រឿងខ្លី “បេះដូងក្រោមពន្លឺព្រះចន្ទ”

បេះដូងក្រោម rightផ្តើមរឿង

      នៅក្រោមពន្លឺព្រះចន្ទព្រាលៗ គេឃើញស្រ្តីវ័យប្រមាណជាម្ភៃឆ្នាំ កំពុងបីកូន ដើរចូលទៅក្នុងផ្ទះឈើបុរាណមួយ។ ប្តីប្រពន្ធមួយគូក៏ដើរចេញមកពីក្នុងផ្ទះ ដោយ​ទឹកមុខរួសរាយរាក់ទាក់ ទៅរកស្រ្តីម្នាក់នោះ។ ពួកគេទាំងបីនាក់ពុំបានអង្គុយឡើយ គ្រាន់តែស្រ្តីបីកូនបន្លឺឡើង ពីរនាក់ប្តីប្រពន្ធផ្លាស់ប្តូរទឹកមុខមួយរំពេច។

-ចាត់ទុកថាឯងជួយខ្ញុំទៅណា ខ្ញុំសូមអង្វរ!

-ឯងមិនអាចធ្វើអ៊ីចឹងបានទេ ក្មេងនេះនៅតូចណាស់ ឯងមិនអាណិតវាទេអ្ហេ?

-ខ្ញុំមិនទៅចោលវារហូតឯណា ពីរឬបីឆ្នាំក្រោយ ខ្ញុំនឹងមកយកវាទៅរស់នៅជា​មួយ​​ខ្ញុំ ខ្ញុំសូមអង្វរណា មានតែឯងទេ ដែលខ្ញុំអាចទុកចិត្តបាន

-ឯងនិយាយតាមត្រង់មក ហេតុអីក៏ឯងមិនអាចយកកូនទៅជាមួយបាន? ប្រុសនោះ ម៉េចនឹងអាចមិនដឹងថា ឯងកូនខ្ចីនោះ?

-ខុសមកពីខ្ញុំ គាត់ដឹងថា ខ្ញុំទើបតែសម្រាលកូនពិតមែន តែខ្ញុំកុហកគាត់ ថា​កូនស្លាប់បាត់ទៅហើយ

-ម៉េចក៏ឯងធ្វើអ៊ីចឹង?

-ខ្ញុំខុសហើយ! ឯងជួយខ្ញុំផងទៅបានទេ? ឯងក៏ដឹង ថាខ្ញុំមិនអាចឲ្យក្មេងនេះ ទៅប៉ារបស់គេបានទេ

-ចុះបើប៉ារបស់គេមករកដល់ទីនេះ?

-ទោះយ៉ាងណា ក៏ឯងមិនត្រូវឲ្យកូននេះទៅគេឡើយ ជួយខ្ញុំផងទៅណា ខ្ញុំពិត​ជាមិនចង់វេទនាតទៅទៀតទេ ខ្ញុំសូមអង្វរ!

-អ៊ីចឹងឯងត្រូវតែសន្យានឹងខ្ញុំ ពេលដែលបានចូលសញ្ជាតិហើយ ត្រូវតែមក​យកកូននេះត្រឡប់ទៅវិញ ស្តាប់បានទេ?

-អរគុណ! ខ្ញុំនឹងមកវាត្រឡប់ទៅវិញ អរគុណ

បន្ទាប់ពីប្រគល់កូនហើយ ស្រ្តីម្នាក់នោះក៏ចាកចេញទៅ។ ពីរនាក់ប្តីប្រពន្ធ សម្លឹងមើលទារិកាដោយទឹកមុខស្រទន់ ប្រកបដោយក្តីមេត្តា តែស្រាប់តែឮសំឡេង​ចេញពីក្នុងផ្ទះប្រាវ៖

-បង! កូនយើង?

-បងទៅមើល!

 

 

វគ្គ១                                   សេចក្តីស្រលាញ់

ប្រាំពីរឆ្នាំក្រោយមក

          ក្រោមពន្លឺព្រះចន្ទដ៏ស្រទន់ ស្រ្តីជាប្រពន្ធបន្លឺទៅកាន់ស្វាមី៖

-ស្អែកនេះ ជាខួបគម្រប់អាយុប្រាំពីរឆ្នាំរបស់ចន្រ្ទាហើយ គិតទៅមួយប៉ប្រិច​ភ្នែកសោះ កូននេះធំយ៉ាងនេះទៅហើយ តែនៅមិនទាន់ដឹងថា ឪពុកម្តាយជា​នរណាឡើយ តែវាបែរជាហៅពួកយើងថា ប៉ាម៉ាក់ឡើងពេញមាត់

-គ្មានដំណឹងពីស៊ីណាទេអ្ហេ?

-គ្មានទេ! មិនដឹងថានាងជួបទុក្ខ ឬក៏សុខទេ ទើបបាត់ដំណឹងសូន្យឈឹងយ៉ាង​នេះ ហ៊ឺ!………..

-អូនមិនអីទេអ្ហេ?

-ចុះបង?

-បងយ៉ាងម៉េច?

-បងមិនស្តាយក្រោយ ដែលយើងទទួលក្មេងនេះមកចិញ្ចឹមទេអ្ហេ?

-កាលពីដំបូង បងដូចជាមានអារម្មណ៍ទើសទាល់មែន តែពេល​នេះ បងក៏មិនចង់​បាត់បង់ក្មេងស្រីនេះដែរ ព្រោះពួកយើងបានស្រលាញ់នាងដូចជាកូនទៅ​ហើយ តើពិតទេ?

-ពិតមែនហើយ!

-អ៊ីចឹង តើពួកយើងមានរឿងអីត្រូវបារម្ភទៀត? ចាប់ពីថ្ងៃនេះទៅ អ្វីដែលសំខាន់នោះ គឺផ្តល់ភាពកក់ក្តៅឲ្យនាង ត្រូវឲ្យនាងមានអារម្មណ៍ថា ជីវិតរស់​នៅរបស់នាង គឺដូចជាបេះដូងដែលស្ថិតនៅក្រោមពន្លឺព្រះចន្ទអ៊ីចឹង

-ពិតមែនហើយ! តែមើលទៅកូនប្រុសរបស់យើង ដូចជាមិនចូលចិត្តនាងសោះ ចេះតែធ្វើបាបនាងរហូត

-កុំបារម្ភអី ពួកយើងត្រូវធ្វើឲ្យវា ស្រលាញ់ប្អូនឲ្យបាន

……………………………………………………………………………………………

តើភាពកក់ក្តៅបែបណា ដែលដូចជាបេះដូងនៅក្រោមពន្លឺព្រះចន្ទនោះ? អ្នកស្រីចរិយា និងលោកវិបុត្រ បានបេ្តជ្ញាសហការគ្នានឹងចិញ្ចឹមបីបាច់កូនចិញ្ចឹមម្នាក់នេះ ឲ្យដូចជាកូនបង្កើតរបស់ខ្លួន។  វិសិទ្ធិ មានអាយុដប់មួយឆ្នាំ រៀននៅថ្នាក់ទីប្រាំមួយ​គឺជាកូនប្រុសបង្កើតរបស់លោកទាំងពីរ ប៉ុន្តែ​ក្មេងប្រុសម្នាក់នេះ ចូលចិត្តលេងច្រើន ហើយ​ពុំសូវចូលចិត្តប្អូនឡើយ គេតែងតែធ្វើឲ្យចន្រ្ទាយំជារៀងរាល់ថ្ងៃ ដូចជាពេល​នេះអ៊ីចឹង គេប្រើសំឡេងខ្លាំងៗបង្រៀនប្អូន៖

-ចាំស្តាប់សំនួរ តើប៉ាធ្វើការងារអី?

-ប៉ាធ្វើការនៅពន្ធដារ

-ចុះម៉ាក់?

-ម៉ាក់មេផ្ទះ

-ល្អ ឥឡូវបងសួរមេលេខម្តង បីប្រាំដងប៉ុន្មាន?

-បីម្តងបី បីពីរដងប្រាំមួយ បីបីដង………………..

-ថ្នាក់ទីពីរហើយ នៅមិនទាន់ចេះមេបីទៀត ម៉េចក៏ខួរក្បាលឯងល្ងង់ម្ល៉េះ បើតែ​អ៊ីចឹងធ្វើម៉េចរៀនឈ្នះគេ?

-បងកុំថាឲ្យអូនបានទេ?

-យ៉ាងម៉េច! យើងថាឲ្យមិនបានអ្ហេ? ខួរក្បាលឯងនេះ មិនសមជាប្អូនយើង​សោះ យើងសង្ស័យថាឯង មិនមែនជាកូនប៉ាម៉ាក់ទេ ទើបល្ងង់យ៉ាងនេះ?

ឲ្យតែឮពាក្យនេះ ចន្រ្ទាតែងតែយំហ៊ូ៖

-យំទៀតហើយអ្ហេ! បើឯងរវល់តែយំអ៊ីចឹង យើងឈប់បង្រៀនហើយ ទៅបន្ទប់​វិញប្រសើរជាង

-តើមានរឿងអីហ្នឹងកូន?……….ឯងធ្វើអីប្អូនទៀតហើយ?

-ខ្ញុំមិនបានវ៉ៃវាផងហ្នឹង? ខ្ញុំទៅធ្វើលំហាត់ហើយ

-បានហើយ! ឈប់យំទៅកូន ប្រាប់ម៉ាក់មកមើល តើបងធ្វើអីកូនមែនទេ?

-………..បងថាអូនល្ងង់ មិនមែនជាកូនម៉ាក់ប៉ាទេ………….

-បានហើយៗ!……..អ្នកណាថា កូនជាកូនប៉ាម៉ាក់តើ ……..មក! ឆាប់ធ្វើលំហាត់​ទៅ ម៉ាក់បង្រៀន

បន្ទាប់ពីលួងកូនស្រីហើយ អ្នកស្រីចរិយាក៏ទៅបន្ទប់វិសិទ្ធិ៖

-កូនកំពុងធ្វើលំហាត់អ្ហេ?

-បាទ! ម៉ាក់មានការអីមែនទេ?

-តើឯងឈប់ស្តីឲ្យប្អូនទៅបានទេ?

-ខ្ញុំមែនបានស្តីឲ្យវា………………………ខ្ញុំមែនបានស្តីឲ្យអូនឯណា?

-បើមិនបានស្តីឲ្យប្អូន ហេតុអីក៏ប្អូនយំ?

-អ្នកណាឲ្យអូនល្ងង់យ៉ាងនោះ?

-តើមាននរណាចង់កើតមកល្ងង់នោះ? កូនគិតថា ប្អូនឯងចង់ល្ងង់ណាស់ទៅ​អ្ហេ? រាល់ថ្ងៃនេះ កូនមិនឃើញប្អូនខំរៀនទេអ្ហេ? ឬសប្បាយចិត្ត នៅពេលដែល​ធ្វើឲ្យប្អូនយំ?

-……….សូមទោសម៉ាក់!

-ម៉ាក់សង្ឃឹមថា កូននឹងស្រលាញ់ប្អូន តោះ! ពួកយើងទៅញ៉ាំបាយទៅ

នៅពេលដែលម្តាយនិយាយ វិសិទ្ធិហាក់ដូចជាយល់ និងស្តាប់បង្គាប់ណាស់ ប៉ុន្តែចរិតជាក្មេងនៅតែជាក្មេងដដែល។ គេតែងតែឮសំឡេងចន្រ្ទាស្រែកយំឡើង  នៅពេលដែលបងប្រុសបង្រៀនស្ទើរស៊ាំត្រចៀកទៅហើយ។ ចំណែកអ្នកស្រីចរិយា និង

លោកវិបុត្រក៏មិនដឹងដោះស្រាយតាមវិធីណាដែរ។

ជាធម្មតា វិសិទ្ធិជិះកង់ឌុបចន្រ្ទាទៅរៀន តែល្ងាចនេះ បន្ទាប់ពីចេញពីរៀន​ហើយ បែរជាមិនឃើញវិសិទ្ធិទាល់តែសោះ។ ក្មេងស្រីតូច ឈរចាំបង នៅក្លោងទ្វារ​សាលាកន្លះម៉ោងទៅហើយ មេឃក៏បង្អុរភ្លៀងឈូ នាងបម្រុងស្ទុះរត់រកកន្លែងជ្រក ស្រាប់តែនឹកឃើញសំដីបងប្រុស ដែលមករកនាងមិនឃើញនៅថ្ងៃមុន៖

-បងថាឲ្យឯងមកចាំបងមុខក្លោងទ្វារ តើឯងរវល់តែទៅណា?

-អូនចាំបងយូរពេក ទើបអូនទៅអង្គុយសិនទៅ

-ថ្ងៃក្រោយមិនឲ្យអង្គុយទេ ត្រូវចាំបងនៅទីនេះរហូត បើបងមកមិនឃើញឯង ទេ បងនឹងទៅចោលឯងហើយ

-ចាស!

ឱ!ក្មេងតូចដ៏ឆោតល្ងង់ នាងពិតជាមិនហ៊ានទៅណាមែន ក្រោមដំណក់ភ្លៀង ខ្ពោក​ៗ នាងបែរជាឈរឱបកាតាបដោយរងាញ័រញាក់។ ពុទ្ធោអើយ! ក្មេងប្រុសម្នាក់នេះ រវល់លេង​បាច់​ឃ្លីទេតើ! គេទើបតែនឹកឃើញដល់ប្អូន ក៏ស្ទុះទាញកង់ចេញមក។ តើអាល្អិតនេះ មានចិត្តអាណិតប្អូនដែរទេ? មើលគេចុះ ហេតុអីក៏ប្រើសំឡេងខ្លាំងៗ ម៉្លេះ៖

-ឯងឆ្កួតទេអ្ហេ! ហេតុអីក៏មកឈរហាលភ្លៀងអ៊ីចឹង?

-បងនិយាយថា ឲ្យអូនឈរចាំបង មិនឲ្យទៅណានោះ

-ហេតុអីក៏យើងមានប្អូនស្រីម្នាក់ល្ងង់ដូចជាឯងយ៉ាងនេះ?………ពាក់អាវភ្លៀង​ ទៅ………ឆាប់ឡើងកង់មក!

នៅក្រោមដំណក់ភ្លៀងតិចៗ ធ្វើឲ្យក្មេងតូច​ត្រជាក់ណាស់ នាងលូកដៃទៅឱប​ចង្កេះបង តែក៏ត្រូវដកចេញយ៉ាងលឿន៖

-បងប្រាប់ហើយថាមិនឲ្យឱបចង្កេះបងទេ ព្រោះរសើប

តើនេះជានិស្ស័យកម្មមែនទេ?​ ហេតុអីក៏ក្មេងប្រុសម្នាក់នេះគ្មាន​មនោ​​សញ្ចេត-​នា​​​​សូម្បីតែបន្តិច ជាមួយក្មេងស្រីនេះ? ឃើញមេឃភ្លៀងដូចនេះ អ្នកស្រី​ចរិយា និ​ងស្វាមីពិតជាបារម្ភណាស់ចំពោះកូន។ លោកទាំងពីរឈរចាំកូននៅមុខ​ក្លោងទ្វារផ្ទះ គ្រាន់តែក្រលេកឃើញកង់ជិះចូលមក លោកក៏បាំងឆ័ត្រចេញមកទទួល​កូន តែមិនទាន់ចេញមកដល់ផង ចន្រ្ទាក៏សន្លប់ធ្លាក់ពីកង់ចុះមក។ ពិតជាគួរឲ្យភ័យ​ណាស់ ហើយក៏គួរឲ្យខឹងណាស់ដែរ ម្តងនេះអ្នកស្រីចរិយាទ្រាំនឹងកូនប្រុសមិនបាន​ឡើយ។ បន្ទាប់ពីមើលថែកូនស្រីហើយ អ្នកស្រីក៏ដើរចូលទៅបន្ទប់វិសិទ្ធិ និយាយ​សំឡេង     ខ្លាំងៗ៖

-ឯងនិយាយទៅ ហេតុអីក៏ប្អូនទទឹកខ្លួនជោកយ៉ាងនេះ?

-………………………..គឺ………………………….

-គឺស្អី?……….ឬឯងរវល់លេង ទុកប្អូនចោលហាលភ្លៀង

-សូមទោសម៉ាក់!

-សូមទោសអ្ហេ!…………………ឯងនេះ! ហេតុអីក៏មិនចេះស្រលាញ់ប្អូនយ៉ាងនេះ​

-អូយម៉ាក់ឈឺ

-ឯងចេះឈឺដែរអ្ហេ! ចុះកាលដែលឯងទុកប្អូនចោលនោះ ឯងគិតថាប្អូនឯង​ស្រួលខ្លួនអ៊ីចឹងអ្ហេ?

-ម៉ាក់! ខ្ញុំសូមទោស…………….

វិសិទ្ធិត្រូវម្តាយវាយឡើងកន្តួលពេញខ្លួន។ លោកវិបុត្រកំពុងលាបថ្នាំឲ្យកូនប្រុស ហើយស្រដីដោយសំដីទន់ភ្លន់៖

-កូនដឹងថា ហេតុអីទើបម៉ាក់កូនវាយកូនទេ?

-គឺកូនខុស ដែលមិនបានមើលថែប្អូន ធ្វើឲ្យប្អូនធ្លាក់ខ្លួនឈឺយ៉ាងនេះ

-ចុះកូនខឹងនឹងម៉ាក់ទេ?

-អត់ទេ! កូនឈប់ធ្វើបែបនេះទៀតហើយ………….ម៉ាក់!

-កុំភ័យអី! ម៉ាក់មិនវាយកូនទៀតទេ អូនមានការអីមែនទេ?

អ្នកស្រីចរិយាអង្គុយចុះ ហើយដកដង្ហើមធំ ទើបនិយាយ៖

-ម៉ាក់ដឹងថា ទោះម៉ាក់ណែនាំឯងយ៉ាងណា ក៏ឯងនៅតែមិនស្រលាញ់ប្អូនដែរ ម៉ាក់ប្រាប់ការពិតដល់ឯងក៏បាន

-អូនចង់និយាយអី?

-យើងគួរតែឲ្យគេដឹង ដូចកូនធ្លាប់និយាយអ៊ីចឹង ចន្ទ្រាមិនមែនជាប្អូនឯង នាងមិនមែនកូនបង្កើត​របស់ប៉ាម៉ាក់ទេ នាងគ្មានឪពុកម្តាយ ម៉ាក់និងប៉ាឯង គឺចង់​មើលថែនាងឲ្យដូចជាកូនបង្កើត ព្រោះតែអាណិតនាង មិនចង់ឲ្យនាងក្លាយ​ជាកូនកំព្រា តែបើឯងមិនស្រលាញ់នាងហើយ ម៉ាក់នឹងយកនាងទៅដាក់នៅ​មណ្ឌលកុមារកំព្រាវិញ ព្រោះនាងនឹងអាចបានសុខជាងនៅទីនេះ ម៉ាក់មិនចង់​ឃើញកូនរបស់ម៉ាក់ មានចិត្តឃោរឃៅ ធ្វើបាបក្មេងស្រីម្នាក់នេះទេ ចាំពេល​ នាងជាសះស្បើយហើយ ម៉ាក់មិនឲ្យនាងនៅទីនេះទៀតទេ

-កុំអីម៉ាក់! …………សូមទោស! ខ្ញុំមិនចង់ឲ្យអូនទៅនៅមណ្ឌលកុមារកំព្រាទេ

-តែម៉ាក់មិនចង់ឃើញកូនធ្វើបាបនាងទេ

-ខ្ញុំសន្យា! ខ្ញុំឈប់ធ្វើបាបអូនហើយ ហើយក៏ឈប់ជេរអូនទៀតដែរ ខ្ញុំនឹងស្រលាញ់អូន ម៉ាក់កុំយកអូនទៅអីណា

-ក្រែងកូនមិនចូលចិត្តប្អូនទេអ្ហេ?

-អូនល្ងង់មែន តែខ្ញុំនឹងជួយបង្រៀនអូន ឲ្យអូនឆ្លាតដូចជាខ្ញុំអ៊ីចឹង ម៉ាក់កុំយក​អូនទៅណា ស្រណោះអូន ឥឡូវខ្ញុំទៅមើលអូនហើយ ខ្ញុំនឹងធ្វើជាបងប្រុសល្អ​របស់អូន មិនធ្វើឲ្យអូនយំទៀតទេ

និយាយចប់ ក្មេងប្រុសតូចក៏រត់វឹង ទៅបន្ទប់ចន្រ្ទា។ ឃើញកូនមានអាការ​បែប​នេះ

លោកទាំងពីរហាក់ដូចជាសប្បាយចិត្តបន្តិច ប៉ុន្តែមិនដឹងថា អាល្អិតកូនប្រុសរបស់​ខ្លួន​អាចធ្វើបានប៉ុណ្ណានោះទេ។ លោកវិបុត្រស្រដី៖

-ហេតុអីក៏អូននឹកឃើញវិធីនេះ?

-អូននិយាយមែនណា

-អូននិយាយមែន!

-បងស្មានថាខ្ញុំនិយាយលេងអ្ហេ? បើកូនប្រុសបងនៅតែធ្វើបាបនាងយ៉ាងនេះ តើកូនស្រីនេះ អាចទ្រាំទ្ររួចទេ? ការពិតវាក៏ស្រលាញ់ប្អូនដែរតើ ចាំមើល​មើល តើគេមើលថែប្អូនគេយ៉ាងម៉េច?

-អ៊ីចឹងពួកយើងទៅមើលគេទៅ

លោកទាំងពីរឈរសម្លឹងមើលកូន ដែលកំពុងលុតជង្គង់នៅពីមុខគ្រែនាងតូច​ចន្រ្ទា។ បើកភ្នែកឡើង ចន្រ្ទាឃើញបងប្រុសលុតជង្គង់ ក៏ស្រដីទាំងងឿងឆ្ងល់៖

-តើបងធ្វើអីហ្នឹង?

-បងសូមទោស ដែលធ្វើឲ្យអូនឈឺយ៉ាងនេះ

-បងមិនបានធ្វើអីអូនឯណា អូនឈឺខ្លួនឯងតើ

-ឯងនេះ ពិតជា………………..

-បងថា អូនល្ងង់ទៀតហើយអ្ហេ?

-អត់ទេ! អូនឆ្លាត ចាប់ពីថ្ងៃនេះទៅ បងឈប់ថាអូនល្ងង់ទៀតហើយ

-ហេតុអី?

-ព្រោះអូនជាប្អូនបងហ្នឹងណា អូនគេងទៅ យប់នេះ បងគេងជាមួយផងបាន​ទេ?

-ពីមុនបងមិនចូលចិត្តគេងក្បែរអូនទេ

-តែពេលនេះបងចង់គេងក្បែរអូន ឬអូនមិនចង់គេងក្បែរបង?

-ចង់ អូនចង់! ………..បងគេងត្រង់នេះមក

-……………….ត្រូវហើយ! ថ្ងៃក្រោយ បើចាំបងយូរ ពេលភ្លៀង អូនត្រូវរត់ទៅ​ជ្រកភ្លៀង ពេលក្តៅអូនត្រូវរត់ទៅរកម្លប់ ស្តាប់បានទេ?

-ហេតុអី?

-ចំជា…………..

-អូនល្ងង់ទៀតហើយ……..

-មិនមែនទេ! អូនគ្រាន់តែឆោតបន្តិចតើ បើអូនឈរហាលភ្លៀង ឬក៏ហាល​ក្តៅ​នោះ គឺដូចជាពេលនេះអ៊ីចឹង អូនប្រាកដជាឈឺ

-អូនយល់ហើយ!

ទាំងពីរនាក់បងប្អូនជជែកគ្នា រហូតលង់លក់រៀងខ្លួន។

ចាប់តាំងពីថ្ងៃនោះមក វិសិទ្ធិមិនដែលយឺតពេលទៅទទួលប្អូនឡើយ ហើយក៏

​មិនដែល លេងឃ្លីជ្រុលម៉ោងដែរ។ គ្រាន់តែឡើងដល់លើកង់ កុមារតូចបន្លឺ៖

-ឱបចង្កេះបងមក!

-ក្រែងបងរសើបអ្ហេ?

-បងលែងរសើបហើយ

-អូនឱបហើយណា!

-អ៊ឺ!

ទាំងពីរនាក់បងប្អូនឌុបគ្នាយ៉ាងសប្បាយរីករាយ រហូតមកដល់ផ្ទះ។ បន្ទាប់​ពី​ស្រស់ស្រូបអាហារពេលល្ងាចរួចហើយ វិសិទ្ធិក៏ឡើងទៅបង្រៀនប្អូន៖

-ថ្ងៃនេះ បងសួរមេលេខអូន ចាំឆ្លើយណា……..ពីរប្រាំដង?

-ដប់

សួរមេពីរដល់មេបី ចន្រ្ទាឆ្លើយរួចយ៉ាងរហ័ស តែមកដល់មេបួន នាងត្រូវគិត ហើយសូត្រពីដើមឡើងវិញ តែម្តងនេះ វិសិទ្ធិមិនគំហោកនាងដូចពីពេលមុនឡើយ ក្មេងប្រុសតូច បែរជាអង្គុយញញឹមស្ងៀមចាំស្តាប់ចម្លើយ។ បន្ទាប់ពីបានចម្លើយហើយ វិសិទ្ធិក៏បន្លឺ៖

-ត្រូវរៀនមេបួនម្តងទៀត ហ៏ហ្វឺត! សរសេរតាមអាន

-បងឲ្យអូនសរសេរ ហេតុអីក៏បងគេង?

-បងគេងមើលអូនសរសេរហ្នឹងណា ចាប់ផ្តើមសរសេរ…….កាលពីព្រឹកមិញ

ការពិតក្មេងប្រុសតូចម្នាក់នេះ ពិតជាធ្វើបានមែន។ បេះដូងក្មេងតូចចន្រ្ទាពេលនេះ គឺ​កំពុងស្ថិតនៅក្រោមពន្លឺព្រះចន្ទ ពោរពេញទៅដោយភាពកក់ក្តៅ។ នាងបាន​ទទួលសេចក្តីស្រលាញ់ យ៉ាងពិតប្រាកដពីប៉ាម៉ាក់ និងបងប្រុសរបស់ខ្លួន។ គេមិន​បានឮសំឡេងយំរបស់នាងទៀតឡើយ ផ្ទុយទៅវិញ សំឡេងសើចរបស់នាងបែរជា​លាន់ឮឡើងមិនចេះធុញទ្រាន់ទាល់តែសោះ។

ប្រាំឆ្នាំកន្លងផុតទៅ

ក្មេងស្រីជំទង់ កំពុងឈររង់ចាំបងប្រុសរបស់ខ្លួននៅមុខក្លោងទ្វារសាលា ទន្ទឹម​នឹងក្មេងប្រុសជំទង់ម្នាក់ទៀត ដែលមិនទាន់ស្គាល់ថាជានរណា ប៉ុន្តែពួកគេទាំងពី ហាក់​កំពុងតែជជែកគ្នា។ គ្រាន់តែក្រលេកឃើញបងប្រុសភ្លាម យុវតីក៏ស្ទុះទៅឡើង ម៉ូតូពី​ក្រោយ ឱបចង្កេះជាប់៖

-តើនរណាគេឈរជិតឯងនោះ?

-អូ! គាត់ជាបងមិត្តភក្តិអូន រៀននៅថ្នាក់ទីដប់

-រៀននៅថ្នាក់ទីដប់ ហេតុអីក៏មករកឯងដែលរៀនថ្នាក់ទីប្រាំបី?

-គាត់មិនបានរកអូ​នទេ ចៃដន្យតើ

-តែបងឃើញពីបីថ្ងៃហើយ

-ពិតមែនហើយ

-ឯងនេះ ចំជាល្ងង់មែន!

-បងថាឲ្យអូនល្ងង់ទៀតហើយ

ចន្រ្ទាហាក់ដូចជាខឹងណាស់។ ទៅដល់ផ្ទះ នាងចុះពីលើម៉ូតូ ហើយក៏ដើរចូល​ទៅក្នុងបន្ទប់ទាំងកំបុតកំបុយ។ អ្នកស្រីចរិយាបន្លឺ៖

-មានរឿងអីអ្ហេកូន?

-បងថាឲ្យអូនល្ងង់ទៀតហើយ!

ស្តីហើយ យុវតីក៏ចូលទៅក្នុងបន្ទប់បាត់។ អ្នកស្រីចរិយាបន្ត៖

-ហេតុអីក៏ថា ឲ្យប្អូនទៀតហើយ?

-សូមទោសម៉ាក់ ខ្ញុំជ្រុលមាត់ ចាំខ្ញុំទៅសូមទោសនាង

-កូននេះ!

បន្ទាប់ពីងូតទឹករួចរាល់ហើយ វិសិទ្ធិក៏ទៅគោះទ្វារយុវតី៖

-គឺបងណា! បងអាចចូលបានទេ?

-មិនឲ្យចូលទេ!

-មិនឲ្យចូលក៏ចូលដែរ ម៉េចក៏គេងទាំងក្បាលល្ងាចអ៊ីចឹង មិនទាន់ញ៉ាំបាយ​ផងហ្នឹង ……..អ្នកណាហ៊ានធ្វើឲ្យប្អូនស្រីបង ខឹងយ៉ាងនេះ? ប្រាប់បងមក បងនឹង​ទៅវាយវាឲ្យណាណីម្តង……………..ខ្ញុំខ្លាចហើយៗ សូមទោសដែលធ្វើ​ឲ្យអូន​តូចខឹង សូមអភ័យទោសឲ្យខ្ញុំផង

យុវជនកំលោះ លលេងជាមួយយុវតីរហូតធ្វើឲ្យនាងសើចចេញមក៖

-ឈប់ខឹងហើយអ្ហេ?

-អូនមិននិយាយជាមួយបងទេ! ទៅញ៉ាំបាយហើយ

ឆាប់ខឹង តែក៏ងាយស្រួលលួងដែរ។ បន្ទាប់ពីស្រស់ស្រូបអាហារហើយ វិសិទ្ធិ​ក៏​ទៅគោះទ្វារចន្រ្ទាម្តងទៀត៖

-ក្រែងថា យប់នេះ បងមិនបង្រៀនអូនទេអ្ហេ?

-បងចង់និយាយជាមួយឯង!…………..យប់នេះ ដូចជាចង់គេងក្នុងបន្ទប់នេះ ដល់ហើយ!

-មិនឲ្យគេងទេ!

-ម៉េចក៏ចិត្តអាក្រក់ម្ល៉េះ ក្រែងពីមុនអ្នកណាតែងតែហៅបងឲ្យមកគេងក្បែរនោះ?

-ពីមុនមកពីអូននៅតូច តែពេលនេះ អូនធំហើយ

-ធំហើយ! ឲ្យបងមើលបន្តិចមើល ឯងធំត្រង់ណាខ្លះ?

-បងនេះ!

-មើលទៅឯងធំពិតមែនហើយ ចេះអៀនហើយតើ

-បងមានរឿងអីចង់និយាយជាមួយអូនអ្ហេ?

-ត្រូវហើយ! គឺរឿងបងប្រុសមិត្តភក្តិឯងហ្នឹង

-យ៉ាងម៉េច?

-កុំឈរក្បែរគេពេក ឯងធំហើយ ហើយជាស្រីទៀត នៅក្បែរមនុស្សប្រុសពេក​គេមើលមកមិនល្អទេ?

-តែគាត់ចេះតែមកឈរជិតខ្ញុំ

-ដើរចេញពីគេ ឬក៏ប្រាប់គេតាមសម្រួលទៅ

-តែមើលទៅស្អែក ប្រហែលជាមិនចៃដន្យទៀតទេ

-ប្រហែលជាចៃដន្យរាល់តែថ្ងៃហ្នឹងឯង បានហើយ! ឯងឆាប់គេងទៅ បងទៅ​បន្ទប់ហើយ

-ឈប់សិន! បងថា មនុស្សស្រីមិនឲ្យក្បែរមនុស្សប្រុសពេកទេ ចុះបងនោះ?

-ឯងនេះពិតជា……………….ឆោតមែន! បងជាបងប្រុសឯង មិនមែនអ្នកដទៃ​ឯណា

-ពិតមែនហើយ!

-រាត្រីសួស្តី!

-សុបិន្តល្អបង

ជាធម្មតា បងប្រុសតែងតែការពារប្អូនបែបនេះហើយ។ ចន្រ្ទាបានព្យាយាមធ្វើតាមសំដីបងប្រុសខ្លួន ប៉ុន្តែល្ងាចនេះ យុវជនហតុអីក៏យឺតខ្លាំងម្ល៉េះ? វាសនាជាបង​ប្រុសណាវី ដែលជាមិត្តរួមថ្នាក់របស់នាង។ ការពិតយុវជន ក៏ឌុបប្អូនទៅរៀនដូចគ្នា ដោយឃើញយុវតីឈរចាំយូរយ៉ាងនេះ នាយក៏បន្លឺឡើង៖

-ចន្រ្ទាមកជាមួយពួកបងមក

-ត្រូវហើយ! ឯងជិះជាមួយខ្ញុំមក ខ្ញុំជូនឯងទៅផ្ទះ

-មិនអីទេ! អរគុណ បន្តិចទៀតបងខ្ញុំមកហើយ

-តែល្ងាចហើយណា! ចុះបងឯងមានតេមកទេ?

-គាត់ប្រាប់ថា មួយសន្ទុះទៀតគាត់មកដល់ហើយ ឯងទៅមុនចុះ

-អ៊ីចឹង គ្នាទៅហើយណា

-បងទៅមុនហើយណា!

-ចាស!

តើយុវជនកំលោះរវល់ធ្វើអីទៀតហើយ? មិនមែនរវល់លេង​បាច់ឃ្លីរហូតដល់​ភ្លេចប្អូនទៀតទេអ្ហេ? មេឃបង្អុរភ្លៀងហើយ តើម្តងនេះ ក្មេងស្រីនេះ ឈរចាំបងហាល​ភ្លៀងទៀតទេ? ប្រហែលមិនដូចមុនទេ យុវជនមកដល់មុខក្លោងទ្វារសាលា ដោ​យ​កាយវិការតក់ក្រហល់ស្វែងរកប្អូន ស្រាប់តែសំឡេងបន្លឺឡើង៖”បង!”។យុវជន​ក្រលេក​ឃើញចន្រ្ទាកំពុងឈរនៅក្នុងរោងយាមសាលា នាយអរណាស់ ក៏បណ្តើរម៉ូតូចូលទៅ

ទើបស្រដី៖

-បងស្មានថា……………..

-អូនឈរហាលភ្លៀងចាំបងអ៊ីចឹងអ្ហេ?

-ត្រូវហើយ!

-អូនមិនល្ងង់ទេ!

-ត្រូវហើយ! ឯងឆ្លាតហើយ

-ចុះបង ហេតុអីក៏ទទឹកអស់អ៊ីចឹង?

-បងមិនអីទេ! សូមទោសណា ដែលឲ្យឯងចាំបងយូរយ៉ាងនេះ

-មិនអីទេ! ចុះមិត្តភក្តិបងយ៉ាងម៉េចហើយ?

-ផុតពីគ្រោះថ្នាក់ហើយ ពេលនេះកំពុងនៅមន្ទីរពេទ្យនៅឡើយ

-ឡានបុក ឬក៏ម៉ូតូ?

-ម៉ូតូដូចគ្នាហ្នឹង បានហើយ! ឆាប់ពាក់អាវភ្លៀងទៅ ប៉ាម៉ាក់ប្រហែលជាមើល​ផ្លូវពួកយើងស្លាប់ហើយ………បងជួយពាក់​​……….ដាក់ដៃមក……រួចរា​ល់​ហើយ​ តោះពួកយើងទៅ

-ចុះបង?

-បងមិនអីទេ

-បងត្រូវតែពាក់ បើបងមិនពាក់អូនមិនទៅទេ

-សូមខ្លាចឯងហើយ! បងភ្លេចអាវភ្លៀងនៅផ្ទះឯណោះ

-អ៊ីចឹងបងពាក់របស់អូនទៅ

-អូនធ្វើអីហ្នឹង?

-អូនដោះឲ្យបងពាក់

-ឯងចង់ឲ្យម៉ាក់វាយបងទៀតអ្ហេ?

-អ្នកណាថា? បងពាក់ទៅ អូនទទូរពីក្រោយ ធ្វើអ៊ីចឹង ពួកយើងអត់ទទឹកទាំង​ពីរនាក់ មែនទេ?

-មែនហើយ!

-បងល្ងង់ណាស់

-ត្រូវហើយបងល្ងង់! ឯងឆ្លាតណាស់ ……តោះ!

យុវជនពាក់អាវភ្លៀងហើយ ក៏ទាញអាវភ្លៀងទៅគ្របលើប្អូន ឡើងម៉ូតូបើក​ចេញទៅ។ ចន្រ្ទាឱបចង្កេះបងយ៉ាងជាប់នៅក្នុងអាវភ្លៀង។ ពិតជាកក់ក្តៅណាស់ បេះដូងប្រៀបដូចជានៅក្រោមពន្លឺព្រះចន្ទអ៊ីចឹង។ ឪពុកម្តាយពិតជាសប្បាយចិត្តណាស់ នៅពេលឃើញកូនចេះស្រលាញ់គ្នា ចេះចែករំលែកគ្នាយ៉ាងនេះ។

ពេលវេលា ចេះតែដើរទៅមុខ ថ្ងៃប្រឡងសញ្ញាបត្រទុតិយភូមិក៏ជិតមកដល់។ ថ្វីត្បិតតែមមាញឹកក្នុងការសិក្សាបន្តិចមែន តែវិសិទ្ធិមិនដែលភ្លេចបង្រៀនប្អូនឡើយ។ ម្តងនេះ មើលទៅនាយ ដូចជាហត់នឿយមែនហើយ បង្រៀនប្អូន រហូតគេងលក់​ខ្លួន​ឯង​នៅលើគ្រែចន្រ្ទា។ ឃើញបងប្រុសមានការហត់នឿយដូចនេះ នាងអាណិត​​       យុវជនណាស់។ យុវតីដណ្តប់ភួយឲ្យបង ចំណែកខ្លួនក៏អង្គុយរៀនបន្តទៅទៀត។ ជិតពាក់កណ្តាលអាធ្រាត្រទើបនាងងើបមករកកន្លែងដេក។ ក្រលេកឃើញបងគេង​លក់ស្កប់ស្កល់យ៉ាងនេះ នាងក៏ដើរលបៗ ហើយក៏ដាក់ខ្នងគេងក្បែរយុវជន។ ទាំងពីរ​នាក់បងប្អូនក៏លង់លក់ទៅ។

មាន់រងាវម៉ោងប្រាំហើយ យុវជនបើកភ្នែកឡើង គិតមួយសន្ទុះក៏ស្ទុះងើបឡើង យកដៃគោះក្បាលតិចៗ មិនអស់ចិត្តនឹងខ្លួនឯង៖”ម៉េចក៏គេងលក់មិនដឹងខ្លួនយ៉ាងនេះ? សូមទោស! បងមិនគួរគេងលក់យ៉ាងនេះទេ”។ យុវជនសម្លឹងទៅប្អូនដែលកំពុងគេងលក់ ពិតជាគួរឲ្យស្រលាញ់ណាស់ នាយក៏ស្ទុះចូលទៅជិតនាង ហើយថើបនាងមួយ​ខ្សឺត ទើបបន្លឺឡើយ៖

-ងើបឡើងភ្លឺហើយ

-តែអូនទើបតែគេងអម្បាញ់មិញហ្នឹង?

-ម៉ោងប្រាំហើយ! បើអូនមិនងើបទេ បងចូលបន្ទប់ទឹកមុនហើយណា

-ថ្ងៃនេះ អូនឲ្យបងចូលមុន បងចូលមុនអូនទៅ អូនចង់គេងបន្តិចទៀត បងកុំ​ភ្លេចមកដាស់អូនផងណា

-អ៊ីចឹងក៏បាន!

យុវជនងើបរូតរះរៀបចំខ្លួនយ៉ាងស្អាត ក៏ចូលមកបន្ទប់យុវតីម្តងទៀត៖

-ងើបឡើង! ម៉ោងប្រាំពីរហើយ

-ម៉ោងប្រាំពីរហើយអ្ហេ! ម៉េចក៏ទើបតែដាស់អូនអ៊ីចឹង?

-តាមសម្រួលទៅ បងនិយាយលេងតើ

-ម៉ោងមិនទាន់ប្រាំមួយផង បងនេះ!

វិសិទ្ធិឈរញញឹមទៅកាន់ប្អូន។ បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកហើយ ទាំងពីរនាក់ក៏ឡើងម៉ូតូចេញទៅ។ ថ្ងៃនេះចេញពីរៀនគួ ចន្រ្ទាក៏ទៅបណ្ណាគារទិញ​សៀវភៅជាមួយមិត្តភក្តិ។ វិសិទ្ធិបន្លឺ៖

-អូននៅឯណា?

-អូននៅបណ្ណាគារក្នុងផ្សារឡាក់គី បងមកដល់ហើយអ្ហេ ចាំអូនបន្តិចណា

-មិនអីទេ ចាំបងទៅយក​អូននៅទីនោះ

និយាយហើយ យុវជនក៏បើកម៉ូតូចេញទៅ។ ទៅដល់យុវតីឈរចាំជាស្រេច៖

-ទិញសៀវភៅបានហើយអ្ហេ?

-ចាស!

-ចង់ទៅដើរលេងទេអ្ហេ?

-តែបងជិតប្រឡងហើយ

-ជិតប្រឡង វាយ៉ាងម៉េច? ថ្ងៃនេះបងឌុបអូនដើរលេងចុះ

វិសិទ្ធិឌុបប្អូន ទៅលេងប្រាសាទអង្គរ។ ពួកគេទាំងពីរអង្គុយញ៉ាំអាហារនៅ​កសិណទឹកខាងជើង ស្រាប់តែមានយុវជនបួនប្រាំនាក់ដើរចូលទៅ៖

-វិសិទ្ធិ!

-ឧត្តម!……………ពួកឯងមកដើរលេងដែរអ្ហេ?

-យ៉ាងម៉េច! ជិតប្រឡងហើយ នៅមានអារម្មណ៍ដើរជាមួយ………

-នាងជាប្អូនគ្នាទេ!

-ពិតមែនអ្ហេ!…………សូមទោស……….សួស្តីនាងតូច!

-ចាសបង!

-ពួកគេជាមិត្តភក្តិបង

-មិនរំខានឯងទេ ពួកយើងទៅមុនហើយ ………….គ្នាសួរឯង នាងជាប្អូន​ដែល​ឯងឌុបទាំងព្រឹកទាំងល្ងាចនោះអ្ហេ?

-ត្រូវហើយ!

-មើលទៅឯងស្រលាញ់ប្អូនណាស់ សូម្បីមកដើរលេងក៏យកនាងមកដែរ

-បើឯងច្រណែន ឯងឌុបប្អូនឯងមកដែរមក

-បានហើយ! យើងទៅហើយ…………ចន្រ្ទា! បងទៅមុនហើយ

-ចាសបង!

-មើលទៅអាល្អិតនេះ ពិតជាស្រលាញ់ប្អូនវាមែនវ៉ី

-ពួកគាត់ស្មានថា អូនជាសង្សារបងមែនទេ?

-មែនហើយ! …………..ម៉េចក៏ធ្វើមុខអ៊ីចឹង?

-រាល់ថ្ងៃនេះ បងប្រហែលជាមិនចង់ឌុបអូនទេមែនទេ?

-ម៉េចក៏អូននិយាយអ៊ីចឹង?

-ព្រោះគេគ្រប់គ្នាប្រហែលជាគិតដូចជាពួកគាត់អ៊ីចឹង ថាអូនជាសង្សារបង អូន​ប្រហែលជាធ្វើឲ្យស្រីៗមិនហ៊ានស្រលាញ់បងទេ មែនទេ?

-បើអូនគិតអ៊ីចឹង អូនល្មមដឹងខ្លួនហើយ?…………បងនិយាយលេងទេ អូនចេះគិតបែបនេះតាំងពីពេលណាមក? ញ៉ាំទៅ!

បន្ទាប់ពីញ៉ាំអាហាររួចហើយ ទាំងពីរនាក់បងប្អូនក៏ឡើងម៉ូតូត្រឡប់មកផ្ទះវិញ​។ ម្តងនេះ ចន្រ្ទាលែងឱបចង្កេះបងប្រុសទៀតហើយ។ វិសិទ្ធិស្រដី៖

-មិនឱបចង្កេះបង ប្រយ័ត្នធ្លាក់ណា…………យ៉ាងម៉េចក៏មិននិយាយអ៊ីចឹង?

-អូនខ្លាចគេថា អូនជាសង្សារបង?

-មិនមែនខ្លាចគេថា បងជាសង្សារអូនទេអ្ហេ? ឬមួយក៏ខ្លាច បងប្រុសរៀនថ្នាក់​ទីដប់នោះឃើញ?

-បងនិយាយអី?

-និយាយលេងតើ!

យុវជន និងយុវតីត្រឡប់មកផ្ទះវិញដោយសប្បាយរីករាយ។ ល្ងាចនេះ គ្រួសារ​ទាំងមូលជួបជុំពិភាក្សាគ្នា ព្រោះតែស្អែកនេះ វិសិទ្ធិត្រុវប្រឡងបញ្ចប់ថ្នាក់ហើយ។ លោកវិបុត្របន្លឺ៖

-កូនភ័យទេ?

-មិនភ័យទេប៉ា!

-បងឯណាទៅចេះភ័យដូចអូននោះ

-អ៊ីចឹងកូនរៀនតាមបងទៅ

-អូនក៏ចង់ដែរ តែអូនមិនឆ្លាតដូចបងទេ អ្ហើយ!

-ម៉េចក៏ដកដង្ហើមធំកូន?

-ពេលបងប្រឡងជាប់ហើយ បងទៅរៀននៅភ្នំពេញ តើបាននរណាឌុបអូន ទៅរៀនទៀត?

-ក្រែងអូនថាអូនធំហើយអ្ហេ ចង់ឲ្យបងឌុបដល់ពេលណាទៀត?

-ត្រូវហើយ! ចាំបងឯងប្រឡងហើយ រៀនជិះម៉ូតូទៅ

-តែអូនមិនចង់ជិះទេម៉ាក់

-មិនចង់ក៏ត្រូវតែជិះដែរ

 

 

វគ្គ២                             ក្រោយថ្ងៃប្រឡង

បន្ទាប់ពីប្រឡងហើយ វិសិទ្ធិក៏បង្រៀនប្អូនឲ្យជិះម៉ូតូ។ ចន្រ្ទាកាន់ចង្កូតម៉ូតូ ចំណែកយុវជនគឺជិះពីក្រោយជាប់រហូត។ លុះត្រឡប់មកដល់ផ្ទះ៖

-យ៉ាងម៉េចកូន ថ្ងៃនេះជិះទៅដល់ត្រឹមណា?

-ជិតដល់ស្រុកពួកឯណោះម៉ាក់

-អូនចេះជិះហើយម៉ាក់

-កូនម៉ាក់គឺឆ្លាតអ៊ីចឹង

-បង! ស្អែកអូនឌុបបងទៅមើលឈ្មោះណា

-បានតើ!

ស្អែកឡើង ចន្រ្ទាពិតជាឌុបវិសិទ្ធិទៅមើលឈ្មោះមែន តែកន្លែងមើលឈ្មោះ ហាក់ដូចជាមនុស្សច្រើនពេកហើយ៖

-អូនចូលទៅមើលឲ្យបង

-មិនបានទេ! មនុស្សច្រើនណាស់ ឃើញទេ សុទ្ធតែមនុស្សប្រុស ចាំបងនឹង​ម៉ូតូ​ហើយ

-ចាស!

-សួស្តីចន្រ្ទា!…………….បងជាមិត្តភក្តិវិសិទ្ធិដែលជួបឯងនៅអង្គរណា

-អូ! សួស្តីបង បងប្រឡងជាប់ទេ?

-មិនទាន់បានមើលឈ្មោះផងហ្នឹង ចុះឯណាវិសិទ្ធិ?

-គាត់ចូលទៅមើលឈ្មោះហើយ

-នេះសូម្បីតែមើលឈ្មោះ ក៏គេឌុបឯងមកដែរ

-មិនមែនទេ គឺខ្ញុំជាអ្នកឌុបគាត់មកតើ

-អូ! អ៊ីចឹងទេអ្ហេ

-បងយ៉ាងម៉េចហើយ?

វិសិទ្ធិដើរចូលមកដោយទឹកមុខស្រងូត ឧត្តមក៏បន្លឺ៖

-នែ! ឯងកុំប្រាប់ថា សិស្សពូកែដូចជាឯងប្រឡងធ្លាក់ណា

-ខ្ញុំមិនធ្លាក់ទេ តែពួកឯង!

-ពួកឯងយ៉ាងម៉េច?

-ពួកឯងទាំងប្រាំនាក់ គ្មានជាប់នរណាម្នាក់ទេ

-មិនពិតទេ!

-ពួកយើងឆាប់ចូលទៅមើលទៅ

-ពិតមែនអ្ហេបង?

-បងនិយាយលេងជាមួយពួកគេតើ ពួកយើងឆាប់ទៅ!

វិសិទ្ធិលលេងជាមួយមិត្តរបស់ខ្លួនហើយ ក៏ប្រញាប់ឲ្យចន្រ្ទាបើកម៉ូតូចេញមក គ្រាន់តែចូលទៅមើលហើយ ពួកគេទាំង​ប្រាំ​នាក់ក៏ចេញមកវិញ ជួននឹងម៉ូតូយុវជន​បើកចេញទៅល្មម ពូកគេស្រែកព្រមគ្នា៖”ឯងហ៊ានកុហកពួកយើងផងអ្ហ៊ៃ!”។ យុវជន​សើចយ៉ាងស្រស់សម្លឹងទៅរកមិត្តរបស់ខ្លួន។

នៅក្រោមពន្លឺព្រះចន្ទពេញបូរមី យុវតីទឹកមុខស្រងូតមិននិយាយស្តីអ្វីទាំងអស់ យុវជនបន្លឺ៖

-មើលទៅឯងដូចជាមិនសប្បាយ ដែលបងប្រឡងបាននិទ្ទេសAសោះហ្ន៎

-បងទៅចោលអូនហើយមែនទេ?

-ត្រូវហើយ! បងមិននៅក្បែរក្មេងរឹងរូសដូចជាឯងទៀតទេ ពេលទៅដល់​ភ្នំពេញ បងនឹងរស់នៅតែម្នាក់ឯងយ៉ាងមានក្តីសុខ ដោយគ្មាននរណាមករំខានឡើយ អូហូ! ពិតជាមានក្តីសុខណាស់

ចន្រ្ទាយំហ៊ូ យុវជនភ័យណាស់ ស្រដីទៅកាន់នាងទាំងរដិបរដុប៖

-នែ! ម៉េចក៏ឯងយំ?

-បង….អត់ស្រលាញ់អូនទេ…. ហើយអត់នឹកអូនទៀត

-បងនិយាយលេងតើ! បានហើយៗ បើប៉ាម៉ាក់ឃើញឯងយំ បងប្រាកដជា​វីវរ​ហើយ បងមានតែអូនម្នាក់ បើបងមិននឹកឯងឲ្យទៅនឹកអ្នកណា?

យុវជនទាញប្អូនមកឱប ហើយគោះក្បាលនាងតិចៗ ហើយនិយាយបន្តដោយ​ស្នាមញញឹម៖

-នរណាទៅភ្លេចក្មេងស្រីល្ងង់ម្នាក់នេះនោះ?

-បងថាឲ្យអូន អូនទៅប្រាប់ម៉ាក់ហើយ

-នែ!

ចន្រ្ទារត់ចូលទៅក្នុងផ្ទះ ដោយទឹកភ្នែកនៅប្រឡាក់ពេញមុខនៅឡើយ។ ឃើញកូនដូចនេះ អ្នកស្រីចរិយាបន្លឺ៖

-កូនកើតអី? វិសិទ្ធិធ្វើអីកូនមែនទេ?

-អត់ទេម៉ាក់! បងអត់បានធ្វើអីអូនឯណា

-អ៊ីចឹងទៅស្លៀកពាក់ទៅ ពួកយើងទៅញ៉ាំបាយនៅហាងយប់នេះ

ថ្ងៃនេះជាថ្ងៃដ៏រីករាយ របស់គ្រួសារលោកវិបុត្រ ព្រោះវិសិទ្ធិ ប្រឡងបាន​និទ្ទេសA។ យុវជនត្រូវបានចូលរៀននៅសាលាឱសថស្ថាននៅភ្នំពេញ​ដោយឥតបង់ថ្លៃ។ បន្ទាប់ពីជប់លៀង សម្រាប់ភាពជោគជ័យហើយ គ្រួសារនេះ ក៏ត្រឡប់មកផ្ទះ​វិញដោយក្តីរីករាយ តែមកមុខផ្ទះ វាគួរឲ្យភ្ញាក់ផ្អើលណាស់   នៅពេលរំលេច​ស្រ្តី​វ័យ​ កណ្តាលម្នាក់កំពុងឈរញញឹមមករកពួកគេ អ្នកស្រីចរិយាបន្លឺឡើង៖

-ស៊ីណា!

-ម៉ាក់យ៉ាងម៉េចហើយ! (យុវជនបន្លឺ)

អ្នកស្រីស៊ីណា សម្លឹងមើលទៅចន្រ្ទាដោយស្នាមញញឹម និងរលីងរលោង​ទឹក​ភ្នែក។ ដោយទប់មិនបាន គាត់ក៏រត់ទៅឱបយុវតីព្រមទាំងបន្លឺឡើង៖”កូនស្រី!”។ ចន្រ្ទា​ហាក់ដូចជាភាំងណាស់ នាងឈរឈ្មឹងមិនតបតអ្វីឡើយ តែសម្លឹងទៅប៉ាម៉ាក់របស់​ នាង។ ពួកគេទាំងអស់ក៏ចូលមកដល់ក្នុងផ្ទះ អ្នកស្រីចរិយាបន្លឺ៖

-វិសិទ្ធិនាំប្អូនទៅបន្ទប់ទៅ

-បាទ! តោះ

វិសិទ្ធិនាំប្អូនទៅដល់បន្ទប់ តែចន្រ្ទាបន្លឺឡើង៖

-អ្នកណាគេហ្នឹងបង?

-បងក៏មិនស្គាល់ដែរ ប្រហែលជាមិត្តភក្តិម៉ាក់ហើយមើលទៅ ឯងឆាប់ទៅងូតទឹកទៅ

-ចាស!

យុវជនដើរចេញមកក្រៅវិញ ​     តែក៏ត្រូវឈរធ្មឹងមួយកន្លែងនៅពេលឮឪពុក​    ​ម្តាយជជែកគ្នា៖

-ឯងចង់បានន័យថា រាល់ថ្ងៃនេះ នាងហៅពួកឯងថាប៉ាម៉ាក់អ្ហេ?

-ត្រូវហើយ! ខ្ញុំចង់ប្រាប់នាងពីការពិតដែរ តែខ្ញុំមិនដាច់ចិត្ត ព្រោះខ្ញុំខ្លាចឯង​មិន​ត្រឡប់មកវិញ

-ខុសមកពីខ្ញុំ

-សូមទោស! តើឯងអាចប្រាប់ខ្ញុំបានទេ ហេតុអីក៏ឯងបាត់ឈឹងយ៉ាងនេះ?

-ប្តីខ្ញុំគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយ បន្ទាប់ពីគាត់ស្លាប់ទៅ អ្វីៗ ខ្ញុំត្រូវ​ចាប់ផ្តើមសារឡើងវិញ ដូច្នេះ បើខ្ញុំត្រឡប់មកស្រុកវិញ ខ្ញុំមានតែបាតដៃទទេ​ប៉ុណ្ណោះ ខ្ញុំដឹងថា ឯងអាចមើលថែនាង ទើបខ្ញុំសម្រេចចិត្តរកស៊ីនៅទីនោះ​សិន សូមទោស ដែលខ្ញុំមិនបានផ្តល់ដំណឹងដល់ឯង ខ្ញុំមកនេះ គឺចង់យក​​     ចន្រ្ទាទៅរស់នៅទីនោះ តើឯងយល់ព្រមទេ?

-នាងជាកូនរបស់ឯង ខ្ញុំឃើញឯងមកនេះ ខ្ញុំក៏សប្បាយចិត្តដែរ តែឯងទុកពេល​ឲ្យខ្ញុំពីបីថ្ងៃសិនណា ខ្ញុំនឹងនិយាយប្រាប់នាងពីរឿងនេះ

-មិនអីទេ! ខ្ញុំរង់ចាំបាន អរគុណឯង

-ពេលនេះឯងសម្រាកនៅឯណា?

-ខ្ញុំស្នាក់នៅសណ្ឋាគារ ត្រូវហើយ! ក្មេងប្រុសនោះ ជាកូនរបស់ឯងមែនទេ?

-ត្រូវហើយ!

-គួរឲ្យស្រលាញ់ណាស់ បានហើយ ខ្ញុំមិនរំខានឯងទេ ខ្ញុំទៅវិញសិនហើយ

វិសិទ្ធិហាក់ដូចជាក្តុកក្តួលណាស់ នាយដើរចូលទៅរកឪពុកម្តាយទាំងរលី​ង​រលោងទឹកភ្នែក៖

-ម៉ាក់គិតឲ្យអូនទៅគាត់វិញអ្ហេ?

-នេះហើយជាម៉ាក់បង្កើតរបស់ចន្រ្ទា គាត់មកទទួលនាងទៅវិញហើយ

-តែម៉ាក់សន្យានឹងខ្ញុំហើយ បើខ្ញុំស្រលាញ់អូន មិនធ្វើបាបអូន ម៉ាក់មិនឲ្យអូនទៅ​ណាទេ?

-ម៉ាក់ក៏មិនចង់ឲ្យនាងទៅដែរ ប៉ុន្តែចន្រ្ទាត្រូវតែរស់នៅជាមួយម្តាយនាងវិញ

-ម៉ាក់កុហក! អូនម៉េចនឹងអាចចាកចេញពីទីនេះទៅ

វិសិទ្ធិរត់ទៅបន្ទប់ខ្លួនវិញទាំងខ្សឹកខ្សួល។ លោកវិបុត្រក្រលេកមកឃើញ​កូន​ស្រីអង្គុយយំនៅក្បែរទ្វារ ក៏ស្ទុះចូលទៅ៖

-កូនស្រី!

-ប៉ា!

-កូនបានឮហើយមែនទេ?

-ឲ្យម៉ាក់សូមទោស ដែលមិនបានប្រាប់រឿងនេះដល់កូន

-ប៉ាម៉ាក់អត់ខុសទេ តែអូនត្រូវទៅជាមួយម៉ាក់អូនមែនអ្ហេ?

-យ៉ាងណា គាត់ជាម៉ាក់បង្កើតរបស់កូន កូនត្រូវតែកតញូចំពោះគាត់

-ការពិតបងដឹងពីយូរមកហើយមែនទេ ថាអូនមិនមែនជាប្អូនបង្កើតរបស់គាត់

-អ៊ឺ!

-អរគុណប៉ា និងម៉ាក់!

ទាំងបីនាក់ឪម៉ែកូន យំឱបគ្នាជាប់។ ចន្រ្ទាបានសម្រេចចិត្តទៅជាមួយម្តាយ​បង្កើតរបស់ខ្លួន។ ការពិតនាងពិតជាអាល័យទីកន្លែងដែលនាងធ្លាប់រស់នៅណាស់ តែ​នាងសន្យានឹងប៉ាម៉ាក់ចិញ្ចឹមរួចហើយ ថាធ្វើជាកូនកតញូ នាងដឹងថា ប៉ុន្មានថ្ងៃនេះ បងប្រុសមិនសប្បាយចិត្តឡើយ ទើបទៅគោះទ្វារយុវជន៖

-បងខឹងអូនមែនទេ?

-អត់ទេ!

-តែបងអត់ញញឹមដាក់អូនទេ បងប្រាកដជាខឹងអូន

-បងមានរឿងអីដែលខឹងអូននោះ បងគ្រាន់តែបារម្ភ តើក្មេងល្ងង់ម្នាក់នេះ អាច​ទៅរស់នៅបរទេសបានទេ

-បងកុំភ័យអី អូននឹងមិនល្ងង់ទៀតទេ អូននឹងខំរៀន ម៉ាក់ថា ពេលអូនទៅដល់​ទីនោះ អូនមានប្អូនប្រុសម្នាក់ ដូចនេះ អូននឹងមិនល្ងង់ទៀតទេ អូនក្លាយជា​បងស្រីគេហើយ

ទោះជាខំនិយាយរ៉ាយរ៉ាប់យ៉ាងណា ក្មេងស្រីនេះ នៅតែដូចជាល្ងង់ដដែល។ យុវជនក្តុកក្តួលណាស់ នាយស្រវាឱបក្មេងតូចជាប់លាយនឹងដំណក់ទឹកភ្នែក ដែលស្រក់​ហូរចុះដោយមិនដឹងខ្លួន។ ចន្រ្ទាស្រដីត៖

-ការពិតអូនមិនមែនជាប្អូនបង្កើតបងទេ អ៊ីចឹងហើយ ទើបអូនមិនឆ្លាតដូចជា​បង អូនចេះតែបន្ទោសប៉ាម៉ាក់ ហេតុអីបង្កើតអូនមកមិនឆ្លាតដូចជាបង ពេល​

នេះអូនដឹងហើយ……..

-អូនឈប់និយាយទៅ!

-អរគុណបងដែលស្រលាញ់អូន មើលថែអូនដូចជាប្អូនបង្កើត អូនស្មានថាអូន​ជាអ្នកជូនដំណើរបងទៅភ្នំពេញ តែការពិតមិនមែនទេ អូនមិនបាននៅជូន​ដំណើរបងទេ

-ឈប់និយាយទៅ!

-អូន……..សូម………ទោស!

យុវជនឱបប្អូនជាប់មិនព្រមលែងទាល់តែសោះ ចំណែកទឹកភ្នែកចេះតែស្រក់​ចុះស្ទើរតែធ្លុះធ្លាយឱរា។ រីឯក្មេងស្រីតូចចេះតែនិយាយបន្ត៖

-បងប្រាប់អូនថា មិនឲ្យអូននៅក្បែរមនុស្សប្រុសពេកទេ ព្រោះអូនជាស្រី ពេល​នេះ អូនដឹងថា បងមិនមែនជាបងបង្កើតអូនទេ អូនឱបបងអ៊ីចឹង បងមិនថាទេអ្ហេ?

-មិនថាទេ!

-យប់នេះ អូនអត់ចង់គេងទេ អូនចង់មើលព្រះចន្ទ

-ពួកយើងចេញទៅក្រៅទៅ

ពីរនាក់បងប្អូនដឹកដៃគ្នា មកអង្គុយលើអង្រឹងក្រោមពន្លឺព្រះចន្ទ។ ចន្រ្ទាស្រដី៖

-តើនៅប្រទេសណរវែសន៍ មានព្រះចន្ទមើលទេបង?

-ឲ្យតែអូនចង់មើលប្រាកដជាមាន

-ការពិតពន្លឺព្រះចន្ទស្អាតណាស់ អាចធ្វើឲ្យមនុស្សមានអារម្មណ៍កក់ក្តៅទៀត​ផង

-ហេតុអីក៏អូនដឹង?

-អូនប្រាប់ហើយ ថាអូនអត់ល្ងង់ទេ ទោះជាយ៉ាងណា អូននឹងចងចាំ​បេះដូង​ដែលនៅក្រោមពន្លឺព្រះចន្ទមួយនេះ

-អ្ហឹះ!

-ឃើញទេ បងអត់ឆ្លាតជាងអូនទេ នេះគឺបេះដូងអូន បង ប៉ា និងម៉ាក់គឺជាពន្លឺ​ព្រះចន្ទ បេះដូងនៅក្រោមពន្លឺព្រះចន្ទ គឺជាបេះដូងដែលមានសេចក្តីសុខ​បំផុត​​ដូចជាពេលនេះអ៊ីចឹង ពន្លឺស្រទន់របស់ព្រះចន្ទ ធ្វើឲ្យយើងមើលឃើញភាព​ស្រស់ស្អាតរបស់ផែនដី ប៉ុន្តែ!

-ប៉ុន្តែយ៉ាងម៉េច?

-អូនអត់ឃើញស្នាមញញឹមបងទេ

-ឯងនេះ!

-ការពិតមុខបងស្អាតណាស់ តែតាំងពីតូចមក បងមិនដែលឲ្យអូនប៉ះមុខបងទេ បងថាដៃអូនមិនស្អាត អាចធ្វើឲ្យមុខបងកើតមុនបាន

-បើអូនចង់ប៉ះ ប៉ះមក

-ពិតមែនអ្ហេ?……..បងជាអ្នកនិយាយទេណា

-តែមានលក្ខខណ្ឌ

-លក្ខខណ្ឌ!

-ឯងត្រូវតែចងចាំបង………..បិទភ្នែកទៅ

-ហេតុអីក៏ចាំបាច់បិទភ្នែក?

-នៅពេលបិទភ្នែក បានន័យថា អូនកំពុងតែប្រមូលអារម្មណ៍ ស្រវាយកពន្លឺ​ព្រះចន្ទនេះ ដាក់ក្នុងបេះដូងរបស់អូនហើយ ពេលនោះ ទោះជាមានរឿងអីក៏​ដោយ អ្នកដែលអូននឹកឃើញមុនគេ គឺជាបង តើត្រឹមត្រូវទេ?

-ពិតមែនហើយ! អ៊ីចឹងអូនបិទភ្នែកហើយ

ក្មេងស្រីតូច បិទភ្នែក ហើយយកដៃទៅស្ទាបផ្ទៃមុខយុវជន។ វិសិទ្ធិសម្លឹងមើល​មុខប្អូន មិនព្រិចភ្នែក ក្នុងអារម្មណ៍ខ្សឹកខ្សួលមិនឈប់។

យន្តហោះបានចាកចេញទៅហើយ ឡានក្រុងក៏បានចាកចេញទៅដែរ។ ពេល​នេះនៅក្នុងផ្ទះបុរាណមួយនេះ មានតែពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះ។ វិសិទ្ធិបានចាក​ចេញ​ទៅរៀនផ្នែកឱសថនៅរាជធានីភ្នំពេញ។ ក្មេងប្រុសម្នាក់នេះ ពិតជាមានឆន្ទៈ និង​មនសិការគួរឲ្យស្រលាញ់រាប់អានណាស់។ យុវជនបានបួករៀនដោយឥតបង់ថ្លៃ ប៉ុន្តែ​ឲ្យតែសល់ពេលពីការសិក្សា    នាយតែងតែឆ្លៀតទៅធ្វើការក្រៅម៉ោងរកប្រាក់ទៀត    ​ផង។ ការធ្វើការងារក្រៅម៉ោងនេះ ធ្វើឲ្យយុវជនពុំសូវបានមកលេងស្រុកកំណើត​ឡើយ តែនាយតែងតែតេមកលេងឪពុកម្តាយជាញឹកញាប់៖

-អាឡូម៉ាក់!

-វ៉ាកងហើយ ហេតុអីក៏កូនមិនមកផ្ទះអ៊ីចឹង?

-ម៉ាក់កុំបារម្ភអី កូនជាប់ធ្វើការងារសិន

-កូនឯងនេះ!

-ខែនេះ ម៉ាក់មិនចាំបាច់ផ្ញើប្រាក់មកទេ កូនមានចាយហើយ

-មានចាយហើយក៏ដោយ នោះជាប្រាក់ផ្ទាល់ខ្លួនរបស់កូន ម៉ាក់ផ្ញើទៅ កូនត្រូវ​តែយក គិតពីសុខភាពផងណាកូន

-ម៉ាក់កុំបារម្ភអី ចុះលោកប៉ាសុខសប្បាយទេម៉ាក់?

-គាត់មិនអីទេ ពេលនេះប្រហែលជាកំពុងធ្វើដំណើរតាមផ្លូវហើយ

-និយាយអ៊ីចឹង តើអូនមានតេទៅលេងម៉ាក់ទេ?

-មួយរយៈនេះ ប្រហែលជារវល់ហើយ ទើបមិនឃើញតេមក

-ម៉ាក់មើលថែសុខភាពផងណាម៉ាក់

-ម៉ាក់ដឹងហើយ​ ឯងក៏ដូចគ្នា ប៉ុណ្ណឹងបានហើយ!

-ជម្រាបលាម៉ាក់!

បន្ទាប់ពីដាក់ទូរស័ព្ទចុះ យុវជនក៏ទៅយកកុំព្យូទ័រ មកcheck internet។ នៅ​ពេលបើក យុវជនតែងតែរអ៊ូតែម្នាក់ឯង៖”មើលទៅឯងល្ងង់យ៉ាងនេះ ប្រហែលជាមិន​ចេះលេងface bookទេ។ អ្នកណាគេឈ្មោះសុខ ណាវី? អូ! ជាមិត្តភក្តិអូនទេតើ!”។ បន្ទាប់ពីconfirmហើយ ណាវីក៏ឆ្លើយឆ្លងchatជាមួយយុវជន៖

-សួស្តីបង! តើបងនៅចាំខ្ញុំទេ ខ្ញុំជាមិត្តភក្តិចន្រ្ទាណា?

-សួស្តី! បងនៅចាំ តើឯងសុខសប្បាយទេ?

-ខ្ញុំសុខសប្បាយទេ ចុះបងវិញ?

-បងសុខសប្បាយទេ!

-តើបងបានទទួលដំណឹងពីចន្រ្ទាទេ?

– កាលពីពីរខែមុន នាងបានតេមកម៉ាក់ នាងសុខសប្បាយទេ

-អ៊ីចឹង តើនាងមានបានបង្កើតacountតាមface book​ទេ? ខ្ញុំរកឈ្មោះនាង​មិន​ឃើញសោះ

-ប្រហែលជាអត់ហើយ បងក៏ធ្លាប់ស្វែងរកនាងដែរ

-បើបងរកនាងឃើញ បងប្រាប់ខ្ញុំផងណា

-មិនអីទេ!

-អ៊ីចឹង ខ្ញុំលាបងសិនហើយ ជួបបងពេលក្រោយ

-សុខសប្បាយណា………..អ្ហើយ!

វិសិទ្ធិបិទកុំព្យូទ័រ លើកដាក់ទៅម្ខាង ក៏ដកដង្ហើមធំ រួចក៏ទាញរូបថតមកមើល៖

-តើស្រីច្រម៉ក់ឯងនេះ មាននឹកបងទេ?

 

 

វគ្គ៣                              បេះដូងក្រោមពន្លឺព្រះចន្ទ

ប្រាំមួយឆ្នាំក្រោយមក

                        ប្រទេសណរវែសន៍

យុវតីស្រស់ស្អាត មានទឹកមុខស្រស់ថ្លា អង្គុយមុខកុំព្យូទ័រញញឹមតែម្នាក់ឯង នាងរអ៊ូតិចៗ៖”បងថា ខ្ញុំល្ងង់ តែបងទេដែលល្ងង់នោះ ខ្ញុំអាចមើលឃើញបង តែបង​បែរជាមើលមិនឃើញខ្ញុំទៅវិញ”។

-បងស្រី!

-គឺឯងទេអ្ហេ!

ខេវិនគឺជាប្អូនប្រុសបង្កើត ឪពុកទីទៃរបស់ចន្រ្ទា។ ថ្វីត្បិតតែកូននេះ មាន​ឪពុក​ជាជនជាតិណរវែសន៍ ហើយកើតនៅបរទេសក៏ពិតមែន ប៉ុន្តែយុវជនគឺចេះភាសាកំណើត​របស់ខ្លួនច្បាស់ណាស់។ នេះមកពីការព្យាយាមរបស់អ្នកស្រីស៊ីណា ក្នុងការចិញ្ចឹម​បីបាច់កូនមិនឲ្យភ្លេចកំណើតរបស់ខ្លួន។ ពិតមែនហើយ ដោយសារតែកូនប្រុសនេះហើយ ទើបធ្វើឲ្យអ្នកស្រីស៊ីណា   ក្លាយជាម្ចាស់ផ្សារទំនើបមួយកន្លែងនៅប្រទេស​ណរវែសន៍ ដែលផ្សារទំនើបនេះ គឺជាកេរមរតករបស់ប្តីគាត់។

ចន្រ្ទាប្រឡងជាប់សញ្ញាបត្រទុតិយភូមិហើយ ហើយនៅខែក្រោយនេះ នាង​មានគម្រោង​មកលេងស្រុកកំណើតវិញ។

ថ្លែងពីយុវជនកំលោះឈ្មោះវិសិទ្ធិ ការពិតនាយមានរូបរាងសង្ហារណាស់ ខ្ពស់​ស្រឡះតែម្តង។ បន្ទាប់ពីរៀនចប់ ហើយប្រឡងជាប់ក្របខណ្ឌរដ្ឋមក នាយក៏ត្រឡប់​មកធ្វើការនៅស្រុកកំណើតវិញ។ យុវជនធ្វើការនៅមន្ទីរពេទ្យបង្អែក ផ្នែកឱសថជិត​មួយឆ្នាំហើយ ហើយពេលនេះ កំពុងត្រៀមបើកគម្រោងអាជីវកម្មមួយថែមទៀតផង។ អ្នកស្រីចរិយាបន្លឺ៖

-កូនគិតបើកកន្លែងលក់ថ្នាំពេទ្យមែនអ្ហេ?

-ម៉ាក់ប៉ាត្រូវតែចូលហ៊ុនជាមួយខ្ញុំ

-ចុះឯងមានប្រាក់ប៉ុន្មានដែរ?

-ប៉ាមើលទៅ! (យុវជនហុចសៀវភៅធនាគារទៅប៉ារបស់ខ្លួន)

-សាមសិបលានរៀល

-បងថាម៉េច? ឲ្យអូនមើលវិញ………តើកូនបានប្រាក់ច្រើនយ៉ាងនេះមកពីណា?

-ក្រែងម៉ាក់ដឹងហើយតើ ថាខ្ញុំធ្វើការ បូកផ្សំនឹងប្រាក់​ ដែលប៉ាម៉ាក់ផ្ញើទៅឲ្យ​ខ្ញុំ​ផងនោះ ឬប៉ាម៉ាក់មិនជឿលើសមត្ថភាពកូនខ្លូនឯងទេ?

-មិនគួរឲ្យជឿទេ ថាកូនម៉ាក់ចេះសន្សំប្រាក់យ៉ាងនេះ

-តើប៉ាព្រមបណ្តាក់ទុនជាមួយខ្ញុំទេ?

-បាន!

នៅទីបំផុតហាងឱសថស្ថានដ៏តូចមួយបានកើតឡើង។ តើហាងឱសថស្ថាន

​នេះមានឈ្មោះអ្វីដែរ? យុវជនឈរសម្លឹងមើលផ្លាកហាងរបស់ខ្លួន ហើយញញឹមតិច​ៗ ក្នុងចិត្តដូចជាស្កប់ស្កល់ណាស់។ ហាងដ៏តូចល្មមនេះ មានបុគ្គលិកពីរនាក់​ជាអ្នក​លក់ថ្នាំ អ្នកស្រីចរិយានៅក្នុងហាងជាប្រចាំជំនួសកូនប្រុស។ នៅពេលចេញពីធ្វើការ​នៅពេលថ្ងៃត្រង់ និងល្ងាច ទើបវិសិទ្ធិមកដូរម្តាយឲ្យត្រឡប់ទៅផ្ទះវិញ។

ម៉ោងប្រាំកន្លះ បុគ្គលិកតែងតែត្រឡប់ទៅផ្ទះវិញ ចំណែកអ្នកស្រីចរិយា​ត្រឡប់​មកធ្វើម្ហូបនៅផ្ទះ យុវជនក៏ក្លាយជាអ្នកលក់ថ្នាំវិញម្តង។ យប់នេះ ហាក់ដូចជា​ជ្រុលម៉ោងបន្តិចហើយ វិសិទ្ធិនៅអង្គុយមុខកុំព្យូទ័រលេងឆាតនៅឡើយ។ តើនាយ​កំពុង​ឆាតជាមួយអ្នកណា?

-តើឯងមិនចង់មកលេងកម្ពុជាទេអ្ហេ?

-ខ្ញុំក៏ចង់ដែរបង តែម៉ាក់និងបងស្រីខ្ញុំ គាត់មិនឲ្យខ្ញុំមកទេ គាត់ថា ចាំឲ្យខ្ញុំ​ប្រឡងជាប់សិន

-អ៊ីចឹង ត្រូវប្រឹងប្រឡងឲ្យជាប់ណា មើលទៅម៉ាក់ និងបងស្រីឯង ប្រហែលជា​ស្រលាញ់ឯងណាស់ហើយមើលទៅ?

-ពិតណាស់បង ពួកគាត់ស្រលាញ់ខ្ញុំ ជាពិសេស បងស្រីដ៏ល្ងង់របស់ខ្ញុំ

-ហេតុអីក៏ឯងថាឲ្យបងស្រីអ៊ីចឹង?

-ខ្ញុំនិយាយលេងទេ ថ្វីត្បិតតែគាត់មើលទៅដូចល្ងង់បន្តិចមែន តែគាត់ស្រលាញ់ខ្ញុំណាស់ ហើយខ្ញុំក៏ស្រលាញ់គាត់ដែរ ពេលដែលគាត់ទៅកម្ពុជា ខ្ញុំ​ប្រហែលជាអផ្សុកណាស់ហើយមើលទៅ តើបងមានបងស្រីទេ?

-បងគ្មានទេ! តែបងធ្លាប់មានប្អូនស្រីល្ងង់ម្នាក់ដែរ

-ធ្លាប់មាន!

-ត្រូវហើយ! ពេលនេះ នាងមិននៅជាមួយបងទេ នាងទៅរស់នៅប្រទេស​ណរវែសន៍ជាមួយម្តាយនាងបាត់ហើយ

-បានន័យថា បងនិងនាងមានប៉ាតែមួយ ម៉ាក់ផ្សេងគ្នាមែនទេ?

-មិនមែនទេ! ការពិតបងនិងនាង មិនមែនជាបងប្អូនបង្កើតទេ ប៉ុន្តែបងធ្លាប់​រស់នៅជាមួយនាងអស់រយៈពេលដប់បីឆ្នាំ ពួកយើងស្រលាញ់គ្នាដូចជាបងប្អូន​បង្កើតអ៊ីចឹង

-ចុះពេលនេះ បងនឹកគាត់ទេ?

-បងនឹកនាងណាស់! បងបានស្វែងរកនាងលើទំព័រface bookដែរ ព្រោះចង់​ដឹងថា តើនាងធំប៉ុនណាហើយ ប៉ុន្តែបងរកនាងមិនឃើញសោះ

-ចុះនាងមានតេទៅបងទេ?

-នាងមិនដែលតេមកទេ

-គាត់ប្រហែលជាមានការរវល់ហើយមើលទៅ បើខ្ញុំបានជួបគាត់នៅទីនេះ ខ្ញុំ​នឹងប្រាប់គាត់ថា បងនឹកគាត់

-អរគុណហើយ!

-ចុះពេលនេះ បងមានសង្សារហើយនៅ?

-អាល្អិតឯងនេះ ម៉េចក៏សួរបងពីរឿងនេះ?

-ខ្ញុំចង់ដឹង! បងប្រហែលជាមិនទាន់មានទេមែនទេ?

-ត្រូវហើយ!

-ចុះបងធ្លាប់មានទេ?

-មិនធ្លាប់ទេ!

-ខ្ញុំប្រាប់បងណា ថ្វីត្បិតតែខ្ញុំមានអាយុតិចជាងបង តែខ្ញុំធ្លាប់មានសង្សារច្រើននាក់​ហើយ ហើយពេលនេះ ខ្ញុំកំពុងតែទាក់ទងជាមួយនារីម្នាក់ទៀត ដូចនេះ ខ្ញុំមានបទពិសោធន៍ស្នេហាច្រើនជាងបង បងស្រលាញ់ប្អូនស្រីបងមែនទេ?

-ត្រូវហើយ! បងស្រលាញ់នាងតើ

-ជាស្នេហាមែនទេ?

-មិនមែនទេ!

-មែន! មួយរយភាគរយ អារម្មណ៍របស់បងជាមួយប្អូនស្រីបង គឺស្នេហា គ្រាន់​តែបងមិនបានចាប់អារម្មណ៍ មកពីបងនិងគាត់រស់នៅជាមួយគ្នា

-តែពេលនេះ បងមិនបានរស់នៅជាមួយនាងឯណា?

-តែបងបានចងចាំរឿងគ្រប់យ៉ាងដែលទាក់ទងនឹងគាត់ មែនទេ? សូម្បីតែ​ហាងឱសថរបស់បង ក៏បង្ហាញពីអារម្មណ៍របស់បងចំពោះគាត់ដែរ បើបងមិន​ជឿ បងសាកល្បងគិតឡើងវិញទៅ ថាអារម្មណ៍របស់បងកន្លងមកជាស្នេហា ឬជាបងប្អូន?

-អាល្អិតឯងនេះ!

-ខាងអ្វីផ្សេងខ្ញុំមិនដឹងទេ តែបើនិយាយពីស្នេហា មួយរយភាគរយ ខ្ញុំនិយាយ​ខុសតែមួយភាគរយប៉ុណ្ណោះ បងសំណាងហើយ ដែលបានស្គាល់ខ្ញុំនោះ

-អរគុណឯងហើយ!

-កុំអរគុណខ្ញុំអី គួរតែអរគុណFace book ដែលធ្វើឲ្យពួកយើងស្គាល់គ្នា បងកុំ ភ្លេចសំដីខ្ញុំ បងស្រីខ្ញុំហៅខ្ញុំហើយ ជួបគ្នាលើកក្រោយណាបង!

-សុខសប្បាយ!

-លេងឆាតជាមួយមនុស្សស្រីទៀតហើយមែនទេ?

-មានឯណា?

-បងមិនជឿទេ! ឲ្យបងមើលបន្តិចមើល

-បិទហើយហ្នឹង!

-អាល្អិតឯងនេះ!…………..នែ! ឯងធ្វើអី?

-ខ្ញុំចង់ថើបបង!

ខេវិនចាប់ឱបបងស្រីជាប់ ហើយក៏ថើបនាងមួយខ្សឺត រួចរត់ចេញទៅក្រៅបាត់ ចំណែកយុវតីក្នក់ខ្នាញ់ណាស់ ក៏ស្ទុះរត់ចេញទៅជួបនឹងម្តាយល្មម៖

-មានរឿងអីកូន?

-អាល្អិតនោះ វាថើបខ្ញុំទៀតហើយណាម៉ាក់

-បានហើយ! ថ្ងៃក្រោយបើប្អូនថើបឯង ឯងថើបវាវិញទៅ ឱ្យវារួចគ្នា

-ម៉ាក់!

-ម៉ាក់និយាយលេងទេ តោះ ទៅញ៉ាំបាយទៅ

ថ្លែងពីណាវី នាងកំពុងនៅមុខកុំព្យូទ័រដូចគ្នានៅឡើយ ហើយក៏បើកភ្នែកធំៗ បន្លឺដោយការភ្ញាក់ផ្ញើល៖”ស្រីច្រម៉ក់ឯងនេះ ពេលនេះហើយទើបតែAddខ្ញុំ ឯងមិនដឹងថា ខ្ញុំនឹកឯងប៉ុណ្ណាទេអ្ហេ?”។ ណាវីរអ៊ូបណ្តើរយំបណ្តើរ វាសនាឃើញដូចនោះក៏ដើរចូល​មក។ នាយបន្លឺ៖

-បេះដូងក្រោមពន្លឺព្រះចន្ទ! ចន្រ្ទាមែនទេ?

-ចាសបង គឺនាង!

-ពេលនេះនាងធំប៉ុនណាហើយ បើកមើលរូបថតនាងទៅ

-យ៉ាងម៉េចហ្នឹង សុទ្ធតែរូបនៅក្មេងទាំងអស់ហ្នឹងបង

-មើលទៅនាង ប្រហែលជាស្រលាញ់វ័យកុមារនាងណាស់ហើយមើលទៅ

-ពិតមែនហើយ! ពិសេសគឺបងប្រុសរបស់នាង………..បង! នេះរូបបង និងខ្ញុំ​តើ ការពិត នាងក៏នឹកពួកយើងដែរតើ ប៉ុន្តែហេតុអីក៏នាងមិនuploadរូបបច្ចុប្បន្ន​របស់នាងអ៊ីចឹង……..តើបងកើតអីមែនទេ?

-គ្មានទេ! បងទៅបន្ទប់ហើយ

-ការពិតបងនៅតែស្រលាញ់នាងទៀតអ្ហេ?…………….. តើបងវិសិទ្ធិដឹងពីprofile    ​ចន្ទ្រាទេហ្ន៎ គួរតែrequestទៅឲ្យគាត់

ណាវីសប្បាយចិត្តណាស់ ព្រោះតែបានជួបមិត្តចាស់របស់ខ្លួនលើបណ្តាញ​Internet ប៉ុន្តែវាសនា បែរជាអស់សង្ឃឹមបន្ទាប់ពីបានឃើញprofileរបស់យុវតី។ នាយ​ឈរសម្លឹងមើលព្រះចន្ទក្បែរបង្អួត ហើយគិតតែម្នាក់ឯង៖”ការពិតអ្នកដែលនាង​ស្រលាញ់គឺបងប្រុសរបស់នាង ទោះនាងទៅដល់ទីណា ក៏ពន្លឺព្រះចន្ទនេះ នៅតែ​តាម​បំភ្លឺនាង ឲ្យមានរស្មីត្រចះត្រចង់ជានិច្ច។ ហេតុអ្វីក៏ខ្ញុំគ្មានវាសនា ធ្វើជាពន្លឺព្រះចន្ទ​បំភ្លឺ​បេះដូងរបស់នាង?”។ ហ៊ឺ!……….លួចស្រលាញ់មនុស្សម្នាក់ ពិតជាឯកាណាស់ហ្ន៎ ឱ! អ្នកកំលោះអើយ បើអ្នកដឹងហើយ យល់ហើយ អ្នកគួរតែកាត់ចិត្តទៅ ព្រោះនៅមិន​ទាន់លង់ជ្រៅនៅឡើយ។ ចំណែកឯអ្នកកំលោះវិសិទ្ធិវិញ បន្ទាប់ពីស្តាប់ពាក្យទូន្មាន របស់កំលោះតូចតាមបណ្តាញInternetរួចមក ហាក់ដូចជាយោលយោគ និងរសាប់រសល់ខ្លាំងណាស់។ តើអារម្មណ៍ដែលមានកន្លងមក ជាស្នេហាឬជាបងប្អូន? ត្រឹមត្រូវណាស់! សូម្បីតែឈ្មោះហាង ក៏រំលឹកដល់មនុស្សស្រីម្នាក់នោះដែរ តើមានអ្វី​ត្រូវសង្ស័យទៀត។ រឹតតែគិត រឹតតែវិលវល់ ប្រុសនិមលក៏លើកកុំព្យូទ័រមក check Internetដើម្បីបំបាត់អារម្មណ៍រវើរវាយទាំងអស់នេះ។ តើមានអ្វីកើតឡើង? វិសិទ្ធិស្ទើរ​ញញឹម ស្ទើរសើច ស្ទើរយំ មានអារម្មណ៍ក្តុកក្តួលណាស់ នាយរអ៊ូតិចៗ៖”ហេតុអីក៏​បង​មិននឹកឃើញពាក្យមួយឃ្លានេះ? ក្មេងល្ងង់ឯងនេះ តើឯងចង់លេងអីជាមួយបងមែនទេ ទើបមិនAddបង? ហេតុអីក៏កំណាញ់យ៉ាងនេះ សូម្បីតែរូបថតបច្ចុប្បន្នមួយសន្លឹក​ក៏ឯងមិនuploadដែរ។ បាន! បងAddឯងមុន”។ ចន្រ្ទាភ្ញាក់ព្រើត៖”បង! ក្មេងស្រីល្ងង់​ដូចជាឯងអ៊ីចឹង ហ៊ានលេងជាមួយបងផងអ្ហេ? បងថាឲ្យខ្ញុំផងអ្ហេ!”​។ ចន្រ្ទាaceptហើយ​ក៏តបតទៅបងតាមchat៖

-បងស្តីឲ្យខ្ញុំទៀតហើយណា!

-យ៉ាងម៉េច! បងជាបង ថាឲ្យឯងមិនបានអ្ហេ?

-បានតើ! តើប៉ាម៉ាក់សុខសប្បាយទេ?

-ពួកគាត់សុខសប្បាយទេ តែនឹកអូនខ្លាំងណាស់ដឹងទេ?

-ខ្ញុំក៏នឹកពួកគាត់ដែរ បងប្រាប់គាត់ផងណា ថាខ្ញុំសុខសប្បាយទេ ពេលនេះ ខ្ញុំកំពុងត្រៀមចូលមហាវិទ្យាល័យហើយ

-តើរៀនពិបាកទេ?

-បងបារម្ភពីខ្ញុំមែនទេ? ខ្ញុំមិនល្ងង់ទេ បងកុំភ័យ

-ល្អណាស់អ៊ីចឹង! ចុះអ្នកមីង និងប្អូនប្រុសអូនសុខសប្បាយទេ?

-ពួកគាត់សុខសប្បាយទេ

-ចុះឯងវិញ?

-ខ្ញុំក៏សុខសប្បាយដែរ ចុះបង?

-បងមិនសុខទេ ព្រោះនឹកប្អូនស្រីល្ងង់ដូចជាអូននេះ បងបានស្វែងរកអូន តែ​មិននឹកស្មានថា អូនប្តូរឈ្មោះទៅជាបេះដូងក្រោមពន្លឺព្រះចន្ទសោះ

-បេះដូងនៅក្រោមពន្លឺព្រះចន្ទ គឺជាបេះដូងដែលមានសេចក្តីសុខ​បំផុត អូន​បានប្រាប់បងហើយ តើមែនទេ?

-ពិតមែនហើយ! ម្តងនេះ គឺអូនឆ្លាត តែបងទេ ដែលល្ងង់ សូមទោសណា!

-មិនអីទេ នរណាឲ្យបង ជាបងប្រុសរបស់អូន បងដឹងទេ? បងសង្ហារគួរឲ្យស្រលាញ់ណាស់ តើបងខ្ពស់ជាងមុនមែនទេ?

-ប្រាកដហើយ! បើសិនជាបងឃើញអូន តើបងចំណាំអូនបានទេ?

-បើអូនស្អាតជាងមុន អ៊ីចឹងបងប្រហែលជាមើលអូនមិនស្គាល់ទេ

-បងចង់និយាយថា កាលនៅតូចអូនមិនស្អាតមែនទេ?

-ប្រហែលហើយ! បើមិនជឿ ចាំសួរប្អូនប្រុសអូនទៅ

-ឈប់និយាយជាមួយបងហើយ

-នែ! កូនក្មេងនៅតែក្មេងដដែលហ្នឹង

-អូនធំហើយ!

-ធំឯណា បើរូបនៅក្នុងprofileសុទ្ធតែកូនក្មេងហ្នឹង

-ឈប់និយាយជាមួយបងហើយ

-នែ!………ស្រីច្រម៉ក់នេះ ចង់បិទក៏បិទភ្លាម

ចន្រ្ទាហាក់សប្បាយចិត្តណាស់ បន្ទាប់ពីchatជាមួយបងប្រុស ឃើញដូចនោះ ខេវិនបន្លឺ៖

-តើchatជាមួយអ្នកណា ហេតុអីក៏សប្បាយចិត្តម្ល៉េះ?

-ជាមួយអ្នកណាមានទាក់ទងអីហ្នឹងឯង

-បើខ្ញុំស្មានមិនខុសទេ ប្រហែលជាមួយបងប្រុសហើយមែនទេ?

-ត្រូវហើយ!

-ក្រែងគាត់មិនស្គាល់ឈ្មោះបងលើface bookទេអ្ហ៊ៃ?

-តែពេលនេះ ស្គាល់ហើយ យ៉ាងម៉េច?

-មើលទៅបងសប្បាយចិត្តជាងខ្ញុំchatជាមួយសង្សារទៀត បងនិយាយទៅ បងស្រលាញ់គាត់ជាស្នេហាមែនទេ?

-ឯងនិយាយអី?

-ខ្ញុំក៏មានមិត្តម្នាក់នៅកម្ពុជា មានរឿងរ៉ាវប្រហាក់ប្រហែលនឹងបងដែរ តែខ្ញុំ​យល់ថា វាជាស្នេហា មិនមែនបងប្អូនទេ?

-ខួរក្បាលឯងមានតែរឿងមួយនេះទេអ្ហេ? ឲ្យខំរៀនមិនខំទេ បងឈប់និយាយជា​មួយឯងហើយ

-ខ្ញុំនិយាយហើយមួយរយភាគរយ ខ្ញុំថាខុសតែមួយភាគរយទេ

បន្ទាប់ពីឆ្លងឆ្លើយជាមួយប្អូនស្រីហើយ បែរជាមានកម្លាំង ហើយគេងលក់​ស្កប់ស្កល់ទៀតផង។

នៅក្នុងហាងឱសថ សំឡេងអតិថិជនម្នាក់បន្លឺឡើង៖

-តើអ្នកលក់ទៅណាបាត់ហើយ?

-អូ! សូមទោស …………..តើអ្នកនាងទិញថ្នាំអីដែរ?

វិសិទ្ធិដើរចេញមក។ មកដល់ជិតគ្នា ទាំងពីរនាក់ហាក់ដូចជាភាំងមួយស្របក់ ណាវីបន្លឺ៖

-គឺបងវិសិទ្ធិមែនទេ?

-នាងគឺ………….

-ខ្ញុំណាវីណាបង

-ត្រូវហើយ! បងស្ទើរចាំឯងមិនបាន មើលរូបថតឯង ស្មានតែឯងតូចល្អិតតើ?

-ខ្ញុំខ្ពស់ពេកមែនទេបង?

-អត់ទេ! សមល្មមហើយ អរគុណហើយ ដែលឯងrequestចន្រ្ទាទៅឲ្យបង

-ចាស! ………..តើនេះជាហាងរបស់បងមែនទេ?

-ត្រូវហើយ! យ៉ាងម៉េចដែរ?

-មិនធំតែក៏មិនតូចដែរ អនាគតប្រហែលជាធំជាងនេះ មែនទេបង?

-ប្រហែលហើយ ត្រូវហើយ! តើឯងត្រូវការទិញថ្នាំអីដែរ?

-នេះវិជ្ជបញ្ជាបង

-ចាំបងមួយភ្លែត

-ចន្រ្ទាដឹងទេ ថាបងបើកហាងឱសថនេះ?

-បងមិនបានប្រាប់នាងទេ? តើឯងទិញថ្នាំទៅឲ្យអ្នកណា?

-គឺបងប្រុសខ្ញុំ!

-វាសនាមែនទេ?

-បងនៅចាំគាត់ដែរអ្ហេ?

-នៅចាំតើ តែបងភ្លេចមុខគេហើយ តើគេឈឺយូរហើយអ្ហេ?

-ពីរបីថ្ងៃហើយ ផ្លូវកាយមិនប៉ុន្មានទេបង តែប្រហែលជាផ្លូវចិត្ត

-យ៉ាងម៉េចហ្នឹង!

-គាត់នឹកប្អូនស្រីបងហ្នឹងណា

-គេនៅមិនទាន់ភ្លេចចន្រ្ទាទៀតអ្ហេ?

-ចាស! តែគាត់ដឹងហើយ​ ថាចន្រ្ទាមានមនុស្សដែលនាងស្រលាញ់ហើយ

-ពូទិញថ្នាំ! (អតិថិជនម្នាក់បន្លឺឡើង)

-បាទ! នេះថ្នាំឯង

-ចាស! នេះប្រាក់បង ខ្ញុំទៅវិញហើយ

-អរគុណ!

-អូនត្រូវការថ្នាំអី?

-ថ្នាំផ្តាសាយពូ

​វិសិទ្ធិគិតសំដីណាវីឡើងវិញ ហើយក៏សួរខ្លួនឯង៖”អូនមានសង្សារ​ហើយអ្ហេ! ហេតុអីក៏មិនប្រាប់បងផង? មើលទៅខ្ញុំប្រហែលជាជិតឆ្កួតហើយ”។ យុវជនអង្គុយ​ស្លុង ស្រាប់តែសំឡេងសារchatបន្លឺឡើង៖

-សួស្តីបងប្រុស!

-សួស្តី!

-តើបងគិតយល់ហើយនៅ ថាជាស្នេហាឬបងប្អូន?

-ឯងនៅចងចាំដែរអ្ហេ?

-ប្រាកដហើយ!

-បងគិតថា ឯងប្រហែលជាគិតច្រើនពេកហើយ ពួកយើងគឺជាបងប្អូនប្រាកដ​ណាស់ មិនអាចជាស្នេហាទេ

-មនុស្សចាស់ដូចជាពួកបង តើកំពុងគិតអីហ្នឹង វាជាស្នេហាប្រាកដណាស់ នៅបដិសេធទៀត

-តែបងថា ក្មេងដូចជាឯងទេ ដែលគិតច្រើននោះ

-បងចាំមើលណា ខ្ញុំនឹងខំប្រឡងឲ្យជាប់ ដើម្បីទៅកម្ពុជាជួបបង ហើយខ្ញុំនឹង​ចាំមើលពួកបង តើជាស្នេហាឬមិនមែន?

-ឯងនិយាយលេងទេអ្ហេ ធ្វើម៉េចឯងនឹងអាចជួបពួកបងក្នុងពេលតែមួយនោះ បើពេលនេះ ប្អូនស្រីបងមិនទាន់ត្រឡប់មកវិញផង

-ចុះបើខ្ញុំអាចជួបពួកបងក្នុងពេលតែមួយ តើបងហ៊ានសារភាពស្នេហ៍ជាមួយ​ប្អូនស្រីបងទេ?

-វាមិនអច្ឆរិយដល់ថ្នាក់ហ្នឹងទេ?

-តែខ្ញុំជាទេវតាស្នេហា ខ្ញុំអាចធ្វើឲ្យកើតមានរឿងអច្ឆរិយឡើង តើបងហ៊ានភ្នាល់ជាមួយខ្ញុំទេ?

-បើឯងអួតថា ឯងជាទេវតាស្នេហាហើយ អ៊ីចឹងបងភ្នាល់ជាមួយឯងចុះ ឯង​និយាយទៅ តើភ្នាល់យ៉ាងម៉េច?

-បើរវាងពួកបងពិតជាបងប្អូន មួយជាតិនេះ ខ្ញុំនឹងមិនញ៉ែស្រីទៀតទេ តែបើជា​ស្នេហា បងត្រូវថើបគាត់ចំពោះមុខខ្ញុំ

-ឯងលេងមែនទែនអ្ហេ?

-បងហ៊ានទេ?

-បាន! សង្ឃឹមថា ឯងប្រឡងជាប់ ហើយមកលេងកម្ពុជា

-រាត្រីសួស្តីបង!

ពិតជាគួរឲ្យអស់សំណើតណាស់។ យុវជនបន្លឺហួសចិត្តតែម្នាក់ឯង៖”ហេតុអី​ក៏​អាល្អិតម្នាក់នេះ ចាប់អារម្មណ៍ពីរឿងខ្ញុំយ៉ាងនេះ? ហេតុអីក៏ខ្ញុំត្រូវភ្នាល់ពីអារម្មណ៍ខ្លួន​ឯងជាមួយនឹងគេ? តែវាក៏គួរឲ្យអស់សំណើចដែរ”។

ថ្លែងពីយុវតី នាងកំពុងរៀបចំអីវ៉ាន់យ៉ាងសប្បាយរីករាយ។ ខេវិនដើរចូលមក​ ហើយក៏លោតទៅលើគ្រែរបស់នាង ទើបស្រដី៖

-បានទៅកម្ពុជា បងសប្បាយចិត្តណាស់មែនទេ?

-ត្រូវហើយ!

-ប្អូនប្រុសបង្កើតមិននឹក បែរជាទៅនឹកបងប្រុសចិញ្ចឹមទៅវិញ

-ឯងចង់បានន័យថាម៉េច?

-បងដឹងខ្លួនឯងច្បាស់ហើយ ពិតមែនហើយ មនុស្សស្រីឲ្យតែមានស្នេហា​ហើយគឺប្រាកដជាភ្លេចអ្វីៗទាំងអស់

-ស្នេហាក្បាលឯងអី!

-ឈឺណាបង!

-ឯងឈប់និយាយផ្តេសផ្តាសទៀតទៅបានទេ?

-បង! បងចង់ឲ្យខ្ញុំឈប់ញ៉ែស្រី តើមែនទេ?

-យ៉ាងម៉េច! ឯងមានអារម្មណ៍ធុញទ្រាន់ហើយមែនទេ?

-អ្នកណាថា? បើបងចង់ឲ្យខ្ញុំឈប់ញ៉ែស្រី បងភ្នាល់ជាមួយខ្ញុំទៅ

-ឯងចង់លេងល្បិចអីទៀតហើយ?

-គ្មានទេ! តែខ្ញុំគ្រាន់តែចង់ភ្នាល់ជាមួយបង ឬបងមិនចាប់អារម្មណ៍ទេ ដែល​ប្អូនប្រុសរបស់បង ឈប់ញ៉ែស្រីនោះ?

-អ៊ីចឹងឯងនិយាយទៅ ចង់ភ្នាល់អី?

-ខ្ញុំគិតថា រវាងបងនិងបងប្រុស គឺស្នេហា បើមិនមែនជាស្នេហាទេ ខ្ញុំជាអ្នក​ចាញ់ តែបើជាស្នេហា បងត្រូវថើបបងប្រុសចំពោះមុខខ្ញុំ

-ឯងឆ្កួតទេអ្ហេ! រឿងបែបនេះក៏នឹកឃើញដែរ?

-ក្រែងបងជឿជាក់ ថាជាបងប្អូនអ្ហេ អ៊ីចឹងភ្នាល់ទៅ ឬមិនមែន…

-បាន! បងភ្នាល់ក៏ភ្នាល់

-សម្រេចអ៊ីចឹងចុះ……………ម្តងនេះ មិនត្រឹមតែបានទៅកម្ពុជាទេ នៅមាន​ល្ខោនល្អមើលទៀតផង

-ប្រាកដថាប្រឡងជាប់ហើយអ្ហេ?

-ខ្ញុំទៅរៀនហើយ ខ្ញុំត្រូវប្រឡងឲ្យជាប់ ដើម្បីមើលបងស្រីខ្ញុំថើបមនុស្សប្រុស

-ឡប់សតិ!

…………………………………………………………………………………………………

ខេត្តសៀមរាប

អ្នកស្រីចរិយាស្រដីទៅកាន់ស្វាមី៖

-បងមកដល់ល្មម តើបងមានត្រូវទៅណាទៀតទេ?

-ម៉ោងប្រាំពីរយប់នេះ បងមានណាត់ជាមួយមន្រ្តីពន្ធដារ

-អ៊ីចឹងមិនអីទេ អូនទៅផ្សារទិញបន្លែមួយភ្លែត

អ្នកស្រីចរិយាចេញផុត សំឡេងទូរស័ព្ទលោកវិបុត្របន្លឺឡើង៖

-អាឡូ!

-លោកប៉ាគឺអូនណា!

-ចន្រ្ទា គឺកូនមែនទេ?

-ចាស!

-កូនសុខសប្បាយទេ?

-អូនសុខសប្បាយទេ ប៉ា! ពេលនេះ អូននៅព្រលានយន្ត ប៉ាមកយកអូន បានទេ?

-ឈប់ៗ! តើកូននិយាយថាម៉េច កូននៅឯណា?

-ពេលនេះ អូននៅព្រលានយន្តហោះសៀមរាប ប៉ាមកយកអូនបានទេ?

-បានៗ! កូនចាំប៉ា ប៉ាចេញទៅហើយ

លោកវិបុត្រ ពិតជារំភើប និងត្រេកអរខ្លាំងណាស់ ក៏បើកឡានចេញទៅ ភ្លេច​គិតថាគ្មាននរណានៅផ្ទះឡើយ។ លុះអ្នកស្រីចរិយាមកដល់ ឆ្ងល់ណាស់មិនឃើញ​ស្វាមី ក៏តេទៅ៖

-អាឡូ!

-ក្រែងបងថា ទៅនៅម៉ោងប្រាំពីរអ្ហេ?

-បងមានការបន្ទាន់ អូនធ្វើម្ហូបថែមទៅ យប់នេះ មានភ្ញៀវម្នាក់ទៅផ្ទះរបស់​យើងហើយ បានហើយ! បងកំពុងបើកឡាន

-តើមានភ្ញៀវមកពីណាហ្នឹង?

ទៅដល់ព្រលានយន្តហោះ លោកវិបុត្រឈរចាំកូនស្រីដោយអន្ទះសា ប៉ុន្តែ​គាត់មិនដឹងទេថា កូនស្រីកំពុងតែឈរក្បែរគាត់នោះទេ។ ការពិតចន្រ្ទាចង់ឱបប៉ាណាស់ តែនាងដឹងច្បាស់ ថាប៉ារបស់នាងចំណាំនាងមិនបានឡើយ ទើបនាងស្រដី៖

-សួស្តីលោកពូ តើលោកពូកំពុងចាំនរណាហ្នឹង?

-អូ! ខ្ញុំចាំកូនស្រីខ្ញុំ នាងតូចកំពុងតែចាំប៉ាម៉ាក់មែនទេ?

-ចាស! កូនស្រីអ៊ំមកពីណាដែរ

-នាងមកពីណរវែសន៍

-គាត់រស់នៅទីនោះមែនទេ?

-ត្រូវហើយ! នាងទៅរស់នៅទីនោះតាំងពីអាយុដប់បី​ឆ្នាំម្ល៉េះ គិតទៅអស់រយៈពេលប្រាំមួយឆ្នាំហើយ

-អ៊ីចឹង តើអ៊ំចំណាំគាត់បានទេ?

-ត្រូវហើយ! អ៊ំក៏មិនប្រាកដដែរ ពេលនេះ នាងប្រហែលជាពេញវ័យហើយ ហើយប្រហែលជាស្របាក់ស្របាលនឹងនាងតូចដែរ

-តើអ៊ំនឹកនាងទេ?

-អ៊ំពិតជានឹកនាងខ្លាំងណាស់

-អ៊ីចឹង! អ៊ំមើលមកខ្ញុំមើល………….ប៉ា!

លោកវិបុត្រសម្លឹងមើលកូនស្រីយ៉ាងយូរ ទើបដឹងថា នាងតូចនេះ គឺជាកូនស្រី​របស់ខ្លួន។ យុវតីឱបឪពុកដោយក្តីរលឹក ទឹកភ្នែកស្រក់ចុះ តែមិនបង្អង់យូរ ទាំងពីរនាក់ឪកូន ក៏ឡើងឡានត្រឡប់មកផ្ទះ។ គ្រាន់តែឮសូរឡាន អ្នកស្រីចរិយាក៏ដើរចេញ​មក។ អ្នកស្រីឃើញយុវតីចុះពីលើឡានមក ក៏ឈរស្ងៀមមួយសន្ទុះ ព្រោះគិតថា ប្រហែលជាភ្ញៀវរបស់ស្វាមី។ អ្នកស្រីញញឹមហើយក៏សម្លឹងទៅប្តី ដែលកំពុងញញឹម​មិនព្រមស្រដីអ្វីសោះ។ ចន្រ្ទាស្ទុះរត់ទៅឱបម្តាយ ដោយបន្លឺឡើង៖”ម៉ាក់!”។ អ្នកស្រី​ចរិយាហាក់ដូចជាភាំងមួយស្របក់ ទើបនឹកឃើញបន្លឺឡើង៖

-គឺកូន……….. កូនគឺចន្រ្ទាមែនទេ?

-ចាស! គឺអូនណាម៉ាក់

-នេះកូនមកផ្ទះ ម៉េចមិនប្រាប់ម៉ាក់មុនអ៊ីចឹង

-អូនចង់ធ្វើឲ្យម៉ាក់ភ្ញាក់ផ្អើលហ្នឹងណា

-ពួកយើងចូលទៅក្នុងផ្ទះទៅ

-ប៉ាយកអីវ៉ាន់ ទៅដាក់បន្ទប់ឯងហើយ

អ្នកស្រីចរិយា ជួយរៀបទុកដាក់អីវ៉ាន់កូនបណ្តើរជជែកបណ្តើរ ចំណែកលោក ​វិបុត្រក៏អង្គុយក្បែរនោះដែរ ដោយញញឹមជាប់រហូត ចន្រ្ទាបន្លឺ៖

-ម៉ាក់មិនដឹងថាអូនមកទេ តែហេតុអីបន្ទប់អូនស្អាតដដែលម៉ាក់

-ម៉ាក់ឯងសម្អាតវាជាប្រចាំហ្នឹងណា

-ម៉ាក់គិតថា ថ្ងៃណាមួយកូននឹងត្រឡប់មកផ្ទះ ដូចនេះទើបម៉ាក់សម្អាតវាជា​ប្រចាំរង់ចាំកូនហ្នឹងណា

-អរគុណម៉ាក់!

-ក្រែងបងមានការណាត់ជួបយប់នេះអ្ហេ?

-ត្រូវហើយ! បងភ្លេច ប៉ាទៅសិនហើយចន្រ្ទា

-ចាស!

-មើលទៅប៉ាកូនសប្បាយចិត្តជាងម៉ាក់ទៅទៀត

-ប៉ានិងម៉ាក់ គឺសុទ្ធតែសប្បាយចិត្តនៅពេលជួបអូនមែនទេ?

-ប្រាកដហើយ! ត្រូវហើយ នៅពេលទៅយកកូននោះ តើប៉ាចំណាំកូនបានទេ?

-អត់ទេម៉ាក់! អូនឈរក្បែរគាត់យ៉ាងយូរ តែគាត់អត់ស្គាល់អូនផងហ្នឹង

-ត្រូវហើយ! បើកូនម៉ាក់ធំពេញវ័យ ហើយស្អាតយ៉ាងនេះនោះ

-អូនស្អាតជាងពីតូចមែនទេម៉ាក់?

-ស្អាត ហើយឆ្លាតទៀតផង

-អរគុណម៉ាក់!…………ត្រូវហើយ! ពេលនេះបងនៅឯណាម៉ាក់

-ត្រូវហើយ! បងឯងប្រហែលជាចាំផ្លូវម៉ាក់ហើយ ម៉ាក់ទៅដួសបាយសិន…..

-អូនជួយម៉ាក់

-កូនប្រហែលមិនដឹងទេ ពេលនេះ បងកូនក្លាយជាម្ចាស់ហាងលក់ថ្នាំហើយ ម៉ាក់តែងតែទៅចាំហាងនៅពេលគេទៅធ្វើការ ពេលល្ងាច ម៉ាក់តែងតែ​ខ្ចប់បាយ​ទៅឲ្យគេ ហើយត្រឡប់មកវិញ​នៅម៉ោងប្រាំបួនជាមួយគ្នា និងពេលខ្លះ បងកូនគឺគេងនៅហាងតែម្តងហ្នឹង

-អ៊ីចឹងថ្ងៃនេះ អូនយកបាយទៅឲ្យគាត់ ម៉ាក់ឲ្យមកអូនមក

-នែ! ……………ចំមែនកូននេះ ថាហើយក៏ទៅភ្លាម………..តើទៅរកហាងឃើញ ទេ?

ចន្រ្ទាសប្បាយចិត្តណាស់ ព្រោះនឹងបានជួបបងប្រុស តែពេលមកដល់ជិតផ្សារចាស់ដែលមានហាងថ្នាំបួនប្រាំ ទើបនាងបន្លឺឡើង៖”……..ទូរស័ព្ទ វីវរហើយ! ទូរស័ព្ទនៅផ្ទះឯនោះ តើហាងឱសថបងឈ្មោះអីទៅហ្ន៎? ខ្ញុំមិនគិតថា ខ្ញុំរកមិនឃើញ​នោះទេ!”។ ចន្រ្ទាសម្លឹងមើលឈ្មោះហាងថ្នាំទាំងអស់នៅម្តុំផ្សារចាស់ លុះមកដល់​ហាងថ្នាំមួយ ទើបនាងបន្លឺឡើង៖”ពន្លឺព្រះចន្ទ!……….ប្រាកដជាហាងនេះ……..ការពិត​បងនៅនឹកឃើញខ្ញុំ”។ យុវតីហាក់ដូចជាមានអារម្មណ៍ក្តុកក្តួល និងបុកពោះណាស់ នាងដើរចូលទៅក្នុងហាងថ្នាំ តែពុំឃើញមាននរណាទាល់តែសោះ មួយសន្ទុះទើប​សំឡេងយុវជនបន្លឺឡើង ដើរចេញមក៖”ប្អូនទិញថ្នាំអ្ហេ?”។ ចន្រ្ទាសម្លឹងទៅបងប្រុស​តាំងពីក្បាលដល់ចុងជើង ហើយក៏គិតតែម្នាក់ឯង៖”បងខ្ពស់ណាស់ ហើយសង្ហារជាង​មុន តើផ្ទៃមុខបង ធំជាងមុនដែរអត់ហ្ន៎? ខ្ញុំចង់ស្ទាបមុខបងណាស់”។ យុវជនគិតស្លុង តែភ្ញាក់ព្រើត ពេលសំឡេងយុវជនបន្លឺឡើងសារជាថ្មី៖

-ប្អូនត្រូវការអី?

-អូ!……….ហេតុអីក៏ហាងនេះ មានឈ្មោះថាពន្លឺព្រះចន្ទ?

-សូមទោស……………..

-លោកប្រហែលជាឆ្ងល់ហើយ ថាហេតុអីក៏ខ្ញុំសួរសំនួរនេះមែនទេ? បេះដូង​ក្រោមពន្លឺព្រះចន្ទ ហេតុអីពេលនេះ មានតែពន្លឺព្រះចន្ទ មិនឃើញបេះដូងអ៊ីចឹង?

-បេះដូងក្រោមពន្លឺព្រះចន្ទ

-បងល្ងង់ណាស់! ហេតុអីមើលអូនមិនស្គាល់អ៊ីចឹង?

-គឺអូន!………….ពិតជាអូនមែនអ្ហេ!

-បងលាងដៃហើយនៅ ស្ទាបមុខអូនអ៊ីចឹង មុខអូនប្រាកដជាចេញមុន

អ្នកកំលោះត្រេកអរខ្លាំងណាស់ មានអារម្មណ៍ថា ហាក់ដូចជារកឃើញបេះដូង​របស់ខ្លួនមកវិញ។ នាយឱបយុវតីឡើងជាប់ណែននឹងដើមទ្រូងដោយមិនព្រម        ព្រលែង​ទាល់តែសោះ ចំណែកស្រីល្ងង់ម្នាក់នេះ ក៏ឱបតបបងប្រុសរបស់ខ្លួនវិញ ដោយឥតញញើតឡើយ ហើយក៏ចេះតែគិតតែម្នាក់ឯង៖”ពេលដែលខ្ញុំឱបបង គឺមាន​អារម្មណ៍កក់ក្តៅណាស់ តែខ្ញុំចាំ កាលពីប្រាំមួយឆ្នាំមុន បេះដូងខ្ញុំមិនលោតញាប់​យ៉ាងនេះទេ តើមានរឿងអីកើតឡើងមែនទេ?”។ គិតមកដល់ចំណុចនេះ ទាំងពីរនាក់​ក៏នឹកឃើញដល់សំដីមួយដូចគ្នា៖”បងគិតមើលទៅ ថារវាងពួកបង ជាស្នេហាឬបងប្អូន?”។ គ្រប់យ៉ាងប្រែប្រួលមួយរំពេច ទាំងពីរនាក់ ងាកចេញពីគ្នារៀងខ្លួន ដោយ​លែងស្តីអ្វីទាំងអស់។ មួយសន្ទុះស្រាប់តែសំឡេងទូរស័ព្ទបន្លឺឡើង៖

-អាឡូម៉ាក់!

-តើកូនមានឃើញប្អូនស្រីទៅដល់ហើយនៅ?

-បាទ! អូនមកដល់ហើយម៉ាក់

-អ៊ីចឹងបានហើយ

-ម៉ាក់តេមកអ្ហេ?

-អ៊ឺ!

-ត្រូវហើយ់! នេះខ្ញុំយកបាយមកឲ្យបង ទីនេះមានបន្ទប់ទឹកទេ?

-នៅខាងក្នុង អូនចូលទៅ

-ចាស!

យ៉ាងម៉េចហ្នឹង! ហេតុអីក៏ទាំងពីរនាក់បងប្អូននេះ ក៏ស្រាប់តែប្រែដូចជាអ្នកដទៃទៅ​ហើយ? យុវតីចូលមកដល់ក្នុងបន្ទប់ទឹក ក៏បន្លឺឡើងនៅពីមុខកញ្ចក់៖”អាល្អិត!ឯង​នេះ ហេតុអីក៏ធ្វើឲ្យបង មានអារម្មណ៍មិនស្រួលយ៉ាងនេះទៅវិញ? ក្រែងខ្ញុំនឹកគាត់​អ្ហេ ចុះហេតុអី ក៏មិនហ៊ានមើលមុខគាត់អ៊ីចឹង? ត្រូវហើយ! គាត់ខ្ពស់យ៉ាងនេះ គឺពិតជា​ពិបាកហើយ ក្នុងការសម្លឹងមើលគាត់នោះ អ្ហឺយ! គួរតែត្រឡប់ទៅផ្ទះមុនគាត់ហើយ”។ ចន្រ្ទាចេះតែគិត ហើយនិយាយម្នាក់ឯងរហូតមិនឃើញចេញមកសោះ អ្នកកំលោះក៏ទៅ​គោះទ្វារ៖

-តើឯងធ្វើអីហ្នឹង ហេតុអីក៏យូរម្ល៉េះ?

-រួចហើយ!

-ឆាប់ចេញមកញ៉ាំបាយមក

-អូនគិតថា​ អូនចង់ត្រឡប់ទៅផ្ទះវិញ

-ញ៉ាំបាយសិនទៅ បន្តិចទៀតបងបិទហាងហើយ ចាំទៅទាំងអស់គ្នា

-តែ!

-បងមើលទៅអូន ដូចជាប្លែកជាងមុនច្រើនណាស់

-អូនប្លែកអ្ហេ!

-ត្រូវហើយ! មើលទៅមិនល្ងង់ដូចមុនទេ ហើយថែមទាំងចេះអៀនទៀតផង

-អ្នកណាអៀននោះ

-មិនមែនអ្ហេ! អ៊ីចឹងអង្គុយញ៉ាំបាយជាមួយបងមក

-ញ៉ាំក៏ញ៉ាំ

ពេញមួយល្ងាចនេះ វិសិទ្ធិញញឹមរហូតដល់ម៉ោងត្រឡប់ទៅផ្ទះវិញ។ បន្ទាប់ពី​បិទហាងហើយ យុវជនក៏ទាញម៉ូតូចេញមក ដូចតាមទម្លាប់ យុវតីឡើងជិះពីក្រោយហើយក៏ឱបចង្កេះបងប្រុសជាប់។ អ្វីៗដូចជាពេលពីប្រាំមួយឆ្នាំមុនអ៊ីចឹង តែប្លែកម្យ៉ាង​គឺអារម្មណ៍។ ចន្រ្ទានឹកឃើញសំដីប្អូនប្រុសទៀតហើយ នាងក៏ដកដៃយ៉ាងលឿន​ចេញ​ពីយុវជន ស្រាប់តែម៉ូតូចាប់ហ្រ្វាងង៉ក់៖

-……………….កំពុងគិតអី?………..

-គ្មានទេ!

-ឱបចង្កេះបង!

-បង! ខ្ញុំចង់ទៅលេងផ្ទះណាវីបានទេ?

-បងជូនឯងទៅ

គ្រាន់តែឃើញពីរនាក់បងប្អូនទៅដល់ ណាវីត្រេកអរឥតឧបមា ក៏ស្ទុះទៅទាញ​បងប្រុសឲ្យចេញមក៖

-បងមើលទៅ តើនរណាគេមកលេងនឹងពួកយើងហ្នឹង?

-បងវិសិទ្ធិ!

-សួស្តីបង! ខ្ញុំគឺចន្រ្ទាណា

-ចន្រ្ទា! ……………អូនត្រឡប់មកពីអង្កាល់ហ្នឹង?

វាសនាសប្បាយចិត្តមិនចាញ់វិសិទ្ធិឡើយ។ ពួកគេជជែកគ្នា ស្ទើរតែភ្លេចថា យប់ទៅហើយ។

 

 

វគ្គ៤                                        ស្នេហា ឬបងប្អូន?

ជិតមួយសប្តាហ៍ទៅហើយ ដែលចន្រ្ទាមកជួយលក់ថ្នាំបង។ ចំណែកឯកំលោះ​តូចខេវិនឯនេះវិញ ហាក់បីដូចជាអផ្សុកណាស់។ នាយប្រាស់ខ្លួនទៅលើគ្រែ ហើយ​រអ៊ូតែម្នាក់ឯង៖

-ពួកបងប្រហែលជាមានក្តីសុខណាស់ហើយមើលទៅ ទើបមិនដែល0n line​យ៉ាងនេះ គ្មាននឹកដល់ខ្ញុំបន្តិចសោះ

-ឯងរអ៊ូអីហ្នឹង?

-តើបងស្រីមានតេមកលេងទេម៉ាក់?

-គ្មានទេ! តែនាងប្រាប់ថា នាងសុខសប្បាយទេ យ៉ាងម៉េច! ឯងចេះនឹកបងស្រី​ឯងដែរអ្ហេ គ្មាននរណាជេរ ប្រហែលជាអផ្សុកហើយមើលទៅ?

-គាត់ប្រហែលជាមិននឹកខ្ញុំទេ

-ឯងមិនទៅសាលាទេអ្ហេ?

-ម៉ាក់! ល្ងាចនេះខ្ញុំដឹងលទ្ធផលហើយ ម៉ាក់កុំភ្លេចសន្យាណា

-ឯងជឿជាក់ហើយអ្ហេ ថាឯងប្រឡងជាប់?

-ខ្ញុំប្រាកដជាបានទៅកម្ពុជា!………ម៉ាក់ទៅណាហ្នឹង?

-ម៉ាក់ទៅហាង!

-ម៉ាក់ខ្ញុំចង់និយាយរឿងមួយប្រាប់ម៉ាក់

-ម៉ាក់គ្មានពេលទេ ចាំយប់ទៅ

-ម៉ាក់!…………ម៉ាក់ស្តាប់ខ្ញុំតែមួយនាទីក៏បានដែរ

-និយាយទៅ!

-ម៉ាក់ស្គាល់បងវិសិទ្ធិទេ?

-វិសិទ្ធិ បងប្រុសរបស់បងស្រីឯងហ្នឹងមែនទេ?

-បាទ!

-ម៉ាក់ធ្លាប់ជួបគេបង កាលទៅយកចន្រ្ទាមករស់នៅទីនេះ ម៉េចក៏ឯងស្គាល់គេ​ដែរ?

-គឺបងស្រីឧស្សាហ៍រំលឹកពីគាត់ហ្នឹងណា ម៉ាក់ដឹងទេ ពួកគាត់ស្រលាញ់គ្នា​ណា​ម៉ាក់………..មិនមែនបងប្អូនទេ គឺស្នេហា!

-ឯងនិយាយផ្តេសផ្តាសស្អីហ្នឹង?

-ក្រែងម៉ាក់និយាយថាខ្ញុំជាអ្នកជំនាញខាងស្នេហាណា ខ្ញុំគ្រាន់តែប្រាប់ម៉ាក់​ឲ្យ​បានដឹងជាមុនតែប៉ុណ្ណោះ ថាកូនស្រីម៉ាក់មានស្នេហាហើយ

-មើលទៅខួរក្បាលឯង ផ្ទុកទៅដោយស្នេហាហើយ

-ម៉ាក់អ្ហាក! …………..ហេតុអីក៏ម្នាក់ៗមិនជឿខ្ញុំអ៊ីចឹង មួយរយភាគរយគឺស្នេហា ខ្ញុំនឹងបំបែកឯកទត្តកម្មមួយនេះ

តើអាល្អិតនេះប្រុងធ្វើអី? ថ្លែងពីយុវតី បិទភ្នែកកំពុងស្រដីជាមួយព្រះចន្ទ្រាយ៉ាង​អណ្តែងអណ្តែងតែម្នាក់ឯង៖”ប្រាំមួយឆ្នាំហើយ ដែលខ្ញុំមានអារម្មណ៍ថា បេះដូងខ្ញុំ​បាត់​បង់ពន្លឺព្រះចន្ទមួយនេះ ពេលនេះ ខ្ញុំអាចមើលព្រះចន្ទស្រូបយកអារម្មណ៍ពីពេលមុន​មកវិញ​ ពិតជាមានក្តីសុខណាស់”។ កំពុងតែអណ្តែងអណ្តូង ស្រាប់តែយុវ-ជនទៅ​អង្គុយក្បែរនាង។ មាណវីបើកភ្នែកសន្សឹមៗ មើលឃើញវង់ភ័ក្ររបស់យុវជន​ក៏​គិតក្នុងចិត្តថា៖”នៅក្រោមពន្លឺព្រះចន្ទ ផ្ទៃមុខបងគួរឲ្យចង់អង្អែលណាស់”។ គិតហើយ​នាង​លូកដៃបម្រុងប៉ះមុខយុវជន តែត្រូវអ្នកកំលោះចាប់ដៃជាប់៖

-អូនចង់ធ្វើអី?

-ប៉ះមុខបង!

-មិនឲ្យប៉ះទេ ព្រោះធ្វើឲ្យចេញមុន

-តែបងក៏ប៉ះមុខអូនដែរ

-តែពេលនេះមិនឲ្យប៉ះទេ

-តែអូនចង់ប៉ះ

-មិនឲ្យប៉ះ

-តែអូននឹងប៉ះឲ្យបាន ធ្វើឲ្យមុខបងចេញមុនម្តង

-ឯងហ៊ានលេងជាមួយបងផងអ្ហេ

សម្រែកក្អាកក្អាយបន្លឺឡើង ទាំងពីរនាក់ប្រឡែងគ្នាដូចជាកូនក្មេងនៅលើអង្រឹង​ឈើមួយ តែក៏ស្រាប់តែស្ងៀមឈឹង។ មាណវីត្រូវកម្លាំងយុវជនសង្កត់ផ្អែកនឹងអង្រឹង​​ ឯដៃរបស់នាង ក៏ត្រូវអ្នកកំលោះចាប់ជាប់ កែវភ្នែកទាំងគូកំពុងត្របាញ់ចូលគ្នា។ នេះ​មិនមែនជាអារម្មណ៍បងប្អូនទេ តើកម្លាំងស្នេហាកំពុងតែសង្កត់ពួកគេមែនទេ? ច្រមុះ​និងបបូរមាត់​យុវជនកាន់តែខិតជិតហើយ ចន្រ្ទាមិនបម្រាស់ តែបែរជាបិទភ្នែកទៅ​​វិញ។ មិនខុសទេ! នេះគឺជាស្នាមថើប គឺស្នាមថើបដំបូង។ អីយ៉ា! ដូចត្រូវមួយដំបង​អ៊ីចឹង តើពួកគេទាំងពីរនឹកឃើញអ្វីមែនទេ ទើបស្ទុះងាកពីគ្នាលឿនយ៉ាងនេះ? យុវជន​ស្រដីទាំងរដិបរដុប៖

-បង……….បង…សូម…………ទោស……………

-អូនទៅក្នងផ្ទះមុនហើយ

-តើខ្ញុំកំពុងធ្វើអីហ្នឹង?

បេះដូងចាប់ផ្តើមកញ្រ្ជោលហើយ។ យប់នេះ ពិតជាគេងមិនលក់ទេ។ ខេវិន​បន្លឺឡើង៖

-អីយ៉ា! ថ្ងៃនេះមានអារម្មណ៍ហើយអ្ហេ ទើប0n lineទាំងពីរនាក់តែម្តង…​សួស្តី​បងប្រុស! តើបងបានជួបនឹងបងស្រីហើយមែនទេ?

-ម៉េចក៏ឯងដឹង?

-ខ្ញុំចេះតែថាៗទៅ ព្រោះមួយរយ

ៈនេះ មិនឃើញបងon lineសោះ តើខ្ញុំនិយាយ

​ត្រូវមែនទេបង?

-ពិតមែនហើយ!

-បងបានថើបនាងហើយមែនទេ?

-ម៉េចក៏ឯងដឹងទៀតហើយ?

-ខ្ញុំប្រាប់ហើយ ថាខ្ញុំជាអ្នកជំនាញស្នេហា ខ្ញុំពិតជាអាចវិភាគអំពីស្ថានភាព​របស់ពួកបង បងនិយាយទៅ ថាជាអារម្មណ៍ស្នេហាឬបងប្អូន? គ្មានបងប្រុស​ណាទៅថើបបបូរមាត់ប្អូនស្រីពេញវ័យបែបនេះទេមែនទេ? ខ្ញុំពិតជាមានល្ខោន​ល្អមើលហើយ

-បានន័យថាម៉េច?

-ខានស្អែកនេះ ខ្ញុំទៅកម្ពុជាហើយ

-ឯងប្រឡងជាប់ហើយអ្ហេ?

-ប្រាកដហើយ! បងកុំភ្លេចពីការភ្នាល់របស់ពួកយើងណា

-អាល្អិតអ្ហា៎ នោះមិនយកជាការទេ

-បងចាញ់ខ្ញុំហើយ! ខ្ញុំមិនដឹងទេ ទៅដល់កម្ពុជា ខ្ញុំនឹងទៅរកបង ហើយស្នាក់​នៅជាមួយបងទៀតផង ដើម្បីមើលបងថើបបងស្រី ខ្ញុំឈប់ជជែកជាមួយបង​ហើយ bye bye~!

-ចំមែន!

យុវតីអង្គុយសម្លឹងកុំព្យូទ័ររហូត ស្រាប់តែសំឡេងសារបន្លឺឡើង៖

-បងត្រូវបងប្រុសថើបហើយមែនទេ?

-ឯងនិយាយអី?

-អ្នកជំនាញស្នេហា ថាហើយគឺមិនខុសទេ បងមានអារម្មណ៍យ៉ាងម៉េចដែរ? ពេលដែលខ្ញុំថើបបង និងពេលដែលគាត់ថើបបង មិនដូចគ្នាទេមែនទេ? បង​សារភាពចុះចាញ់ទេ?

-មិនចុះចាញ់ទេ!

-គ្រាន់បើ! ខានស្អែកនេះ ខ្ញុំទៅកម្ពុជាហើយ

-ថាម៉េច!

-បងត្រៀមស្នាមថើបជួបខ្ញុំទៅ bye bye~!

-ម្តងនេះ ត្រូវអាល្អិតនេះគំរាមហើយ

នៅទីបំផុត ខេវិន និងអ្នកស្រីស៊ីណា ក៏បានមកដល់កម្ពុជា។ កំលោះតូចបន្លឺ៖

-ម៉ាក់! ខ្ញុំចង់ទៅគេងផ្ទះប៉ាម៉ាក់ចិញ្ចឹមបងស្រី

-ឯងចង់បង្ករឿងអីហ្នឹង?

-ម៉ាក់អ្ហាក! ខ្ញុំទៅការពារបងស្រីតើ ហើយក៏ទៅយកការឲ្យម៉ាក់ដែរ

-យកការស្អី?

-គឺរឿងបងស្រីនិងបងប្រុសហ្នឹងណា

-ពួកយើងត្រូវទៅសណ្ឋាគារសិន ពេលទៅដល់សណ្ឋាគារហើយ ម៉ាក់ត្រូវ​ទៅ​មើលហាងមួយភ្លែតសិន

-អ៊ីចឹងម៉ាក់យកខ្ញុំទៅដាក់មុខផ្ទះបងស្រីទៅ ណាម៉ាក់ណា ខ្ញុំមិនចង់គេងនៅ​សណ្ឋាគារទេ ណាម៉ាក់ណា!

-ឯងនេះ!

អ្នកស្រីស៊ីណាក៏នាំកូនប្រុសមកដល់ផ្ទះលោកវិបុត្រ។ គ្រាន់តែក្រលេកឃើញចន្រ្ទា ខេវិនបន្លឺឡើង៖

-បងស្រី!

-ម៉ាក់!

-ស៊ីណា!

-សួស្តីចរិយា! ជម្រាបសួរបង ម៉េចមិនជម្រាបសួរអ៊ំប្រុស អ៊ំស្រីឯងទៅ

-ជម្រាបសួរអ៊ំប្រុសអ៊ំស្រី

-ចាស! នេះជាកូនប្រុសឯងអ្ហេ?

-ចាស!

-អ៊ំប្រុសអ៊ំស្រី តើខ្ញុំអាចស្នាក់នៅទីនេះបានទេ?

-សូមទោសផង វាចេះតែចង់មកទីនេះជួបបងស្រីវា ហើយថាមិនចង់ស្នាក់នៅ​សណ្ឋាគារ

-មិនអីទេ! ឲ្យគេស្នាក់នៅទីនេះចុះ ចុះនាង?

-ខ្ញុំកក់សណ្ឋាគាររួចហើយបង ពេលនេះ ខ្ញុំត្រូវទៅមើលហាងសិន

-មិនអីទេ! ឯងទៅចុះ

-អ្នកណាកំពុងតែដើរចូលមកនោះបង?……….គឹបងវិសិទ្ធិមែនទេ?

-ត្រូវហើយ!

-ជម្រាបសួរអ្នកមីង!

-ចាស! វិសិទ្ធិមែនទេ

-បាទ!

-ធំដល់ហើយនេះ! មីងត្រូវទៅសិនហើយ បង! ខ្ញុំទៅហើយ ឯងកុំបង្ករឿង     ផ្តេស​ផ្តាស ស្តាប់បានទេ?

-ម៉ាក់កុំបារម្ភអី!……………សួស្តីបងប្រុស!

-ឯងគឹ!

-cute boy!

-ម៉េចក៏ឯងមករកផ្ទះបងឃើញ?

-ពួកបងស្គាល់គ្នាអ្ហេ?

-គេជាមិត្តតាមface bookរបស់បង

-ស្លាប់ហើយ!

-ពួកឯងកំពុងជជែកអីហ្នឹង? វិសិទ្ធិ! នេះគឺប្អូនប្រុសចន្រ្ទា

-ថាម៉េច!

-ចុះកូនកើតអីហ្នឹង?

-គ្មានទេម៉ាក់!

-ក្មួយនៅបន្ទប់ជាមួយបងប្រុសចុះណា ឯងនាំប្អូនឡើងទៅ

-បាទ!

ខេវិនញញឹមដើរតាមវិសិទ្ធិ រហូតទៅដល់បន្ទប់ ទើបបន្លឺ៖

-បងត្រៀមខ្លួនហើយមែនទេ?

-អាល្អិតឯងនេះ! ការពិតឯងស្គាល់បងថាជានរណាមែនទេ?

-ប្រាកដហើយ!

-បងស្មានថា ឯងជាអ្នកជំនាញស្នេហាមែន បោកប្រាស់!

-អូយ! ចង់គេងណាស់

-ឆាប់ទៅងូតទឹកសិនទៅ ត្រូវហើយ! តើឯងមាននិយាយអីជាមួយបងស្រីឯង​ទេ?

-និយាយច្រើនណាស់ គាត់ថែមទាំងភ្នាល់ជាមួយខ្ញុំទៀតផង

-នេះឯង!

-ខ្ញុំទៅងូតទឹកហើយ

-ចំមែន!

ព្រលឹមឡើងយុវជន និងយុវតីចេញពីបន្ទប់ព្រមគ្នា។ អ្នកទាំងពីរឈរញញឹម​ស្មើៗដាក់គ្នា តែមិនព្រមនិយាយស្តីឡើយ។ ឃើញដូចនេះ ខេវិនបន្លឺ៖

-ពួកបងមិនអីទេអ្ហេ?

-បងទៅធ្វើការហើយ!

និយាយហើយ វិសិទ្ធិក៏ដើរចេញទៅ។ ខេវិននិយាយទៅកាន់បងស្រី៖

-បងថានាំខ្ញុំដើរលេងណា

-ចាំស្អែកទៅ បងទៅមើលហាងថ្នាំហើយ

វិនីតមានបំណងនាំប្អូនទៅលេងក្បាលស្ពាន។ ឃើញដូចនេះ លោកវិបុត្រ​ក៏​សម្រេចក៏ឲ្យកូនប្រុសបើកឡានជូនប្អូនទៅ។ ការពិតណាវី និងវាសនាមានគម្រោង​ទៅជាមួយដែរ ប៉ុន្តែវាសនាមានការងារបន្ទាន់ត្រូវឡើងទៅភ្នំពេញភ្លាម​ ណាវីក៏តេទៅ​​ចន្រ្ទា៖

-អាឡូ! ឯងមានការអីមែនទេ?

-សូមទោសផងណា ស្អែកនេះ ខ្ញុំមិនបានទៅទេ ព្រោះបងប្រុសរវល់ទៅប្រជុំ

​នៅភ្នំពេញឯនោះ

-ម៉េចអ៊ីចឹង!

-ចាំលើកក្រោយចុះណា បើមានឱកាសគ្នានឹងទៅជាមួយឯង

-តែបងវាសនាទៅតែម្នាក់ឯងទេ មែនទេ?

-ត្រូវហើយ!

-អ៊ីចេះទៅ ឯងទៅជាមួយគ្នាទៅ ចាំគ្នាទៅយកឯង

-បានដែរអ្ហេ?

-មានអីថាមិនបាននោះ សម្រេចអ៊ីចឹងចុះណា!

-អ៊ីចឹងក៏បាន!

ព្រលឹមឡើង ឡានទៅដល់ផ្ទះណាវី។ គ្រាន់តែចេញពីក្នុងឡានភ្លាមចន្រ្ទាបន្លឺ៖

-នេះមិត្តភក្តិបង ឈ្មោះណាវី ប្អូនប្រុសគ្នា!

-សួស្តីណាវី

-ស្អីឯង!

យុវតីខោកក្បាលប្អូន រួចបន្លឺសារជាថ្មី៖

-និយាយម្តងទៀត!

-ជម្រាបសួរបង!

-ចាស!…………..

-ពួកយើងឆាប់ឡើងឡានទៅ

ឡានបើកឆ្ពោះតម្រង់ទៅរមណីយដ្ឋានក្បាលស្ពាន។ មិនយូរប៉ុន្មាន ក៏បានទៅដល់​គោលដៅ។ មាណវីទាំងពីរទៅឈរចាំនៅជើងភ្នំមុន ចំណែកយុវជនទាំងពីរ​កំពុងយករបស់ចេញពីក្នុងឡានដូចជាទឹក និងអាហារជាដើម។ ខេវិនបន្លឺ៖

-ខ្ញុំសួរបងតាមត្រង់ បងគិតយ៉ាងម៉េចចំពោះបងស្រីខ្ញុំ?

-ឯងចង់យ៉ាងម៉េចទៀតហើយ?

-បើបងឲ្យខ្ញុំជួយ ខ្ញុំស្ម័គ្រចិត្តជួយ

-មិនចាំបាច់ទេ! បងចេះដោះស្រាយហើយ

-ដោះស្រាយយ៉ាងម៉េច! ខ្ញុំឃើញបងនៅតែស្ងៀមហ្នឹង?

-អាល្អិតឯងនេះ តោះ! ឆាប់ទៅៗ

-ដូចជាមិនល្អមើលសោះ…………….បងមើលងាយអាល្អិតខ្ញុំពេកហើយ

ទៅដល់លើភ្នំ ទិដ្ឋភាពទឹកជ្រោះ ពិតជាស្រស់ថ្លាណាស់។ ខេវិនហាក់​មិនចង់ត្រឡប់ទៅផ្ទះឡើយ។ គេមុជទឹកជ្រោះមិនព្រមឡើងទាល់តែសោះ ឃើញ​ដូច​នេះ ណាវីក៏បន្លឺទៅកាន់មិត្តរបស់ខ្លួន៖

-ខ្ញុំមើលទៅប្អូនប្រុសឯងដូចជាសប្បាយណាស់

-គេបែបនេះឯង ធំហើយ​ តែដូចជាកូនក្មេងអ៊ីចឹង

-តែមើលទៅគេដូចជាស្រលាញ់ឯងណាស់

-ពិតមែនអ្ហេ!

-គេរៀនថ្នាក់ទីប៉ុន្មានហើយ?

-ចូលទីដប់ពីរនៅឆ្នាំក្រោយនេះ

-មើលទៅគេ ប្រហែលជារៀនឆ្លាតណាស់ហើយមែនទេ?

-វាយ៉ាប់ជាងខ្ញុំទៅទៀត

-ថាម៉េច!

-វារៀនឌុបថ្នាក់ទីដប់មួយមួយឆ្នាំ ម្តងនេះ បើកុំតែម៉ាក់ ព្រមឲ្យវាមកលេង   ​កម្ពុជា ប្រហែលជាវាមិនខំរៀនទេ

-បង! ពួកបងមិនងូតទឹកទេអ្ហេ?

-គេនិយាយភាសាយើងបានច្បាស់ណាស់

-បា្រកដហើយ! បើមិនច្បាស់គឺម៉ាក់វ៉ៃហើយ

-អូ!

-តែមានប្អូនប្រុសដូចជាគេអ៊ីចឹង ក៏សប្បាយម្យ៉ាងដែរ

-ឯងចង់បានអ្ហេ! បើចង់បានគ្នាឲ្យ

-ឆ្កួតទេអ្ហេ! ចេះនិយាយទៅកើត…..ត្រូវហើយ! តើឯងនិងបងវិសិទ្ធិឈ្លោះគ្នា​ មែនទេ?

-………អត់ទេ!

-បើអត់ទេ គឺល្អហើយ…………..នែ! ម៉ោងបីហើយណា ពួកយើងល្មមត្រឡប់​ទៅ​ហើយអ្ហ៊ៃ?

-ចាំគ្នាទៅហៅខេវិនសិន!………………នែ! ឆាប់ឡើងមកយើងត្រឡប់ទៅវិញ

-ចាំបន្តិចទៀតសិនបង

-ឆាប់ឡើងមក!

-មិនទាន់ឆ្អែតផង!

ខេវិនឡើងពីទឹក ក៏ទៅឈរផ្លាស់សម្លៀកបំពាក់នៅម្ខាង តែមួយសន្ទុះហើយ នៅតែមិនឃើញចេញមកវិញសោះ យុវតីរៀបចំកន្លែងផងបន្លឺផង៖

-បង! យកកន្សែងឲ្យខ្ញុំបន្តិច

-ក្រែងកន្សែងឯងយកទៅហើយអ្ហ៊ៃ?

-ខ្ញុំដាក់នៅលើកាបូបបងឯនោះ ឲ្យលឿនឡើងបង!

-មិនអីទេ ចាំខ្ញុំយកឲ្យគេ

ណាវីកាន់កន្សែងដើរទៅកន្លែងរាងចោតបន្តិច ដែលកំលោះតូចកំពុងឈរ តែ​យុវជនមិនបានមើលក្រោមថានរណាកំពុងដើរមកនោះឡើយ។ នាយកាន់ទឹកក្រូច​មួយកំប៉ុង តែមិនទាន់បានគាស់ផង ក៏របូតធ្លាក់ពីដៃចុះមក។ ណាវីជាន់ត្រូវកំប៉ុង​ក៏​ដួលគ្រឹប ស្រែកបន្លឺឡើង ធ្វើឲ្យខេវិនបើកភ្នែកធំៗ បន្លឺ៖”ម៉េចជាបងទៅវិញ?”។ វិសិទ្ធិ​និងចន្រ្ទាស្ទុះរត់ទៅលើកយុវតី៖

-ឯងយ៉ាងម៉េចហើយ? តើឯងធ្វើស្អីហ្នឹង?

-សូមទោស!

ខេវិនស្ទុះរត់ចុះមកយ៉ាងលឿន ហើយនិយាយយ៉ាងញាប់មាត់ទៅកាន់ណាវី៖

-ឲ្យខ្ញុំសូមទោសបង!

-មិនអីទេ!…………អូយ

-ប្រហែលជាគ្រេចហើយ! (វិសិទ្ធិឧទាន)

-មិនអីទេ ខ្ញុំអាចដើរបាន!

ចន្រ្ទាជួយគ្រាណាវីដើរចុះពីលើភ្នំ តែយូរៗទៅ ណាវីមានអារម្មណ៍ថាកាន់តែ​ឈឺខ្លាំងឡើងៗ ហើយទឹកមុខក៏ដូចជាស្លេកស្លាំងដែរ។ ឃើញដូចនេះ ពួកគេក៏ឈប់​សម្រាកសិន ចៃដន្យវិសិទ្ធិបានជួបមិត្តចាស់ ក៏ឈរជជែកគ្នាមួយសន្ទុះ។ ចន្រ្ទាស្រដី៖

-ឯងយ៉ាងម៉េចហើយ!

-ឈឺណាស់!

-អ៊ីចេះទៅ! ខេវិន ឯងអៀវនាងទៅ

-ថាម៉េច!

-មិនចាំបាច់ទេ

-ឯងជាអ្នកធ្វើឲ្យនាងរបួស ដូចនេះ ឯងត្រូវតែអៀវនាង

-មិនចាំបាច់ទេចន្រ្ទា

-បានៗ! ខ្ញុំអៀវបង

-មិនចាំបាច់ទេ

-បងឡើងមក!

-មិនចាំបាច់ទេ!

-ខ្ញុំសូមអង្វរបង បើបងមិនឲ្យខ្ញុំអៀវទេ បងស្រីខ្ញុំប្រាកដជាសម្លាប់ខ្ញុំ

ណាវីសម្រេចឲ្យខេវិនអៀវខ្លួន តែមុននឹងឡើងលើខ្នងយុវជន នាងក៏បន្លឺ៖

-ឯណាទឹកចន្រ្ទា?

-ទឹកអ្ហេ!……..វីវរហើយ ភ្លេចនៅខាងលើឯនោះ មិនអីទេ ខ្ញុំឡើងទៅយកវិញ

-មិនចាំបាច់ទេ!

-ឯងចាំត្រង់នេះហើយ

-គម្រោងការខ្ញុំជោកជ័យហើយ

-ឯងនិយាយអី?

-គ្មានទេ!

-ចុះឯណាចន្រ្ទា? (វិសិទ្ធិសួរ)

-នាងទៅ…………….

-គាត់ថាភ្លេចរបស់ ទើបឡើងទៅយកវិញ ពួកខ្ញុំឃាត់ហើយតែគាត់មិនស្តាប់

-អ៊ីចឹងពួកឯងនៅចាំត្រង់នេះហើយណា

-ម៉េចក៏ឯងនិយាយអ៊ីចឹង?

-តោះពួកយើងទៅ!

-ឯងមិនចាំពួកគាត់ទេអ្ហេ?

-មិនចាំបាច់ចាំទេ!

-តែបងចង់ចាំ

-ខ្ញុំថាមិនចាំបាច់ទេ មក!

ខេវិនចាប់អៀវណាវីដើរចុះទៅ តែណាវីនៅតែមិនសុខចិត្ត យុវជនដាក់​នាងចុះ​ហើយបន្លឺ៖

-បងយ៉ាងម៉េចហ្នឹង ខ្ញុំអៀវហើយនៅមិនសុខចិត្តទៀតអ្ហេ? ធ្ងន់សឹងស្លាប់

-ដាក់បងត្រង់នេះហើយ! ពួកយើងចាំពួកគេសិនទៅ

-តែមេឃនេះ ធ្លាក់ភ្លៀងឥឡូវហើយ

-ធ្លាក់ភ្លៀង តើវាយ៉ាងម៉េច? ឯងចង់ទៅចោលបងស្រីឯងអ៊ីចឹង?

-បងស្រីខ្ញុំមានបងប្រុសនៅការពារហើយ មិនអីទេ! តោះពួកយើងទៅទៀត

-អូយ! ………….ម៉េចក៏បងខាំដៃខ្ញុំអ៊ីចឹង?

-បងថាឲ្យនៅចាំពួកគេ

-មិនបានទេ! មិនងាយបានឱកាសល្អយ៉ាងនេះទេ ខ្ញុំសូមអង្វរបង ពួកយើងទៅៗ

-ឯងចង់បានន័យថាម៉េច?

-ខ្ញុំប្រាប់បងក៏បាន ការពិតខ្ញុំធ្វើឲ្យកំប៉ុងទឹកក្រូចធ្លាក់ គឺមានចេតនាឲ្យបងខ្ញុំ​ដួល នរណាទៅដឹងថាគឺជាបងនោះ

-ហើយយ៉ាងម៉េចទៀត?

-មែនយ៉ាងម៉េច បើបងខ្ញុំជាអ្នករបួស គឺប្រាកដជាបងវិសិទ្ធិជាអ្នកអៀវគាត់ ប្រហែល​មិនមែន​ខ្ញុំទេ………… ការពិតពួកគាត់គឺស្រលាញ់គ្នា

-ស្រលាញ់គ្នា!

-ស្នេហា មិនមែនបងប្អូនទេ! ខ្ញុំចង់ឲ្យគាត់នៅជាមួយគ្នាតែពីរនាក់ ដើម្បីដោះ​ស្រាយបញ្ហាផ្លូវចិត្តមួយនេះ ខ្ញុំដឹង! ខ្ញុំធ្វើអ៊ីចឹង អ្នកដែលខកចិត្តគឺបងមែនទេ?

-ហេតុអីក៏បងត្រូវខកចិត្ត?

-ព្រោះបងស្រលាញ់បងប្រុសខ្ញុំ

-ឯងកុំនិយាយផ្តាស់!

-ឥឡូវបងយល់ហើយ តើបងទៅទេ?

-ចុះបើពួកគេរកយើងមិនឃើញនោះ

-បងកុំបារម្ភអី គាត់ប្រាកដជាតេរកពួកយើងហើយ………..បងកុំគិតច្រើនពេក​មើល…………ឆាប់ឡើងមក!

ខេវិនអៀវណាវីដើរចុះពីលើភ្នំក្រោមដំណក់ភ្លៀងស្រិចៗ។ ការពិតអាល្អិតនេះ​ក៏​គួរឲ្យស្រលាញ់ណាស់តើ។ ណាវីបន្លឺ៖

-ពួកយើងសម្រាកសិនទៅអ្ហ៊ៃ?

-មិនអីទេ! ការពិតបងមិនធ្ងន់ណាស់ណាទេ

-ក្រែងឯងថា បងធ្ងន់អ្ហេ!

-ខ្ញុំនិយាយលេងតើ បងត្រជាក់ទេ?

-មិនត្រជាក់ទេ!

-មិនមែនមកពី កំដៅនៅក្នុងខ្លួនខ្ញុំទេ

-ឯងនិយាយស្អី!

យុវវ័យប្រុសស្រីនេះហាក់ដូចជារីករាយណាស់តើ។ ថ្លែងពីវិសិទ្ធិ​ដែលមកដល់​លើកំពូលភ្នំវិញ នាយបន្លឺទៅកាន់យុវតីដែលកំពុងឈរកាន់ឆ័ត្រឱនយកដបទឹក៖

-តើអូនភ្លេចរបស់អី?

-ហេតុអីក៏បងនៅទីនេះ?

-បងមកតាមអូនហ្នឹងណា តើអូនភ្លេចរបស់អី?

-គឺអូនមកយកទឹកនេះ

-គ្រាន់តែទឹកអូនឡើងមកលើភ្នំវិញអ៊ីចឹងអ្ហេ? ពួកយើងឆាប់ទៅវិញទៅ ឲ្យឆ័ត្រមកបង………….ប្រយ័ត្នផង!

យុវវ័យទាំងពីរនៅក្រោមដំបូលឆ័ត្រតែមួយ។ ព្រះភិរុណបង្អុរកាន់តែខ្លាំងឡើង​ៗ ផ្ទៃមេឃប្រែងងឹតស្លុប យុវតីចង់ឈប់មិនចង់ដើរទៅមុខទៀតទេ ព្រោះមានអារម្មណ៍គួរឲ្យខ្លាចណាស់។ ឃើញដូចនេះ យុវជនក៏ចាប់អង្អែលស្មានាងថ្នមៗ ហើយ​ស្រដី៖”កុំខ្លាចអី! ដើរទៅមុខបន្តិចទៀតទៅ”។ ទាំងពីរនាក់ដើររហូតមកដល់​ខ្ទម​​ដែលជាកន្លែងដែលណាវី និងខេវិនរង់ចាំ​ តែពេលមកដល់មិនឃើញពួកគេទាំងពីរ   ចន្រ្ទាបន្លឺឡើង៖

-ម៉េចមិនឃើញពួកគេអ៊ីចឹងបង?

-កុំទាន់ភ័យអី! ប្រហែលជាពួកគេចុះទៅមុនហើយ

-អ៊ីចឹងពួកយើងកុំសម្រាកអី

វិសិទ្ធិចាប់ដៃចន្រ្ទាជាប់៖

-អង្គុយមក! ចាំមេឃរាំងបន្តិចចាំយើងទៅ

-ប៉ុន្តែពួកគេ!

-ពេលនេះពួកគេប្រហែលជាចុះទៅដល់ហើយ ពួកគេមិនអីទេ តែសុខភាព​អូន​មិនល្អទេ អង្គុយទៅ…………អូនត្រជាក់ណាស់មែនទេ!

វិសិទ្ធិទាញក្បាលយុវតីមកដាក់លើទ្រូងខ្លួន។ ទាំងពីរនាក់ប្រែជាស្ងៀម​ឈឹងមិនស្រដីអ្វីទាំងអស់។ ឯខេវិនកំលោះស្ទើរតែលោះព្រលឹង ព្រោះណាវីស្ងៀម​ឈឹងមិនដឹងខ្លួនឡើយ។​ នាយបន្លឺបណ្តើរ រត់បណ្តើរ៖”បង! បងកុំកើតអីណា បងទ្រាំ​បន្តិចទៅ”។ កំលោះតូចអៀវនាងរត់រហូតមកដល់ឃ្លីនិកមួយ៖

-លោកគ្រូពេទ្យជួយគាត់ផង!

-នាងកើតអី!

-នាងដួលគ្រេចជើង ហើយមកតាមផ្លូវក៏សន្លប់ទៅ

-ដាក់នាងចុះមក

ណាវីគេងនៅលើគ្រែនៅឡើយ ចំណែកខេវិនគឺនៅក្បែរគ្រែរហូត។ មួយសន្ទុះក្រោយលោកគ្រូពេទ្យក៏ចូលទៅ៖

-តើគាត់យ៉ាងម៉េចហើយលោកគ្រូពេទ្យ?

-អស់អីហើយ! នាងត្រជាក់ពេក ទើបធ្វើឲ្យសន្លប់

-ចុះជើងរបស់គាត់?

-ពីរបីថ្ងៃនេះ មិនទាន់អាចដើរបានទេ នេះថ្នាំ! ពេលដែលនាងភ្ញាក់ ឲ្យ​នាងលេបទៅ

-បាទ! អរគុណលោកគ្រូពេទ្យ

ងាកមកមើលយុវវ័យមួយគូនៅលើភ្នំវិញ។ នៅក្នុងរង្វង់ដៃយុវជន គឺពិតជាកក់​ក្តៅណាស់ មិនចង់បម្រាស់ចេញឡើយ។ វិសិទ្ធិគិតច្បាស់ទើបស្រដីចេញមក៖”​ចាប់​ពីថ្ងៃអូនចាកចេញទៅនោះ ទើបបងដឹងថា​អារម្មណ៍របស់បងចំពោះអូន នោះមិនមែនជាបង​​ប្អូនទេ”។ ចន្រ្ទាបម្រុងងាកចេញពីយុវជន តែនាយបែរជាចាប់ស្មានាងជាប់ ហើយ​ស្រដីត៖

-បងមិនហ៊ាននិយាយការពិត ព្រោះតែខ្លាចដូចជាពេលនេះអ៊ីចឹង អូននឹងគេចចេញពីបង មិន​នៅក្បែរបង មិនហ៊ានស្និទ្ធស្នាលជាមួយបង

-អ៊ីចឹងហេតុអីបងនិយាយពេលនេះ?

-ព្រោះពេលនេះ បងនឹងមានឱកាសឱបអូនជាចុងក្រោយ ទោះអូនចាត់ទុកបង​ជាអ្វីក៏ដោយ បងនឹងទទួលយកទាំងអស់

-អរគុណ ដែលបងបំពេញតួនាទីជាបងប្រុសអូនអស់រយៈពេលដប់បីឆ្នាំ        អរគុណដែលបងស្រលាញ់អូន ….បេះដូងស្រីល្ងង់ម្នាក់នេះ ម៉េចនឹងអាចគ្មានពន្លឺព្រះចន្ទមួយ​នេះនោះ

ចន្រ្ទាក្រសោបឱបយុវជនដោយស្នាមញញឹម។ ពួកគេដឹកដៃគ្នាដើរចុះពីលើភ្នំ​​ក្រោមដំណក់ភ្លៀងស្រិចៗ។ចំណែកខេវិនអង្គុយក្បែរគ្រែ សម្លឹងមើលមុខណាវី ស្រដីទាំងទឹកមុខ​ស្រពោន៖”សូមទោសផង! ខ្ញុំមិនគួរនាំទុកដល់បងយ៉ាងនេះទេ”។ យុវតីបើកភ្នែក​ឡើង ឃើញយុវជនយំ ក៏បន្លឺ៖

-ឯងកើតអី?

-បងភ្ញាក់ហើយអ្ហេ!

-អាល្អិតឯងនេះ ចេះយំដែរអ្ហេ!

-សូមទោស!

ណាវីហួសចិត្តណាស់ នាងងើបឡើង ហើយយកដៃទៅជូតទឹកភ្នែកឲ្យ​យុវជន​ដោយស្នាមញញឹម។ ភាពទន់ភ្លន់នេះ ហាក់ដូចជាដុតកម្លោចបេះដូងកំលោះតូចនេះ អ៊ីចឹង។ ហេតុអ្វីនាងបែរជាមិនខឹង ហើយនៅលួងលោមគេទៀត? តើអាល្អិតនេះ ប្រុងធ្វើ​ស្អីហ្នឹង? នាយចាប់ដៃណាវីជាប់ ហើយ​សម្លឹងមុខនាងមិនដាក់ភ្នែក ធ្វើឲ្យមាណវី​ស្រដីទាំងរដិបរដុប៖”ឯងយ៉ាងម៉េចហ្នឹង?”។ មិនទាន់បានឆ្លើយតបផង វិសិទ្ធិនិងចន្រ្ទា​ក៏មកដល់។ ណាវីគ្រវាសដៃចេញពីខេវិនយ៉ាងលឿន ទើបតបទៅចន្រ្ទា៖

-ឯងមកហើយអ្ហេ!

-តើមានរឿងអីកើតឡើង?…………ឯងបង្ករឿងទៀតហើយមែនទេ?

-សូមទោសបង!

-បានហើយ! ឯងកុំបន្ទោសគេអី ទោះជាយ៉ាងណា ក៏គេខំអៀវខ្ញុំចុះពីលើភ្នំមក​ដែរ អស់អីហើយ ចុះឯងនិងបងមិនអីទេអ្ហេ?

-មិនអីទេ!

-ខ្ញុំអស់អីហើយ ពួកយើងត្រឡប់ទៅផ្ទះវិញទៅ

តាំងពីក្បាលស្ពានរហូតមកដល់ផ្ទះ ខេវិនមិននិយាយស្តីដូចកាលដែលជិះទៅ​ឡើយ។ ឃើញសភាពប្អូនខុសពីធម្មតាដូចនេះ ចន្រ្ទាដូចជាបារម្ភណាស់។ ងូតទឹក​ហើយ នាងក៏ទៅរកប្អូននៅក្នុងបន្ទប់៖

-បងមានការអី?

-ឯងមិនអីទេអ្ហេ?

-គ្មានអីទេ

-ឬមួយខឹងនឹងបង?

-គ្មានទេ!

-ឯងគ្រុនទេដឹង?

-គ្មានទេ! បងកុំបារម្ភអី ពេលនេះខ្ញុំចង់គេងហើយ បងឆាប់ទៅគេងទៅ

-អ៊ីចឹងបងទៅវិញហើយ

ចន្រ្ទាដើរចេញមក ក៏ជួបនឹងវិសិទ្ធិល្មម៖

-អូនមករកខេវិនអ្ហេ?

-ឃើញវាមិននិយាយស្តី អូនបារម្ភពីវា

-ប្រហែលជាហត់នឿយហើយ ស្អែកឡើងប្រហែលជាអស់អីហើយ អូនឆាប់​ទៅគេងទៅ

-អ៊ីចឹងអូនទៅហើយ

-កុំបារម្ភអី ចាំបងជួយមើលគេឲ្យ

ចន្រ្ទាចេញផុត វិសិទ្ធិក៏ស្ទុះទៅគេងលើគ្រែក្បែរខេវិន ហើយបន្លឺ៖

-តើអ្នកណាហ៊ានធ្វើឲ្យកំលោះតូចម្នាក់នេះ មិននិយាយស្តី?…….ប្រាប់បងមក​មើល តើមានរឿងអី?

-បងនិយាយទៅ ពេលដែលបងមានស្នេហា តើបងមានអារម្មណ៍ដូចម្តេច?

-ឯងជាអ្នកជំនាញស្នេហា គួរតែដឹងច្បាស់ជាងបងហើយមែនទេ?

-បើបងមិនចង់និយាយក៏ហីទៅ

-បានបងនិយាយ! អារម្មណ៍ស្នេហា គឺដូចបេះដូងស្ថិតក្រោមពន្លឺ​ព្រះចន្ទអ៊ីចឹង បើឯងចង់ដឹងច្បាស់ ឯងដាក់បេះដូងឯងឲ្យចំពន្លឺព្រះចន្ទទៅ នោះ​ឯងនឹងយល់កាន់តែច្បាស់ពីអារម្មណ៍ស្នេហាហើយ បងគេងហើយ

-បេះដូង​ក្រោមពន្លឺព្រះចន្ទអ្ហេ! ការពិតបងនិងបងស្រីសុទ្ធតែមានអារម្មណ៍បែប​នេះអ្ហេ? ខ្ញុំនឹងសាកល្បងមើល

អស្ចារ្យណាស់! អួតសុទ្ធតែខ្លួនអ្នកជំនាញស្នេហា តែដល់វេនខ្លួនឯង បែរជា​ល្ងង់មួយរំពេច។ ឱ!កំលោះតូចអើយ ពេលនេះពិតជាមកអង្គុយក្រោមពន្លឺព្រះចន្ទមែន មើលចុះ! ស្នាមញញឹមកំពុងលេចចេញនៅលើផ្ទៃមុខគេហើយតើ។ អូហូ! រឿងរ៉ាវ​ទាំង​ឡាយដែលកើតមានឡើងកាលពីថ្ងៃ បានខារសារឡើងវិញហើយ។ បេះដូងក្រោម​ពន្លឺព្រះចន្ទ! គឺអារម្មណ៍នេះហើយ រំភើប កក់ក្តៅ និងមានក្តីសុខណាស់។ មិនខុសទេ វាគឺអារម្មណ៍ស្នេហា ស្នេហាយ៉ាងពិតប្រាកដ។

នៅទីបំផុតមិនត្រឹមតែវិសិទ្ធិទេ សូម្បីតែខេវិនកំលោះតូចនេះ ក៏ដឹងពីអារម្មណ៍​របស់ខ្លួនដែរ។ ជាការពិតណាស់ គេមានសង្សារច្រើនរាប់មិនអស់ ប៉ុន្តែមិនដែលស្មោះ​មួយណាឡើយ ហើយក៏ពុំដែលធ្វើឲ្យគេមានអារម្មណ៍ខ្វាយខ្វល់ ឬគិតច្រើន​ដូច​ជាពេលនេះដែរ។ ចន្រ្ទាសង្គេតប្អូនពីរថ្ងៃហើយ សព្វដងយុវជននេះរំអុកនាងឲ្យនាំដើរ​លេងមិនឈប់ តែពេលនេះ មិនដូចមុនឡើយ គេសុខចិត្តទៅជួយមើលហាងម៉ាក់ ឬក៏​ទៅចាំហាងឲ្យវិសិទ្ធិ ហើយពេលត្រឡប់មកដល់ផ្ទះ ក៏ចូលទៅក្នុងបន្ទប់បាត់។ យុវតី​​ទាញដៃយុវជនចេញមក ទើបស្រដី៖

-បងនិយាយទៅ ថាខេវិនមានរឿងអី?

-បងមិនប្រាកដទេ

-មិនប្រាកដបានន័យថាបងដឹងខ្លះមែនទេ? បងនិយាយទៅ!

-ប្រហែលជាមានស្នេហាហើយ តែជានរណានោះ បងមិនដឹងទេ

-ថាម៉េច! …………ម៉េចនឹងអាចទៅ………ប៉ុន្តែវាប្លែកបែបនេះ គឺចាប់តាំងពីថ្ងៃ

​ដែលមកពីក្បាលស្ពានវិញ បងថាមានស្នេហា………..

-ឬមួយ!

-វាស្រលាញ់ណាវីទេដឹង? មិនបានទេ អូនចូលទៅសួរវា

-នែ!

ចន្រ្ទាចូលទៅដល់ក្នុងបន្ទប់ ក៏ទៅអង្គុយលើគ្រែក្បែរប្អូនប្រុសដែលបង្ហប់ភួយ​ជិតឈឹង។ ទោះយុវតីនិយាយអី ក៏នាយមិនតប។ ចន្រ្ទានឹកឃើញល្បិចមួយក៏បន្លឺ៖

-ត្រូវហើយ! ឯងនៅចាំណាវីមិត្តភក្តិបងដែលទៅលេងក្បាលស្ពានជាមួយយើង​ទេ? នាងជិតរៀបការហើយ

-បងថាម៉េច?

-យ៉ាងម៉េច! ក្រែងឯងមិនចង់និយាយជាមួយបងទេអ្ហេ បងទៅវិញហើយ

-បងនិយាយទៅ ថានរណាជិតរៀបការ?

-គឺបងស្រីដែលឯងអៀវចុះពីលើភ្នំហ្នឹងណា ឮថាកូនកំលោះជាអនិកជននៅ​ប្រទេសបារាំង ថែមទាំងជាអ្នកមានស្តុកស្តម្ភទៀតផង

-មិនពិតទេ! បងឮមកពីណា?

-បងនិយាយទូរស័ព្ទជាមួយនាងអម្បាញ់មិញនេះឯង និយាយចប់ភ្លាម ក៏ចូលមករកឯងហ្នឹងណា មើលទៅឯងដូចជាចាប់អារម្មណ៍ណាស់ហ្ន៎

-គ្មានទេ!

-តើប៉ុន្មានថ្ងៃនេះ ឯងមានរឿងអី? ម៉េចមិននិយាយស្តីដូចមុនអ៊ីចឹង?

-ក្រែងបងមិនចង់ឲ្យខ្ញុំនិយាយអ្ហេ! បងនិយាយទៅមើល តើបងណាវីរៀន​មហាវិទ្យាល័យឆ្នាំទីប៉ុន្មានហើយ?

-ឯងនិយាយប្រាប់បងតាមត្រង់មក ឯងចង់លេងសើចជាមួយណាវីអ្ហេ?

-អត់ទេ!

-ទីនេះកម្ពុជាណា ហើយម្យ៉ាងទៀតណាវីជាមិត្តភក្តិបង បងមិនអនុញ្ញាតឲ្យ​ឯងទៅលេងសើចជាមួយនាងទេ បើហ៊ានធ្វើផ្តេសផ្តាស បងមិនលើកលែងឲ្យ​ឯង​ទេ ស្តាប់បានទេ!

-បងការពារមិត្តភក្តិជាងប្អូនប្រុសទៅទៀត

-តែបងដឹងចរិតប្អូនរបស់បងច្បាស់ណាស់

-បានហើយ! បងកុំបារម្ភពីរឿងខ្ញុំអី ចុះរឿងរបស់បងនោះ? ស្អែកនេះ ម៉ាក់មក​ទីនេះហើយ ពួកបងគួរតែនិយាយប្រាប់គាត់ទៅ ហើយកុំភ្លេចថា បងចាញ់ខ្ញុំ​ហើយ

-ខួរក្បាលឯងចងចាំបានល្អណាស់ហ្ន៎

-បើកុំតែជួយបង ម្ល៉េះខ្ញុំមិនក្លាយជា………………..

-ក្លាយជាអី! ឆាប់និយាយទៅ

-គ្មានទេ! បងឆាប់ចេញទៅវិញទៅ ខ្ញុំគេងហើយ

-អ៊ីចឹងបងទៅហើយ………….ធ្វើចរិតប្លែកៗ

ត្រឹមត្រូវណាស់ បើកុំតែជួយបង ម្ល៉េះកំលោះតូចនេះ មិនក្លាយទៅជាមនុស្ស​មានជម្ងឺស្នេហាបែបនេះទេ។ ពេលដែលបានដំណឹងថា ណាវីជិតរៀបការ យុវជនតូច​នេះ ក៏ទៅដល់ផ្ទះយុវតីភ្លាម៖

-ឯងមកផ្ទះបងមានការអី?

-បងមិនហៅខ្ញុំចូលលេងសិនទេអ្ហេ?

-ចូលមកអ៊ីចឹង! អង្គុយសិនទៅ បងទៅយកទឹកមកឲ្យញ៉ាំ……….មានការអី​មែន​ទេ? ឬចន្រ្ទាឲ្យឯងមក?

-តើខ្ញុំគួរចាប់ផ្តើមពីត្រង់ណា?…………………

-ឯងយ៉ាងម៉េចហ្នឹង?

-ត្រូវហើយ! បងស្រីខ្ញុំ ឮថាបងជិតរៀបការ ទើបឲ្យមកសួរបងថា តើបងរៀប​ការថ្ងៃណាឲ្យប្រាកដ ព្រោះអីគាត់ជិតត្រឡប់ទៅវិញហើយ

-ស្អីគេ! គេឮមកពីណាថា បងជិតរៀបការនោះ?

-អ៊ីចឹងមិនមែនទេ មែនទេ?

-អត់ទេ! បងមិនមែនជិតរៀបការឯណា ប្រាប់គេទៅ ថាមិនមែនទេ

-ប្រសើរណាស់អ៊ីចឹង

-ឯងមិនអីទេអ្ហេ?

-គ្មានអីទេ! ខ្ញុំត្រឡប់ទៅវិញហើយបង

-ថ្ងៃក្រោយ មានរឿងអី ឲ្យបងឯងតេមកបងមក មិនចាំបាច់រំខានឯង​ឲ្យមក​ដល់ផ្ទះបងយ៉ាងនេះទេ

-មិនអីទេបង!

ខេវិនត្រឡប់ទៅផ្ទះវិញដោយក្តីរីករាយ។ នាយដើរបណ្តើរហួចបណ្តើរ ស្រាប់​តែទុចង៉ក់នៅពេលគ្រួសារកំពុងតែជួបជុំគ្នា។ គ្មាននរណានិយាយស្តីអ្វីសោះ ប្រហែល​ជាហួសចិត្ត ឬក៏គិតស្មានមិនដល់។ អ្នកស្រីចរិយាបន្លឺ៖

-ឯងប្រាប់ម៉ាក់តាមត្រង់មក ពួកឯងនៅជាមួយគ្នាហើយមែនទេ?

-អត់ទេម៉ាក់! (វិសិទ្ធិ និងចន្រ្ទាបន្លឺព្រមគ្នា)

-បើអត់ប្រសើរហើយ! ពួកឯងចេញទៅសិនទៅ

-ម៉ាក់!

-ម៉ាក់ថាឲ្យចេញទៅ

វិសិទ្ធិ និងចន្រ្ទាដើរចេញមកក្រៅ ក៏ជួបនឹងខេវិនដែលកំពុងឈរស្តាប់៖

-ពួកគាត់មិនយល់ព្រមទេអ្ហេ?

-មើលទៅម៉ាក់ មិនសប្បាយចិត្តទេ

-ចាំខ្ញុំជួយនិយាយឲ្យបង

-មិនបានទេ! ឯងនៅត្រង់នេះហើយ

ឃើញសភាពអ្នកស្រីចរិយាហាក់មិនសប្បាយចិត្ត អ្នកស្រីស៊ីណាក៏បន្លឺឡើង៖

-ការពិតម្តងនេះ ខ្ញុំគិតថា នាំកូនមករស់នៅស្រុកខ្មែរវិញ មិននឹកស្មានថា មាន​រឿងបែបនេះកើតឡើងទេ ឯងកុំបារម្ភអី ខ្ញុំនឹងនាំចន្រ្ទាទៅវិញ មិនឲ្យនាងជួប​​  វិសិទ្ធិទៀតឡើយ

-ឯងនិយាយទៅ តើឯងពេញចិត្តឲ្យពួកគេរៀបការទេ?

-ថាម៉េច!

-គ្មានមូលហេតុអ្វី​ ដែលត្រូវបំបែកពួកគេទេ ការពិតពួកគេទាំងពីរមិនមែនជា​បងប្អូនបង្កើតឯណា សូម្បីតែសាច់ឈាមបន្តិចក៏មិនជាប់ពាក់ព័ន្ធនឹងគ្នាផង រឿងអីដែលថារៀបការមិនបាននោះ?

អ្នកស្រីចរិយា និងអ្នកស្រីស៊ីណាសម្លឹងមើលលោកវិបុត្រទាំងអស់គ្នា៖

-បងនិយាយខុសអ្ហេ?

-មិនខុសទេ!

-អ៊ីចឹងមានរឿងអីត្រូវគិតច្រើន? មនុស្សដែលយើងស្រលាញ់ ទីបំផុតគឺនៅតែ នៅក្បែរយើងដដែល

ចម្លើយគឺចេញហើយ។ទាំងអស់គ្នាសម្រួលអារម្មណ៍ ក៏ជជែកគ្នាយ៉ាងរីករាយ៖

-ឯងថាមកនៅស្រុកវិញអ្ហេ?

-ត្រូវហើយ! ខ្ញុំទិញផ្ទះរួចហើយ នៅមិនឆ្ងាយពីហាងរបស់ខ្ញុំប៉ុន្មានទេ ការពិត​ខ្ញុំ​គិតយូរហើយ ខ្ញុំដឹងថា ចន្រ្ទាមិនទម្លាប់នៅស្រុកគេទេ ដូចនេះ ខ្ញុំចង់ឲ្យនាង​មករៀនទីនេះវិញ ចំណែកខេវិន ខ្ញុំឲ្យគេទៅវិញ ពេលដែលគេរៀនចប់មហា-​វិទ្យាល័យហើយ គេចង់មកនៅទីនេះក៏បាន

-ម៉ាក់និយាយអីហ្នឹង? ម៉ាក់បញ្ជូនខ្ញុំទៅវិញ ហើយទុកបងស្រីនៅទីនេះអ៊ីចឹង ខ្ញុំ​មិនសុខចិត្តទេ ខ្ញុំក៏ចង់នៅទីនេះដែរ

-មិនបានទេ! ពីរថ្ងៃទៀតឯងត្រូវត្រឡប់ទៅវិញហើយ

-ម៉ាក់!

-ម៉ាក់មានការនិយាយជាមួយអ៊ំឯង

-ហ៊ីស!

-ម៉េចឯងមិនឲ្យគេនៅរៀននៅទីនេះទៅ?

-មិនបានទេ! ខ្ញុំចង់ឲ្យគេ នៅជិតសាច់ញាតិរបស់គេសិន ដល់ពេលគេពេញ-    ​​វ័យហើយ នោះជាជម្រើសរបស់គេ គេចង់រស់នៅទីណាក៏បាន

-ខានស្អែកឯងទៅវិញហើយអ្ហេ!

-ចាស! ខ្ញុំនាំខេវិនទៅ រៀបចំទុកដាក់ឲ្យគេហើយ ខ្ញុំនឹងត្រឡប់មកវិញ ចំណែក

​ចន្រ្ទា គឺខ្ញុំផ្ញើនាងនឹងពួកបងទៀតហើយ

-មិនអីទេ!

-ចុះរឿងមង្គលការនោះ?

-ចាំឯងត្រឡប់មកវិញ ចាំយើងនិយាយគ្នា

បេះដូង ដែលមិនបានទទួលពន្លឺព្រះចន្ទ ពិតជាងងឹតហើយ ហើយពន្លឺព្រះចន្ទ ដែលគ្មានបេះដូងទទួលយក​ប្រាកដជាងងឹតដូចគ្នា។ ដូចនេះ រវាងបេះដូង និងពន្លឺព្រះចន្ទ​ត្រូវតែនៅជាមួយគ្នា ដូចជាវិសិទ្ធិនិងចន្រ្ទាជាដើម។ ចុះកំលោះតូចខេវិន? ពេលនេះកំពុងតែបាត់បេះដូង ឬក៏ពន្លឺព្រះចន្ទ? ពេលវេលាតែពីរថ្ងៃប៉ុណ្ណោះ តើយុវ-ជនអាចស្វែងរកពន្លឺព្រះចន្ទមកបំភ្លឺបេះដូងបានទេ? តែមើលទៅគេដូចជាប្រឹងប្រែង​ណាស់។ ពេលចេញពីធ្វើការ ណាវីតែងតែជួបខេវិន ពេលចេញពីរៀន ក៏នាងបានជួប​នឹងខេវិន និយាយរួមស្ទើរគ្រប់ពេល ដែលកំលោះតូចនេះ ដើរតាមនាង ធ្វើឲ្យនាងមាន​អារម្មណ៍ថា ធុញទ្រាន់ណាស់ ក៏បន្លឺឡើង៖

-ឯងឈប់ដើរតាមខ្ញុំទៅបានទេ?

-បងមិនសួរមូលហេតុដែលខ្ញុំដើរតាមបងទេអ្ហេ?

-ឯងនិយាយទៅ ហេតុអីក៏ឯងតាមខ្ញុំ?

-ស្អែកនេះ ខ្ញុំត្រឡប់ទៅវិញហើយ

-មានអីទាក់ទងស្អីនឹងខ្ញុំ?

-បងជាមិត្តភក្តិទីមួយរបស់ខ្ញុំនៅកម្ពុជា ខ្ញុំប្រាកដជានឹកបង បងមិននឹកខ្ញុំទេអ្ហេ

យ៉ាងណាក៏ខ្ញុំធ្លាប់អៀវបងចុះពីលើភ្នំដែរ

-បាន! បងប្រាកដជានឹកឯង សូមឲ្យឯងត្រឡប់ទៅវិញដោយសុវត្ថិភាព ពេញ​ចិត្តហើយនៅ? ឈប់តាមបងទៀតទៅ

និយាយហើយ ណាវីដើរចេញទៅ តែខេវិននៅតែតាមនាងដដែល៖

-ឯងចង់យ៉ាងម៉េចហ្នឹង?…………ខ្ញុំតេទៅចន្រ្ទាឲ្យមកយកឯងទៅវិញ

-កុំអី!

-នែ! ឲ្យទូរស័ព្ទមកបងវិញ

-ខ្ញុំសួរបង នៅថ្ងៃនោះ ហេតុអីក៏បងយកដៃមកប៉ះមុខខ្ញុំ?

-ប៉ះមុខឯង!…………អូ!……បងឃើញឯងយំ គ្រាន់តែជូតទឹកភ្នែកឲ្យឯងតើ

-គ្រាន់តែជូតទឹកភ្នែកទេអ្ហេ?

-ឯងយ៉ាងម៉េចហ្នឹង?

-បងមិនបានស្រលាញ់ខ្ញុំទេអ្ហេ?

-ថាម៉េច!…………ឯងកុំលេងសើចណា បងធ្វើម៉េចនឹងស្រលាញ់ឯងនោះ

-បើបងមិនស្រលាញ់ខ្ញុំ ហេតុអីក៏ប៉ះមុខខ្ញុំ? បងដឹងទេ ខ្ញុំមានសង្សាររាប់មិនអស់ តែពួកនាងទាំងអស់នោះ មិនដែលហ៊ានប៉ះមុខខ្ញុំទេ

-ហេតុអី?

-មានតែមនុស្ស​ម្នាក់គត់ ដែលអាចប៉ះបាន លុះត្រាតែមនុស្សស្រីម្នាក់នោះ ជាមនុស្សដែលខ្ញុំ​ស្រលាញ់

-អ៊ីចឹងទេអ្ហេ! ឲ្យបងសូមទោសផង តើឲ្យបងធ្វើយ៉ាងម៉េច?

-បងឲ្យខ្ញុំប៉ះមុខបងវិញមក

-ធ្វើអ៊ីចឹងគឺរួចគ្នាមែនទេ? តើអាចធ្វើអ្វីផ្សេងបានទេ ដូចជាបងប៉ាវឯងញ៉ាំអី​ក៏បាន?

-មិនបានទេ!

-អ្ហឺយ! ឯងសន្យាណា ពេលដែលប៉ះមុខបងរួចហើយ ពួកយើងរួចគ្នា ឈប់តាមបងទៀត ស្តាប់បានទេ?

-បងបិទភ្នែកទៅ!

-ហេតុអីចាំបាច់បិទភ្នែក?

-បងមិនខ្មាសខ្ញុំទេអ្ហេ?

-អាល្អិតឯងនេះ!

ណាវីសម្រចចិត្តបិទភ្នែក ហើយនៅស្ងៀមឲ្យយុវជនស្ទាបមុខរបស់ខ្លួន។ កែវ​ភ្នែកស្រទន់ សាច់មុខម៉ដ្ឋខៃ មិនចង់ដកដៃទាល់តែសោះ។ យុវតីបើកភ្នែកឡើង បម្រុងនឹងស្រដី តែមិនអាចនិយាយបាន។ នាងបើកភ្នែកធំៗ ច្រានយុវជន​ចេញពីខ្លួន  ចំណែកដៃម្ខាងខ្ទប់មាត់ជាប់៖

-ឯងធ្វើអីហ្នឹង?

-គឺថើបហ្នឹងណា!

-ឯងឆ្កួតទេអ្ហេ!

-ខ្ញុំប្រាប់ហើយ មនុស្សស្រីដែលប៉ះមុខខ្ញុំ គឺជាមនុស្សស្រីដែលខ្ញុំស្រលាញ់ តើ​បងយល់ទេ?

-ឯងស្រលាញ់ខ្ញុំ!

-ម៉េចក៏ខួរក្បាលបងអន់យ៉ាងនេះ!

-តែខ្ញុំមិនបានស្រលាញ់ឯងទេ

-តើបងអាចបំភ្លេចស្នាមថើបដំបូងនេះបានទេ?

-នរណាថា នេះជាស្នាមថើបដំបូងនោះ ឯងឈប់មកតាមខ្ញុំទៀតណា

ខេវិនត្រឡប់មកដល់ផ្ទះវិញដោយសប្បាយចិត្ត តែមិនទាន់ទៅបន្ទប់ភ្លាមទេ នាយចូលទៅបន្ទប់បងស្រីសិន៖

-មានការអីអ្ហេទើបមករកបងដល់បន្ទប់?

-ខ្ញុំចង់ប្រាប់បង បងមិនបាច់បារម្ភពីខ្ញុំទេ ពេលនេះ ខ្ញុំធំហើយ ខ្ញុំនឹងរៀនឲ្យ​ជាប់ ហើយប្រឡងចូលមហាវិទ្យាល័យឲ្យបាន ពេលរៀនចប់ ខ្ញុំនឹងត្រឡប់មក

រស់នៅកម្ពុជាវិញ រកការងារធ្វើនៅទីនេះ ហើយក៏យកប្រពន្ធនៅទីនេះដែរ

-ឯងមិនអីទេអ្ហេ?

-តើខ្ញុំមិនសមនឹងនិយាយពាក្យនេះទេអ្ហេ?

-គឺសមណាស់! ឯងប្រាប់បងតាមត្រង់មកមើល តើអ្វីដែលអាចធ្វើឲ្យឯងមាន​ការតាំងចិត្តបែបនេះ?

-បើខ្ញុំនិយាយ បងសន្យាទៅ ថាបងត្រូវតែជួយខ្ញុំ

-បាន!

-មុនពេលខ្ញុំត្រឡប់មកវិញ បងត្រូវមើលថែបងណាវីឲ្យខ្ញុំ មិនឲ្យគាត់រៀបការ​ចោលខ្ញុំទេ

-ថាម៉េច! ឯងពិតជាស្រលាញ់ណាវីមែនអ្ហេ?

-ថ្វីត្បិតតែគាត់បដិសេធខ្ញុំ តែខ្ញុំថើបគាត់រួចហើយ ខ្ញុំជឿថា គាត់មិនបំភ្លេចខ្ញុំ​ងាយនោះទេ បងសន្យាហើយណា ខ្ញុំទៅវិញហើយ!

-វាធ្វើមែនទែនអ្ហេ!

ចន្រ្ទាដឹងរឿងហើយ ដូចជាមិនស្រួលចិត្តសោះ នាងក៏ផ្ញើសារហៅវិសិទ្ធិចេញ​មកក្រៅបន្ទប់៖

-អូនមានរឿងអី?

-វីវរហើយ! អាល្អិតនោះ វាស្រលាញ់ណាវីពិតមែន

-វាប្រាប់អូនអ្ហេ?

-ចាស! វាថានឹងខំរៀនឲ្យចប់ ហើយត្រឡប់មកវិញ ហើយថែមទាំងឲ្យអូន​មើលថែមិនឲ្យណាវីរៀបការទៀតផង

-ប្រសើរហើយអ៊ីចឹង

-បងនិយាយអី?

-ក្រែងអូនចង់ឲ្យខេវិនយកចិត្តទុកដាក់រៀនសូត្រ ឥឡូវគេសុខចិត្តបោះបង់​ការ​ដើរលេង ញ៉ែស្រី ហើយងាកទៅខំរៀនវិញ បើមិនមែនជារឿងល្អ អូនថាវាជា​រឿងអាក្រក់អ្ហេ?

-ប៉ុន្តែអូនមើលទៅណាវីមិនបានស្រលាញ់វាទេ បើនាងរៀបការចោលវានោះ តើលទ្ធផលនឹងទៅជាយ៉ាងណាទៅ? រយៈពេលប្រាំឆ្នាំគឺយូរណាស់

-តែទោះជាយ៉ាងណា គេបានតាំងចិត្តរួចទៅហើយ

-តើឲ្យអូនធ្វើយ៉ាងម៉េច?

-ចម្លើយគឺនៅលើណាវីហើយ

ជិតចេញដំណើរហើយ តែមិនឃើញខេវិនទាល់តែសោះ។ ការពិតនាយ​បង្ហាញ​មុខយ៉ាងស្រស់នៅចំពោះមុខណាវី៖

-ក្រែងឯងត្រូវចេញដំណើរហើយអ្ហេ! ហេតុអីក៏មកដល់ផ្ទះបងអ៊ីចឹង?

-ខ្ញុំមកលាបង! បងមិនហៅខ្ញុំចូលក្នុងទេអ្ហេ?

-មិនហៅទេ!

-យ៉ាងម៉េចបងខ្លាចខ្ញុំថើបបងទៀតអ្ហេ?

-ឯងឈប់រំលឹកទៅបានទេ បងមិននិយាយជាមួយឯងទៀតទេ

-ខ្ញុំត្រូវត្រឡប់ទៅវិញហើយ ហេតុអីក៏បងដាច់ចិត្តម្ល៉េះ?

-តើឯងចង់យ៉ាងម៉េច?

-ខ្ញុំដឹងថាបងមិនដាច់ចិត្តនោះទេ បងនៅចាំខ្ញុំណា ខ្ញុំនឹងត្រឡប់មកវិញ

-អាល្អិតអ្ហា៎! ខ្ញុំមានរឿងអីត្រូវចាំឯងត្រឡប់មកវិញនោះ?

-ខ្ញុំមិនដឹងទេ ជីវិតខ្ញុំគឺនៅក្នុងដៃបងហើយ បើបងហ៊ានរៀបការចោលខ្ញុំ បានន័យថាបងបំផ្លាញជីវិតមនុស្ស​ម្នាក់ ពេលនោះ ទោះជាខ្ញុំក្លាយជាខ្មោច ក៏ខ្ញុំតាម​បងដែរ

-នែ!

-ខ្ញុំដឹង ថាបងនឹងរង់ចាំខ្ញុំ បងមិនបំភ្លេចស្នាមថើបដំបូងនោះទេ ប្រាំឆ្នាំក្រោយ​ខ្ញុំនឹងត្រឡប់មកវិញ ខ្ញុំស្រលាញ់បង

ខេវិននិយាយហើយ រត់ចេញទៅ។ តើស្រីពៅណាវី នាងគិតដូចម្តេច? ការពិត​នាងពិតនឹកឃើញស្នាមថើបដំបូងនោះមែន។ ចុះបើនាងរៀបការចោលគេ តើនឹង​មានរឿងអ្វីកើតឡើងចំពោះកំលោះតូចនេះ?

ពីរឆ្នាំក្រោយមក

ពិធីរៀបអាពាហ៍ពិពាហ៍សម្រាប់គូស្រករថ្មីមួយបានកើតឡើង។ ស្ថិតក្នុង​       សម្លៀក​បំពាក់កូនក្រមុំ ចន្រ្ទាឈរញញឹមនៅមុខកញ្ចក់ ឃើញដូចនោះ ណាវីក៏បន្លឺឡើង៖

-សប្បាយចិត្តណាស់ តើមែនទេ?

-អ៊ឺ! ………………ខ្ញុំចង់សួរឯងរឿងមួយតើបានទេ?

-ថ្ងៃនេះជាថ្ងៃសប្បាយរីករាយ ឯងកុំធ្វើមុខអ៊ីចឹងបានទេ ចង់សួរអីសួរមក

-ឯងពិតជាសម្រេចចិត្តចាំខេវិនមែនអ្ហេ?

-ឯងខ្លាចខ្ញុំរៀបការចោលគេអ្ហេ គេគំរាមខ្ញុំរួចហើយ បើខ្ញុំរៀបការចោល​គេ គេមិនលើកលែងឲ្យខ្ញុំទេ ឯងកុំបារម្ភអី ទោះមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំមិន​រៀបការមុនគេទេ

-អរគុណឯងហើយ

-នរណាឲ្យខ្ញុំស្គាល់គេនោះ ចំណាយពេលប្រាំឆ្នាំដើម្បីជួយក្មេងប្រុសម្នាក់ ឯង​មិនគិតថា ខ្ញុំបានធ្វើរឿងដ៏អស្ចារ្យទេអ្ហេ?

-ពិតមែនហើយ! ឯងអស្ចារ្យណាស់

-ត្រូវហើយ! ថ្ងៃនេះជាថ្ងៃសំខាន់យ៉ាងនេះ ហេតុអីក៏គេមិនមកអ៊ីចឹង?

-គឺជាប់ប្រឡងហ្នឹងណា ឯងនឹកវាអ្ហេ?

-នឹកតិចៗដែរ

-ស្អែកនេះ គេមកដល់ហើយ

ពិធីរៀបអាពាហ៍ពិពាហ៍បានកន្លងផុតទៅ។ គូស្វាមីភរិយាថ្មីរស់នៅជាមួយគ្នា​ដោយសុភមង្គល។ បីឆ្នាំក្រោយមក យុវជនកំលោះស្រស់សង្ហារ មានពាក់វ៉ែនតាខ្មៅ កំពុងចុះពីលើយន្តហោះ តម្រង់ឆ្ពោះទៅរកក្រុមគ្រួសារដែលកំពុងឈរទទួលដោយ​ក្តីនឹក​រលឹក។ សមាជិកគ្រួសារមកគ្រប់គ្នាអស់ហើយ តែបាត់ម្នាក់គឺណាវី។ ការពិត​ណាវី​គេងឈឺនៅក្នុងផ្ទះទេតើ។ នាងតប់ប្រមល់ និងធុញថប់ណាស់។ អ្នកមីងនៅជាមួយ​ម្នាក់បន្លឺ៖

-អ្នកនាងហូបបបរសិនទៅ!

-មីងទុកត្រង់ហ្នឹងហើយ ខ្ញុំមិនទាន់ឃ្លានទេ

អ្នកមីងទុកហើយ ក៏ដើរចេញទៅ មួយសន្ទុះក្រោយក៏ស្រាប់តែត្រឡប់មកវិញ៖

-អ្នកនាង………..

-បន្តិចទៀតខ្ញុំញ៉ាំហើយ មីងត្រឡប់ទៅវិញទៅ

យុវជនកំលោះដើរទៅអង្គុយចុងគ្រែយុវតី រួចបន្លឺ៖

-ធំហើយ នៅធ្វើដូចកូនក្មេងទៀត

-សំឡេងអ្នកណា?

យុវតីបើកភួយ ស្ទុះងើបអង្គុយ។ វាមិនគួរឲ្យជឿទេ នាងនៅតែមិននិយាយស្តី៖

-បងមើលខ្ញុំមិនស្គាល់ទេអ្ហេ?

-អាល្អិតឯងនេះ មកវិញហើយអ្ហេ!

-ខ្ញុំធំជាងបងណា បើបងមិនឱបខ្ញុំ ទុកឲ្យខ្ញុំជាអ្នកឱបបង

យុវជនឱបណាវីជាប់ សំណាងហើយ ដែលនាងឆាប់បម្រាស់ចេញ៖

-ប៉ា ម៉ាក់!

-ជម្រាបសួរលោកពូអ្នកមីង

-លើកដៃថ្វាយព្រះ

-ក្មួយមកយូរហើយអ្ហេ?

-បាទ! មួយសន្ទុះហើយលោកពូ

-អង្គុយលេងសិនទៅ ពូមីងទៅផ្លាស់សម្លៀកបំពាក់សិន

-បាទ!

ការពិតស្នេហា ពិតជាមានឥទ្ធិពលខ្លាំងណាស់។ ឆាកជីវិតគឺបែបនេះឯង។ មើលចុះ ព្រះចន្ទពេញបូរមីមូលក្រឡង់ គួរឲ្យចង់នែបនិត្យណាស់។ ហេតុអីក៏គ្រួសារ​មួយនេះ ចូលចិត្តមើលព្រះចន្ទម្ល៉េះ?

-ប៉ា! កាលពីតូច ប៉ាចូលចិត្តមើលព្រះចន្ទណាស់មែនទេ?

-ត្រូវហើយ! ប៉ាចូលចិត្តមើលព្រះចន្ទណាស់ កូនឃើញទេ សូម្បីតែហាងថ្នាំ​របស់ប៉ា ក៏មានឈ្មោះថា ពន្លឺព្រះចន្ទដែរ

-ចុះម៉ាក់វិញ?

-ម៉ាក់ដូចគ្នា!

-ហេតុអីក៏ប៉ានិងម៉ាក់ចូលចិត្តមើលព្រះចន្ទ?

-អ៊ីចឹងប៉ាសួរកូន តើកូនចូលចិត្តមើលព្រះចន្ទឬអត់?

-អូនចូលចិត្ត

-ហេតុអីក៏កូនចូលចិត្ត?

-ព្រោះពន្លឺព្រះចន្ទស្អាតណាស់ ពេលដែលអូនមើលហើយ អូនមានអារម្មណ៍ថា កក់ក្តៅ ដូចជាប៉ាម៉ាក់នៅក្បែរអូនអ៊ីចឹង

-ត្រូវហើយ! ប៉ាដូចគ្នា ពេលប៉ាឃើញពន្លឺព្រះចន្ទ ប៉ាតែងតែនឹកដល់ម៉ាក់កូន ហើយនិងកូន ដូចនេះ ទោះបីជាពេលខ្លះ ប៉ានៅម្នាក់ឯង ក៏ប៉ាអត់អផ្សុកដែរ

-អ៊ីចឹងពេលប៉ាម៉ាក់មិននៅ អូននឹងមើលព្រះចន្ទដើម្បីកុំឲ្យអផ្សុក

-ពេលនោះ ឯងកុំភ្លេចហៅពូមកមើលផង ស្តាប់បានទេ?

-លោកពូ!

-មកពូពរ! មើលទៅគ្រួសារបង ដូចជាស្រលាញ់ព្រះចន្ទណាស់ហ្ន៎

-តើពូចូលចិត្តមើលព្រះចន្ទទេ?

-ពូប្រាកដជាចូលចិត្តហើយ ក្មួយដឹងទេ ពន្លឺព្រះចន្ទធ្វើឲ្យបេះដូងមានក្តីសុខ​ណាស់ណា ដូចជាប៉ាម៉ាក់ឯងអ៊ីចឹង

-អូនក៏យល់ដែរ!

-ថាម៉េច! ក្មួយយល់ដែរ

-ឯងនេះ ចំមែន

-ពួកយើងចូលទៅក្នុងផ្ទះទៅ

 

 

ចប់ដោយបរិបូរណ៍

 

បញ្ចេញមតិ