ភូមិមាស

គូររូបដោយ៖ កុមារី ណារិន ផាវីតា

កាលដើមឡើយ មានបុរសកំព្រាជនបទម្នាក់

បានធ្វើដំណើរចាកចេញពីភូមិរបស់ខ្លួន

ដើម្បីប្រកបរបររកស៊ីចិញ្ចឹមជីវិតប៉ុន្តែការធ្វើដំណើរ

ចេញពីភូមិបុរសកំព្រាមិនបានដឹងខ្លួនឯងថា ត្រូវប្រកប

មុខរបរអ្វីឡើយ ពោលគឺ គាត់ចេះតែធ្វើដំណើរ

ទៅមុខជាមួយសេះកម្សត់របស់គាត់។

លុះមកដល់ពាក់កណ្តាលផ្លូវ បុរសកម្សត់បានជួបនឹងនារីដ៏ស្រស់ស្អាតម្នាក់ គាត់ចុះពីលើសេះ ហើយនិយាយទៅកាន់នារីនោះ៖

-សូមទោស! តើអ្នកនាងអាចជួយប្រាប់ផ្លូវខ្ញុំផង បានទេ?

នារីស្អាត មើលទៅកិរិយាមាយាទរបស់បុរសហាក់ដូចជារម្យទមណាស់ ក៏បន្លឺ តបដោយរាបសារ៖

-ចុះពូចង់រកផ្លូវទៅណា?

-សូមអ្នកនាងជួយ តើភូមិណាដែលអាចឲ្យខ្ញុំប្រកបរបរចិញ្ចឹមជីវិតបាន

នារីក្មេងនឹកគិតក្នុងចិត្តថា៖ “តើភូមិណា ដែលអាចឲ្យអ្នកចិញ្ចឹមជីវិតបាន ខ្ញុំធ្វើម៉េចនឹងដឹង” ។ នាងគិតហើយក៏តប៖

-តើពូចង់ប្រកបរបរអ្វី?

-អ្វីក៏បាន ឲ្យតែអាចរកប្រាក់ចិញ្ចឹមក្រពះបាន ហើយមិនខុសសីលធម៌ គុណធម៌ និងច្បាប់សង្គម គឺខ្ញុំធ្វើទាំងអស់

នារីក្មេងគិតទៀតថា៖ “បុរសនេះថ្វីត្បិតតែមិនដឹងពីគោលដៅរបស់ខ្លួន ហើយហាក់ដូចជាល្ងង់បន្តិច តែមានគំនិតស្លូតបូត ស្មោះត្រង់ មានឆន្ទះគួរសម មានគំនិតរកប្រាក់ចិញ្ចឹមជីវិតដោយកម្លាំងញើសឈាមខ្លួនឯង”។ គិតហើយ នាងញញឹមតប៖

-មានភូមិមួយដែលអាចឲ្យពូប្រកបរបរចិញ្ចឹមជីវិតបាន ប៉ុន្តែភូមិនោះត្រូវគេបោះបង់ចោលយូរហើយ ព្រោះតែអ្នកស្រុកមានជំនឿថាមាន

ខ្មោចព្រាយបិសាចរស់នៅ តើពូហ៊ានទៅទេ?

បុរសគិតមួយសន្ទុះ ក៏តបថា៖

-បើភូមិនោះត្រូវគេបោះបង់ចោល មើលទៅប្រហែលជាស្ងាត់ណាស់ហើយ តើខ្ញុំធ្វើម៉េចនឹងប្រកបរបរចិញ្ចឹមជីវិតបាន?

-ខ្ញុំថា ពូអាចប្រកបរបរចិញ្ចឹមជីវិតបាន ឲ្យតែពូហ៊ានទៅ ចុះពូហ៊ានទៅទេ?

-បានខ្ញុំទៅ! តើភូមិនោះនៅឯណា?

-ភូមិនោះគេឲ្យឈ្មោះថា ភូមិស្ងប់ស្ងាត់ ពូធ្វើដំណើរទៅមុខមិនឆ្ងាយពីភូមិនេះប៉ុន្មានទេ ពូនឹងទៅដល់ជាមិនខាន

-អរគុណអ្នកនាងណាស់ អ៊ីចឹងខ្ញុំទៅហើយ

គ្រាន់តែនិយាយចប់ បុរសកម្សត់ ក៏លោតឡើងសេះបំបោលចេញទៅ នារីក្មេងក៏បន្លឺឡើងខ្លាំងៗពីក្រោយ៖

-ថ្ងៃក្រោយ បើពូមានអ្វីឲ្យខ្ញុំជួយ ពូមករកខ្ញុំចុះ

នៅតាមផ្លូវមានមេអំបៅដ៏ស្រស់ស្អាតមួយ ចេះតែហិចហើររេរាំតាមពីក្រោយបុរសកម្សត់ឥតឈប់ឈរ បុរសឆ្ងល់ណាស់ក៏ចុះពីលើសេះទៅសម្រាកក្រោមដើមឈើធំមួយ ទើបលាន់មាត់ឡើងតែម្នាក់ឯង៖ “យី! មេអំបៅនេះស្អាតណាស់តើ  ចុះឯងមានបំណងទៅណាដែរ?”។ បុរសនិយាយចប់ ស្រាប់តែឮសំឡេងមួយបន្លឺឡើង៖ “I don’t know, where I can go?”

បុរសភ្ញាក់ព្រើត តើសំឡេងអ្វីមកពីណា? គាត់ងាកចុះឡើងដើម្បីរកម្ចាស់សំឡេង ស្រាប់តែឮសំឡេងដដែលបន្លឺឡើងទៀត៖ “Don’t find that, please look at to me!”។ បុរសសម្លឹងទៅមេអំបៅ ក៏បន្លឺឡើង៖ “គឺសំឡេងរបស់ឯងមែនទេ?” មេអំបៅឆ្លើយថា៖ “Yes!”។ បុរសគិតថា សូម្បីតែមេអំបៅក៏ចេះនិយាយដែរ ហើយនិយាយសុទ្ធតែភាសាអង់គ្លេសទៀត ខ្មោចលងខ្ញុំទេដឹង។ បុរសភ័យណាស់ ក៏រត់ឡើងសេះ ហើយបំបោលទៅមុខ តែមេអំបៅចេះតែតាមពីក្រោយគាត់ឥតឈប់ ហើយចេះតែនិយាយពាក្យថា៖ “I’m not a ghost, please don’t afraid me.”។ បុរសមិនឈប់សេះឡើយ តែដោយមិនអាចរត់គេចពីមេអំបៅបាន គាត់ក៏បន្ថយល្បឿនសេះ ហើយគិតមួយសន្ទុះ៖ “តិចលោមេអំបៅទេវតាទេដឹង អញមិនគួរខ្លាចរត់យ៉ាងនេះទេ គួរតែនិយាយជាមួយវាឲ្យច្បាស់ ខំរៀនភាសាអង់គេ្លសបានពីរបីខែដែរ គួរតែសាកល្បងមើល”។ គិតហើយ បុរសក៏ឈប់សេះ មេអំបៅក៏ទៅទុំលើស្មាហើយបន្លឺ៖“why you stop?”បុរសតប៖”I want to talk with you?”មេអំបៅឧទាន៖

-Oh my god! You can answer me

-yes! Why you can speak?

-I don’t know, why I can speak?

-can you tell me about yourself?

-ខ្ញុំប្រាប់អ្នកក៏បាន!

-ឯងចេះនិយាយភាសាខ្មែរដែរ?

-ខ្ញុំក៏ជាខ្មែរដែរ តែខ្ញុំគ្រាន់តែចង់លោលេងជាមួយបងទេតើ

-អ៊ីចឹងស្រួសហើយ យើងងាយនិយាយគ្នា តែខ្ញុំនៅតែឆ្ងល់ថា ហេតុអីក៏ឯងចេះនិយាយ?

-ខ្ញុំក៏មិនដឹងដែរ! ការពិតខ្ញុំក៏មិនចង់ចេះនិយាយដែរ ព្រោះអ្នកដែលឮខ្ញុំនិយាយសុទ្ធតែរត់អស់ដូចជាបងអម្បាញ់មិញអ៊ីចឹង

-ជាការត្រឹមត្រូវណាស់ តើមានសត្វឯណាដែលអាចប្រើភាសានិយាយដូចមនុស្សនោះ។ អ៊ីចឹងឯងមានស្រុកកំណើតនៅឯណាដែរ?

-ខ្ញុំរស់នៅឯខេត្តព្រះវិហារឯនោះ កាលដើមឡើយ ខ្ញុំនិងក្រុមគ្រួសារ រស់នៅយ៉ាងសុខស្រួលនៅលើដើមឈើដ៏ធំមួយ តែមិនយូរប៉ុន្មាន ពួកសៀមបានបាញ់បំផ្លោងគ្រាប់ទៅត្រូវជំរំរបស់យើង ធ្វើឲ្យគ្រួសាររបស់ខ្ញុំស្លាប់អស់ នៅសល់តែខ្ញុំម្នាក់ឯង ខ្ញុំអស់សង្ឃឹមខ្លាំងណាស់ ទើបហោះតែលតោលគ្មានគោលដៅយ៉ាងនេះ។

បុរសស្តាប់មេអំបៅរ៉ាយរ៉ាប់រឿងកម្សត់របស់ខ្លួនក៏គិតថា៖ ”ឱ! ជីវិត!

មិនមែនមានតែអញឯណាដែលតែលតោល សូម្បីតែមេអំបៅតូចនេះ ក៏ជួប

រឿងជូរចត់ក្នុងជីវិតដែរ អញមិនត្រូវអស់សង្ឃឹមទេ អញត្រូវតែតស៊ូរស់ ហើយរស់ឲ្យមានប្រយោជន៍ទៀតផង”។ គិតហើយបុរសក៏សួរទៅកាន់មេអំបៅ៖”ចុះឯងមិននឹកស្រុកកំណើតទេឬ?”

-ខ្ញុំពិតជានឹក ហើយនឹកខ្លាំងទៀតផង ថ្ងៃណាមួយខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតខ្ញុំវិញ តែពេលនេះខ្ញុំចង់ទៅជាមួយបង

-ចុះឯងមិនខ្លាចទេអ្ហេ ឮថាភូមិនោះ គ្មាននរណាហ៊ានទៅឡើយ

-ខ្ញុំមិនខ្លាចទេ ចុះបងឲ្យខ្ញុំទៅទេ?

-អ៊ីចឹង ពួកយើងទៅជាមួយគ្នាទៅ

បុរស និងមេអំបៅកម្សត់នាំគ្នាធ្វើដំណើរទៅកាន់ភូមិស្ងប់ស្ងាត់ដោយ ជំនឿចិត្ត។ គ្រាន់តែទៅដល់ភ្លាម បុរសចុះពីលើសេះ បើកភ្នែកធំៗ បន្លឺសំឡេងឡើង៖”អ្ហូ! ដើមត្នោតច្រើនណាស់”។ មេអំបៅឧទាន៖

-ទីនេះឬជាភូមិស្ងប់ស្ងាត់?

-ប្រហែលមិនខុសទេ! តែមើលទៅទីនេះ ហាក់មិនមានអីគួរឲ្យខ្លាចផង

-តើពួកយើងគិតយ៉ាងម៉េច?

-ពួកយើងត្រូវស្នាក់នៅ និងប្រកបរបររកស៊ីនៅទីនេះ ទីនេះជាកំណប់មាសពេជ្ររបស់ពួកយើងហើយឯងដឹងទេ?

-កំណប់មាសពេជ្រ! តែខ្ញុំមើលឃើញសុទ្ធតែដើមត្នោតហ្នឹង

-ដើមត្នោតនេះហើយជាកំណប់មាសពេជ្ររបស់យើង

បុរស និងមេអំបៅកម្សត់នាំគ្នាសង់ខ្ទមស្នាក់នៅបណ្តោះអាសន្ន។ យប់-យន់កាន់តែជ្រៅ បុរសនៅមិនទាន់លង់លក់នៅឡើយ គាត់យកដៃគងថ្ងាស ហើយដកដង្ហើមធំ ឃើញដូចនេះ មេអំបៅសួរ៖

-តើបងគិតអីហ្នឹង?

-បងកំពុងគិតថា តើត្រូវធ្វើយ៉ាងណាដើម្បីបានបំពង់យកមកត្រងទឹកត្នោត បើទីនេះឫស្សីមួយដើមក៏មិនមានផង តើនឹងបានឆ្នាំងខ្ទះមកពីណាដើម្បីដាំទឹកត្នោតទាំងនោះ?      តើនឹងបានរទេះមកពីណា ដឹកផ្លែត្នោតទាំងអស់

នោះយកទៅលក់?

-បងគិតពីរឿងនេះទេអ្ហេ? បងនៅចាំនារីម្នាក់ដែលបងបានជួបពីថ្ងៃមុនទេ? ខ្ញុំថានាងអាចជួយបងបាន

-ពិតមែនហើយ! ជំហានដំបូងយើងត្រូវតែទៅពឹងពាក់នាងសិន ស្អែកនេះ បងនឹងងើបពីព្រលឹម ដើម្បីកាប់ផ្លែត្នោតខ្លះយកទៅឲ្យនារីម្នាក់នោះរកទីផ្សារឲ្យយើង ចំណែកឯងត្រូវហោះមើលជុំវិញភូមិនេះ តើមានឈើណាខ្លះ ដែលអាចឲ្យពួកយើងសមល្មមកាប់យកមកធ្វើរទេះ

-បាន! បងកុំបារម្ភអី

-អ៊ីចឹង ពួកយើងឆាប់ដេកយកកម្លាំងទៅ

ស្អែកឡើងបុរសនិងមេអំបៅនាំគ្នាធ្វើការងារតាមគោលដៅរៀងៗខ្លួន។ ពេញមួយថ្ងៃ ទើបបុរសត្រឡប់មកដល់ភូមិស្ងប់ស្ងាត់វិញ ដោយមានទាំងឫស្សី និងឆ្នាំងមួយយ៉ាងធំនៅលើខ្នងសេះមកជាមួយផង។

បុរសចាប់ផ្តើមអនុវត្តផែនការរបស់ខ្លួន។ ជំហានដំបូងគឺគាត់អាចឡើងត្នោតបានតែពីរបីដើមទេក្នុងមួយថ្ងៃ ហើយគាត់តែងតែយកទៅលក់នៅផ្សារនៅភូមិដែលគាត់បានជួបនារីនោះ តែម្តងនេះគឺគាត់លក់ដោយខ្លួនឯងឈប់ពឹងពាក់នារីស្អាតម្នាក់នោះទៀតហើយ ព្រោះគាត់បានស្គាល់ផ្សារយ៉ាងប្រាកដ ឯអ្នកស្រុកអ្នកភូមិក៏ចាប់ផ្តើមស្គាល់គាត់ដែរ ហើយពួកគេតែងតែហៅគាត់ថា បុរសក្លាហាន ព្រោះមានតែគាត់ទេ ដែលហ៊ានចេញចូលភូមិស្ងប់ស្ងាត់។ នៅពេលដែលលក់អីវ៉ាន់អស់ បុរសក្លាហានតែងតែចូលទៅលេង និងសួរសុខទុក្ខនៅផ្ទះនារីចិត្តល្អសិន ទើបត្រឡប់ទៅភូមិរបស់ខ្លួនវិញ។

ច្រើនខែកន្លងផុតទៅបុរសក្លាហាន គឺរឹតតែមានជំនាញក្នុងការឡើង

ត្នោត គាត់អាចឡើងបានរហូតពី20ទៅ30ដើមក្នុងមួយថ្ងៃ។ គាត់បានយកប្រាក់

ដែលបានពីការលក់ផ្លែត្នោត ទឹកត្នោត និងស្ករត្នោត ទៅទិញខ្ទះត្នោតធំៗចំនួនដប់ទៀត។ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាបុរសក្លាហានមានការនឿយហត់យ៉ាងណាក៏ដោយ       ក៏គាត់នៅតែញញឹម ពេញចិត្តនឹងការប្រកបមុខរបរគាត់  ប៉ុន្តែមេអំបៅឃើញដូចនេះ ហាក់ស្រណោះបុរសជាខ្លាំង ក៏បន្លឺឡើង៖

-បើបងហត់នឿយយ៉ាងនេះរាល់ថ្ងៃ ខ្ញុំគិតថាមិនល្អទេ

-តើឲ្យបងធ្វើយ៉ាងម៉េច បើភូមិនេះគ្មាននរណាហ៊ានមកផង?

-បងទៅរកនារីចិត្តល្អនោះឲ្យជួយទៅ

-ពិតមែនហើយ!

គ្រាន់តែគិតហើយ បុរសស្ទុះវឹង ទាញសេះចេញដំណើរទៅផ្ទះនារីចិត្តល្អ ភ្លាម។ នារីចិត្តល្អយល់ពីបំណងរបស់បុរសក្លាហាន ក៏និយាយ៖

-អ្នកគិតឲ្យខ្ញុំទៅជួយធ្វើស្ករមែនទេ?

-ត្រូវហើយ! ខ្ញុំធានាសុវត្ថិភាពជូនអ្នកនាង ថានឹងគ្មានរឿងអាក្រក់កើតឡើងឡើយ បើភូមិនោះពិតជាមានខ្មោចព្រះបិសាចមែន ម្ល៉េះសមខ្ញុំ មិនអាចចេញចូលបានទេ

-ខ្ញុំដឹង! តែអ្នកដឹងទេ ធ្វើម៉េចនឹងខ្ញុំអាចទៅជាមួយអ្នកបាន មនុស្សប្រុស និងស្រីនៅតែពីរនាក់ក្នុងព្រៃមិនសមរម្យឡើយ

-ត្រូវហើយ! ខ្ញុំភ្លេចគិតពីរឿងនេះ

-តែមិនអីទេ! ចាំខ្ញុំសាកសួរអ្នកភូមិឲ្យ បើមាននរណាស្ម័គ្រចិត្ត ខ្ញុំនឹងជូនដំណឹងទៅអ្នក

បុរសក្លាហានធ្វើដំណើរទៅភូមិវិញដោយក្តីអស់សង្ឃឹម។ មេអំបៅឃើញបុរសសញ្ជប់សញ្ជឹងអង្គុយធ្មឹងគិតយ៉ាងនេះ ក៏និយាយ៖

-បើគ្មាននរណាហ៊ានចូលមកភូមិនេះទេ មានតែមធ្យោបាយមួយគត់

-តើឯងមានមធ្យោបាយអី?

-បងត្រូវទៅដណ្តឹងនារីចិត្តល្អនោះជាប្រពន្ធ ពេលនោះនាងនឹងអាចមក

រស់នៅទីនេះជាមួយនឹងបងហើយ

-ម៉េចនឹងអាចទៅ

-បងក៏ស្រលាញ់នាងដែរ តើមែនទេ?

-មែនហើយ!

-អ៊ីចឹងនៅចាំអីទៀត បងសាកល្បងទៅ

បុរសក្លាហានក៏ធ្វើតាមគំនិតមេអំបៅ ក៏ទៅរកចាស់ទុំឲ្យចូលដណ្តឹងនារីចិត្តល្អធ្វើជាប្រពន្ធ។ ក្រោយពីក្លាយជាប្តីប្រពន្ធពេញច្បាប់ហើយ នារីចិត្តល្អក៏តាមប្តីចូលទៅរស់នៅភូមិស្ងប់ស្ងាត់នោះដែរ។ ពីរនាក់ប្តីប្រពន្ធខិតខំបំពេញការងារជួយគ្នាទៅវិញទៅមក។ មួយឆ្នាំកន្លងផុតទៅ ពួកគេក៏បង្កើតបានកូនប្រុសម្នាក់។ បុរសជាប្តីនិយាយទៅកាន់ប្រពន្ធ៖

-តើយើងធ្វើយ៉ាងណាដើម្បីឲ្យមនុស្សមកដល់ទីនេះ ដោយមិនចាំបាច់ ដឹកអីវ៉ាន់ទៅលក់នៅភូមិខាងក្រៅ?

-បងមិនចង់ដឹករបស់របរទៅលក់ទៀតទេអ្ហ?

-មិនមែនទេ! តែបងមិនចង់ឲ្យអូននឿយហត់តទៅទៀត ពេលនេះអូនត្រូវមើលកូនផង

-អ៊ីចឹង បងគិតធ្វើយ៉ាងម៉េច?

-បងនឹងគិតរកមធ្យោបាយដើម្បីឲ្យឈ្មួញចូលមកទិញស្ករដល់ក្នុងភូមិរបស់យើង ឥឡូវបងយកស្ករទៅលក់សិនហើយ មេអំបៅឯងមើលថែប្រពន្ធ និងកូនបងផង បើមានរឿងអីត្រូវឆាប់ទៅប្រាប់បង ស្តាប់បានទេ?

-បាទបង!

បុរសរៀបចំលក់ស្ករបានមួយសន្ទុះ ស្រាប់តែមានឈ្មួញមួយក្រុមចូលមកទិញស្ករ។ ពួកគេត្រូវការស្ករ1000គីឡូក្រាម។ ឆ្លៀតឱកាសនេះ បុរសក្លាហានក៏និយាយទៅកាន់ឈ្មួញដោយស្នាមញញឹម៖

-ស្ករមួយពាន់គីឡូនៅទីនេះមិនមានទេ តែនៅភូមិរបស់ខ្ញុំមាន បើអ្នក

ព្រមទៅភូមិរបស់ខ្ញុំ ខ្ញុំបញ្ចុះតម្លៃឲ្យ 30ភាគរយ

ពួកឈ្មួញឮហើយ ហាក់ត្រេកអរណាស់ ក៏វាចាតប៖

-ចុះភូមិអ្នកនៅឯណា? នាំពួកយើងទៅបានទេ?

បុរសអរណាស់ឥតបង្អង់ក៏នាំពួកឈ្មួញទៅភូមិរបស់ខ្លួន។ គ្រាន់តែទៅ ដល់ភ្លាម ពួកឈ្មួញបើកភ្នែកធំៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះភូមិដ៏តូច តែពោរពេញទៅដោយដើមត្នោតពណ៌ខៀវស្រងាត់។ ពួកគេជញ្ជក់មាត់ ហើយបន្លឺព្រមគ្នា៖

-នេះជាប្រភពស្ករទេតើ!

បុរសបានផ្តល់ស្ករទៅពួកឈ្មួញតាមតម្រូវការ។ ចំណែកពួកឈ្មួញបានស្ករហើយ ក៏នាំគ្នាចាកចេញទៅ។

ចាប់តាំងពីថ្ងៃនោះមក ពួកឈ្មួញតែងតែទៅជួញផ្ទាល់នៅភូមិស្ងប់ស្ងាត់នោះ។ ដោយពុំដែលឃើញមានរឿងហេតុអ្វីកើតឡើង ប្រជាជនទាំងអស់ដែលនៅក្បែរនោះ ក៏លែងមានការភ័យខ្លាច ហើយក៏នាំគ្នាទៅជួញដូរនៅភូមិនោះដែរ។ យូរៗទៅ ភូមិស្ងប់ស្ងាត់ក៏លែងស្ងប់ស្ងាត់ ចំណែកឯបុរសក្លាហាន និងនារីចិត្តល្អក៏ក្លាយទៅជាមេភូមិនៅទីនោះ ហើយពួកគាត់ទាំងពីរក៏ដាក់ឈ្មោះភូមិនោះថា “ភូមិមាស”

មេអំបៅឃើញភូមិមាសពោរពេញទៅដោយភាពអ៊ូអរ ក៏មានអារម្មណ៏នឹកដល់ស្រុកកំណើតរបស់ខ្លួន វាក៏សម្រេចចិត្តចាកចេញ ហើយធ្វើដំណើរទៅកាន់ស្រុកកំណើតវិញ ដោយបន្សល់ទុកសំបុត្រមួយច្បាប់ ជូនបុរសក្លាហាន និងនារីចិត្តល្អ។

My Dear!

When you are reading my letter,

I am travelling to my home town.

Don’t worry about me.

See you later

ការចាកចេញរបស់មេអំបៅ ធ្វើឲ្យបុរសក្លាហាន និងនារីចិត្តល្អ មានការនឹកអាល័យជាខ្លាំង តែទោះជាយ៉ាងណា ពួកគាត់នៅតែសង្ឃឹមថា មេអំបៅនឹងធ្វើដំណើរដោយសុវត្ថិភាព ហើយអាចបង្កើតគ្រួសារមួយ ដែលមានសុភមង្គលដូចជាពួកគាត់។

ថ្លែងពីមេអំបៅកម្សត់។ ពីរថ្ងៃពីរយប់ហើយ ដែលវាហើររហូត។ ពេលនេះ វាហាក់ដូចជាហត់បន្តិច ក៏ទៅទុំសម្រាកលើដើមឈើយ៉ាងធំមួយ។ វាក្រឡេកមើលទៅលើមេឃ ឃើញសត្វចាបមួយហ្វូងមានម៉ែមានឳនិងកូន ហិចហើរប្រដេញគ្នាយ៉ាងសប្បាយរីករាយ ដែលនេះ ធ្វើឲ្យវានឹកដល់គ្រួសារយ៉ាងខ្លាំង។ មេអំបៅកម្សត់ដកដង្ហើមធំ តែវាក៏ញញឹម ហើយក៏និយាយតែម្នាក់ឯងថា៖”ពុក ម៉ែ  បងប្រុស បងស្រី សូមអ្នកទាំងអស់គ្នាទៅកាន់សុគតិភពចុះ កុំបារម្ភពីខ្ញុំអី ខ្ញុំមិនឯកោទេ ខ្ញុំនឹងប្រឹងប្រែងតស៊ូរស់ ហើយនឹងបង្កើតគ្រួសារមួយ ដែលមានសុភមង្គលដូចជាបងបុរសក្លាហានអ៊ីចឹង”។ និយាយចប់ មេអំបៅកម្សត់រលាស់ស្លាបភិល ហើយវាក៏ស្រែកច្រៀងយ៉ាងខ្លាំង៖”I, I love you, mummy daddy. I want you kiss me, kiss me, kiss me. I love you. I love you, mother father. I want to kiss you, kiss you, kiss you. I love you. I love you. I love you.ho………….”។ មេអំបៅច្រៀងចប់ វាក្រឡេកមើលជុំវិញខ្លួន ឃើញបក្សាបក្សីគ្រប់ប្រភេទកំពុងសម្លឹងមើលមកវា។ បក្សាបក្សីទាំងអស់ហាក់ដឹងពីអារម្មណ៍សោកសៅរបស់មេអំបៅ ពួកវាក៏បានបញ្ចេញស្នាមញញឹម ហើយបានហើរទៅឱបមេអំបៅម្នាក់ម្តងៗ បង្ហាញពីទឹកចិត្តស្រលាញ់ ហាក់ចាត់ទុកមេអំបៅជាកូនរបស់ខ្លួន។ មេអំបៅរំភើបចិត្តណាស់រហូតដល់ស្រក់ទឹកភ្នែកចុះ រំពេចនោះ ស្រាប់តែឮសំឡេងយ៉ាងគ្រល បន្លឺឡើង៖ “អាកូនមេអំបៅអើយ ឯងកុំយំអី ថ្វីត្បិតតែសាច់ញាតិរបស់ឯងស្លាប់ចោលអស់ តែពួកយើងនឹងស្រលាញ់ឯងឲ្យដូចជាកូនចៅយើងដែរ ឯងកុំបារម្ភអី”។ មេអំបៅក្រឡេកមើលមកក្រោម ឃើញសុទ្ធតែហ្វូងសត្វពាហនៈ ដែលកំពុងឈរយ៉ាងត្រៀបត្រាសម្លឹងមើលមកវា។ វាក៏សួរ៖ ”ហេតុអីក៏ពួកបងមកជុំគ្នានៅទីនេះ?” ដំរីក៏ឆ្លើយ៖ “គឺឮចម្រៀងដ៏កម្សត់របស់ឯងហ្នឹងណា ទើបពួកយើងនាំគ្នាមកស្តាប់”។ មេអំបៅតប៖ “សូមទោស! ខ្ញុំប្រហែលជារំខានដល់ពួកបងហើយ”។ ជ្រូកព្រៃតប៖ “ឯងមិនបានរំខានពួកយើងទេ ពួកយើងទេ ដែលឮចម្រៀងដ៏ពិរោះរបស់ឯង ហើយនាំគ្នាមកកកកុញយ៉ាងនេះ។ មេអំបៅតូច! ពួកយើងរស់នៅលើផែនដីតែមួយ ដូចនេះ យើងទាំងអស់គ្នា នឹងស្រលាញ់រាប់អានឯងឲ្យដូចជាបងប្អូនអ៊ីចឹង ឯងកុំពិបាកចិត្តអី”។ មេអំបៅសប្បាយចិត្តណាស់ វាញញឹមហើយនិយាយ៖ “អរគុណពួកបង!”។ ពេលនោះស្រាប់តែមានមេអំបៅញីមួយក្បាល មានរូបឆោមលោមពណ៌ គួរជាទីស្រលាញ់ហើរចូលមក ហើយនិយាយទៅកាន់មេអំបៅកម្សត់៖ “បងមេអំបៅ! តើបងនៅចាំខ្ញុំបានទេ?”។ មេអំបៅគិតមួយសន្ទុះ ទើបចាំបានថា មេអំបៅញីនេះ គឺជាគូដណ្តឹងរបស់វា តាំងពីតូចមកម៉្លេះ វាសប្បាយចិត្តឥតឧបមា ហើយមិននឹកស្មានថាបានជួបនាងនៅទីនេះឡើយ។ មេអំបៅញីក៏និយាយ៖ “បងដឹងទេ? ចាប់ពីបងចេញពីស្រុកមក ខ្ញុំតាមរកបងរហូត ខ្ញុំស្ទើរតែអស់សង្ឃឹមទៅហើយ តែស្រាប់តែឮសំឡេងរបស់បងនៅទីនេះ ទីបំផុតខ្ញុំតាមរកបងឃើញហើយ ពួកយើងទៅស្រុកវិញទៅ”។ មេអំបៅកម្សត់មិននឹកស្មានថា ជីវិតរបស់ខ្លួន អាចជួបនូវភាពរីករាយយ៉ាងនេះសោះ វាក៏លាបក្សាបក្សី និងសត្វពាហនៈធ្វើដំណើរទៅស្រុកកំណើតវិញ។ បក្សាបក្សី និងសត្វពាហនៈក៏ស្រែកផ្តាំទៅមេអំបៅដោយស្នាមញញឹមថា៖“សូមឲ្យជួបតែសេចក្តីសុខ ពួកយើងស្វាគមន៍

ឯងមកទីនេះជានិច្ច”។

ចាប់តាំងពីថ្ងៃនោះមក មេអំបៅកម្សត់ក៏រស់នៅជាមួយមេអំបៅញី ព្រមទាំងកូនដប់ក្បាលដោយសុភមង្គល។

ត្នោតគឺជាសម្បតិ្តវប្បធម៌ជាតិ។

សុភមង្គលគ្រួសារ គឺជាអាហារដ៏មានរសជាតិ។

និពន្ធដោយ៖ អ្នកគ្រូ លាក់ ម៉ាឡែន

About បេះដូងពិត

បេះដូងពិត

Posted on ខែមិថុនា 6, 2012, in រឿងកុមារ, រឿងខ្លី, លាក់ ម៉ាឡែន and tagged . Bookmark the permalink. 2 មតិ.

  1. រឿងមួយពិតជាមានន័យខ្លាំងណាស់។ ទឹកភ្នែកខ្ញុំបម្រុងនឹងស្រក់ហើយពេលនេះ
    សត្វវានៅមានសង្ឃឹម ចុះទម្រាំអីខ្ញុំជាមនុស្សហេតុក៏អស់សង្ឃឹម។ ខ្ញុំត្រូវតែតស៊ូដូចសត្វមេអំបៅ និងបុរសក្លាហានម្នាក់នោះឲបាន។

  2. រឿង​ខ្លី​មាន​ន័យ​គ្រប់​គ្រាន់​សម្រាប់អប់រំ ។

បញ្ចេញមតិ