រឿងខ្លី ស្នាមថើបក្នុងក្រអៅបេះដូង វគ្គ៨(ចប់)

វគ្គ៨

ស្នាមថើបក្នុងក្រអៅបេះដូង

   ចាញ់ស្នេហ៍ ឬក៏ឈ្នះស្នេហ៍? ចុះមាណវី

នាងសម្រេចចិត្តចាញ់ ឬមួយក៏ឈ្នះ? រតនាហុចសំបុត្រ

លាឈប់ទៅកាន់យុវជន។ អ្នកកំលោះសម្លឹងមើលយុវតី

ទើបស្រដី៖

-ស្អីគេ?

-លិខិតលាឈប់

-មូលហេតុ?

-គ្មានមូលហេតុទេ ខ្ញុំមិនចង់ធ្វើតទៅទៀត

-ដាច់ចិត្តពីសិស្សអ៊ីចឹងអ្ហេ?

-ពួកគេឡើងថ្នាក់ហើយ នេះជាពេលដែលសាកសមបំផុត សម្រាប់ខ្ញុំ

-ខ្ញុំមិនទទួលទេ

-លោក!

-ផ្តល់មូលហេតុសមរម្យឲ្យខ្ញុំមួយមក

-បាន!…………ខ្ញុំមិនចង់ឃើញលោកទៀតទេ

-ព្រោះតែខ្ញុំមិនមែនជាគេម្នាក់នោះអ្ហេ?

-ត្រូវហើយ! លោកមិនមែនជាគាត់ទេ តែបើខ្ញុំឃើញលោក គឺខ្ញុំនឹកឃើញដល់គាត់ ខ្ញុំមិនចង់ឲ្យបេះដូងរបស់ខ្ញុំ ឈឺចាប់ព្រោះតែស្រមោលរបស់គាត់ទៀតទេ សូមលោកប្រធានទទួលលិខិតលាឈប់របស់ខ្ញុំផង

-សូមទោស! ខ្ញុំមិនអនុញ្ញាតិឲ្យនាងលាឈប់ទេ

-ទោះលោកមិនអនុញ្ញាតិក៏ខ្ញុំឈប់ដែរ លាហើយ!

រតនាទម្លាក់សំបុត្រទៅលើតុ ហើយបម្រុងដើរចេញទៅ តែត្រូវយុវជនចាប់ដៃជាប់។ ក្រសែភ្នែកដ៏ភ្លឺមុតស្ទើរតែសម្លុតយុវតីឲ្យវង្វេងស្មារតីទៅហើយ តែម្តងនេះ ត្រាណត្រើយមិនអាចទន់ជ្រាយទេ នាងក៏ស្ទុះបែរចេញឆ្ងាយពីយុវជន៖

-នាងយ៉ាងម៉េចហើយ?

-តើលោកចង់យ៉ាងម៉េច ឬលោកពេញចិត្តនឹងឃើញខ្ញុំក្លាយជាមនុស្សឆ្កួត ទើបស្កប់ចិត្ត?

-រតនា!

-កុំចូលមកជិតខ្ញុំ

-ខ្ញុំមិនមែនជាស្រីម្នាក់ដ៏ល្អឥតខ្ចោះទេ តើខ្ញុំស្មោះនឹងស្នេហ៍នេះតាំងពីពេលណាមក? លោកគិតអ្វីចំពោះខ្ញុំក៏បាន ជាមិត្តភក្តិ ជាប្អូនស្រី ឬអ្វីផ្សេងទៀតតាមដែលលោកគិត ខ្ញុំមិនថាទេ ខ្ញុំអាចទទួលបានទាំងអស់ តែហេតុអី ក៏លោកបដិសេធថាមិនមែនជាគាត់? លោកបានធ្វើឲ្យភាពស្រពេចស្រពិលរបស់ខ្ញុំជ្រះស្រឡះពីក្នុងចិត្ត តែពេលនេះ លោកក៏បានធ្វើឲ្យភាពងងឹតនោះ  ត្រឡប់មករកខ្ញុំវិញ តើមួយណាជាការពិត មួយណាមិនមែនជាការពិតទៅ? លោកឲ្យខ្ញុំទៅៗ ជាងដប់ឆ្នាំមកនេះ ខ្ញុំមិនបានបំភ្លេចគាត់ តែបន្ទាប់ពីនេះទៅ ក្នុងរយៈពេលបីថ្ងៃ ខ្ញុំសន្យានឹងបំភ្លេចគាត់ឲ្យបាន

-តែបងមិនឲ្យអូនបំភ្លេចបងទេ!

មាណវីស្ងៀមទ្រឹងសម្លឹងមើលអ្នកកំលោះ តើពាក្យដ៏ពីរោះនេះ នាងឮចេញពីណាមក? បបូរមាត់ដែលស្ទើរតែនិយាយចេញមក តែរកហាមិនរួច ទឹកភ្នែកគ្រលួចស្រក់ចុះ ជំនួសឲ្យពាក្យសម្តី ហត្ថទាំងគូក៏ផ្តើមក្រសោបថ្ពាល់យុវតី ហើយស្រដីត៖

-សូមទោស!…ស្នាមថើបនោះ បានចាក់ជ្រៅក្នុងក្រអៅបេះដូងរបស់បង បងម៉េចនឹងអាចភ្លេចនោះ

-មិន…..ពិតទេ!

យុវតីបម្រាសចេញពីយុវជន។ នាងយកដៃជូតទឹកភ្នែកយ៉ាងញាប់ ហើយនិយាយតិចៗមិនឈប់ថា៖ “មិនពិតទេ…មិនមែនបងជីទេ….មិនមែនទេៗៗ………យល់សប្តិៗៗ…”។ រតនាធ្មេចនេត្រាទាំងគូ ព្រោះលែងមានកម្លាំងតស៊ូនឹងភាពរវើរវាយនេះទៀតហើយ។ ឱ! ត្រាណត្រើយម្ចាស់ចិត្ត ដួងជីវិតបងស្ទើរសូន្យអស់ហើយ ម្តេចបងធ្វើឲ្យអូនខ្លោចចិត្តយ៉ាងនេះ? ភ្លើងកំពុងតែឆេះរោលបេះដូងហើយ រាងកាយដ៏តួចស្តើងមិនបានរសាត់ប៉ើងទៅណា ក្រៅពីរង្វង់ដៃរបស់យុវជនឡើយ។ ក្រសោបឱបហើយ ថើបឲ្យអស់ចិត្ត នេះជាការពិតណារតនា តើនេត្រារបស់នាងនៅបិទដល់ណាទៀត? យុវតីបើកភ្នែកឡើង ដូចជាភ្ញាក់ពីយល់សប្តិមែន នាងរុញយុវជនចេញពីខ្លួន ហើយស្រដីទាំងខ្មាសអៀន៖

-លោកធ្វើស្អី?

-ថើបហ្នឹងណា! អូនមិនមែនមិនធ្លាប់ថើបបងឯណា?

-តែពេលនោះ………..

-ពេលនោះថើបថ្ពាល់ តែពេលនេះមិនមែនទេមែនទេ?

-តើលោកជានរណាឲ្យប្រាកដ?

-បងជីរបស់អូន!

-តែ………

-បងមិនទទួលស្គាល់អូន ព្រោះតែបងមិនយល់ពីស្នេហា តែពេលនេះបងយល់ហើយ ស្នេហាមួយនេះវាកើតឡើងរវាងពួកយើងទាំងពីរ ចិត្តរបស់ពួកយើងបានឈរនៅលើផ្លូវរួមគ្នាហើយ បងគ្មានសិទ្ធិឡើយដើរចេញពីអូនដោយគ្មានការអនុញ្ញាតិ សូមទោស!

-ចុះបើអូនចង់ដើរចេញពីបង?

-បងឲ្យអូនទៅ ឲ្យតែអូនយកចិត្តទៅជាមួយ មិនទុកបេះដូងឲ្យបងមើលថែ

-អត់យល់ទេ!

-បើអត់យល់ ហេតុអីក៏ឲ្យសំបុត្រគ្មានអក្សរមកបង?

-សំបុត្រគ្មានអក្សរ!

-កុំប្រាប់ថាអូនភ្លេចឲ្យសោះណា

-បងនៅរក្សាសំបុត្រនោះទុកអ្ហេ?

-អូនមិនជឿអ្ហេ!……….នេះ បើកមើលទៅ

-…………ម៉េចក៏អ៊ីចឹង?

-បងបាត់បង់សំបុត្រនេះ តែបងមិនអាចបាត់បង់អូនទេ

យុវតីសម្លឹងសំបុត្រ ដែលនៅសល់តែបំណែក រួចងាកសម្លឹងទៅយុវជន តូចតន់បន្លឺសំនួរឡើង៖ “ហេតុអ្វីបងមិនទទួលស្គាល់អូន?”។ ស្នាមញញឹម តែមិនព្រមតប ស្រាប់តែសំឡេងទូរស័ព្ទបន្លឺឡើង។ មាណវីឥតបង្អង់យូរ ស្ទុះរត់ចេញពីយុវជន។ មិនយូរប៉ុន្មាននាងក៏បានទៅដល់ស្ពានជ្រោយចង្វារ។ អ្វីដែលនាងបានឃើញ គឺនេត្រាដ៏ស្រទន់ និងទឹកមុខដ៏ស្រពោនរបស់សាយន្ត។ យុវតីតក់ស្លុតណាស់ ស្ទុះរត់ចូលទៅ៖

-នាងឈប់ត្រង់ហ្នឹងហើយ!

-លោកចង់ធ្វើអីហ្នឹង?

-ខ្ញុំចង់លោតពីលើនេះចុះទៅ

-កុំណា……………កុំអី!

-នាងខ្លាចខ្ញុំស្លាប់មែនទេ?

សាយន្តដូចជាមនុស្សម្នាក់ថ្មី តែយុវតីនាងទប់ទឹកភ្នែកមិនបានឡើយ។ នាងភ័យខ្លាំងណាស់ នាងស្រដីទាំងរអាក់រអួល៖

-តើមានរឿងអី ពួកយើងនិយាយគ្នាសិនទៅណា?

-នាងជួយខ្ញុំមិនបានឡើយ

-លោកនិយាយទៅ ទោះមានរឿងអ្វីក៏ដោយ ខ្ញុំនឹងប្រឹងប្រែងជួយលោក ឲ្យអស់ពីសមត្ថភាព ពួកយើងចេញពីទីនេះសិនទៅ

-លុះត្រាតែនាងព្រមចេញពីអតីតកាលមួយនោះ

-ថាម៉េច!

-ដើរចេញពីពូខ្ញុំទៅ កុំស្រលាញ់គាត់អី បើគាត់ស្រលាញ់នាង គាត់មិនទុកឲ្យនាងរងទុក្ខយ៉ាងនេះទេ

-តើរឿងនេះ មានអីទាក់ទងនឹងគ្នា?

-គឺខ្ញុំស្រលាញ់នាង នាងម៉េចនឹងអាចទៅស្រលាញ់ពូរបស់ខ្ញុំនោះ កន្លងមក គឺ

ខ្ញុំជាអ្នកនៅក្បែរនាង មិនមែនគាត់ទេ ហើយខ្ញុំក៏ជាអ្នកនាំនាងឲ្យគាត់ស្គាល់ដែរ នាងម៉េចនឹងអាចស្រលាញ់គាត់នោះ? នាងម៉េចនឹងអាចស្រលាញ់គាត់?

-តែខ្ញុំអត់បានស្រលាញ់លោកទេ

-នាងថាម៉េច!

-រវាងពួក…..យើង…..គឺមិត្តភក្តិ ខ្ញុំមិនដែលមានអារម្មណ៍ស្ទាក់ស្ទើរ ឬក៏រារែកចំពោះស្នេហាខ្ញុំទេ ខ្ញុំក៏មិនដែលឲ្យសេចក្តីសង្ឃឹមទៅលោកដែរ លោកកុំយកសេចក្តីស្លាប់មកគំរាមមនុស្សដែលមិនបានស្រលាញ់លោកតើបានទេ? ខ្ញុំអាចបែកចេញពីពូរបស់លោក បញ្ឈប់ការស្រលាញ់របស់ខ្ញុំក៏បាន តែក៏មិនបានន័យថា ខ្ញុំទទួលយកលោកដែរ បើស្នេហានេះ អាចប្តូរនឹងជីវិតលោកបាន ខ្ញុំនឹងលះបង់គាត់

-នាងឆ្កួតទេអ្ហេ?

-ខ្ញុំយល់ហើយ ថាហេតុអីក៏គាត់មិនទទួលស្គាល់ខ្ញុំ ព្រោះតែគាត់មិនចង់ឃើញលោកបែបនេះ លោកស្រលាញ់ខ្ញុំខ្លាំងណាស់មែនទេ? សូមទោស ដែលកន្លងមកខ្ញុំមិនបានដឹង សូមទោស ដែលខ្ញុំធ្វើឲ្យលោកស្រលាញ់ខ្ញុំ សូមទោស ដែលមនុស្សដែលខ្ញុំស្រលាញ់ មិនមែនជាលោក សូមទោស……….

-បានហើយ!……….ខ្ញុំឈប់លេងហើយ

រតនាភ័យស្ទើរស្លាប់ តែសាយន្តបែរជាដើរចេញពីនាងធ្វើហី ហើយស្រដីទាំងស្នាមញញឹមទៀត។ យុវតីជូតទឹកភ្នែក ហើយស្ទុះរត់ទៅតាមអ្នកកំលោះ៖

-លោកគិតទៅណាហ្នឹង?

-គឺទៅផ្ទះហ្នឹងណា!

-លោក……….

-ខ្ញុំគ្រាន់តែលេងជាមួយនាងតើ

-ថាម៉េច!………

-នាងភ័យខ្លាំងណាស់មែនទេ?

-លោកហ៊ានបំភ័យខ្ញុំផងអ្ហេ?

យុវតីលើកដៃវាយស្មាយុវជន តែសាយន្តចាប់ដៃនាងជាប់៖

-ដៃនេះ ប្រហែលជាមានតែពូរបស់ខ្ញុំទេ ដែលមានសំណាងចាប់កាន់មែនទេ? នេះជាលើកទីមួយ ហើយក៏ជាលើកចុងក្រោយដែរ ដែលខ្ញុំចាប់ដៃនាង សូមទោស!

-លោកពូកែណាស់!

-ថាម៉េច!

-លោកពូកែណាស់!

-ខ្ញុំបរាជ័យចំពោះស្នេហាហើយ នាងសរសើរខ្ញុំថាពូកែទៀតអ្ហេ?

-លោកមិនបានបរាជ័យទេ គឺលោកជោគជ័យហើយ បែបនេះមិនមែនជាមនុស្សបរាជ័យទេ បើលោកលោតទៅក្នុងទឹកទន្លេនោះ ទើបគេហៅថាបរាជ័យ

-តែពេលនេះបេះដូងរបស់ខ្ញុំ ពិបាកដកដង្ហើមណាស់នាងដឹងទេ?

-តែលោកអាចបញ្ជាវាឲ្យដើរបាន លោកកំពុងតែមានស្នេហាពិតប្រាកដហើយ

-ស្នេហាពិតប្រាកដ!

-ខ្ញុំយល់ហើយ បងជីនិយាយថា បើខ្ញុំចង់ដើរចេញពីគាត់ គាត់នឹងឲ្យខ្ញុំទៅ ឲ្យតែខ្ញុំយកចិត្តទៅជាមួយ មិនទុកបេះដូងឲ្យគាត់មើលថែ

-បានន័យថាម៉េច?

-ដូចជាលោកពេលនេះអ៊ីចឹង ស្នេហាគឺមនុស្សពីរនាក់ជាអ្នកបង្កើតឡើង គ្មាននរណាម្នាក់មានសិទ្ធិបង្ខំឲ្យគូភាគីដើរចេញពីវិថីស្នេហ៍នេះបានឡើយ ប៉ុន្តែបើភាគីណាមួយ អស់ចិត្តហើយចង់ដើរចេញដោយខ្លួនឯង នោះក៏គ្មាននរណាម្នាក់មកហាមឃាត់បានដូចគ្នា សំខាន់តើការចាកចេញនេះ មានស្នាម         ញញឹមទេ? ស្នេហាពិតប្រាកដគឺនៅត្រង់នេះហើយ!

-ត្រូវហើយ! លោកពូគឺគ្មានសិទ្ធិចាកចេញពីនាង ឯនាងក៏គ្មានសិទ្ធិចាកចេញពីគាត់ ព្រោះការចាកចេញនេះ គ្មានភាគីណាម្នាក់អាចញញឹមបាន តែរវាងខ្ញុំនិងនាង ការចាកចេញនេះ ខ្ញុំអាចឃើញស្នាមញញឹមរបស់នាង ការពិត! ខ្ញុំជាមនុស្សដ៏អស្ចារ្យម្នាក់ ខ្ញុំមិនបានបរាជ័យចំពោះស្នេហាទេ ពិតមែនទេ?

-ត្រូវហើយ!

-ខ្ញុំចេះស្រលាញ់ហើយ!

-លោកទៅណា?

សាយន្តស្ទុះរត់ទៅឈរនៅភ្នាក់ដៃស្ពាន ហើយក៏ស្រែកយ៉ាងខ្លាំង៖

-ខ្ញុំសូមប្រាប់ដល់អ្នកដែលស្លាប់នៅទីនេះ ព្រោះតែស្នេហា អ្នកបរាជ័យហើយ អ្នកមិនចេះស្រលាញ់ទេ អ្នកធ្វើឲ្យពិភពលោកនេះអស់សង្ឃឹមពេកហើយ ខ្ញុំមិនមែនជាមនុស្សបរាជ័យដូចជាអ្នកទេ អ្នកស្តាប់ឮទេ?

រតនាភក្រ្តាញញឹមស្រស់ ទៅរកសាយន្ត ចំណែកយុវជនដែលឈរសម្លឹងនៅក្បែរនោះ ក៏អស់មន្ទិលដូចគ្នា។ ឃើញទេ! ស្នេហាមិនធ្វើឲ្យមនុស្សរងាឡើយ វាធ្វើឲ្យមនុស្សមានអារម្មណ៍កក់ក្តៅណាស់។ សាយន្តភ្លឺស្រឡះ ស្រដីដាក់យុវតី៖

-អ្នកមីង! ពួកយើងត្រឡប់ទៅវិញ

-អ្នកមីង!

បញ្ហាត្រូវបានដោះស្រាយ។ ថ្ងៃនេះ ជីនិតបានទៅផ្ទះយុវតី តែអ្វីដែលនាយក្រសោបមុនគេនោះ គឺមីងនី។ មីងនីស្រឡាំងកាំង នៅពេលឃើញយុវជនម្នាក់នេះ រត់មកឱបខ្លួន គាត់សម្លឹងទៅកូនស្រីដែលឈរក្បែរនោះ៖

-តើម៉ាក់នៅចាំគាត់ទេ?

-ខ្ញុំនឹកអ្នកមីងណាស់ ខ្ញុំចង់ឱបអ្នកមីងយូរហើយ

-ក្មួយគឺ……………

-អ្នកមីងជាអ្នកនាំខ្ញុំចេញផុតពីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនោះ

-អាជី!………….ក្មួយធំហើយ

មីងនីរំភើបណាស់ គាត់យកដៃទៅប៉ះថ្ពាល់អ្នកកំលោះ លាយនឹងស្នាម        ញញឹមតិចៗ មានតំណក់ទឹកភ្នែកមកជាមួយផង។ រតនាស្រដី៖

-ការពិតម៉ាក់ក៏នឹកគាត់ខ្លាំងណាស់ដែរ តែម៉ាក់មិននិយាយមែនទេ?

-ពិតមែនហើយ! ក្មួយដឹងទេ ក្មួយបានធ្វើឲ្យម្តាយកូនមីងពីរនាក់ នឹករលឹក រហូតសុខចិត្តផ្លាស់ទីលំនៅ

-ម៉ាក់ថាម៉េច!

-បន្ទាប់ពីក្មួយចាកចេញទៅ រតនាក៏ក្លាយជាមនុស្សម្នាក់ផ្សេង នាងមិនចូលចិត្តលេង មិនចូលចិត្តញញឹម មួយថ្ងៃៗ ទៅអង្គុយតែនៅក្បែរកន្លែង ដែលក្មួយជួបគ្រោះថ្នាក់ចរាចរណ៍នោះ មីងពិបាកចិត្តណាស់ ពេលខ្លះ មីងក៏ខឹងនឹងក្មួយដែរ ក្មួយមិនត្រឹមតែចាកចេញទៅទេ ថែមទាំងយកស្នាមញញឹមរបស់កូនមីងទៅទៀត មីងពិតជាគ្មានវិធីលួងលោមកូនមែន ស្រាប់តែថ្ងៃមួយ រតនាធ្លាក់ចូលទៅក្នុងស្រះទឹក តែបន្ទាប់ជួយសង្រ្គោះ ក្រោយពេលដែលនាងដឹងខ្លួន នាងហាក់មិនចាំរឿងដែលបានកើតឡើងឡើយ តែឲ្យតែដើរដល់កន្លែងកើតហេតុនោះ ទឹកមុខនាងប្រែប្រួលរហូត មីងមិនចង់ឃើញកូនបែបនេះរហូតទេ ទើបសម្រេចចិត្តប្តូរទីលំនៅទៅរស់នៅសៀមរាប ដើម្បីឲ្យស្រមោលអតីតកាលទាំងអស់ជ្រះស្រឡះពីក្នុងខួរក្បាលនាង តែពួកឯងទាំងពីរពិតជាមាននិស្ស័យមែន ហេតុអ្វីក៏ពួកឯងអាចនៅចាំគ្នាបាន?

-គឺស្នាមថើប!

ឆ្លើយព្រមគ្នាតែម្តង។ អ្នកមីងនីហាក់លួចញញឹម គាត់ធ្វើជាដើរចេញទៅធ្វើការងាររបស់គាត់ទៅ។

បន្ទាប់ពីនោះ យុវវ័យទាំងពីរបាននាំគ្នាទៅជួបលោកគ្រូស៊ាំនៅពន្ធធនាគារ។ យុវតីបន្លឺ៖

-លោកគ្រូសុខសប្បាយទេ?

-អ្នកគ្រូចង់មកបញ្ចើចបញ្ចើរខ្ញុំអ្ហេ?

-អត់ទេ! តែខ្ញុំចង់ជជែកជាមួយលោកគ្រូ ខ្ញុំសោកស្តាយណាស់ចំពោះការស្លាប់របស់កូនលោកគ្រូ តែខ្ញុំអត់មានវិប្បដិសារីទេ ព្រោះរឿងហេតុនេះមិនមែនមកពីខ្ញុំឡើយ បើលោកគ្រូមិនទទួលស្គាល់កំហុសនេះ ការបាត់បង់ប្រាកដជាកើតឡើងម្តងទៀតចំពោះលោកគ្រូ

-នាង!

-ខ្ញុំដឹង ពេលនេះសូម្បីតែប្រពន្ធកូនលោកគ្រូក៏មិនអភ័យទោសឲ្យលោកគ្រូដែរ ប៉ុន្តែខ្ញុំជឿថា ពួកគាត់នៅតែស្រលាញ់លោកគ្រូ ឲ្យតែលោកគ្រូព្រមកែខ្លួន ពួកគាត់មិនបោះបង់ក្តីស្រលាញ់នេះទេ សូម្បីតែពួកខ្ញុំក៏ដោយ

-អ្នកគ្រូបានន័យថាម៉េច?

-សាលាខ្ញុំនឹងព្រមទទួលពាក្យសុំធ្វើការងាររបស់លោកគ្រូ(យុវជនបន្លឺ)

-លោកនាយក!

-លោកគ្រូធ្វើគ្រូច្រើនឆ្នាំហើយ លោកគ្រូខុសឆ្គងតែមួយករណីប៉ុណ្ណោះ ឲ្យតែលោកគ្រូព្រមកែ ខ្ញុំនៅតែស្វាគមន៍លោកគ្រូ

-………ប៉ុន្តែ ហួសពេលហើយ ពេលនេះប្រពន្ធកូនខ្ញុំ លែងត្រូវការខ្ញុំហើយ

-អ្នកណាថា លោកគ្រូមើលទៅមាត់ទ្វារទៅ

ប្រពន្ធកូនលោកគ្រូស៊ាំ ញញឹមមករកប្តីនិងឪពុកជាទីស្រលាញ់ បញ្ជាក់ថា កំហុសត្រូវបានអធ្យាស្រ័យ។ លោកគ្រូស៊ាំសន្យាថានឹងកែខ្លួន ហើយនៅពេលដែលចេញពីពន្ធធនាគារ លោកនឹងធ្វើជាគ្រូ ជាប្តី និងជាឪពុកដ៏ល្អម្នាក់។

ពេលវេលាគឺលឿនណាស់ រយៈពេលបួនឆ្នាំកន្លងផុតទៅ។ នៅលើស្ពានជ្រោយចង្វារ ហត្ថាមួយគូមូរក្រសោបគ្នាយ៉ាងជាប់ អាចសន្មតថា នេះជាគ្រួសារមួយ ដែលទើបបង្កើតឡើង។ យុវជនស្រដី៖

-បើសិនជាគ្មានស្នាមថើបនៅថ្ងៃនោះទេ តើអូននៅចងចាំបងក្នុងបេះដូងទេ?

-មិនចាំទេ ចុះបង បើសិនក្មេងស្រីនោះ មិនបានថើបបងទេ តើបងនៅចាំទេ?

-បងប្រាកដជានៅចាំ គឺចាំភាពកក់ក្តៅក្នុងរង្វង់ដៃមួយនេះ បងមិនដែលភ្លេចអូនទេ នៅថ្ងៃដែលបងបានជួបអូនដំបូងនោះ បងមានអារម្មណ៍ថាស្និទ្ធិស្នាលណាស់ ធ្វើឲ្យនឹកអូនកាន់តែខ្លាំង ក្រោយមកពេលដែលឃើញអូនរាល់ថ្ងៃនៅកន្លែងធ្វើការនោះ គឺបងមានសេចក្តីសុខណាស់

-ការពិតបងចំណាំអូនបានតាំងពីពេលណាមក?

-គឺនៅថ្ងៃដែលបងជូនអូនទៅផ្ទះ ហើយបានឃើញអ្នកម៉ែ

-ការពិត បងចង់បោះបង់អូនមែនទេ?

-សូមទោស! សាយន្តនិយាយត្រូវ ស្នេហាគ្មានការយោគយល់ឡើយ ពួកយើងស្រលាញ់គ្នាហើយ ម៉េចនឹងអាចផ្ទេរស្នេហានេះទៅឲ្យអ្នកដទៃ ហេតុអ្វីក៏បង

ដាច់ចិត្តធ្វើបាបអូនយ៉ាងនេះ? អូនខឹងនឹងបងណាស់មែនទេ?

-ខឹងណាស់ ខឹងថាហេតុអ្វីក៏បងភ្លេចអូន? តែពេលនេះ អូនដឹងពីអ្វីដែលបងធ្វើហើយ ពូក្មួយបង គឺសុទ្ធតែចេះស្រលាញ់ អូនមានសំណាងណាស់ ដែលបានស្គាល់ពួកបងទាំងពីរ

-បើសាយន្តពិតជាលោតចុះពីលើនេះមែន តើអូនគិតយ៉ាងម៉េច?

-គិតថាបាត់បង់មិត្តភក្តិល្ងង់ខ្លៅម្នាក់ហ្នឹងណា

-ថាម៉េច!

-ឬមិនមែន?

-អ៊ីចឹងបងវិះតែបាត់បង់មិត្តភក្តិល្ងង់ខ្លៅដែរហ្នឹង?

-បងចង់ថាអូនល្ងង់ខ្លៅអ្ហេ?

-អូនគិតខ្លួនឯងទៅ!

-អូនលោតចូលទឹកស្រះមិនមែនព្រោះតែស្នេហាទេ គឺព្រោះតែទាមទារការចងចាំតែប៉ុណ្ណោះ

-តែពេលនេះបងមិនឲ្យអូនភ្លេចទៀតទេ

-បងធ្វើអី!

យុវជនចង្អុលថ្ពាល់ខ្លួន ស្រស់នឹមនួនក៏ស្ទុះទៅថើបប្តីដោយក្តីស្រលាញ់។

ចប់ដោយបរិបូណ៌

សៀមរាប ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២

            លាក់ ម៉ាឡែន

About បេះដូងពិត

បេះដូងពិត

Posted on ខែមិថុនា 17, 2012, in រឿងខ្លី, លាក់ ម៉ាឡែន and tagged . Bookmark the permalink. 10 មតិ.

  1. Now when you finished reading this story, how do you fell? Can you give the score to me?
    I need your comment.

  2. I like your story very much . it very nice , have mean and have education to adolescence
    I hope you have story more na… you are very clever person .. when I bigger I want clever as you too na….

  3. ខ្ញុំកឋ៨ឲពិន្ទុអ្នកគ្រូ១០០​ដែរ ព្រោះរឿងមួយៗដែលជាស្នាដៃនិពន្ធរបស់អ្នកគ្រូគឺសុទ្ធល្អមើលទាំងអស់
    ហើយកុំភ្លេចដាក់រឿងថ្មីឆាប់ៗណា។

  4. សុំកូពីយកទៅអានសិន ព្រោះពេលនេះអត់មានពេលទេ បន្តិចទៀតសឹមអាន! ហិហិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: