បេះដូងក្រោមពន្លឺព្រះចន្ទ វគ្គ១

បេះដូងក្រោមពន្លឺព្រះចន្ទ

អារម្ភកថា

            ទោះបីពិភពលោកធំយ៉ាងណា ក៏ស្ថិតនៅក្រោមពន្លឺព្រះចន្ទតែមួយ មិនខុសអ្វីពីមនុស្សពីរនាក់ បើជំពាក់ចិត្តលើគ្នាហើយ ទោះជាទៅដល់ទីណា ក៏ពន្លឺស្នេហានេះ នៅតែមានរស្មី មានឥទ្ធិពលមិនសាបរលត់។ ពិតមែនហើយ ពន្លឺស្រទន់របស់ព្រះចន្ទពិតជាធ្វើឲ្យបេះដូងកក់ក្តៅណាស់។ កក់ក្តៅយ៉ាងណាអ្នកដឹងទេ? បន្ទាប់ពីអានសំនួរនេះហើយ តើអ្នកនៅចាំអ្វីទៀត ចូរអ្នកសាកល្បងចេញពីដំបូលផ្ទះ ហើយមកឈរនៅក្រោមពន្លឺព្រះចន្ទមើល!……………….អ្នកមិនអាចស្រក់ទឹកភ្នែកទេ នេះគឺជាពន្លឺដ៏បរិសុទ្ធ អ្នកត្រូវតែញញឹមឡើង គឺញញឹមដោយភាពជឿជាក់ ក្នុងការបន្តដំណើរនៃឆាកជីវិតទៅមុខទៀត ឲ្យដូចជាក្មេងស្រីចន្រ្ទាអ៊ីចឹង។ ទោះបីបែកឆ្ងាយពីមនុស្សជាទីស្រលាញ់ ប៉ុន្តែចន្រ្ទាមិនដែលអស់សង្ឃឹមឡើយ នាងនៅតែញញឹមឈរនៅក្រោមពន្លឺព្រះចន្ទដោយអារម្មណ៍កក់ក្តៅ និងភាពជឿជាក់។ ខ្ញុំចង់ឲ្យអ្នកបានទទួលនូវអារម្មណ៍កក់ក្តៅនេះណាស់ តែបើអ្នកមិនអាចទទួលបាន សូមអ្នកអាននូវរឿងនេះ ចន្រ្ទាប្រាកដជាចែករំលែកសេចក្តីសុខឲ្យអ្នកជាមិនខាន។

សៀមរាប ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១១

លាក់ ម៉ាឡែន

ផ្តើមរឿង

      នៅក្រោមពន្លឺព្រះចន្ទព្រាលៗ គេឃើញស្រ្តីវ័យប្រមាណជាម្ភៃឆ្នាំ កំពុងបីកូន ដើរចូលទៅក្នុងផ្ទះឈើបុរាណមួយ។ ប្តីប្រពន្ធមួយគូក៏ដើរចេញមកពីក្នុងផ្ទះ ដោយទឹកមុខរួសរាយរាក់ទាក់ ទៅរកស្រ្តីម្នាក់នោះ។ ពួកគេទាំងបីនាក់ពុំបានអង្គុយឡើយ គ្រាន់តែស្រ្តីបីកូនបន្លឺឡើង ពីរនាក់ប្តីប្រពន្ធផ្លាស់ប្តូរទឹកមុខមួយរំពេច។

-ចាត់ទុកថាឯងជួយខ្ញុំទៅណា ខ្ញុំសូមអង្វរ!

-ឯងមិនអាចធ្វើអ៊ីចឹងបានទេ ក្មេងនេះនៅតូចណាស់ ឯងមិនអាណិតវាទេអ្ហេ?

-ខ្ញុំមិនទៅចោលវារហូតឯណា ពីរឬបីឆ្នាំក្រោយ ខ្ញុំនឹងមកយកវាទៅរស់នៅជាមួយខ្ញុំ ខ្ញុំសូមអង្វរណា មានតែឯងទេ ដែលខ្ញុំអាចទុកចិត្តបាន

-ឯងនិយាយតាមត្រង់មក ហេតុអីក៏ឯងមិនអាចយកកូនទៅជាមួយបាន? ប្រុសនោះ ម៉េចនឹងអាចមិនដឹងថា ឯងកូនខ្ចីនោះ?

-ខុសមកពីខ្ញុំ គាត់ដឹងថា ខ្ញុំទើបតែសម្រាលកូនពិតមែន តែខ្ញុំកុហកគាត់ ថាកូនស្លាប់បាត់ទៅហើយ

-ម៉េចក៏ឯងធ្វើអ៊ីចឹង?

-ខ្ញុំខុសហើយ! ឯងជួយខ្ញុំផងទៅបានទេ? ឯងក៏ដឹង ថាខ្ញុំមិនអាចឲ្យក្មេងនេះ ទៅប៉ារបស់គេបានទេ

-ចុះបើប៉ារបស់គេមករកដល់ទីនេះ?

-ទោះយ៉ាងណា ក៏ឯងមិនត្រូវឲ្យកូននេះទៅគេឡើយ ជួយខ្ញុំផងទៅណា ខ្ញុំពិតជាមិនចង់វេទនាតទៅទៀតទេ ខ្ញុំសូមអង្វរ!

-អ៊ីចឹងឯងត្រូវតែសន្យានឹងខ្ញុំ ពេលដែលបានចូលសញ្ជាតិហើយ ត្រូវតែមកយកកូននេះត្រឡប់ទៅវិញ ស្តាប់បានទេ?

-អរគុណ! ខ្ញុំនឹងមកវាត្រឡប់ទៅវិញ អរគុណ

បន្ទាប់ពីប្រគល់កូនហើយ ស្រ្តីម្នាក់នោះក៏ចាកចេញទៅ។ ពីរនាក់ប្តីប្រពន្ធ សម្លឹងមើលទារិកាដោយទឹកមុខស្រទន់ ប្រកបដោយក្តីមេត្តា តែស្រាប់តែឮសំឡេងចេញពីក្នុងផ្ទះប្រាវ៖

-បង! កូនយើង?

-បងទៅមើល!

វគ្គ១                                   សេចក្តីស្រលាញ់

ប្រាំពីរឆ្នាំក្រោយមក

          ក្រោមពន្លឺព្រះចន្ទដ៏ស្រទន់ ស្រ្តីជាប្រពន្ធបន្លឺទៅកាន់ស្វាមី៖

-ស្អែកនេះ ជាខួបគម្រប់អាយុប្រាំពីរឆ្នាំរបស់ចន្រ្ទាហើយ គិតទៅមួយប៉ប្រិចភ្នែកសោះ កូននេះធំយ៉ាងនេះទៅហើយ តែនៅមិនទាន់ដឹងថា ឪពុកម្តាយជានរណាឡើយ តែវាបែរជាហៅពួកយើងថា ប៉ាម៉ាក់ឡើងពេញមាត់

-គ្មានដំណឹងពីស៊ីណាទេអ្ហេ?

-គ្មានទេ! មិនដឹងថានាងជួបទុក្ខ ឬក៏សុខទេ ទើបបាត់ដំណឹងសូន្យឈឹងយ៉ាងនេះ ហ៊ឺ!………..

-អូនមិនអីទេអ្ហេ?

-ចុះបង?

-បងយ៉ាងម៉េច?

-បងមិនស្តាយក្រោយ ដែលយើងទទួលក្មេងនេះមកចិញ្ចឹមទេអ្ហេ?

-កាលពីដំបូង បងដូចជាមានអារម្មណ៍ទើសទាល់មែន តែពេលនេះ បងក៏មិនចង់បាត់បង់ក្មេងស្រីនេះដែរ ព្រោះពួកយើងបានស្រលាញ់នាងដូចជាកូនទៅហើយ តើពិតទេ?

-ពិតមែនហើយ!

-អ៊ីចឹង តើពួកយើងមានរឿងអីត្រូវបារម្ភទៀត? ចាប់ពីថ្ងៃនេះទៅ អ្វីដែលសំខាន់នោះ គឺផ្តល់ភាពកក់ក្តៅឲ្យនាង ត្រូវឲ្យនាងមានអារម្មណ៍ថា ជីវិតរស់នៅរបស់នាង គឺដូចជាបេះដូងដែលស្ថិតនៅក្រោមពន្លឺព្រះចន្ទអ៊ីចឹង

-ពិតមែនហើយ! តែមើលទៅកូនប្រុសរបស់យើង ដូចជាមិនចូលចិត្តនាងសោះ ចេះតែធ្វើបាបនាងរហូត

-កុំបារម្ភអី ពួកយើងត្រូវធ្វើឲ្យវា ស្រលាញ់ប្អូនឲ្យបាន

……………………………………………………………………………………………

តើភាពកក់ក្តៅបែបណា ដែលដូចជាបេះដូងនៅក្រោមពន្លឺព្រះចន្ទនោះ? អ្នកស្រីចរិយា និងលោកវិបុត្រ បានបេ្តជ្ញាសហការគ្នានឹងចិញ្ចឹមបីបាច់កូនចិញ្ចឹមម្នាក់នេះ ឲ្យដូចជាកូនបង្កើតរបស់ខ្លួន។  វិសិទ្ធិ មានអាយុដប់មួយឆ្នាំ រៀននៅថ្នាក់ទីប្រាំមួយគឺជាកូនប្រុសបង្កើតរបស់លោកទាំងពីរ ប៉ុន្តែក្មេងប្រុសម្នាក់នេះ ចូលចិត្តលេងច្រើន ហើយពុំសូវចូលចិត្តប្អូនឡើយ គេតែងតែធ្វើឲ្យចន្រ្ទាយំជារៀងរាល់ថ្ងៃ ដូចជាពេលនេះអ៊ីចឹង គេប្រើសំឡេងខ្លាំងៗបង្រៀនប្អូន៖

-ចាំស្តាប់សំនួរ តើប៉ាធ្វើការងារអី?

-ប៉ាធ្វើការនៅពន្ធដារ

-ចុះម៉ាក់?

-ម៉ាក់មេផ្ទះ

-ល្អ ឥឡូវបងសួរមេលេខម្តង បីប្រាំដងប៉ុន្មាន?

-បីម្តងបី បីពីរដងប្រាំមួយ បីបីដង………………..

-ថ្នាក់ទីពីរហើយ នៅមិនទាន់ចេះមេបីទៀត ម៉េចក៏ខួរក្បាលឯងល្ងង់ម្ល៉េះ បើតែអ៊ីចឹងធ្វើម៉េចរៀនឈ្នះគេ?

-បងកុំថាឲ្យអូនបានទេ?

-យ៉ាងម៉េច! យើងថាឲ្យមិនបានអ្ហេ? ខួរក្បាលឯងនេះ មិនសមជាប្អូនយើងសោះ យើងសង្ស័យថាឯង មិនមែនជាកូនប៉ាម៉ាក់ទេ ទើបល្ងង់យ៉ាងនេះ?

ឲ្យតែឮពាក្យនេះ ចន្រ្ទាតែងតែយំហ៊ូ៖

-យំទៀតហើយអ្ហេ! បើឯងរវល់តែយំអ៊ីចឹង យើងឈប់បង្រៀនហើយ ទៅបន្ទប់វិញប្រសើរជាង

-តើមានរឿងអីហ្នឹងកូន?……….ឯងធ្វើអីប្អូនទៀតហើយ?

-ខ្ញុំមិនបានវ៉ៃវាផងហ្នឹង? ខ្ញុំទៅធ្វើលំហាត់ហើយ

-បានហើយ! ឈប់យំទៅកូន ប្រាប់ម៉ាក់មកមើល តើបងធ្វើអីកូនមែនទេ?

-………..បងថាអូនល្ងង់ មិនមែនជាកូនម៉ាក់ប៉ាទេ………….

-បានហើយៗ!……..អ្នកណាថា កូនជាកូនប៉ាម៉ាក់តើ ……..មក! ឆាប់ធ្វើលំហាត់ទៅ ម៉ាក់បង្រៀន

បន្ទាប់ពីលួងកូនស្រីហើយ អ្នកស្រីចរិយាក៏ទៅបន្ទប់វិសិទ្ធិ៖

-កូនកំពុងធ្វើលំហាត់អ្ហេ?

-បាទ! ម៉ាក់មានការអីមែនទេ?

-តើឯងឈប់ស្តីឲ្យប្អូនទៅបានទេ?

-ខ្ញុំមែនបានស្តីឲ្យវា………………………ខ្ញុំមែនបានស្តីឲ្យអូនឯណា?

-បើមិនបានស្តីឲ្យប្អូន ហេតុអីក៏ប្អូនយំ?

-អ្នកណាឲ្យអូនល្ងង់យ៉ាងនោះ?

-តើមាននរណាចង់កើតមកល្ងង់នោះ? កូនគិតថា ប្អូនឯងចង់ល្ងង់ណាស់ទៅអ្ហេ? រាល់ថ្ងៃនេះ កូនមិនឃើញប្អូនខំរៀនទេអ្ហេ? ឬសប្បាយចិត្ត នៅពេលដែលធ្វើឲ្យប្អូនយំ?

-……….សូមទោសម៉ាក់!

-ម៉ាក់សង្ឃឹមថា កូននឹងស្រលាញ់ប្អូន តោះ! ពួកយើងទៅញ៉ាំបាយទៅ

នៅពេលដែលម្តាយនិយាយ វិសិទ្ធិហាក់ដូចជាយល់ និងស្តាប់បង្គាប់ណាស់ ប៉ុន្តែចរិតជាក្មេងនៅតែជាក្មេងដដែល។ គេតែងតែឮសំឡេងចន្រ្ទាស្រែកយំឡើង  នៅពេលដែលបងប្រុសបង្រៀនស្ទើរស៊ាំត្រចៀកទៅហើយ។ ចំណែកអ្នកស្រីចរិយា និង

លោកវិបុត្រក៏មិនដឹងដោះស្រាយតាមវិធីណាដែរ។

ជាធម្មតា វិសិទ្ធិជិះកង់ឌុបចន្រ្ទាទៅរៀន តែល្ងាចនេះ បន្ទាប់ពីចេញពីរៀនហើយ បែរជាមិនឃើញវិសិទ្ធិទាល់តែសោះ។ ក្មេងស្រីតូច ឈរចាំបង នៅក្លោងទ្វារសាលាកន្លះម៉ោងទៅហើយ មេឃក៏បង្អុរភ្លៀងឈូ នាងបម្រុងស្ទុះរត់រកកន្លែងជ្រក ស្រាប់តែនឹកឃើញសំដីបងប្រុស ដែលមករកនាងមិនឃើញនៅថ្ងៃមុន៖

-បងថាឲ្យឯងមកចាំបងមុខក្លោងទ្វារ តើឯងរវល់តែទៅណា?

-អូនចាំបងយូរពេក ទើបអូនទៅអង្គុយសិនទៅ

-ថ្ងៃក្រោយមិនឲ្យអង្គុយទេ ត្រូវចាំបងនៅទីនេះរហូត បើបងមកមិនឃើញឯង ទេ បងនឹងទៅចោលឯងហើយ

-ចាស!

ឱ!ក្មេងតូចដ៏ឆោតល្ងង់ នាងពិតជាមិនហ៊ានទៅណាមែន ក្រោមដំណក់ភ្លៀង ខ្ពោកៗ នាងបែរជាឈរឱបកាតាបដោយរងាញ័រញាក់។ ពុទ្ធោអើយ! ក្មេងប្រុសម្នាក់នេះ រវល់លេងបាច់ឃ្លីទេតើ! គេទើបតែនឹកឃើញដល់ប្អូន ក៏ស្ទុះទាញកង់ចេញមក។ តើអាល្អិតនេះ មានចិត្តអាណិតប្អូនដែរទេ? មើលគេចុះ ហេតុអីក៏ប្រើសំឡេងខ្លាំងៗ ម៉្លេះ៖

-ឯងឆ្កួតទេអ្ហេ! ហេតុអីក៏មកឈរហាលភ្លៀងអ៊ីចឹង?

-បងនិយាយថា ឲ្យអូនឈរចាំបង មិនឲ្យទៅណានោះ

-ហេតុអីក៏យើងមានប្អូនស្រីម្នាក់ល្ងង់ដូចជាឯងយ៉ាងនេះ?………ពាក់អាវភ្លៀង ទៅ………ឆាប់ឡើងកង់មក!

នៅក្រោមដំណក់ភ្លៀងតិចៗ ធ្វើឲ្យក្មេងតូចត្រជាក់ណាស់ នាងលូកដៃទៅឱបចង្កេះបង តែក៏ត្រូវដកចេញយ៉ាងលឿន៖

-បងប្រាប់ហើយថាមិនឲ្យឱបចង្កេះបងទេ ព្រោះរសើប

តើនេះជានិស្ស័យកម្មមែនទេ? ហេតុអីក៏ក្មេងប្រុសម្នាក់នេះគ្មានមនោសញ្ចេត-នាសូម្បីតែបន្តិច ជាមួយក្មេងស្រីនេះ? ឃើញមេឃភ្លៀងដូចនេះ អ្នកស្រីចរិយា និងស្វាមីពិតជាបារម្ភណាស់ចំពោះកូន។ លោកទាំងពីរឈរចាំកូននៅមុខក្លោងទ្វារផ្ទះ គ្រាន់តែក្រលេកឃើញកង់ជិះចូលមក លោកក៏បាំងឆ័ត្រចេញមកទទួលកូន តែមិនទាន់ចេញមកដល់ផង ចន្រ្ទាក៏សន្លប់ធ្លាក់ពីកង់ចុះមក។ ពិតជាគួរឲ្យភ័យណាស់ ហើយក៏គួរឲ្យខឹងណាស់ដែរ ម្តងនេះអ្នកស្រីចរិយាទ្រាំនឹងកូនប្រុសមិនបានឡើយ។ បន្ទាប់ពីមើលថែកូនស្រីហើយ អ្នកស្រីក៏ដើរចូលទៅបន្ទប់វិសិទ្ធិ និយាយសំឡេង     ខ្លាំងៗ៖

-ឯងនិយាយទៅ ហេតុអីក៏ប្អូនទទឹកខ្លួនជោកយ៉ាងនេះ?

-………………………..គឺ………………………….

-គឺស្អី?……….ឬឯងរវល់លេង ទុកប្អូនចោលហាលភ្លៀង

-សូមទោសម៉ាក់!

-សូមទោសអ្ហេ!…………………ឯងនេះ! ហេតុអីក៏មិនចេះស្រលាញ់ប្អូនយ៉ាងនេះ

-អូយម៉ាក់ឈឺ

-ឯងចេះឈឺដែរអ្ហេ! ចុះកាលដែលឯងទុកប្អូនចោលនោះ ឯងគិតថាប្អូនឯងស្រួលខ្លួនអ៊ីចឹងអ្ហេ?

-ម៉ាក់! ខ្ញុំសូមទោស…………….

វិសិទ្ធិត្រូវម្តាយវាយឡើងកន្តួលពេញខ្លួន។ លោកវិបុត្រកំពុងលាបថ្នាំឲ្យកូនប្រុស ហើយស្រដីដោយសំដីទន់ភ្លន់៖

-កូនដឹងថា ហេតុអីទើបម៉ាក់កូនវាយកូនទេ?

-គឺកូនខុស ដែលមិនបានមើលថែប្អូន ធ្វើឲ្យប្អូនធ្លាក់ខ្លួនឈឺយ៉ាងនេះ

-ចុះកូនខឹងនឹងម៉ាក់ទេ?

-អត់ទេ! កូនឈប់ធ្វើបែបនេះទៀតហើយ………….ម៉ាក់!

-កុំភ័យអី! ម៉ាក់មិនវាយកូនទៀតទេ អូនមានការអីមែនទេ?

អ្នកស្រីចរិយាអង្គុយចុះ ហើយដកដង្ហើមធំ ទើបនិយាយ៖

-ម៉ាក់ដឹងថា ទោះម៉ាក់ណែនាំឯងយ៉ាងណា ក៏ឯងនៅតែមិនស្រលាញ់ប្អូនដែរ ម៉ាក់ប្រាប់ការពិតដល់ឯងក៏បាន

-អូនចង់និយាយអី?

-យើងគួរតែឲ្យគេដឹង ដូចកូនធ្លាប់និយាយអ៊ីចឹង ចន្ទ្រាមិនមែនជាប្អូនឯង នាងមិនមែនកូនបង្កើតរបស់ប៉ាម៉ាក់ទេ នាងគ្មានឪពុកម្តាយ ម៉ាក់និងប៉ាឯង គឺចង់មើលថែនាងឲ្យដូចជាកូនបង្កើត ព្រោះតែអាណិតនាង មិនចង់ឲ្យនាងក្លាយជាកូនកំព្រា តែបើឯងមិនស្រលាញ់នាងហើយ ម៉ាក់នឹងយកនាងទៅដាក់នៅមណ្ឌលកុមារកំព្រាវិញ ព្រោះនាងនឹងអាចបានសុខជាងនៅទីនេះ ម៉ាក់មិនចង់ឃើញកូនរបស់ម៉ាក់ មានចិត្តឃោរឃៅ ធ្វើបាបក្មេងស្រីម្នាក់នេះទេ ចាំពេល នាងជាសះស្បើយហើយ ម៉ាក់មិនឲ្យនាងនៅទីនេះទៀតទេ

-កុំអីម៉ាក់! …………សូមទោស! ខ្ញុំមិនចង់ឲ្យអូនទៅនៅមណ្ឌលកុមារកំព្រាទេ

-តែម៉ាក់មិនចង់ឃើញកូនធ្វើបាបនាងទេ

-ខ្ញុំសន្យា! ខ្ញុំឈប់ធ្វើបាបអូនហើយ ហើយក៏ឈប់ជេរអូនទៀតដែរ ខ្ញុំនឹងស្រលាញ់អូន ម៉ាក់កុំយកអូនទៅអីណា

-ក្រែងកូនមិនចូលចិត្តប្អូនទេអ្ហេ?

-អូនល្ងង់មែន តែខ្ញុំនឹងជួយបង្រៀនអូន ឲ្យអូនឆ្លាតដូចជាខ្ញុំអ៊ីចឹង ម៉ាក់កុំយកអូនទៅណា ស្រណោះអូន ឥឡូវខ្ញុំទៅមើលអូនហើយ ខ្ញុំនឹងធ្វើជាបងប្រុសល្អរបស់អូន មិនធ្វើឲ្យអូនយំទៀតទេ

និយាយចប់ ក្មេងប្រុសតូចក៏រត់វឹង ទៅបន្ទប់ចន្រ្ទា។ ឃើញកូនមានអាការបែបនេះ

លោកទាំងពីរហាក់ដូចជាសប្បាយចិត្តបន្តិច ប៉ុន្តែមិនដឹងថា អាល្អិតកូនប្រុសរបស់ខ្លួនអាចធ្វើបានប៉ុណ្ណានោះទេ។ លោកវិបុត្រស្រដី៖

-ហេតុអីក៏អូននឹកឃើញវិធីនេះ?

-អូននិយាយមែនណា

-អូននិយាយមែន!

-បងស្មានថាខ្ញុំនិយាយលេងអ្ហេ? បើកូនប្រុសបងនៅតែធ្វើបាបនាងយ៉ាងនេះ តើកូនស្រីនេះ អាចទ្រាំទ្ររួចទេ? ការពិតវាក៏ស្រលាញ់ប្អូនដែរតើ ចាំមើលមើល តើគេមើលថែប្អូនគេយ៉ាងម៉េច?

-អ៊ីចឹងពួកយើងទៅមើលគេទៅ

លោកទាំងពីរឈរសម្លឹងមើលកូន ដែលកំពុងលុតជង្គង់នៅពីមុខគ្រែនាងតូចចន្រ្ទា។ បើកភ្នែកឡើង ចន្រ្ទាឃើញបងប្រុសលុតជង្គង់ ក៏ស្រដីទាំងងឿងឆ្ងល់៖

-តើបងធ្វើអីហ្នឹង?

-បងសូមទោស ដែលធ្វើឲ្យអូនឈឺយ៉ាងនេះ

-បងមិនបានធ្វើអីអូនឯណា អូនឈឺខ្លួនឯងតើ

-ឯងនេះ ពិតជា………………..

-បងថា អូនល្ងង់ទៀតហើយអ្ហេ?

-អត់ទេ! អូនឆ្លាត ចាប់ពីថ្ងៃនេះទៅ បងឈប់ថាអូនល្ងង់ទៀតហើយ

-ហេតុអី?

-ព្រោះអូនជាប្អូនបងហ្នឹងណា អូនគេងទៅ យប់នេះ បងគេងជាមួយផងបានទេ?

-ពីមុនបងមិនចូលចិត្តគេងក្បែរអូនទេ

-តែពេលនេះបងចង់គេងក្បែរអូន ឬអូនមិនចង់គេងក្បែរបង?

-ចង់ អូនចង់! ………..បងគេងត្រង់នេះមក

-……………….ត្រូវហើយ! ថ្ងៃក្រោយ បើចាំបងយូរ ពេលភ្លៀង អូនត្រូវរត់ទៅជ្រកភ្លៀង ពេលក្តៅអូនត្រូវរត់ទៅរកម្លប់ ស្តាប់បានទេ?

-ហេតុអី?

-ចំជា…………..

-អូនល្ងង់ទៀតហើយ……..

-មិនមែនទេ! អូនគ្រាន់តែឆោតបន្តិចតើ បើអូនឈរហាលភ្លៀង ឬក៏ហាលក្តៅនោះ គឺដូចជាពេលនេះអ៊ីចឹង អូនប្រាកដជាឈឺ

-អូនយល់ហើយ!

ទាំងពីរនាក់បងប្អូនជជែកគ្នា រហូតលង់លក់រៀងខ្លួន។

ចាប់តាំងពីថ្ងៃនោះមក វិសិទ្ធិមិនដែលយឺតពេលទៅទទួលប្អូនឡើយ ហើយក៏

មិនដែល លេងឃ្លីជ្រុលម៉ោងដែរ។ គ្រាន់តែឡើងដល់លើកង់ កុមារតូចបន្លឺ៖

-ឱបចង្កេះបងមក!

-ក្រែងបងរសើបអ្ហេ?

-បងលែងរសើបហើយ

-អូនឱបហើយណា!

-អ៊ឺ!

ទាំងពីរនាក់បងប្អូនឌុបគ្នាយ៉ាងសប្បាយរីករាយ រហូតមកដល់ផ្ទះ។ បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចរួចហើយ វិសិទ្ធិក៏ឡើងទៅបង្រៀនប្អូន៖

-ថ្ងៃនេះ បងសួរមេលេខអូន ចាំឆ្លើយណា……..ពីរប្រាំដង?

-ដប់

សួរមេពីរដល់មេបី ចន្រ្ទាឆ្លើយរួចយ៉ាងរហ័ស តែមកដល់មេបួន នាងត្រូវគិត ហើយសូត្រពីដើមឡើងវិញ តែម្តងនេះ វិសិទ្ធិមិនគំហោកនាងដូចពីពេលមុនឡើយ ក្មេងប្រុសតូច បែរជាអង្គុយញញឹមស្ងៀមចាំស្តាប់ចម្លើយ។ បន្ទាប់ពីបានចម្លើយហើយ វិសិទ្ធិក៏បន្លឺ៖

-ត្រូវរៀនមេបួនម្តងទៀត ហ៏ហ្វឺត! សរសេរតាមអាន

-បងឲ្យអូនសរសេរ ហេតុអីក៏បងគេង?

-បងគេងមើលអូនសរសេរហ្នឹងណា ចាប់ផ្តើមសរសេរ…….កាលពីព្រឹកមិញ

ការពិតក្មេងប្រុសតូចម្នាក់នេះ ពិតជាធ្វើបានមែន។ បេះដូងក្មេងតូចចន្រ្ទាពេលនេះ គឺកំពុងស្ថិតនៅក្រោមពន្លឺព្រះចន្ទ ពោរពេញទៅដោយភាពកក់ក្តៅ។ នាងបានទទួលសេចក្តីស្រលាញ់ យ៉ាងពិតប្រាកដពីប៉ាម៉ាក់ និងបងប្រុសរបស់ខ្លួន។ គេមិនបានឮសំឡេងយំរបស់នាងទៀតឡើយ ផ្ទុយទៅវិញ សំឡេងសើចរបស់នាងបែរជាលាន់ឮឡើងមិនចេះធុញទ្រាន់ទាល់តែសោះ។

ប្រាំឆ្នាំកន្លងផុតទៅ

ក្មេងស្រីជំទង់ កំពុងឈររង់ចាំបងប្រុសរបស់ខ្លួននៅមុខក្លោងទ្វារសាលា ទន្ទឹមនឹងក្មេងប្រុសជំទង់ម្នាក់ទៀត ដែលមិនទាន់ស្គាល់ថាជានរណា ប៉ុន្តែពួកគេទាំងពី ហាក់កំពុងតែជជែកគ្នា។ គ្រាន់តែក្រលេកឃើញបងប្រុសភ្លាម យុវតីក៏ស្ទុះទៅឡើង ម៉ូតូពីក្រោយ ឱបចង្កេះជាប់៖

-តើនរណាគេឈរជិតឯងនោះ?

-អូ! គាត់ជាបងមិត្តភក្តិអូន រៀននៅថ្នាក់ទីដប់

-រៀននៅថ្នាក់ទីដប់ ហេតុអីក៏មករកឯងដែលរៀនថ្នាក់ទីប្រាំបី?

-គាត់មិនបានរកអូនទេ ចៃដន្យតើ

-តែបងឃើញពីបីថ្ងៃហើយ

-ពិតមែនហើយ

-ឯងនេះ ចំជាល្ងង់មែន!

-បងថាឲ្យអូនល្ងង់ទៀតហើយ

ចន្រ្ទាហាក់ដូចជាខឹងណាស់។ ទៅដល់ផ្ទះ នាងចុះពីលើម៉ូតូ ហើយក៏ដើរចូលទៅក្នុងបន្ទប់ទាំងកំបុតកំបុយ។ អ្នកស្រីចរិយាបន្លឺ៖

-មានរឿងអីអ្ហេកូន?

-បងថាឲ្យអូនល្ងង់ទៀតហើយ!

ស្តីហើយ យុវតីក៏ចូលទៅក្នុងបន្ទប់បាត់។ អ្នកស្រីចរិយាបន្ត៖

-ហេតុអីក៏ថា ឲ្យប្អូនទៀតហើយ?

-សូមទោសម៉ាក់ ខ្ញុំជ្រុលមាត់ ចាំខ្ញុំទៅសូមទោសនាង

-កូននេះ!

បន្ទាប់ពីងូតទឹករួចរាល់ហើយ វិសិទ្ធិក៏ទៅគោះទ្វារយុវតី៖

-គឺបងណា! បងអាចចូលបានទេ?

-មិនឲ្យចូលទេ!

-មិនឲ្យចូលក៏ចូលដែរ ម៉េចក៏គេងទាំងក្បាលល្ងាចអ៊ីចឹង មិនទាន់ញ៉ាំបាយផងហ្នឹង ……..អ្នកណាហ៊ានធ្វើឲ្យប្អូនស្រីបង ខឹងយ៉ាងនេះ? ប្រាប់បងមក បងនឹងទៅវាយវាឲ្យណាណីម្តង……………..ខ្ញុំខ្លាចហើយៗ សូមទោសដែលធ្វើឲ្យអូនតូចខឹង សូមអភ័យទោសឲ្យខ្ញុំផង

យុវជនកំលោះ លលេងជាមួយយុវតីរហូតធ្វើឲ្យនាងសើចចេញមក៖

-ឈប់ខឹងហើយអ្ហេ?

-អូនមិននិយាយជាមួយបងទេ! ទៅញ៉ាំបាយហើយ

ឆាប់ខឹង តែក៏ងាយស្រួលលួងដែរ។ បន្ទាប់ពីស្រស់ស្រូបអាហារហើយ វិសិទ្ធិក៏ទៅគោះទ្វារចន្រ្ទាម្តងទៀត៖

-ក្រែងថា យប់នេះ បងមិនបង្រៀនអូនទេអ្ហេ?

-បងចង់និយាយជាមួយឯង!…………..យប់នេះ ដូចជាចង់គេងក្នុងបន្ទប់នេះ ដល់ហើយ!

-មិនឲ្យគេងទេ!

-ម៉េចក៏ចិត្តអាក្រក់ម្ល៉េះ ក្រែងពីមុនអ្នកណាតែងតែហៅបងឲ្យមកគេងក្បែរនោះ?

-ពីមុនមកពីអូននៅតូច តែពេលនេះ អូនធំហើយ

-ធំហើយ! ឲ្យបងមើលបន្តិចមើល ឯងធំត្រង់ណាខ្លះ?

-បងនេះ!

-មើលទៅឯងធំពិតមែនហើយ ចេះអៀនហើយតើ

-បងមានរឿងអីចង់និយាយជាមួយអូនអ្ហេ?

-ត្រូវហើយ! គឺរឿងបងប្រុសមិត្តភក្តិឯងហ្នឹង

-យ៉ាងម៉េច?

-កុំឈរក្បែរគេពេក ឯងធំហើយ ហើយជាស្រីទៀត នៅក្បែរមនុស្សប្រុសពេកគេមើលមកមិនល្អទេ?

-តែគាត់ចេះតែមកឈរជិតខ្ញុំ

-ដើរចេញពីគេ ឬក៏ប្រាប់គេតាមសម្រួលទៅ

-តែមើលទៅស្អែក ប្រហែលជាមិនចៃដន្យទៀតទេ

-ប្រហែលជាចៃដន្យរាល់តែថ្ងៃហ្នឹងឯង បានហើយ! ឯងឆាប់គេងទៅ បងទៅបន្ទប់ហើយ

-ឈប់សិន! បងថា មនុស្សស្រីមិនឲ្យក្បែរមនុស្សប្រុសពេកទេ ចុះបងនោះ?

-ឯងនេះពិតជា……………….ឆោតមែន! បងជាបងប្រុសឯង មិនមែនអ្នកដទៃឯណា

-ពិតមែនហើយ!

-រាត្រីសួស្តី!

-សុបិន្តល្អបង

ជាធម្មតា បងប្រុសតែងតែការពារប្អូនបែបនេះហើយ។ ចន្រ្ទាបានព្យាយាមធ្វើតាមសំដីបងប្រុសខ្លួន ប៉ុន្តែល្ងាចនេះ យុវជនហតុអីក៏យឺតខ្លាំងម្ល៉េះ? វាសនាជាបងប្រុសណាវី ដែលជាមិត្តរួមថ្នាក់របស់នាង។ ការពិតយុវជន ក៏ឌុបប្អូនទៅរៀនដូចគ្នា ដោយឃើញយុវតីឈរចាំយូរយ៉ាងនេះ នាយក៏បន្លឺឡើង៖

-ចន្រ្ទាមកជាមួយពួកបងមក

-ត្រូវហើយ! ឯងជិះជាមួយខ្ញុំមក ខ្ញុំជូនឯងទៅផ្ទះ

-មិនអីទេ! អរគុណ បន្តិចទៀតបងខ្ញុំមកហើយ

-តែល្ងាចហើយណា! ចុះបងឯងមានតេមកទេ?

-គាត់ប្រាប់ថា មួយសន្ទុះទៀតគាត់មកដល់ហើយ ឯងទៅមុនចុះ

-អ៊ីចឹង គ្នាទៅហើយណា

-បងទៅមុនហើយណា!

-ចាស!

តើយុវជនកំលោះរវល់ធ្វើអីទៀតហើយ? មិនមែនរវល់លេងបាច់ឃ្លីរហូតដល់ភ្លេចប្អូនទៀតទេអ្ហេ? មេឃបង្អុរភ្លៀងហើយ តើម្តងនេះ ក្មេងស្រីនេះ ឈរចាំបងហាលភ្លៀងទៀតទេ? ប្រហែលមិនដូចមុនទេ យុវជនមកដល់មុខក្លោងទ្វារសាលា ដោយកាយវិការតក់ក្រហល់ស្វែងរកប្អូន ស្រាប់តែសំឡេងបន្លឺឡើង៖”បង!”។យុវជនក្រលេកឃើញចន្រ្ទាកំពុងឈរនៅក្នុងរោងយាមសាលា នាយអរណាស់ ក៏បណ្តើរម៉ូតូចូលទៅ

ទើបស្រដី៖

-បងស្មានថា……………..

-អូនឈរហាលភ្លៀងចាំបងអ៊ីចឹងអ្ហេ?

-ត្រូវហើយ!

-អូនមិនល្ងង់ទេ!

-ត្រូវហើយ! ឯងឆ្លាតហើយ

-ចុះបង ហេតុអីក៏ទទឹកអស់អ៊ីចឹង?

-បងមិនអីទេ! សូមទោសណា ដែលឲ្យឯងចាំបងយូរយ៉ាងនេះ

-មិនអីទេ! ចុះមិត្តភក្តិបងយ៉ាងម៉េចហើយ?

-ផុតពីគ្រោះថ្នាក់ហើយ ពេលនេះកំពុងនៅមន្ទីរពេទ្យនៅឡើយ

-ឡានបុក ឬក៏ម៉ូតូ?

-ម៉ូតូដូចគ្នាហ្នឹង បានហើយ! ឆាប់ពាក់អាវភ្លៀងទៅ ប៉ាម៉ាក់ប្រហែលជាមើលផ្លូវពួកយើងស្លាប់ហើយ………បងជួយពាក់……….ដាក់ដៃមក……រួចរាល់ហើយ តោះពួកយើងទៅ

-ចុះបង?

-បងមិនអីទេ

-បងត្រូវតែពាក់ បើបងមិនពាក់អូនមិនទៅទេ

-សូមខ្លាចឯងហើយ! បងភ្លេចអាវភ្លៀងនៅផ្ទះឯណោះ

-អ៊ីចឹងបងពាក់របស់អូនទៅ

-អូនធ្វើអីហ្នឹង?

-អូនដោះឲ្យបងពាក់

-ឯងចង់ឲ្យម៉ាក់វាយបងទៀតអ្ហេ?

-អ្នកណាថា? បងពាក់ទៅ អូនទទូរពីក្រោយ ធ្វើអ៊ីចឹង ពួកយើងអត់ទទឹកទាំងពីរនាក់ មែនទេ?

-មែនហើយ!

-បងល្ងង់ណាស់

-ត្រូវហើយបងល្ងង់! ឯងឆ្លាតណាស់ ……តោះ!

យុវជនពាក់អាវភ្លៀងហើយ ក៏ទាញអាវភ្លៀងទៅគ្របលើប្អូន ឡើងម៉ូតូបើកចេញទៅ។ ចន្រ្ទាឱបចង្កេះបងយ៉ាងជាប់នៅក្នុងអាវភ្លៀង។ ពិតជាកក់ក្តៅណាស់ បេះដូងប្រៀបដូចជានៅក្រោមពន្លឺព្រះចន្ទអ៊ីចឹង។ ឪពុកម្តាយពិតជាសប្បាយចិត្តណាស់ នៅពេលឃើញកូនចេះស្រលាញ់គ្នា ចេះចែករំលែកគ្នាយ៉ាងនេះ។

ពេលវេលា ចេះតែដើរទៅមុខ ថ្ងៃប្រឡងសញ្ញាបត្រទុតិយភូមិក៏ជិតមកដល់។ ថ្វីត្បិតតែមមាញឹកក្នុងការសិក្សាបន្តិចមែន តែវិសិទ្ធិមិនដែលភ្លេចបង្រៀនប្អូនឡើយ។ ម្តងនេះ មើលទៅនាយ ដូចជាហត់នឿយមែនហើយ បង្រៀនប្អូន រហូតគេងលក់ខ្លួនឯងនៅលើគ្រែចន្រ្ទា។ ឃើញបងប្រុសមានការហត់នឿយដូចនេះ នាងអាណិត       យុវជនណាស់។ យុវតីដណ្តប់ភួយឲ្យបង ចំណែកខ្លួនក៏អង្គុយរៀនបន្តទៅទៀត។ ជិតពាក់កណ្តាលអាធ្រាត្រទើបនាងងើបមករកកន្លែងដេក។ ក្រលេកឃើញបងគេងលក់ស្កប់ស្កល់យ៉ាងនេះ នាងក៏ដើរលបៗ ហើយក៏ដាក់ខ្នងគេងក្បែរយុវជន។ ទាំងពីរនាក់បងប្អូនក៏លង់លក់ទៅ។

មាន់រងាវម៉ោងប្រាំហើយ យុវជនបើកភ្នែកឡើង គិតមួយសន្ទុះក៏ស្ទុះងើបឡើង យកដៃគោះក្បាលតិចៗ មិនអស់ចិត្តនឹងខ្លួនឯង៖”ម៉េចក៏គេងលក់មិនដឹងខ្លួនយ៉ាងនេះ? សូមទោស! បងមិនគួរគេងលក់យ៉ាងនេះទេ”។ យុវជនសម្លឹងទៅប្អូនដែលកំពុងគេងលក់ ពិតជាគួរឲ្យស្រលាញ់ណាស់ នាយក៏ស្ទុះចូលទៅជិតនាង ហើយថើបនាងមួយខ្សឺត ទើបបន្លឺឡើយ៖

-ងើបឡើងភ្លឺហើយ

-តែអូនទើបតែគេងអម្បាញ់មិញហ្នឹង?

-ម៉ោងប្រាំហើយ! បើអូនមិនងើបទេ បងចូលបន្ទប់ទឹកមុនហើយណា

-ថ្ងៃនេះ អូនឲ្យបងចូលមុន បងចូលមុនអូនទៅ អូនចង់គេងបន្តិចទៀត បងកុំភ្លេចមកដាស់អូនផងណា

-អ៊ីចឹងក៏បាន!

យុវជនងើបរូតរះរៀបចំខ្លួនយ៉ាងស្អាត ក៏ចូលមកបន្ទប់យុវតីម្តងទៀត៖

-ងើបឡើង! ម៉ោងប្រាំពីរហើយ

-ម៉ោងប្រាំពីរហើយអ្ហេ! ម៉េចក៏ទើបតែដាស់អូនអ៊ីចឹង?

-តាមសម្រួលទៅ បងនិយាយលេងតើ

-ម៉ោងមិនទាន់ប្រាំមួយផង បងនេះ!

វិសិទ្ធិឈរញញឹមទៅកាន់ប្អូន។ បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកហើយ ទាំងពីរនាក់ក៏ឡើងម៉ូតូចេញទៅ។ ថ្ងៃនេះចេញពីរៀនគួ ចន្រ្ទាក៏ទៅបណ្ណាគារទិញសៀវភៅជាមួយមិត្តភក្តិ។ វិសិទ្ធិបន្លឺ៖

-អូននៅឯណា?

-អូននៅបណ្ណាគារក្នុងផ្សារឡាក់គី បងមកដល់ហើយអ្ហេ ចាំអូនបន្តិចណា

-មិនអីទេ ចាំបងទៅយកអូននៅទីនោះ

និយាយហើយ យុវជនក៏បើកម៉ូតូចេញទៅ។ ទៅដល់យុវតីឈរចាំជាស្រេច៖

-ទិញសៀវភៅបានហើយអ្ហេ?

-ចាស!

-ចង់ទៅដើរលេងទេអ្ហេ?

-តែបងជិតប្រឡងហើយ

-ជិតប្រឡង វាយ៉ាងម៉េច? ថ្ងៃនេះបងឌុបអូនដើរលេងចុះ

វិសិទ្ធិឌុបប្អូន ទៅលេងប្រាសាទអង្គរ។ ពួកគេទាំងពីរអង្គុយញ៉ាំអាហារនៅកសិណទឹកខាងជើង ស្រាប់តែមានយុវជនបួនប្រាំនាក់ដើរចូលទៅ៖

-វិសិទ្ធិ!

-ឧត្តម!……………ពួកឯងមកដើរលេងដែរអ្ហេ?

-យ៉ាងម៉េច! ជិតប្រឡងហើយ នៅមានអារម្មណ៍ដើរជាមួយ………

-នាងជាប្អូនគ្នាទេ!

-ពិតមែនអ្ហេ!…………សូមទោស……….សួស្តីនាងតូច!

-ចាសបង!

-ពួកគេជាមិត្តភក្តិបង

-មិនរំខានឯងទេ ពួកយើងទៅមុនហើយ ………….គ្នាសួរឯង នាងជាប្អូនដែលឯងឌុបទាំងព្រឹកទាំងល្ងាចនោះអ្ហេ?

-ត្រូវហើយ!

-មើលទៅឯងស្រលាញ់ប្អូនណាស់ សូម្បីមកដើរលេងក៏យកនាងមកដែរ

-បើឯងច្រណែន ឯងឌុបប្អូនឯងមកដែរមក

-បានហើយ! យើងទៅហើយ…………ចន្រ្ទា! បងទៅមុនហើយ

-ចាសបង!

-មើលទៅអាល្អិតនេះ ពិតជាស្រលាញ់ប្អូនវាមែនវ៉ី

-ពួកគាត់ស្មានថា អូនជាសង្សារបងមែនទេ?

-មែនហើយ! …………..ម៉េចក៏ធ្វើមុខអ៊ីចឹង?

-រាល់ថ្ងៃនេះ បងប្រហែលជាមិនចង់ឌុបអូនទេមែនទេ?

-ម៉េចក៏អូននិយាយអ៊ីចឹង?

-ព្រោះគេគ្រប់គ្នាប្រហែលជាគិតដូចជាពួកគាត់អ៊ីចឹង ថាអូនជាសង្សារបង អូនប្រហែលជាធ្វើឲ្យស្រីៗមិនហ៊ានស្រលាញ់បងទេ មែនទេ?

-បើអូនគិតអ៊ីចឹង អូនល្មមដឹងខ្លួនហើយ?…………បងនិយាយលេងទេ អូនចេះគិតបែបនេះតាំងពីពេលណាមក? ញ៉ាំទៅ!

បន្ទាប់ពីញ៉ាំអាហាររួចហើយ ទាំងពីរនាក់បងប្អូនក៏ឡើងម៉ូតូត្រឡប់មកផ្ទះវិញ។ ម្តងនេះ ចន្រ្ទាលែងឱបចង្កេះបងប្រុសទៀតហើយ។ វិសិទ្ធិស្រដី៖

-មិនឱបចង្កេះបង ប្រយ័ត្នធ្លាក់ណា…………យ៉ាងម៉េចក៏មិននិយាយអ៊ីចឹង?

-អូនខ្លាចគេថា អូនជាសង្សារបង?

-មិនមែនខ្លាចគេថា បងជាសង្សារអូនទេអ្ហេ? ឬមួយក៏ខ្លាច បងប្រុសរៀនថ្នាក់ទីដប់នោះឃើញ?

-បងនិយាយអី?

-និយាយលេងតើ!

យុវជន និងយុវតីត្រឡប់មកផ្ទះវិញដោយសប្បាយរីករាយ។ ល្ងាចនេះ គ្រួសារទាំងមូលជួបជុំពិភាក្សាគ្នា ព្រោះតែស្អែកនេះ វិសិទ្ធិត្រុវប្រឡងបញ្ចប់ថ្នាក់ហើយ។ លោកវិបុត្របន្លឺ៖

-កូនភ័យទេ?

-មិនភ័យទេប៉ា!

-បងឯណាទៅចេះភ័យដូចអូននោះ

-អ៊ីចឹងកូនរៀនតាមបងទៅ

-អូនក៏ចង់ដែរ តែអូនមិនឆ្លាតដូចបងទេ អ្ហើយ!

-ម៉េចក៏ដកដង្ហើមធំកូន?

-ពេលបងប្រឡងជាប់ហើយ បងទៅរៀននៅភ្នំពេញ តើបាននរណាឌុបអូន ទៅរៀនទៀត?

-ក្រែងអូនថាអូនធំហើយអ្ហេ ចង់ឲ្យបងឌុបដល់ពេលណាទៀត?

-ត្រូវហើយ! ចាំបងឯងប្រឡងហើយ រៀនជិះម៉ូតូទៅ

-តែអូនមិនចង់ជិះទេម៉ាក់

-មិនចង់ក៏ត្រូវតែជិះដែរ

About បេះដូងពិត

បេះដូងពិត

Posted on ខែ​ឧសភា 17, 2012, in រឿងខ្លី, លាក់ ម៉ាឡែន and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: