប់នាងហើយ ថាកុំឱ្យគិតច្រើន តែនាងនៅតែគិត នាងស្តាយណាស់ អាជីពជាគ្រូបង្រៀនរបស់នាងនោះ ព្រោះតែលុយ ទើបនាងលាឈប់ពីសាលារដ្ឋ មកធ្វើការឯកជន អាទោសកំហុសនេះហើយ ដែលធ្វើឱ្យនាងឆ្គួតចិត្តដូចរាល់ថ្ងៃនេះ អ្នកណានិយាយប៉ះពាល់អីមិនបានទេ នាងតែងតែបន្ទោសខ្លួនឯង ដែលមិនស្មើនឹងសំរាម ដែលជួនពេលខ្លះនោះ សំរាមដែលគ្រាន់តែត្រូវខ្យល់ ក៏វាអាចទៅរកទីតាំងរបស់វាបាន វាផ្ទុយពីនាង សូម្បីតែទីតាំងដែលនាងចង់នៅ ក៏នាងមិនអាចកំណត់បាន តែនាងគឺជាកូនកតញ្ញូ ម៉េចក៏នាងមិនគិត?

‑ការពិតលុយបីរយដុល្លារដែលឯងខ្ចីពីបងនោះ ឯងយកទៅឱ្យនាងមែនទេ?

‑ត្រូវហើយ! ពេលនោះហើយ ដែលនាងអន្ទះអន្ទែងស្វែងរកលុយ ទៅជួយពុករបស់នាង លុយបីរយនោះ នាងសងខ្ញុំយូរហើយ តែខ្ញុំមិនយក យ៉ាងម៉េចបងបន្ទោសខ្ញុំទៀតទេ ដែលយកលុយទៅ ឱ្យគេខ្ចីនោះ?

‑មិនបន្ទោសទេ! ចុះហេតុអីលោកគ្រូវាសនាដឹងរឿងនេះ?

‑ខ្ញុំមិនដឹងទេ! ខ្ញុំធ្លាប់ប្រាប់បងហើយ ថាលោកគ្រូហ្នឹង ហាក់ដូចច្រណែននឹងពុទ្ធិការហូត

‑បានហើយ! ទៅបន្ទប់ទៅ

ចាប់តាំងពីថ្ងៃនោះមក អ្នកកំលោះយើង ហាក់ដូចជាយ៉ាងម៉េចទេនៅក្នុងចិត្ត ថាមិនបានគិតអ្វីទេ តែពេលដែលបានជួបយុវតី ចង់លួងលោមស្រស់ស្រី តែស្រដីមិនរួច ចុងបញ្ចប់គឺបានត្រឹមតែនិយាយពីរឿងការងារប៉ុណ្ណោះ។

ពុទ្ធិកាកញ្ញារឹងមាំតែសម្បកក្រៅ នៅអង្គុយធ្វើការនៅឡើយ ត្រាណត្រើយភ្ញាក់ព្រើតនៅពេលឃើញយុវតីម្នាក់ ដែលមានវ័យស្របាក់ស្របាលនឹងនាង ដើរចូលមកដោយគ្មានការអនុញ្ញាត៖

‑សូមទោស! តើអ្នកនាងរកអ្នកណាដែរ?

‑មករកនាងហ្នឹងហើយ ហ៏!

ស្រស់ស្រីស្រដីខ្ពស់ ឫកយសហាក់ក្រអើត បោះកញ្ចប់រូបថតប៉ុន្មានសន្លឹកទៅលើតុពុទ្ធិកា ហើយខ្លួនក៏ទៅអង្គុយគងអន្ទាក់ខ្លាលើសាឡុង។ ពុទ្ធិកាមើលរូបបណ្តើរ ស្តាប់សម្តីសកសៀតបណ្តើរ៖

‑នាងមកធ្វើការ ឬមកទាក់ប្រុស?

រូបថតស្ទើរតែគ្រប់ឈុតដែលនាងនៅជាមួយលោកអគ្គនាយកសង្ហាររបស់នាង ត្រូវបានផ្តិតចេញ ដែលការពិតនោះ នាងមិនបានគិតអ្វីសោះចំពោះយុវជន៖

‑អគ្គនាយករបស់នាងជាគូដណ្តឹងរបស់ខ្ញុំ

‑អ្នកនាងយល់ច្រឡំហើយ

‑ខ្ញុំមិនច្រឡំទេ ខ្ញុំដឹង ថាបងសន្តោសមិនស្រឡាញ់នាងទេ តែខ្ញុំព្រមាននាងកុំហ៊ានពេក យកល្អបើចង់សុខ នៅឱ្យឆ្ងាយពីគាត់ទៅ

­‑ខ្ញុំធ្វើការជាមួយគាត់ តើឱ្យខ្ញុំនៅឆ្ងាយពីគាត់ដោយរបៀបណា?

‑នាងភ្លើទេ លាឈប់ពីការងារទៅ

‑នៅសុខៗ ឱ្យខ្ញុំលាឈប់ពីការងារដោយគ្មានហេតុផលអ៊ីចឹងអ្ហេ?

          ‑នាងថាគ្មានហេតុផលទៀតអ្ហ៊ៃ?

          ‑វាមិនមែនជាហេតុផលទេ ព្រោះខ្ញុំមិនដែលគិត ពួកយើងសុទ្ធតែមិនដែលគិត

‑មិនដែលគិត បន្តិចទៀតនឹងគិត ខ្ញុំថាយកល្អនាងឆាប់ដកខ្លួនទៅ មិនមែននាងទេដែលមិនសុខ  សូម្បី​តែមនុស្សជុំវិញខ្លួននាង……….ហ៊ឺស!

          ស្រីស្រស់ម្នាក់នេះ ពិតជាមិនធម្មតាទេ។ ឱ! ស្រីច្រម៉ក់អើយ គួរឡើយគិតយ៉ាងណា? ស្មារតីមិននឹងនរ ឈរក៏លែងជាប់ តើមានកម្លាំងពីណាមកធ្វើការ? ស្រស់ស្រីកន្និដ្ឋាអង្គុយសម្លឹងអាហារទាំងមិនចង់លេប ស្រាប់តែសំឡេងលោកគ្រូវាសនាបន្លឺឡើង ហើយដាក់គូទអង្គុយក្បែរនាង ព្រមជាមួយនឹងការដាក់ចានអាហារទៅលើតុ៖

          ‑លេបមិនចូលមែនទេអ្នកគ្រូ?

          ‑លោកគ្រូ!

‑ពេលខ្លះ មនសិការមិនអាចជួយអ្វីបានទេ សង្គមនេះ មិនត្រូវការមនសិការទេ គឺអាត្មានិយមច្រើនជាង ខ្ញុំធ្លាប់ប្រាប់អ្នកគ្រូហើយ ប្រឹងប្រែងបានប្រយោជន៍អី មិនអ៊ីចឹងអ្នកគ្រូក៏មិនបោះបង់អាជីពដែលខ្លួនស្រឡាញ់មកស្វែងរកលុយដល់ទីនេះដែរមែនទេ?

‑ត្រូវ! មនសិការមិនអាចជួយអ្វីបានទេ ក្រៅពីគេស្អប់ ហើយពិសេសនោះ គេរឹតតែធ្វើបាបយើង តែខ្ញុំពេញចិត្ត ទោះខ្ញុំត្រូវគេស្អប់ ខ្ញុំត្រូវគេប្រមាថ តែខ្ញុំស្កប់ស្កល់នឹងខ្លួនឯង ខ្ញុំមិនស្អប់ខ្លួនឯង គ្រួសារខ្ញុំរស់នៅដោយសេចក្តីថ្លៃថ្នូរ មិនត្រូវបានគេមើលងាយព្រោះតែខ្ញុំ នេះហើយជាអ្វីដែលខ្ញុំប្រឹងប្រែងរាល់ថ្ងៃនេះ ខ្ញុំមិនប្រាថ្នាជាមហាសេដ្ឋី តែខ្ញុំប្រាថ្នាគ្រាន់តែជាកូនស្រីនៃសង្គមមួយនេះ ដែលខ្ញុំមិនបានលូកដៃបំផ្លាញដោយផ្ទាល់ឬដោយប្រយោលនោះទេ លោកគ្រូមានវ័យច្រើនជាងខ្ញុំ ហេតុអ្វីក៏លោកគ្រូមិនកាត់បន្ថយភាពអាត្មានិយមនោះចោលខ្លះ ជាក់ស្តែងដូចលោកគ្រូមកធ្វើការនៅទីនេះ ទាំងឈ្មោះលោកគ្រូនៅមាននៅសាលារដ្ឋនៅឡើយ លោកគ្រូមានគិតទេ លោកគ្រូមកទីនេះមិនដែលយឺតសូម្បីតែម្តង ចុះពេលទៅសាលារដ្ឋ លោកគ្រូយឺតប៉ុន្មានដងហើយ? លោកគ្រូមានគិតទេ ថាសិស្សប៉ុន្មាននាក់ ដែលត្រូវបំផ្លាញបេះដូង ដោយភាពអាត្មានិយមរបស់លោកគ្រូ

‑អ្នកគ្រូនិយាយច្រើនពេកហើយ

‑ខ្ញុំសុខចិត្តបោះបង់ការងារមួយ មកឈោងចាប់ការងារមួយ ក៏ព្រោះតែមិនចង់ធ្វើជាមនុស្សបង្កដំបៅដល់សង្គម ទោះបេះដូងខ្ញុំវាខ្ទេចខ្ទី មិនស្មើនឹងសំរាមដែលគេបោះចោលផងនោះ ខ្ញុំតែងតែយល់ថា ខ្ញុំអន់ជាងសំរាម តែមិនមែនទេ ការពិតនៅមានមនុស្សដែលអន់ជាងខ្ញុំច្រើននាក់ណាស់

‑អ្នកគ្រូ!

‑ពេលខ្លះខ្ញុំមិនចង់និយាយ មិនមែនខ្ញុំមិនចេះនិយាយទេ ខ្ញុំគ្រាន់តែចង់រស់នៅឱ្យបានសុខ ហើយរក្សាទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួន តែលោកគ្រូអាត្មានិយមពេកហើយ សូម្បីតែផ្លូវ ក៏លោកគ្រូមិនចង់ទុកឱ្យខ្ញុំដើរដែរ

‑អ្នកគ្រូចង់បានន័យថាម៉េច?

‑លោកគ្រូបានធ្វើអ្វី មានតែលោកគ្រូទេដែរដឹង ពេលនេះ ខ្ញុំពិតជាញ៉ាំមិនចូលមែន ខ្ញុំទៅធ្វើការហើយ សូមលោកគ្រូពិសាឱ្យឆ្ងាញ់ចុះ

ក្នុងដំណើរហត់ហេវស្ទើរតែបាត់បង់ជំនឿចិត្ត គឺស្ថិតនៅក្នុងក្រសែភ្នែកអ្នកកំលោះ។ យុវជនមិនដឹងថា មានរឿងអ្វីកើតឡើងរវាងយុវតីនិងលោកគ្រូវាសនាឡើយ។ ពេលទៅដល់ក្នុងបន្ទប់ ក៏ចាប់ផ្តើមពិនិត្យឯកសារ តែមិនទាន់ទាំងបានប៉ុន្មានផង នាយក៏ចុចទូរស័ព្ទវឹង៖

‑មកជួបខ្ញុំបន្តិចមក!

សំឡេងគោះទ្វារបន្លឺឡើង៖

‑អញ្ជើញចូលមក!…………..អង្គុយចុះសិនទៅ

‑ខ្ញុំឈរក៏បានដែរ លោកអគ្គនាយក តើមានបញ្ហាអីមែនទេ?

‑ខ្ញុំថា ឱ្យអង្គុយសិនមក

​​        យុវតីអង្គុយចុះ ទើបយុវជនរុញឯកសារទៅឱ្យនាងពិនិត្យ៖

‑តើនាងមានបញ្ហាអីមែនទេ?

‑អត់ទេ!

‑មិនមែនតែម្តងទេ ឬមួយនាងមានចេតនាធ្វើឱ្យខុស

‑គ្មានទេ! គឺខ្ញុំគិតថាវាត្រូវហើយ

‑ពុទ្ធិកា!

យុវជនស្ទុះងើបពីកៅអី ហើយដើរមកអង្គុយនៅចំហៀងខ្លួននាង ព្រមទាំងបើកឯកសារ ហើយចង្អុលប្រាប់ពីបញ្ហាដាក់នាងខ្លាំងៗ៖

‑នាងមើលតួលេខនេះទៅ សុទ្ធតែខុសពីទិន្នន័យពិតដប់ដងទាំងអស់ នាងថានៅមិនខុសទៀតអ្ហេ តើនាងកើតអី?

‑ខ្ញុំ………..

យុវតីងាកមករកអ្នកកំលោះ តែអ្វីដែលរឹតតែបុកពោះនោះ គឺក្រសែភ្នែកទាំងគូដ៏មុតស្រួច ដែលកំពុងសម្លឹងមកនាង ហាក់បីដូចជានៅជិតនាងពេកហើយ។ ស្រស់ស្រីហាក់និយាយមិនចេញ ឯយុវជនវិញក៏លែងបញ្ចេញសូរសៀងអ្វីដែរ ស្រាប់តែសំឡេងដូចព្យុះរន្ទះបន្លឺឡើង៖

‑អ្នកទាំងពីរធ្វើស្អីហ្នឹង?…នេះបងលង់ស្នេហ័នឹងនាងដល់វង្វេងហើយមែនទេ?

‑មាលតី! (យុវជនឧទាន)

មាលតីយុវតីស្ទុះទៅទាញដៃអ្នកកំលោះចេញឆ្ងាយពីពុទ្ធិកាក្នុងកាយវិការច្រណែន ប្រចណ្ឌខឹងយ៉ាងពេញទំហឹង ហើយពោលពាក្យខ្លាំងៗទៅកាន់មាណវី៖

‑ប៉ុណ្ណឹងហើយ ឯងថាមិនដែលសូម្បីតែគិត មើលទៅសម្បកក្រៅសុភាពស្លូតបូត តែការពិតពិសពុលណាស់ មិនខុសពីផ្លែល្វាទេ

សម្តីរបស់មាលតីហាក់ដុតកម្លោចហឫទ័យយុវជនឱ្យភ្ញាក់ព្រើត ថាស្រស់ស្រីទាំងពីរនាក់ ពិតជាធ្លាប់មានរឿងពីមុនមក។ សន្តោសមិនបានសម្លឹងមើលពុទ្ធិកាទេ តែយុវជនស្រដីទៅកាន់មាលតី៖

‑ហេតុអីក៏និយាយពាក្យបែបនេះចេញបាន?

‑ខ្ញុំចេញទៅក្រៅហើយ (ពុទ្ធិកាបន្លឺ)

‑នាងមិនចាំបាច់ចេញទៅណាទាំងអស់ អូននិយាយទៅ ថារវាងអូននិងពុទ្ធិកាមានរឿងអ្វីកើតឡើង?

‑គ្មានទេលោកអគ្គនាយក

­‑ខ្ញុំមិនបានសួរនាងទេ! ម៉េចអូនមិននិយាយ?

‑ត្រូវហើយ! គឺអូនកំពុង………..

‑អ្នកនាងមាលតី!

‑ពុទ្ធិកា!

ពុទ្ធិកាពិតជាមិនចង់ឱ្យមាលតីនិយាយរឿងរ៉ាវសង្ស័យរបស់ខ្លួនឱ្យយុវជនដឹងឡើយ ព្រោះនាងបានដឹងច្បាស់ថា យុវជនពិតជាមិនបានគិតអ្វីដូចដែលមាលតីគិតនោះទេ។ អ្នកកំលោះហាក់ដូចជាហ៊ឹងស្លឹកត្រចៀកមែនទែនហើយ នាយដកដង្ហើមធំទើបបន្ត៖

‑ខ្ញុំយល់ហើយ!……..អូនគិតថារវាងបងនិងនាងយ៉ាងណា បងមិនដឹងទេ តែអូនកំពុងបំបាក់ទឹកចិត្តមនុស្សល្អម្នាក់ហើយ អូនដឹងទេ?

‑ខ្ញុំចេញទៅហើយ! (ពុទ្ធិកាឧទាន)

‑ខ្ញុំមិនឱ្យនាងទៅទេ

‑មនុស្សល្អដែលពូកែមាយាចំពោះមុខបងនោះអ្ហេ

‑មាលតី!

‑បងលង់ស្នេហ៍នឹងនាងដល់វង្វេងហើយមែនទេ?

‑បងនិយាយជាមួយឯងដោយហេតុនិងផល បងមិនធ្លាប់គិតពីរឿងនេះឡើយ ហើយទោះបីជាបងចង់គិត ក៏គ្មានពេលគិតពីវាដែរ តែនៅពេលដែល​អូននិយាយបែបនេះ បងមិនអាចធានាបានទេថាបងមិនគិតនោះ

‑លោកអគ្គនាយក!

‑បងសន្តោស!

‑ហើយបើទោះជាបងគិតក៏គ្មានអីខុសដែរ

‑បានហើយ! អ្នកទាំងពីរចង់ឈ្លោះគ្នាក៏តាមចិត្ត តែកុំយកខ្ញុំទៅពាក់ព័ន្ធបានទេ? (ពុទ្ធិកាឧទាន)

‑តែនាងជាដើមហេតុ (មាលតីតប)

‑រាល់ថ្ងៃនេះ ខ្ញុំធ្វើការដើម្បីតែក្រពះមួយគត់ ខ្ញុំមិនដែលមានពេលគិតពីស្នេហាទេ ខ្ញុំសូមអង្វរអ្នកនាង ឈប់គិតបែបនោះទៀតទៅ

‑បើចង់ឱ្យយើងឈប់គិត នាងលាឈប់ទៅ

‑អូនគ្មានសិទ្ធិទេ បើគ្មានការអនុញ្ញាតិពីបង ពុទ្ធិកាគ្មានសិទ្ធិទៅណាទាំងអស់

‑បង!

‑ខ្ញុំមិនជជែកជាមួយអ្នកទាំងពីរទៀតទេ

ពុទ្ធិកាចាកចេញពីបន្ទប់ យុវជនសម្រួលអារម្មណ៍ ទើបស្រដីទៅកាន់មាលតី៖

‑កន្លងមក បងមិនដែលមានអារម្មណ៍អ្វីចំពោះអូនទាល់តែសោះ ក្រៅតែអំពីបងប្អូន តើបងពិតជាឆ្គាំឆ្គងមែនអ្ហេ ទើបធ្វើឱ្យអូនយល់ច្រឡំក្នុងន័យផ្សេងបែបនេះ? យើងជាបងប្អូនជីដូនមួយនឹងគ្នាណាមាលតី!

‑ជីដូនមួយ ស្រឡាញ់គ្នាមិនបានទេអ្ហេ

‑តែបងមិនបានស្រឡាញ់អូនបែបនោះទេ បងដឹង! អម្បាញ់មិញនេះ បងតម្លើងសរសៃកចំពោះអូន តែអូនដឹងទេ ពេលដែលអូនឃើញបងនោះ គឺបងកំពុងតែជជែកពីការងារ បងស្មុគស្មាញណាស់ទៅហើយ

‑……….អូនសូមទោស! ………តែបងពិតជាមិនបានស្រឡាញ់នាងមែនអ្ហេ?

‑អូនកុំមានសង្ឃឹមចំពោះបងឱ្យសោះ អូនត្រូវចាំថា ទោះមានរឿងអ្វីក៏ដោយ ពួកយើងនៅតែជាបងប្អូន មិនអាចជាអ្វីផ្សេងឡើយ

‑ការពិត ខ្ញុំគិតមិនខុសទេ បងប្រាកដជាស្រឡាញ់នាង

‑បងនៅតែនិយាយ បងមិនធ្លាប់គិត តែបងនឹងគិត ព្រោះពុទ្ធិកា ជាមនុស្សម្នាក់គត់ ដែលបងចាប់ផ្តើមចេះអាណិត ហើយក៏ជាស្រីម្នាក់ ដែលធ្លាប់លះបង់ជួយបង ស្នេហាមិនអាចបង្ខំទេ ដូចជាបងពេលនេះអ៊ីចឹង ពុទ្ធិកានិយាយហើយ ថានាងគ្មានពេលគិតពីស្នេហាទេ ហើយបងក៏មិនអាចបង្ខំនាងដែរ បើសិនជានាងមិនស្រឡាញ់បង អូនយល់ទេ?….. តើអូនព្រមធ្វើជាប្អូនបងរហូតទេ ស្រីដ៏កាចឆ្នាស?

‑តែ……..

‑អូនមិនមែនមិនស្គាល់បងទេ ឬមួយសូម្បីតែទំនាក់ទំនងបងប្អូនក៏អូនមិនចង់រក្សា?…..ពួកយើងជាបងប្អូនបានទេ?……

មាលតីមិនស្តី ស្រស់ស្រីគិតមួយសន្ទុះ ទើបញញឹមតបនឹងសំណូមពរយុវជន។ នាងស្ទុះទៅឱបអ្នកកំលោះ ស្រាប់តែធ្លុះទៅតាមព្រិលបង្អួច ឃើញមនុស្សដែលនាងស្គាល់ច្បាស់ថាជាលោកគ្រូវាសនា នាងឧទានឡើងយ៉ាងប្រញាប់៖

‑ពុទ្ធិកាមានរឿងហើយ!

‑អូននិយាយអី?

‑ត្រូវហើយ! បងមើលវីដេអូនេះទៅ

គ្រាន់តែមើលវីដេអូនៅក្នុងទូរស័ព្ទដៃមាលតីហើយ យុវជនស្ទុះវឹងចេញទៅតាមរកយុវតី។

អ្នកកំលោះភ័យស្ទើរលស់ព្រលឹង ស្រាប់តែឃើញព្រលឹងមកឈរពីមុខធុងសំរាមនិយាយម្នាក់ឯងទៅវិញ។ បន្ទាប់ពីទទួលទូរស័ព្ទហើយហាក់ធូរស្បើយក្នុងចិត្ត យុវជនក៏ទៅឈរពីក្រោយយុវតី៖

‑មួយរយៈធំ ដែលខ្ញុំគិតថា បេះដូងខ្ញុំនៅទីនេះ បេះដូងខ្ញុំនៅក្នុងគំនរសំរាមនេះ តែមិនពិតទេ មែនទេ? តាំងពីតូចដល់ធំ ខ្ញុំគ្រាន់តែចង់ធ្វើជាគ្រូបង្រៀនដ៏ល្អម្នាក់ ខ្ញុំគ្រាន់តែចង់រស់នៅក្បែរក្មេងៗទាំងអស់នោះ ព្រោះពួកគេ សុទ្ធតែស្អាតបរិសុទ្ធ មិនពិសពុលដូចជាមនុស្សធំទេ តែខ្ញុំធ្វើមិនបាន តែខ្ញុំគឺជាកូនកតញ្ញូ តើមែនទេ? ខ្ញុំលះបង់ដើម្បីគ្រួសារខ្ញុំគឺត្រឹមត្រូវហើយ ដូចនេះ ចាប់ពីថ្ងៃនេះទៅ ខ្ញុំមិនត្រូវខូចចិត្តទៀតទេ ខ្ញុំនៅតែអាចបន្តឱកាស បន្តមនសិការរបស់ខ្ញុំ ជាមួយប្រទេសដ៏គួរឱ្យស្រឡាញ់និងមានមន្តស្នេហ៍មួយនេះ

‑ត្រូវហើយ! ឱកាសនៅតែមានចំពោះអ្នកដែលតស៊ូ អ្នកដែលមិនតស៊ូទេ ដែលគ្មានឱកាស ឱ្យតែចិត្តមានសន្តិភាព គ្រប់យ៉ាងនឹងមានសន្តិភាព

‑លោកអគ្គនាយក!

‑នៅទីនេះ ខ្ញុំមិនមែនជាអគ្គនាយកនាងទេ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ ដែលបានឮពីភាពសោកសង្រេងរបស់មនុស្សស្រីម្នាក់ ហើយចង់ប្រាប់នាងថា មនុស្សដែលពោរពេញដោយមនសិការ នោះហើយជាសេចក្តីត្រូវការរបស់សង្គមពិតប្រាកដ ហើយបើសង្គមនេះ សម្បូរមនុស្សដូចជានាង មិនដឹងជាប្រសើរយ៉ាងណាទេ

‑អរគុណចំពោះសារលើកទឹកចិត្តមួយឃ្លានេះ

‑មិនបានលើកទឹកចិត្តទេ តែវាជាការពិត សង្គមមួយនេះ គឺពិតជាត្រូវការមនុស្សដូចជានាង ៣០០ដុល្លារដែលខ្ញុំបានជួយនាងដោយមិនដឹងខ្លួននោះ វាពិតជាធ្វើឱ្យខ្ញុំមានមោទនភាពណាស់ អរគុណដល់សុបិន ដែលនាំខ្ញុំបានមកស្គាល់មនុស្សល្អដូចជានាង

‑លុយនោះ ជារបស់លោកអ្ហេ?

‑កាលនោះ ខ្ញុំពិតជាមិនពេញចិត្តក្នុងការឱ្យលុយទៅសុបិនខ្ចីឡើយ ព្រោះខ្ញុំក៏មិនសូវសម្បូរលុយ ហើយម្យ៉ាងខ្លាចប្អូនចាញ់បោកគេ តែដោយស្រឡាញ់និងទុកចិត្តប្អូន នៅទីបំផុត ខ្ញុំនៅតែខ្វេះពីហោប៉ៅឱ្យទៅវា ហើយបើខ្ញុំគិតមិនខុសទេ គឺព្រោះតែប្រាក់បីរយដុល្លារនេះហើយ ទើបនាងសម្រេចចិត្តមកធ្វើការនៅអមតៈមែនទេ? ទាំងអមតៈទើបតែចាប់ផ្តើមមិនទាន់មានជំហរច្បាស់លាស់ អរគុណនាង!

‑អរគុណ!

‑អរគុណទឹកចិត្តដ៏ប្រពៃនេះ

យុវតីញញឹម ហាក់ដូចជាធូរស្រាលណាស់អ៊ីចឹង យុវជនសម្លឹង គិតថាពិភពលោកនេះ រឹតតែស្រស់ស្អាត នៅពេលស្រីម្នាក់នេះញញឹម។

‑ត្រូវហើយ! ប៉ូលីសចាប់បានមនុស្សដែលដុតផ្ទះពុកម៉ែនាងហើយ

‑តើជាអ្នកណា?

‑លោកគ្រូវាសនា!

‑ថាម៉េច!

‑មាលតី ថតវីដេអូបាន នៅពេលដែលគាត់កំពុងនិយាយទូរស័ព្ទជាមួយបក្សពួកនោះ

‑ហ៊ឺ!….

‑ដកដង្ហើមធំធ្វើអី?

‑ព្រោះតែអំពើល្អរបស់ខ្ញុំ ទើបធ្វើឱ្យគាត់ក្លាយជាមនុស្សអាក្រក់

‑នាងគិតស្អី? កុំគិតតែផ្តាសណា មនុស្សមានផ្លូវច្រើនណាស់សម្រាប់ដើរ គាត់បានជ្រើសរើសផ្លូវខុសហើយ ដូចនេះគាត់ត្រូវតែទទួលខុសត្រូវលើកំហុសរបស់គាត់ វាមិនមែនជាកំហុសរបស់នាងទេ

‑កុំបារម្ភអី ខ្ញុំនៅតែជាខ្ញុំ………..

‑តើនាងចង់បង្រៀនទេ?

‑អាចដែរអ្ហេ?

‑បីថ្ងៃ អ្នកគ្រូភីសុំច្បាប់ទៅស្រុក នាងអាចជំនួសបានទេ?

‑ចាសបាន! អ្នកគ្រូភីបង្រៀនថ្នាក់ទីប៉ុន្មាន?

‑ក្រែងនាងជាអ្នកគ្រប់គ្រងខាងហ្នឹងអ្ហេ?

‑ត្រូវហើយ! គឺទីប្រាំមួយ ខ្ញុំភ្លេច………..

‑តើពួកយើងជជែកគ្នាដល់ណាហើយ?

‑មិនដឹងទេ! តែខ្ញុំគិតថា ខ្ញុំគួរតែត្រឡប់ទៅផ្ទះហើយ

‑ឈប់សិន! …..ខ្ញុំចង់សួរនាង………..តើស្នេហាជាអ្វី?

‑ខ្ញុំ………..អត់ដឹងទេ

‑ខ្ញុំក៏អត់ដឹងដែរ! តែពេលនេះ បេះដូងរបស់នាងកំពុងតែលោតញាប់ណាស់មែនទេ?

‑ម៉េចក៏លោកដឹង?

អ្នកកំលោះញញឹម ហើយយកដៃទៅចាប់កដៃយុវតី ដែលធ្វើឱ្យស្រស់ស្រីភ្ញាក់ព្រើត ហើយគ្រវាសចេញយ៉ាងរហ័ស៖

‑លោកធ្វើស្អីហ្នឹង?

‑ដៃនាងត្រជាក់ណាស់! តើនាងដឹងទេ ហេតុអ្វីក៏សុបិន មិនព្រមទទួលលុយដែលនាងសងយកមកឱ្យខ្ញុំ?…..ព្រោះតែវាជឿជាក់ថា បំណុលនៃការជំពាក់លុយនោះ នឹងក្លាយទៅជាបំណុលស្នេហ៍រវាងនាងហើយនិងខ្ញុំ

‑ខ្ញុំមិនសូវយល់ទេ ខ្ញុំទៅហើយ

‑នែ៎! ពេលនេះ ខ្ញុំសារភាពថា ខ្ញុំត្រូវការនាង ខ្ញុំចង់រៀបការជាមួយនាង ស្អែកនេះផ្តល់ចម្លើយមកឱ្យខ្ញុំណា…………

‑លោកគ្រាន់តែត្រូវការខ្ញុំ តែ…………..

‑បងស្រឡាញ់អូន! J

សេចក្តីត្រូវការរបស់មនុស្សមានមិនឈប់សោះ តែសម្រស់នៃស្នាមញញឹមប្រកបដោយសុភមង្គលមានតិចណាស់ បើមានឱកាសបម្រាស់បានពីភាពឈឺចាប់ គឺត្រូវតែប្រឹងប្រែងដល់ទីបំផុត។ មនុស្សដែលបានប្រៀបខ្លួនឯងទៅនឹងសំរាម មិនមែនបានន័យថា មនុស្សនោះអន់រកលេខដាក់គ្មាននោះទេ តែគេនឹងក្លាយទៅជាមនុស្សខ្លាំង ដោយការតស៊ូច្បាំងគ្រប់ឧបសគ្គដើម្បីដើរចេញពីគំនរសំរាមទាំងអស់នោះ។

ខ្ញុំស្រឡាញ់នាង ពុទ្ធិកា!

ចប់បរិបូរណ៍

សៀមរាបថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦

                    ដោយ៖         លាក់ ម៉ាឡែន         

                   ទូរស័ព្ទ៖        ០១៧ ៨៩៩ ០៥៨

                   អ៊ីម៉ែល៖        leakmalen11@leakmalen

About បេះដូងពិត

បេះដូងពិត

Posted on ខែកញ្ញា 1, 2021, in Uncategorized and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: