អំពី​ខ្ញុំ

លាក់ ម៉ាឡែន

អ្នកស្រី៖ លាក់ ម៉ាឡែន

វាចាបេះដូងពិត

សួស្តីអ្នកទាំងអស់គ្នា!

ស្វាគមន៍ ដំណើរមកកាន់ផ្ទះថ្មីរបស់ខ្ញុំ។ ជាការពិតណាស់ នេះជាផ្ទះមួយនៃ ពិភពអារម្មណ៍របស់ខ្ញុំ ហើយវា ក៏ជាក្តីស្រមៃមួយតាំងពីកុមារភាព របស់ខ្ញុំដែរ។ សូមអរគុណ ដល់ មិត្តភក្តិម្នាក់របស់ខ្ញុំ ដែលបានបង្កើត ផ្ទះថ្មីនេះឲ្យខ្ញុំ។ ពេលនេះ អារម្មណ៍ របស់ខ្ញុំប្រាប់ថា ខ្ញុំមានសេចក្តីសុខណាស់ ហើយអ្វីដែលជាក់ច្បាស់នោះ គឺខ្ញុំចង់ផ្ទេរសេចក្តីសុខនេះ ទៅកាន់អ្នកទាំងអស់គ្នា។ សូមឲ្យអ្នកមកកាន់ប្លុកនេះ ពេលត្រឡប់ទៅវិញ នាំយកនូវអារម្មណ៍រីករាយទៅជាមួយផង។

_________________________________________________________

ស្នាដៃខ្ញុំ

I.ប្រលោមលោក

១. ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប(២០០៩) (http://www.khmerload.com/news/1034)

២. យុវវ័យរបស់ខ្ញុំ(២០១០) (http://www.khmerload.com/news/3708)

៣. បេះដូងកវី (២០១១) (ជ័យលាភីលេខ១ ពានរង្វាន់បទុមត្ថេ សោម ឆ្នាំ២០១១)

II.រឿងខ្លី

១.បេះដូងឈឺចាប់(២០០៥) (http://www.khmerload.com/news/4317)

២.ទំហំនៃក្តីស្រលាញ់(២០០៦)

៣.ឋានស្អាតនៅឯណា?(២០០៧)

៤.គួរស្រលាញ់អ្នកណាមុន?(២០០៧)

៥.អង្គរក្សទាំងប្រាំបី(២០០៧)

៦.មិនធ្លាប់ស្នេហ៍តែចិត្តស្មោះ(២០១០)

៧.ក្លិនផ្កាណាគ្រី(២០១០)

៨.ស្នេហាក្នុងបេះដូង(២០១០)

៩.វិបត្តិស្នេហ៍អតីតកាល(២០១១)

១០.បេះដូងក្រោមពន្លឺព្រះចន្ទ(២០១១)

១១.និស្ស័យស្នេហ៍តាមfacebook(២០១២)

១២.ស្នាមថើបក្នុងក្រអៅបេះដូង(២០១២)

១៣. ពិភពខ្ញុំ (២០១២) (ចំណាត់ថ្នាក់លេខ១ រង្វាន់របស់អង្គការជនពិការ”ឆេម” ឆ្នាំ២០១២ ឧបត្ថម្ភដោយកាកបាទក្រហម អូស្រ្តាលី)

១៤. មនុស្សដែលខ្ញុំស្រលាញ់(២០១២)

១៥. ថៅកែទឹកអំពៅ(២០១២)

១៦.ស្នេហាខ្ញុំ (២០១២)

១៧.បេះដូងបែងភាគ(២០១២)

១៨. កុំបោះបង់ខ្ញុំ(២០១៣)

១៩. នេត្រាដួងចិត្ត(២០១៣)

២០.ពេជ្ឈឃាដស្នេហ៍(២០១៣)

២១.ទឹកភ្នែកមួយតំណក់(២០១៣)

២២.បេះដូងខ្ញុំក្នុងទ្រូងអ្នក(២០១៣)

២៣.ខ្ញុំស្រឡាញ់អ្នកគ្រូ (២០១៥)

២៤.មេឃស្នេហ៍(២០១៥)

២៥.បេះដូងស្មោះរបស់អូន(២០១៥)

២៦.មន្តស្នេហ៍សំរាម(២០១៦)

III.ប្រលោមកំណាព្យ

១.ជ្រៃស្នេហ៍អភ័ព្វ(២០០៤)

២.ចិត្តឃោរឃៅ(២០០៥)

៣.រឿងជីវិតខ្ញុំ(២០០៧)

៤.រឿងស្រមោលស្នេហ៍និស្សិត(២០០៧)

IV.រឿងសម្រាប់កុមារ

១.ការបាត់ខ្លួនរបស់ផាវីតា(២០១២)

២.ភូមិមាស(២០១២)

៣.ខ្សែមុង(២០១២)

៤.ឋានសួគ៌និងគ្រួសារ(២០១២)

៥.សំឡេងបងស្រី(២០១២)

V.កំណាព្យ

១.កម្រងកំណាព្យ “បេះដូងនៃការរង់ចាំ” (២០០២-២០១២)

២.កម្រងកំណាព្យ “ក្រោយពេលស្គាល់បង” (កំពុងចងក្រង) (២០១៣)

_________________________________________________________

ក្តីស្រមៃមុនថ្ងៃ១២ កក្កដា ឆ្នាំ២០១២

ឆ្នាំ១៩៩៦

ខ្ញុំនៅចាំថា កាលខ្ញុំនៅជាកុមារអាយុ១២ឆ្នាំ គឺខ្ញុំចាប់ផ្តើមកាន់ប៊ិច រំលេចអក្សរ តាមសេចក្តីត្រេកអរនៃបេះដូងរបស់ខ្ញុំ ប៉ុន្តែពេលនោះ ខ្ញុំឆ្ងល់ថា ហេតុអ្វីក៏ខ្ញុំមិនអាចធ្វើបាន? ខ្ញុំបានព្យាយាមជាច្រើនលើកច្រើនសារ តែសរសេរបានតែពាក់កណ្តាលរឿង ខ្ញុំបោះបង់ចោល ព្រោះមិនពេញចិត្ត មិនស្កប់ចិត្តនឹងអ្វីដែលខ្ញុំបាននិពន្ធហើយ។ ក្រោយមកទៀត ខ្ញុំតែងតែឆ្លៀតរត់ចូលក្នុងបន្ទប់ពួនសំងំតែម្នាក់ឯង នៅទីបំផុត ខ្ញុំក៏បានបញ្ចប់រឿងមួយ ដែលមានចំណងជើងថា “មាននិស្ស័យគង់តែជួប”។ រឿងនេះ គឺជារឿងដំបូងរបស់ខ្ញុំហើយ ប៉ុន្តែខ្ញុំក៏បោះបង់វា ព្រោះតែមើលឡើងវិញ វាហាក់មិនទំនងទាល់តែសោះ។ ទោះយ៉ាងណា ខ្ញុំនៅតែមានចង្ងល់ថា ហេតុអ្វីក៏ខ្ញុំធ្វើមិនបាន?

ឆ្នាំ២០០០

គំនិតនៃការសរសេររឿងរបស់ខ្ញុំ ត្រូវរក្សាទុកមួយរយៈ ព្រោះតែជាប់រវល់ក្នុងការសិក្សាផង ប៉ុន្តែខ្ញុំមិនដែលបោះបង់ បំណងប្រាថ្នាជាអ្នកនិពន្ធឡើយ។ រហូតថ្ងៃមួយ គ្រូបន្ទុកថ្នាក់ បានដឹកនាំពួកយើងស្វ័យសិក្សានៅតាមប្រាសាទ ពេលត្រឡប់មកផ្ទះវិញ លោកគ្រូក៏ឲ្យពួកយើងសាកល្បងតែងកំណាព្យទាក់ទងនឹងដំណើរស្វ័យសិក្សារបស់ពួកយើង ខ្ញុំក៏ចាប់ផ្តើមចេះសរសេរកំណាព្យពីពេលនោះមក។ ខ្ញុំមិននឹកស្មានសោះ សូម្បីតែលោកគ្រូផ្សេងទៀត ក៏គាត់ចាប់អារម្មណ៍ពីស្នាដៃរបស់ខ្ញុំដែរ រហូតគាត់ឲ្យខ្ញុំសរសេរកំណាព្យជូនគាត់។ មិត្តភក្តិមួយចំនួន បានចាប់អារម្មណ៍លើស្នាដៃរបស់ខ្ញុំ ហើយរាល់ពេលដែលគ្រូ ឲ្យណែនាំខ្លួន គ្រប់គ្នាតែងតែសម្លឹងមកខ្ញុំ ព្រោះក្នុងចំណោមគ្នាហាទៅហុកសិបនាក់ មានតែខ្ញុំម្នាក់គត់ ដែលប៉ងប្រាថ្នាធ្វើជាអ្នកនិពន្ធ។ ក្នុងកំឡុងប៉ុន្មានឆ្នាំនេះ គឺខ្ញុំមិនបានព្យាយាមសរសេរប្រលោមលោកឡើយ តែដៃរបស់ខ្ញុំនៅតែកាន់ប៊ិច នៅពេលដែលខ្ញុំសម្រាកពីការសិក្សា។

ឆ្នាំ២០០២

ខ្ញុំប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយ្យភូមិ ខ្ញុំក៏ស្រាប់តែមានអារម្មណ៍ថា សេចក្តីប្រាថ្នារបស់ខ្ញុំ កាន់តែឃ្លាតឆ្ងាយពីខ្ញុំហើយ ព្រោះខ្ញុំពុំដឹងថា ត្រូវទៅរៀនវិជ្ជានេះ នៅកន្លែងណា? ម្យ៉ាងទៀត ក្រុមគ្រួសាររបស់ខ្ញុំ ពុំបានដឹងពីបំណងប្រាថ្នានេះឡើយ។ ខ្ញុំដាក់ពាក្យប្រឡងធ្វើគ្រូបង្រៀន នៅទីបំផុត អនាគតរបស់ខ្ញុំគឺមើលឃើញហើយ គឺគ្រូបង្រៀន។ ខ្ញុំឈានជើងដើរចូលក្នុងសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ខ្ញុំហាក់ដូចជាអស់កម្លាំង តែខ្ញុំហាក់ដូចជាភ្ញាក់ព្រើត នៅពេលឮសូរសំឡេងអតីតមិត្តរួមថ្នាក់ម្នាក់កាលរៀននៅវិទ្យាល័យ បន្លឺឡើងថា៖ ក្រែងចង់ក្លាយជាអ្នកនិពន្ធ ហេតុអីក៏មករៀននៅទីនេះ?។ កាលនោះ ខ្ញុំដឹងថាខ្ញុំអស់សង្ឍឹមណាស់ តែខ្ញុំបែរជាឆ្លើយដោយស្នាមញញឹមថា៖ ត្រូវហើយ! ខ្ញុំនឹងក្លាយជាអ្នកនិពន្ធ។ ការពិតខ្ញុំនឹកឃើញហើយ ខ្ញុំចាប់ផ្តើមមានសង្ឃឹមសារជាថ្មី ព្រោះអ្វីដែលខ្ញុំគិតដល់ គឺនៅពេលក្លាយជាគ្រូបង្រៀន ខ្ញុំមិនត្រឹមតែបន្តការនិពន្ធទេ សំខាន់ៗនោះ ខ្ញុំនៅមានសិស្សរបស់ខ្ញុំ ពួកគេនឹងក្លាយទៅជាតួសម្តែងនៃរឿងរបស់ខ្ញុំ។ ខ្ញុំលែងគិតពីអ្វីទាំងអស់ គឺខ្ញុំត្រូវតែខំរៀនមួយមុខប៉ុណ្ណោះ។

ឆ្នាំ២០០៣‑២០០៤

ខ្ញុំធំពេញវ័យហើយ ហើយក៏មានអារម្មណ៍ថា ខ្ញុំចេះស្រលាញ់ ចេះមានស្នេហាដែរ។ ខ្ញុំបានលួចស្រលាញ់មនុស្សម្នាក់ ដែលជាមិត្តរួមថ្នាក់របស់ខ្ញុំ ដោយមិនដឹងខ្លួន។ ពេលដែលខ្ញុំដឹងថា ខ្ញុំស្រលាញ់គេ ខ្ញុំបែរជាមិនដកថយ បែរជាបណ្តោយឲ្យអារម្មណ៍រវើរវាយតាមអំពើចិត្ត តែខ្ញុំនៅតែមិនក្លាហានក្នុងការសារភាពស្នេហ៍នេះ។ ខ្ញុំលាក់រហូត ព្រោះខ្ញុំក៏មិនបានដឹងពីអារម្មណ៍មនុស្សប្រុសម្នាក់នោះ មកលើខ្ញុំដែរ។ បេះដូងខ្ញុំកម្រើក ដៃរបស់ខ្ញុំក៏កម្រើកដូចគ្នា។ អារម្មណ៍លួចស្រលាញ់គេ គឺពិបាក តែខ្ញុំក៏មិនអាចបង្ហាញវាបានដែរ ព្រោះតែខ្ញុំឈរនៅលើទស្សនមួយគឺ “បេះដូងមានតែមួយ”។ ខ្ញុំគិតដល់ប្រពៃណីជាស្រី ខ្ញុំគិតដល់គ្រួសារ នៅទីបំផុត អក្ខរាបង្ហាញពីភាពតក់ស្លុតនឹងស្នេហា បានផុសឡើងនៅលើសៀវភៅមួយក្បាល។

ប្រលោមលោកដំបូងរបស់ខ្ញុំ បានចេញជារូបរាងឡើង នៅឆ្នាំ២០០៤។ នៅទីបំផុត ខ្ញុំយល់ហើយ ហេតុអ្វីកន្លងមក ការតែងនិពន្ធរបស់ខ្ញុំតែងតែរាំងស្ទះ ការពិតគឺខ្វះចំណុចមួយដ៏សំខាន់ គឺ”ស្នេហា”។ ស្នេហានេះហើយ ដែលធ្វើឲ្យខ្ញុំមានចិត្តអំណត់ ក្នុងការនិពន្ធរឿង។ ការពិតខ្ញុំឯកា បន្ទាប់ពីបែកពីគេទៅបំពេញភារកិច្ចរៀងខ្លួន ខ្ញុំនឹកគេរហូត តែការនឹករលឹកទាំងប៉ុន្មាន គឺស្ថិតនៅលើក្រដាសសៀវភៅទាំងអស់ មិនតែប៉ុណ្ណោះ សូម្បីតែបទភ្លេង ក៏ខ្ញុំអាចនិពន្ធបានដែរ។ វាគួរឲ្យអស្ចារ្យណាស់ ហេតុអ្វីក៏ស្នេហា បង្រៀនខ្ញុំច្រើនយ៉ាងនេះ?

ឆ្នាំ២០០៥

ខ្ញុំចាប់ផ្តើមសរសេររឿងថ្មីមួយផ្សេង រឿងនេះមានចំណងជើងថា “បេះដូងឈឺចាប់” វាកើតចេញពីការប្រឌិតរបស់ខ្ញុំទាំងស្រុង ប៉ុន្តែចំណងជើងគឺជាអារម្មណ៍ក្រៀមក្រំរបស់ខ្ញុំនៅពេលនោះ។ ខ្ញុំបានបញ្ចប់រឿងនេះ ដោយបរិបូណ៌ ពុំមានឧបសគ្គអ្វីឡើយ។

ឆ្នាំ២០០៦‑២០១០

ខ្ញុំមើលទៅពិភពលោកនេះ ហាក់ដូចជាធំធេងណាស់ ខ្ញុំមិនអាចរត់ពួនទេ ខ្ញុំក៏សម្រេចរៀនបន្តនៅមហាវិទ្យាល័យ ឈោងចាប់យក ជំនាញគ្រប់គ្រង ព្រោះខ្ញុំគិតថា យ៉ាងហោចណាស់ ក៏ខ្ញុំអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានដែរ។ ខ្ញុំសម្លឹងមើលមនុស្សជុំវិញខ្លួន ក្រោយមក ខ្ញុំចាប់ផ្តើមរៀនញញឹមទៅរកមនុស្សទាំងអស់នោះ ខ្ញុំហ្វឹកហាត់ខ្លួនឯង ដើម្បីក្លាយជាមនុស្សម្នាក់ ដ៏មានជំនឿចិត្ត ក្រោយមកខ្ញុំក៏លែងមានពេលគិតពីស្នេហា ខ្ញុំរវល់ការងារផង រៀនផង សល់ពេលបន្តិចបន្តួចគឺនិពន្ធរឿង។

ស្នាដៃនិពន្ធរបស់ខ្ញុំ បានផុសចេញឡើងជាបន្តបន្ទាប់ តែវានៅតែក្នុងទូរប៉ុណ្ណោះ។ មិនដឹងហេតុអ្វីដែរ ទោះស្នាដៃទាំងនេះ ពុំបានផ្សព្វផ្សាយទៅណា ក៏ខ្ញុំនៅតែញញឹម ហើយបន្តការនិពន្ធពុំដែលខាន។ ខ្ញុំតែងតែនិយាយជាមួយសៀវភៅទាំងអស់ខ្ញុំថា៖ ថ្ងៃណាមួយ ពិភពលោកនេះនឹងបានឃើញពួកឯង។ ខ្ញុំបានអភិវឌ្ឍន៍ខ្លួនរហូត ថ្ងៃមួយខ្ញុំបានឮពីការប្រឡងស្នាដៃនិពន្ធ តែការប្រឡងនេះ ខ្ញុំពុំទទួលបានជោគជ័យឡើយ។ ខ្ញុំអស់សង្ឃឹមបន្តិច តែកម្លាំងចិត្តក៏មានមកវិញ ហើយចាប់ផ្តើមនិពន្ធទៀត។

ឲ្យតែទំនេរពីការងារ គឺខ្ញុំនៅតែក្នុងបន្ទប់ប៉ុណ្ណោះ រហូតពេលខ្លះ ក្រុមគ្រួសារខ្ញុំក៏បារម្ភពីខ្ញុំដែរ ថាខ្ញុំកំពុងតែធ្វើអ្វី?

ឆ្នាំ២០១១‑២០១២

ខ្ញុំបានឃើញគេហទំព័រ http://www.khmerload.com ដែលមិត្តភក្តិshare បន្តគ្នានៅលើហ្វេសបុក ក្នុងនោះបានចុះផ្សាយថា ទទួលរាល់ស្នាដៃនិពន្ធ ហើយផ្សព្វផ្សាយ ក្នុងរយៈពេលមិនលើសពីម្ភៃបួនម៉ោង។ ខ្ញុំក៏បានផ្ញើរឿងដែលទើបនិពន្ធចប់ទៅ។ មិនគួរឲ្យជឿទេ ខ្ញុំពិតជាបានឃើញ រឿងនិពន្ធរបស់ខ្ញុំនៅលើគេហទំព័រខ្មែរឡូតមែន។ មានប្រិយមិត្តជាច្រើន បង្ហាញពីចំណាប់អារម្មណ៍របស់ខ្ឡួន ចំពោះស្នាដៃខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា គ្រប់គ្នាមើលឃើញខ្ញុំហើយ ក្តីស្រមៃរបស់ខ្ញុំ មានពន្លឺហើយ។ ចាប់តាំងពីពេលនោះមក រឿងនិពន្ធរបស់ខ្ញុំ ក៏ត្រូវបានផ្សព្វផ្សាយ។

ថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១២

ខ្ញុំបានទទួលទូរស័ព្ទមួយ ដែលធ្វើឲ្យខ្ញុំញ័រអស់ជើងដៃ សូម្បីតែបេះដូង ក៏លោតញាប់ ចាប់មិនជាប់ដែរ គឺខាងនាយកដ្ឋានសៀវភៅនៅភ្នំពេញ តេមក ឲ្យខ្ញុំទៅចូលរួមពិធីប្រកាសលទ្ធផល ស្នាដៃនិពន្ធប្រលោមលោក និងកំណាព្យរឿង ពានរង្វាន់បទុមត្ថេរសោម ឆ្នាំ២០១១។ ខ្ញុំមិនមានសង្ឃឹមទេ តែខ្ញុំនៅតែក្លាហាន ទៅចូលរួមពិធីនេះនៅបណ្ណាល័យជាតិ រាជធានីភ្នំពេញ។

នៅទីបំផុត លទ្ធផលដែលប្រកាសមុនគេបង្អស់ គឺរឿង”បេះដូងកវី” ជាស្នាដៃនិពន្ធរបស់ខ្ញុំ ខ្ញុំនឹករកអ្វីពិពណ៌នាពីចិត្តរំភើបរបស់ខ្ញុំមិនបានឡើយ តែពេលនោះ ខ្ញុំបានត្រឹមតែចាប់ដៃប្អូនប្រុសរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំត្រឡប់មកផ្ទះវិញ ដោយនាំទាំងពានរង្វាន់មកជាមួយ មិនមែនត្រឹមតែខ្ញុំទេ ដែលរីករាយ ក្រុមគ្រួសារខ្ញុំទាំងអស់ ពួកគាត់សប្បាយចិត្តណាស់។

ខ្ញុំគេងសម្លឹងពានរហូតដល់លង់លក់ ហើយភ្ញាក់ឡើង ក៏មានអារម្មណ៍ភិតភ័យយ៉ាងខ្លាំង ព្រោះស្មានថា គ្រប់យ៉ាងគឺជាការសុបិន តែការពិត វាជាការពិតទាំងអស់។

ខ្ញុំគិតថា ខ្ញុំបានជោគជ័យហើយ ទោះមនុស្សស្គាល់ខ្ញុំមិនច្រើន តែក្តីបំណងមួយនេះ គឺខ្ញុំបានសម្រេចហើយ។ ទាំងនេះ កើតចេញពីការអត់ធ្មត់ ព្យាយាម និងទេពកោសល្យរបស់ខ្ញុំយ៉ាងពិតប្រាកដ។

សូមអរគុណលោកប៉ា អ្នកម៉ាក់ ដែលបង្កើតកូន ឲ្យមានឧបនិស្ស័យមួយនេះ

សូមអរគុណដល់ លោកយាយ អ៊ំស្រី លោកពូ អ្នកមីង និងបងប្អូនរបស់ខ្ញុំទាំងអស់ ដែលផ្តល់កម្លាំងចិត្តឲ្យខ្ញុំរហូតមក

សូមអរគុណ ដល់គេហទំព័រ www.khmerload.com ដែលផ្តល់ឱកាសផ្សព្វផ្សាយរាល់ស្នាដៃរបស់ខ្ញុំ

សូមអរគុណ លោកពូ អ៊ីវហួត(កវីប៉ាក់ការប្រាក់) ជួយជម្រុញ និងផ្តល់បទពិសោធន៍ល្អដល់ខ្ញុំ

សូមអរគុណមិត្តភក្តិ និងប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ស្នាដៃ ហើយផ្តល់ទាំងកម្លាំងចិត្ត និងថវិកាដល់រូបខ្ញុំ

ដរាបណាខ្ញុំនៅមានជីវិត ចុងហត្ថរបស់ខ្ញុំនៅតែគ្រវាសឡើង

_________________________________________________________

ការនិពន្ធបទភ្លេង និងទំនុកច្រៀងរបស់ខ្ញុំ

ប្រិយមិត្តពិតជាបានឃើញនូវទំព័រមួយ ដែលមានចំណងជើងថា បទភ្លេងគ្មានអក្សរ។ បើអ្នកចុចលើវា អ្នកនឹងបានឃើញចម្រៀងជាច្រើន ហើយប្រហែលជាឆ្ងល់ថា ចម្រៀងស្អី? ឃើញតែទំនុកចម្រៀង ចុះឯណាបទភ្លេង? ពិតណាស់ មកពីអ៊ីចឹងហើយ ទើបទំព័រនេះមានចំណងជើងថា បទភ្លេងគ្មានអក្សរ។ ការពិត បទភ្លេងមានហើយ តែគ្មានអក្សរភ្លេង ព្រោះខ្ញុំមិនចេះអក្សរភ្លេងទេ។ ខ្ញុំក៏ឆ្ងល់ខ្លួនឯងដែរ ខ្ញុំអាចនិពន្ធបទភ្លេងបាន តែខ្ញុំមិនចេះអក្សរភ្លេង ដូច្នេះ បទភ្លេង ដែលបានកើតឡើង គឺនៅក្នុងrecordរបស់ខ្ញុំ។ ប្រិយមិត្តខ្លះ ប្រហែលជាបានស្តាប់រួចហើយ ពីរបទដែលខ្ញុំព្យាយាមបញ្ចេញវា ដោយមានការជួយជ្រោមជ្រែងពីគេហទំព័រ http://www.khmerload.com/ ដែលបទទាំងពីរនេះ មានចំណងជើងថា៖

១.ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប 

២.ស្នាមញញឹម (ដេញហ្គីតា និងច្រៀងដោយប្អូនប្រុសរបស់ខ្ញុំ)

ខ្ញុំនិពន្ធបទភ្លេង និងទំនុកច្រៀង ដែលខ្ញុំគិតថា វាចេញពីអារម្មណ៍ពិត បេះដូងពិតរបស់ខ្ញុំគឺបានជិត៥០បទហើយ។ ខ្ញុំតែងតែនឹកស្រមៃថា មនុស្សទាំងអស់ និងបានស្តាប់បទចម្រៀងរបស់ខ្ញុំ ប៉ុន្តែក្តីស្រមៃ ហាក់បីដូចជានៅឆ្ងាយខ្លាំងណាស់ តែខ្ញុំមិនអស់សង្ឃឹមទេ ទោះមនុស្សទូទាំងពិភពលោកនេះ មិនបានឮចម្រៀងរបស់ខ្ញុំ ក៏ខ្ញុំនៅតែបន្តការនិពន្ធនេះតទៅទៀត យ៉ាងហោចណាស់ ខ្ញុំអាចធ្វើឲ្យគ្រួសារ មិត្តភក្តិ និងសិស្សានុសិស្សរបស់ខ្ញុំ ញញឹមឡើង នៅពេលដែលខ្ញុំច្រៀងឲ្យពួកគេស្តាប់។ មិនមែនអស្ចារ្យទេ តែពេលខ្លះ ខ្ញុំក៏លួចសរសើរខ្លួនឯងដែរ។ និយាយលេងទេ!

ពេលនេះ ខ្ញុំកំពុងតែស្វែងរកប្រិយមិត្ត និងផលិតករ សម្រាប់រឿងនិពន្ធ និងបទចម្រៀងរបស់ខ្ញុំ។ តើមានសង្ឃឹមទេហ្ន៎!!!

_________________________________________________________

ជីវប្រវត្តិសង្ខេប

នាម និងគោត្តនាម                  លាក់ ម៉ាឡែន          ភេទ ស្រី

ជាអក្សរឡាតាំង                     Leak Malen

មុខងារបច្ចុប្បន្ន                        គ្រូបង្រៀននៅសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប

ថ្ងៃខែឆ្នាំកំណើត                     ២៥ សីហា ១៩៨៤

ទីកន្លែងកំណើត                     ភូមិពោធិ៍បន្ទាយជ័យ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប

ស្ថានភាពគ្រួសារ                    រៀបការថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៣

                                         ជាកូនទីបី(មានបងស្រីពីរនាក់ ប្អូនស្រីពីរនាក់ និងប្អូនប្រុសពីរនាក់)

ស្វាមីឈ្មោះ                            ពៅ ប៊ុនរ័ត្ន ជាបុគ្គលិកក្រុមហ៊ុនឯកជន

កូនឈ្មោះ                               ពៅ រៀបរៀង (២៤ មិថុនា ២០១៤)

ការរៀនសូត្រ                       

ឆ្នាំ១៩៩០១៩៩៦                សាលាបឋមសិក្សាពោធិ៍បន្ទាយជ័យ ខេត្តសៀមរាប

ឆ្នាំ១៩៩៦២០០២                សាលាវិទ្យាល័យហ៊ុន សែនវត្តស្វាយ ខេត្តសៀមរាប

ឆ្នាំ២០០២២០០៤                សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

ឆ្នាំ២០០៦២០១០                សាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប

ការងារ

ឆ្នាំ២០០៤-២០០៨              បង្រៀននៅសាលាបឋមសិក្សាភ្នំក្រោម

ឆ្នាំ២០០៨-បច្ចុប្បន្ន            បង្រៀននៅសាលាបឋមសិក្សាវត្តបូព៌

ពេលទំនេរ                           ចូលចិត្តច្រៀង សរសេររឿង កំណាព្យ និងនិពន្ធបទភ្លេង។

អាសយដ្ឋានបច្ចុប្បន្ន     ភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

E-mail           leakmalen11@gmail.com

___________________________________________________________________

ខ្ញុំអាចជាមនុស្សម្នាក់ ដែលទន់ខ្សោយបំផុត តែខ្ញុំក៏អាចជាមនុស្សម្នាក់ ដែលរឹងប៉ឹងបំផុតដូចគ្នា។ ចុះអ្នកវិញ?

  1. រីករាយ​ដែល​បាន​ស្គាល់​បង​ស្រីជា​អ្នក​គ្រូផង ជា​អ្នក​និពន្ធ​ផង​ គួរ​ឱ្យ​កោត​សរសើរ​មែន ។

  2. សូម​ជំរាបសួរ​បង​ស្រី​ជាទីមេត្រី រីករាយណាស់ដែល​បាន​ស្គាល់​។ ស្នា​ដៃ​ល្អ​ណាស់​នៀក

  3. រីករាយ​ដែល​បាន​ចូលលេង​ផ្ទះ​អ្នក​គ្រូ..

  4. សួស្តីអ្នកគ្រូ និងមិត្តទាំងងអស់គ្នា ! ខ្ញុំគិតថាអក្នគ្រូជាមនុស្សចូលចិត្ត និងស្រលាញ់អក្សរសាស្រ្តជាតិណាស់ ដូច្នេះខ្ញុំសូមជូនពរឲ្យអ្នគ្រូបានសម្រេចតាមគោលបំណង។
    សូមអរគុណ!
    http://cambodiabulletin.wordpress.com/
    http://globalbc-news.blogspot.com/

  5. ញ៉ុមចូលចិត្តអានរឿងប្រលោមលោកណាស់, បើបងមានពេលសូមជួយសរសេរចែកញ៉ុមអានផងបានទេ, 🙂 ជាពិសេសចង់អានរឿង ចាំស្នេហ៍ក្បែរស្ទឹងសៀមរាប ។

  6. អានចប់ម៉ារឿង ទើបស្គាល់អ្នកនិពន្ធ។ រីករាយដែលបានស្គាល់បង! ខ្ញុំ «រីតា» រីករាយដែលបានស្គាល់បង…!:)

  7. YOu have written so many stories. Where and how can I get those stories

  8. សួស្តីបង ធ្លាប់តែឃើញរឿងរបស់បងចុះផ្សាយលើគេហទំព័រខ្មែរឡូត ទើបតែពេលនេះបានស្គាល់

  9. សប្បាយចិត្ត​ណាស់ដែលបានស្គាល់បង បងដឹងទេពេលខ្ញុំមើលរឿងបងម្ដងៗ make my feel good and also my fri say that u can read story without picture and sound they said me is crazy but i alway ready ur story it’s very good because i like it.

  10. Ur story about u make me feel excited nas… I really love to read ur Novels… Sometime i tear while reading ur Novels… Thanks for ur written, it makes me out of boring and sadness… Thank Sister… even i never meet u but i like u…

  11. hi teacher me te kimyou is your student. I want to read your web site.

  12. wow is so good i can see every thing for it i like.

  13. I’m proud of you, sister. I support your work and I think all Cambodian people will soon recognize your work. Keep your real heart.

  14. រីករាយដែលបានចូលលេង និងបានស្គាល់ 🙂

  15. ចំរើនពរ ញោមលាក់​ ម៉ាឡែន ត្មារីករាយដែលបានអានទំព័រនេះ បើមានពេលត្មានឹងចូលមកអានទៀត។

  16. មិនដឹងថាផ្ទះនេះមានអត្ថបទល្អៗសោះយូរហើយមិនប្រាប់ទេ

  17. First, I am sorry that I could not write Khmer. It is nice to have found your blog through tweeter! I enjoy reading your blog!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: