ចិត្តឃោរឃៅ(បទកាកគតិ)
១.ទឹកភ្នែកស្រីបារ បរិយាយប្រាប់ថា
ស្នេហាចុកឈាម ទឹកភ្នែកកំរោល
ស្រក់បោលគំរាម ស្នេហាចុកឈាម
ក្រៀមអស់ជីវិត។
២. បិតភ្នែកស្រមៃ រឿងរ៉ាវចាស់ថ្មី
ឲ្យស្រីឈឺចិត្ត ព្រោះតែគ្រួសារ
ហ៊ានបង់ជីវិត សាច់ឈាមពិតៗ
លែងគិតអាម៉ាស។
៣. ជីវភាពក្រីក្រ ការងារយ៉ាប់រក ព្រោះរៀនទាបណាស់
សម្លឹងមើលប្អូន សង្វេគចិត្តណាស់ ម្ដាយឈឺពុំសះ
ត្រូវធ្វើយ៉ាងណា?។
៤. នាងឈរសម្លឹង សញ្ជប់សញ្ជឹង ចំពីមុខបារ
នាងឈានជើងដើរ ទាំងទឹកនេត្រា សម្រេចចិន្ដា
ធ្វើការយកលុយ។
៥. ស្រីបាកម្សត់ មិនត្អូញនឿយហត់ ឫអត់ងងុយ
ធ្វើការរាល់យប់ ប្រឹងតែរកលុយ ប្រៀបដូចសត្វរុយ
តាមរោមគំរង់។
៦. ទឹកភ្នែកលួចស្រក់ កាយចិត្តវីវក់ ធ្លាក់ជ្រោះលិចលង់
តែនាងញញឹម ដោយក្ដីល្ងិតល្ងង់ សាច់កាយគំរង់
ទ្រទ្រង់គ្រួសារ។
៧. ជីវភាពប្រែប្រួល គិតថាអាចស្រួល ចង់ឈប់ធ្វើការ
រករបរថ្មី ដើម្បីគ្រួសារ លែងបង់កាយា
ក្នុងបារទៀតហើយ។
៨. យប់ខែចុងក្រោយ ជីវិតថ្លោះធ្លោយ ធ្វើឲ្យត្រាណត្រើយ
ធ្លាក់ជ្រៅក្នុងជ្រោះ ស្នេហាទៅហើយ ឱ!ជីវិតអើយ
ក្លាយជាយ៉ាងណា?។
៩. និស្សិតខ្ចាត់ព្រាត់ ស្នាក់នៅក្នុងវត្ត ដើម្បីសិក្សា
ធ្វើឲ្យបេះដូង នារីក្នុងបារ ប្រតិព័ទ្ធស្នេហា
ចិន្ដាញ័រភ័យ។
១០. យប់មួយយប់ពីរ យុវជននារី ស្វែងយល់អត្ថន័យ ដាក់ចិត្តដាក់កាយ សាងស្នេហ៍ភក្ដី ជាប្រពន្ធប្ដី
មិនបានរៀបការ។
១១. និស្សិតខ្ចាត់ព្រាត់ ចាកចេញពីវត្ត រួមរស់សង្ខារ
ជាមួយស្រីស្នេហ៍ នារីក្នុងបារ ព្រមរស់ដោយសារ ស្រីបារចិញ្ចិម។
១២. ឱ!ស្នេហាពិត គំរាមជីវិត ស្វិតខំប៉ប្រឹម
ស្រីបារកម្សត់ អត់ធ្មត់ញញឹម ប្រឹងរកចិញ្ចិម ប្រុសស្នេហ៍ម្ចាស់ចិត្ត។
១៣. ស្រលាញ់ខ្លាំងណាស់ លែងចង់ប្ដូរផ្លាស់ របរជីវិត
រឹតខំទ្វេដង ព្រោះប្រុសម្ចាស់ចិត្ត ជុំរុញនិស្សិត
ឲ្យដល់គោលដៅ។
១៤. ឱ!ស្នេហាអើយ អ្នកអាចធ្វើឲ្យ មនុស្សលោកល្ងង់ខ្លៅ
ឲ្យស្រីកម្សត់ ធ្វើការយប់ជ្រៅ ពេលខ្លះតម្រូវ
ដេកជាមួយភ្ញៀវ។
១៥. ព្រឹកឡើងក្ដាប់ប្រាក់ ចិត្តឥតអន់អាក់ ហុចម្ចាស់ស្នេហ៍នាង
និស្សិតញញឹម ឈ្ងោកប្រឹងខំរៀន ឯស្រីនួននាង
ដេកយកកម្លាំង។
១៦. ញញឹមរួមគ្នា មិនខ្លាចវេទនា ព្រោះស្នេហាខ្លាំង
ស្រីបាតស៊ូ តបតប្រឆាំង ប្រឹងជំនះច្បាំង ជំនះឧបសគ្គ។
១៧. ម៉ូតូទូរស័ព្ទ ទិញបានយ៉ាងឆាប់ ព្រោះកាយជាប្រាក់
ផ្គាប់ផ្គុនគ្រប់យ៉ាង មិនឲ្យអន់អាក់ ឱប្រុសវលក្ខណ៍
សិក្សាបានខ្ពស់។
១៨. ពេលថ្ងៃប្រឡង សំពះបន់ផង គ្រប់ទីទាំងអស់
ឲ្យប្ដីនិស្សិត ប្រលងជាប់ឈ្មោះ កុំឲ្យមានគ្រោះ
សូមដូចប្រាថ្នា។
១៩. នាងចាំមើលផ្លូវ ប្រុសស្នេហ៍ពាលពៅ មកពីសាលា
រង់ចាំលទ្ធផល សម្រេចយ៉ាងណា បញ្ចប់សិក្សា
វាសនាអាចប្ដូរ។
២០. ឃើញប្រុសសោកសៅ ទ្រូងនាងផ្សាក្ដៅ សោកសៅអាសូរ
ជួយលួងលោមចិត្ត ឲ្យទប់ជំហរ លទ្ធផលចេញមក
ទឹកភ្នែកហូរស្រក់។
២១. លទ្ធផលសិក្សា សមដូចប្រាថ្នា អរឡើងដង្ហក់
គូរស្នហ៍ក្មេងវ័យ ចាប់ដៃលោតហក់ ស្រីតូចច្រម៉ក់
អរលើសអ្វីៗ។
២២. ស្រីផ្អាកធ្វើការ សុំច្បាប់ដើរផ្សារ ទិញផ្កាសាច់ត្រី
ចូលបន់ទេវតា លើវាសនាប្ដី ហើយត្រឡប់វៃ
រកប្ដីនៅផ្ទះ។
២៣. ប្រលងជាប់ហើយ ចង់ផ្ដល់ចម្លើយ ពុកម៉ែនៅផ្ទះ
លាស្រីកម្សត់ ទៅមួយរយ: ចង់ជួបលេងផ្ទះ
ដែលនិរាសឆ្ងាយ។
២៤. ប្ដីម្ចាស់ជីវិត ជិតពីរអាទិត្យ ម្ដេចបាត់ឆោមឆាយ
តើប្រុសដឹងទេ ប្រពន្ធនៅឆ្ងាយ ចាំប្ដីឆោមឆាយ
ត្រឡប់វិលវិញ។
២៥. បាត់ដំណឹងឈឹង ស្រស់ស្រីសញ្ជឹង ទុកម្នោទោម្នេញ
សម្រេចចិន្ដា តាមប្រុសសម្លាញ់ ព្រោះចង់ជួបវិញ
ដូចកាលកន្លង។
២៦. មកដល់មុខផ្ទះ ស្រីស្រស់វលក្ខណ៍ អរផងភ័យផង
រោងការអ្នកណា នៅមុខផ្ទះបង ទឹកភ្នែកត្រសង
ប្រដេញស្រក់ចុះ។
២៧. ញ័រសព្វកាយា បេះដូងស្រីបារ ដាច់ដោចរលុះ
ពាក្យប្ដីនិស្សិត ថាណ្ហើយចប់ចុះ រឿងទាំងអស់នោះ គឺសូមអរគុណ។
២៨. ស្រីបារកម្សត់ លែងស្ដីតមាត់ ទឹកភ្នែកជោរជន់ វិលត្រលប់វៃ ស្មារតីទុក្ខធ្ងន់ ស្នេហ៍ស្មោះនិរន្តរ៍
គ្រាន់តែជាល្ខោន។
២៩. ជីវិតស្រីបារ ហេតុអ្វីស្នេហា ដូចគេលែងពួន
នាងមើលបន្ទប់ យំសោកបោកខ្លួន ឱ!ខ្លួនអើយខ្លួន
ចាញ់បោកស្នេហា។
៣០. អស់គ្មានសល់អ្វី ឱ!ក្ដីស្រមៃ គ្មានទៀតឡើយណា
លះបង់សាច់ឈាម ព្រមទាំងចិន្ដា តែប្រុសស្នេហា
សងការឈឹចាប់។
៣១. ស្រីបារកម្សត់ នឹកប្ដីខ្ចាត់ព្រាត់ ទ្រូងដូចគេកាត់
នាងឈោងដបថ្នាំ ចាក់ហើយក្ដាប់ជាប់ តើនាងត្រូវស្លាប់
រឹមួយយ៉ាងណា។
៣២. ឬមួយត្រូវរស់ កសាងកិត្តិយស លុបឈ្មោះស្រីបារ
ប្រឆាំងតបត ជាមួយវាសនា ឬមួយត្រូវការ
ថ្នាំមួយដបនេះ?៕
និពន្ធដោយ៖ លាក់ ម៉ាឡែន
Posted on ខែមិថុនា 2, 2012, in ប្រលោមកំណាព្យ, លាក់ ម៉ាឡែន and tagged ចិត្តឃោរឃៅ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0