ម្អមស្រែ(បទពាក្យ៧)
ទោះគ្មានអ្នកថែក៏ខំប្រឹង
ប្រឹងប្រែងប្រាយប្រាប់ឱ្យបានដឹង
ទោះមានអ្នកដឹងក៏ប្រាប់ដែរ។
ជាម្អមស្រស់ស្រាយដុះក្នុងស្រុក
ទូចទាបធំថុកទុកជាកេរ្ដិ៍
ក្លិនក្លែបឈ្ងុយឈ្ងប់ល្អម្លេះទេ ជាឱសថដែរណាស្នេហ៍ស្នង។
ដល់ខែចេញផ្កាពណ៌សែនស្រស់ ពណ៌ស្វាយស្រស់បស់ណាមាសបង
សម្រស់ល្អល្អះល្អម៉ត់ហ្មង គួរគយគន់ផងស្រស់ថ្លាថ្លៃ។
តែសែនក្ដុកក្ដួលរំជូលចិត្ត តតាមការពិតបែរគ្មានន័យ
ប្រឹងប្រែងលូតលាស់គ្មានតម្លៃ ព្រោះតែដូងចៃគេមិនគិត។
គេមើលរំលងម្អមស្រុកស្រែ គេមិនខ្ចីថែមោបាំងជិត
ទោះម្អមស្រែថែក្លិនជីវិត គេមិនពិនិត្យគិតកែខៃ។
ម្អមសូមថ្លាថ្លែងចែងសម្ដី សូមញាត្ដិប្រុសស្រីគិតកែច្នៃ
ម្អមស្រែស្រុកយើងមានតម្លៃ សូមជួយលកលៃចិត្តទូលាយ។
ស្រាវជ្រាវជ្រុំជែងដោយជ្រះថ្លា លើរូបបុប្ផាមិនរាយមាយ
កសាងស្នាដៃមិនខ្ជះខ្ជាយ ស្វែងរកទម្លាយអាថ៌កំបាំង។
ឱ្យម្អមស្រុកស្រែមានតម្លៃ ខំដុះហាលថ្ងៃក្ដៅយ៉ាងខ្លាំង
ក្នុងខែវស្សាឬខែប្រាំង ម្អមស្រែប្រឹងច្បាំងលូតលាស់វែង។
និពន្ធដោយ៖ លោក ឃឿម គឹមចេក
Posted on ខែមិថុនា 16, 2012, in កំណាព្យ, ឃឿម គិមចេក and tagged ម្អមស្រែ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0